បញ្ហាចម្លងស្ថាបត្យកម្ម
ការចម្លងស្ថាបត្យកម្មមិនមែនទើបតែមាន ឬប្រទេសផ្សេងចម្លងស្នាដៃឬស្ថាបត្យកម្មរបស់កម្ពុជាទេ។ ទៀតសោត Tour Eiffel របស់ប្រទេសបារាំងត្រូវបានប្រទេសជាច្រើនចម្លងដូចជាប្រទេសអាមេរិក ប្រទេសជប៉ុន ជាដើម ដោយខ្លះសាងសង់ខុសខ្នាតបន្តិច ខុសពណ៌ ហើយខ្លះគឺដូចបេះបិត។ មួយវិញទៀត ឱ្យតែមានចម្លងស្ថាបត្យកម្ម គឺភាគច្រើនតែងតែផ្ទុះនូវការបដិសេដ និងការប្រឆាំងតវាពីសំណាក់ប្រទេសម្ចាស់ស្នាដៃស្ថាបត្យកម្ម។ ឧទាហរណ៍ ការសាងសង់ដូចបេះបិត លើស្នាដៃស្ថាបត្យកម្ម Taj Mahal របស់ឥណ្ឌា ដែលប្រទេសបង់ក្លាដេសសាងសង់លំនាំតាម ធ្វើឱ្យផ្ទុះការតវ៉ារបស់ប្រទេសឥណ្ឌា។ កាលនោះ ខាងភាគីឥណ្ឌាបារម្ភខ្លាចការសាងសង់ Taj Mahal ទីពីរនៅប្រទេសបង់ក្លាដេស ធ្វើឱ្យបាត់បង់ភ្ញៀវទេសចរនៅ Taj Mahal ដើម ហើយខាងភាគីឥណ្ឌាក៏ត្រូវបានឱ្យដឹងថាគ្រោងដាក់ពាក្យបណ្ដឹងផងដែរ។ ប៉ុន្តែដោយសារតែ Taj Mahal នេះត្រូវបានសាងសង់រាប់រយឆ្នាំមកហើយ នោះការការពារកម្មសិទ្ធិបញ្ញាក៏ផុតនឹងការការពារដោយច្បាប់អន្តរជាតិដែរ។ យ៉ាងណាមិញ បន្ទាប់ពីវត្ដមាននៃ Taj Mahal ទី ២ មក ភ្ញៀវទេសចរកាន់តែច្រើននៅតែបន្តទៅទស្សនា Taj Mahal ដើម រហូតដល់រដ្ឋាភិបាលឥណ្ឌាកំណត់ចំនួនភ្ញៀវទេសចរ និងកំណត់ពេលវេលាឱ្យភ្ញៀវទេសចរដើម្បីទស្សនា ។ នេះទំនងដោយសារភ្ញៀវទេសចរជាច្រើនប្រហែលជាចង់ទស្សនា Taj Mahal ម្ចាស់ដើមច្រើនជាង Taj Hahal ចម្លង ដែល Taj Mahal ម្ចាស់ដើមមានអារម្មណ៍ប្រវត្ដិសាស្ត្រជាង និងមានភាពអស្ចារ្យជាងស្នាដៃចម្លង។ Taj Mahal នេះមិនត្រឹមតែមានប្រទេសបង់ក្លាដេសចម្លងទេ ប៉ុន្តែប្រទេសជាច្រើនដែរ ដែលក្នុងនោះប្រទេសអារ៉ាប៊ីសាអូឌីតក៏ចម្លងដែលមានទំហំធំជាងរបស់ដើមទៀត។
តើការចម្លងស្ថាបត្យកម្មខុសច្បាប់អន្តរជាតិដែរ ឬទេ?
ដើម្បីឆ្លើយនឹងសំណួរខាងលើ យើងគួរយល់ដឹងបន្តិចពីច្បាប់អន្តរជាតិ។ នៅពេលដែលមានបញ្ហាវិវាទលេចឡើង អ្វីដែលគេសិក្សាមុនគេនោះគឺតើប្រទេសនោះមានជាប់សន្ធិសញ្ញា ឬកិច្ចព្រមព្រៀង ឬកិច្ចព្រមព្រៀងឬអនុសញ្ញា ដែលទាក់ទងនឹងបញ្ហវិវាទនោះដែរឬទេ ពីព្រោះទាំងអស់នេះគឺជាប្រភពនៃច្បាប់អន្តរជាតិ ដែលបានចងប្រទេសដែលជាសមាជិកឬប្រទេសដែលព្រមព្រៀងឱ្យជាប់នឹងកាព្វកិច្ចគតិយុទ្ធនិងគោរពតាមការព្រមព្រៀង។ ការចម្លងស្នាដៃស្ថាបត្យកម្មគឺត្រូវបានការពារដោយអនុសញ្ញាធំៗចំនួន ២ គឺអនុសញ្ញា Berne Convention 1886 និងអនុសញ្ញា Universal Copyright Convention 1952។
អនុសញ្ញា Berne Convention for the Protection of Literary and Artistic Works គឺជាអនុសញ្ញាដែលអនុម័តនៅខែកញ្ញា ឆ្នាំ ១៨៨៦ ក្រោមគោលបំណងការពារស្នាដៃ និងសិទ្ធិរបស់អ្នកនិពន្ធ (Authors)។ ក្រោមអនុសញ្ញានេះ អ្នកនិពន្ធសំដៅដល់អ្នកបង្កើតស្នាដៃដែលទាក់ទងនឹងផ្នែកស្ថាបត្យកម្ម អក្សរសាស្ត្រ សិល្បៈ គំនូរ របាំ ភ្លេង ជាដើម។ យ៉ាងណាមិញ ការការពារទៅលើស្នាដៃរបស់អ្នកនិពន្ធក៏មិនមានរហូតដែរ ដែលជាទូទៅគឺការពារត្រឹម ៥០ ឆ្នាំរាប់គិតចាប់ពីឆ្នាំដែលអ្នកនិពន្ធបានទទួលមរណៈភាព។ ក្នុងករណីដែលស្នាដៃមិនស្គាល់ពីអត្តសញ្ញាណរបស់អ្នកនិពន្ធ ឬស្នាដៃជនអនាមិក ការការពារនោះត្រូវបានការពាររយៈពេល ៥០ ឆ្នាំបន្ទាប់ពីស្នាដៃនេះបានចេញជាសាធារណៈ។ ក៏ប៉ុន្តែរយៈការការពារនេះ គឺអាស្រ័យទៅលើប្រភេទនៃស្នាដៃ។ ក្នុងករណីស្នាដៃប្រភេទជាខ្សែភាពយន្ដ គឺអាចត្រូវបានការការពាររហូតផុតកំណត់ ៥០ ឆ្នាំបន្ទាប់ពីស្នាដៃនេះដាក់ជូនសាធារណៈជន។ ក្នុងករណីស្នាដៃផ្នែកថតរូប ការការពារមានរយៈពេលយ៉ាងហោចណាស់ ២៥ ឆ្នាំចាប់ពីស្នាដៃត្រូវបានបង្កើតឡើង។ អ្នកនិពន្ធដែលការពារដោយអនុសញ្ញានេះមានសិទ្ធិផ្ដាច់មុខអនុញ្ញាតលើសិទ្ធិការបកប្រែ សិទ្ធិក្នុងការផលិតឡើងវិញ សិទ្ធិក្នុងការសម្ដែងជាសាធារណៈ សិទ្ធិក្នុងការផ្សព្វផ្សាយស្នាដៃជាដើម ដោយមិនប៉ះពាល់និងខូចខាតស្នាដៃរបស់អ្នកនិពន្ធ។ ក្នុងករណីដែលជាប្រភេទផ្សព្វផ្សាយ ដូចជាស្នាដៃអក្សរសាស្ត្រ ឬការស្រាវជ្រាវរបស់អ្នកនិពន្ធ ឬអត្ថបទសារព័ត៌មាន ជាដើម សាធារណៈជនអាចដកស្រង់អគតដ្ឋាន (citation) ដោយភាពទៀងត្រង់ហើយមិនត្រូវហួសពីគោលដៅដែលត្រូវបំពេញ ដោយនៅពេលប្រើប្រាស់គឺត្រូវបញ្ជាក់ឈ្មោះអ្នកនិពន្ធនិងប្រភពឱ្យបានត្រឹមត្រូវ។
អនុសញ្ញា Universal Copy Right Convention គឺជាអនុសញ្ញាដែលអនុម័តនៅឆ្នាំ ១៩៥២ ដែលស្ថិតនៅក្រោម UNESCO ហើយអនុវត្ដនៅឆ្នាំ ១៩៥៥។ ប្រភេទស្នាដៃដែលអនុសញ្ញានេះការពារគឺមិនខុសពី អនុសញ្ញា Berne Convention for the Protection of Literary and Artistic Works ប៉ុន្មាននោះទេ ប៉ុន្តែមូលហេតុដែលមានអនុសញ្ញា Universal Copy Right Convention មួយបន្ថែមទៀត បើយោងតាមអង្គការ UKCCS គឺដោយសារតែប្រទេសមួយចំនួនមិនយល់ស្របទៅនឹងខ្លឹមសារខ្លះអនុសញ្ញា Berne Convention for the Protection of Literary and Artistic Works អនុសញ្ញា Universal Copy Right Convention អនុញ្ញាតប្រទេសដែលជាសមាជិកត្រូវផ្ដល់រយៈពេលឱ្យអ្នកនិពន្ធមិនមុនពេលអ្នកនិពន្ធទទួលមរណៈភាព និងយោងហោចណាស់ ២៥ ឆ្នាំបន្ទាប់ពីអ្នកនិពន្ធទទួលមរណៈភាព។ ក៏ប៉ុន្តែសំរាប់ស្នាដៃផ្នែកថតរូបវិញ គឺស្ថិតក្រោមការពារមិនក្រោម ១០ ឆ្នាំ។
ដូចនេះសរុបមក ដើម្បីស្វែងយល់ឱ្យស៊ីជម្រៅទាក់ទិននឹងការពារស្នាដៃក្នុងក្របខណ្ឌច្បាប់អន្តរជាតិ យើងគួរសិក្សារអនុសញ្ញា Berne Convention 1886 និងអនុសញ្ញា Universal Copyright Convention 1952។ ក្នុងនោះ រយៈកាលនៃការការពារស្នាដៃស្ថាបត្យកម្មកុំឱ្យមានការចម្លងឬសាងសង់ឡើងវិញគឺជាអ្វីដែលជាឧបសគ្គរបស់ប្រទេសម្ចាស់ស្ថាបត្យកម្មតែងតែតវ៉ា ដោយសារតែស្ថាបត្យកម្មបែបប្រវត្ដិសាស្ត្រដែលត្រូវបានគេចម្លងភាគច្រើនគឺត្រូវបានស្ថាបត្យករជំនាន់ដើមកសាងរាប់រយឆ្នាំមកហើយ ដែលនេះបានផុតរលុតនូវការការពារដោយច្បាប់។ ម្យ៉ាងវិញទៀត ការតិះដៀលគ្នានិងការប្រតិកម្មដែលហួលនឹងក្រមសីលធម៌ជាមួយជាតិសាសន៍ដែលបានចម្លងស្នាដៃនោះ គឺមិនមែនជាមធ្យោបាយល្អទេដែលនេះអាចឈានទៅដល់ការបង្កើតនូវភាពស្អប់និងគុំគួនជាតិសាសន៍នឹងជាតិសាសន៍។ ក្រៅពីការជជែកដេញដោលតែអំពីវិវាទដែលកើតឡើងដោយក្រមសីលធម៌គោរពគ្នាទៅវិញទៅមករបស់ប្រជាពលរដ្ឋ ក្នុងនោះក៏មានការដោះស្រាយវិវាទតាមរយៈការសម្របសម្រួលគ្នាលើផ្លូវការទូត និងការឈានទៅរកការកាត់ក្ដីដោយប្រើប្រាស់ច្បាប់និងបទប្បញ្ញត្ដិជាគោល។
***Disclaimer
អត្ថបទនេះគ្រាន់តែសរសេរឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងទូទៅក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ ដែលអត្ថបទនេះក៏មិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ផ្លូវការណាមួយឡើយ។ The SEED នឹងមិនការធានា និងមិនទទួលខុសត្រូវនូវបញ្ហាផ្លូវច្បាប់ដែលបណ្តាលមកពីការប្រើប្រាស់អត្ថបទនេះឡើយ។