"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ទំនាក់ទំនងសហរដ្ឋអាមេរិក–គុយបា និង បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​គុយបា

គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

បន្ទាប់ពីសហភាព​សូវៀត​បាន​ដួលរលំ​ជា​ស្ថាពរ​នៅឆ្នាំ១៩៩១ បណ្ដា​ប្រទេស​កុម្មុយនីស្ដ​និយម​ និងសង្គម​និយម​ដែល​អនុវត្ត​ប្រព័ន្ធ​សេដ្ឋកិច្ច​ផែនការ​ (Planned Economy) បានជួបនឹងការបរាជ័យសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្ដែង ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសគុយបាត្រូវបានធ្លាក់ចុះ ៣៥% ក្នុងរយៈពេលត្រឹមតែបីឆ្នាំ  ផលិតផលកសិកម្មធ្លាក់ចុះ ៤៧% និងវិស័យសំណង់ធ្លាក់ចុះ ៧៤% នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ JACOBIN។ ទោះជាយ៉ាងណា ក្រោមរដ្ឋការ បារ៉ា​ក់​ អូ​បា​ម៉ា Barack Obama (២០០៩២០១៧) បានប្រើប្រាស់គោលនយោបាយប្រក្រតីភាវូបនីយកម្ម (Normalization) បែបទន់ភ្លន់ជាមួយរដ្ឋាភិបាលគុយបាដែលកំពុងស្ថិតនៅក្រោមការដឹកនាំរបស់លោក រ៉ាល កាស្ត្រូ Raul Castro (២០០៨–២០១៨) ដែលត្រូវជាប្អូនប្រុសរបស់លោក ហ្វីដែល កាស្រ្តូ ទើបធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានស្ថានភាពធូរស្បើយ និងមានការបើកចំហជាងមុន។ លោក បារ៉ាក់ អូបាម៉ា បានបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរ សកម្មភាពពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ ហើយពលរដ្ឋ ក្រុមហ៊ុន និងអង្គការក្រៅរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកទាំងអស់ អាចទៅធ្វើទស្សនកិច្ចនៅប្រទេសគុយបាដើម្បីស្វែងរកឱកាសក្នុងវិស័យអប់រំ សង្គម សាសនា និងសេដ្ឋកិច្ចផងដែរ។

មូលហេតុនៃបាតុកម្មប្រឆាំងរដ្ឋាភិបាលគុយបានៅដើមខែកក្កដា ឆ្នាំ២០២១

គួរឱ្យសោកស្ដាយ ការបន្ធូរបន្ថយការរឹតត្បិត និងការដកទណ្ឌកម្មទាំងប៉ុន្មានត្រូវបានដាក់ត្រឡប់ទៅវិញក្រោមរដ្ឋការរបស់លោក ដូណាល់ ត្រាំ Donald Trump (២០១៧២០២១) ដែលជាការអនុវត្តបញ្ច្រាសទិសគោលនយោបាយរបស់លោក បារ៉ាក់ អូបាម៉ា កាលពីអាណត្តិមុន។ ដោយឡែក រហូតមកដល់បច្ចុប្បន្ន​ប្រទេសគុយបានៅតែត្រូវបានបន្តដឹកនាំដោយបក្សកុម្មុយនីស្ដគុយបា (Communist Party of Cuba) តែមួយគត់តាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៦០មក ហើយសព្វថ្ងៃនេះ អ្នកស្នងដំណែងជាប្រធានាធិបតីបន្តពីលោក រ៉ាល កាស្ត្រូ គឺលោក មីហ្គែលឌាស កានែល Miguel Díaz-Canel (២០១៨បច្ចុប្បន្ន) ហើយនេះជាលើកដំបូងផងដែរសម្រាប់ប្រទេសគុយបាដែលមានមេដឹកនាំមិនជាប់សាច់ញាតិជាមួយគ្រួរសាររបស់លោក ហ្វីដែល កាស្ត្រូ។ ការចាក់ឬសចាក់គល់យ៉ាងជ្រៅនៃរបបដឹកនាំតាមបែបលទ្ធិកុម្មុយនីស្ដផ្ដាច់ការបានធ្វើឱ្យប្រជាពលរដ្ឋគុយបាស៊ូទ្រាំទទួលរងនូវការគាបសង្កត់គ្រប់រូបភាព តាមរយៈការរំលោភសិទ្ធិមនុស្ស រឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងការដាក់សម្ពាធលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាដើម។

មិនត្រឹមតែប៉ុណ្ណោះ អំពើពុករលួយ បក្សពួកនិយម អសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជីវភាពប្រជាជន កង្វះសេវាសាធារណៈគ្រប់គ្រាន់ ព្រមទាំងមិនអាចដោះស្រាយវិបត្តិកូវីដ១៩ដែលកំពុងទាញសេដ្ឋកិច្ចឱ្យធ្លាក់ចុះដុនដាបផងនោះ បានបណ្ដាលឱ្យប្រជាពលរដ្ឋមិនពេញចិត្តយ៉ាងខ្លាំង ឈានដល់មានការធ្វើបាតុកម្មកើតមានឡើងស្ទើរទូទាំងប្រទេសចាប់ផ្ដើមតាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១មក។ យោងតាមការចុះផ្សាយរបស់ The Wall Street Journal បាតុកម្មនេះត្រូវបានធ្វើឡើងក្នុងគោលបំណងទាមទារ សិទ្ធិសេរីភាព អាហារសម្រាប់បរិភោគ និង ថ្នាំព្យាបាលជំងឺ ជាពិសេសវ៉ាក់សាំងកូវីដ១៩ ហើយពលរដ្ឋខ្លះទៀតក៏បានស្រែកទាមទារឱ្យមានការផ្លាស់ប្ដូររបបនយោបាយបច្ចុប្បន្នទៀតផង។ នេះសបញ្ចាក់ឱ្យឃើញថា ពលរដ្ឋគុយបាគឺពិតជាកំពុងរស់នៅក្នុងស្ថានភាពមួយដ៏លំបាកខ្លាំងណាស់។​ គួរដឹងដែរថា ការដាច់ចរន្តអគ្គិសនីជាច្រើនម៉ោង និងជាញឹកញាប់មុនព្រឹត្តិការណ៍នេះ ក៏ជាកត្តារួមចំណែកបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យចេញធ្វើបាតុកម្មផងដែរ។ បាតុកម្មប្រឆាំងរដ្ឋាភិបាលនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ធំបំផុតមិនធ្លាប់មានក្នុងប្រទេសគុយបារយៈពេលជិត៣០ឆ្នាំមកនេះ រាប់ចាប់តាំងពីបាតុកម្មនៅឆ្នាំ១៩៩៤ ដែលកាលនោះបង្កឡើងមកពីវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក្រោយសហភាពសូវៀតដួលរលំ។

ជាការឆ្លើយតប ដោយផ្អែកទៅលើការចេញផ្សាយរបស់ The New York Times រដ្ឋមន្ត្រីក្រសួងការបរទេសគុយបាបានលើកឡើងថា ប្រជាជនគុយបាដឹងយ៉ាងច្បាស់ថាសហរដ្ឋអាមេរិកត្រូវជាអ្នកទទួលខុសត្រូវជាចម្បងចំពោះស្ថានភាពបច្ចុប្បន្នរបស់គុយបា។ ចំណែកឯប្រធានាធិបតីលោក មីហ្គែលឌាស កានែល វិញ បានធ្វើការឆ្លើយតបដោយបញ្ជាឱ្យកងពលប្រតិបត្តិការរហ័សដាក់ពង្រាយកម្លាំងត្រៀមទប់ទល់ទូទាំងប្រទេស ព្រមទាំងផ្ដាច់ប្រព័ន្ធទំនាក់ទំនង និងបណ្ដាញអ៊ិនធឺណេត មិនអនុញ្ញាតឱ្យពលរដ្ឋគុយបាអាចប្រើប្រាស់ដើម្បីទាក់ទងទៅកាន់បរទេសនោះទេ។ លោកក៏បានលើកឡើងផងដែរថា​ បាតុកម្មតវ៉ាទាមទារនេះគឺបណ្ដាលមកពីមនុស្សមួយក្រុមតូចដែលមានសហរដ្ឋអាមេរិកនៅពីក្រោយ ក្នុងគោលបំណងស្វែងរកផលប្រយោជន៍ពីស្ថានភាពដ៏លំបាកក្នុងប្រទេសគុយបា និងជាការឆ្លៀតឱកាសអំឡុងពេលវិបតិ្ដកូវីដ១៩។ ទោះជាយ៉ាងណា ប្រធានាធិបតីរូបនេះបានផ្ដល់សន្ទរកថាថ្នាក់ជាតិមួយដែលចេញផ្សាយដោយសារព័ត៌មាន TODAY ថាលោកព្រមទទួលយកនូវការទទួលខុសត្រូវមួយចំនួនចំពោះវិបត្តិនយោបាយដែលកំពុងកើនឡើងនៅក្នុងប្រទេសគុយបា ដូច្នេះ លោកត្រូវធ្វើការវិភាគស្ថានការឱ្យបានល្អិតល្អន់ក្នុងការស្វែងរកដំណោះស្រាយដើម្បីការពារកុំឱ្យមានបដិវត្តិន៍កើតឡើងជាន់ដានប្រវត្តិសាស្ត្រ។

អនាគតនៃទំនាក់ទំនងសហរដ្ឋអាមេរិក–គុយបា

ការផ្ទុះឡើងនូវបាតុកម្មប្រឆាំងរដ្ឋាភិបាលគុយបានេះបានជំរុញឱ្យសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីបច្ចុប្បន្នលោក ចូ បៃដិន Joe Biden ត្រូវងាកមកត្រួតពិនិត្យ និងវិសោធនកម្មលើគោលនយោបាយអាមេរិកជាមួយគុយបាសាជាថ្មី បន្ទាប់ពីធ្លាក់ដុនដាបខ្លាំងអំឡុងពេលរដ្ឋការរបស់លោក ដូណាល់ ត្រាំ។ ប៉ុន្តែ បើទោះបីជាលោក ចូ បៃដិន ធ្លាប់បានសន្យាក្នុងពេលឃោសនាបោះឆ្នោតថានឹងធ្វើការបញ្ច្រាសទិសគោលនយោបាយ ដូណាល់ ត្រាំ មួយចំនួនទៅលើប្រទេសគុយបាក៏ដោយ ក៏ហាក់បីដូចជាត្រូវបានរាំងស្ទះ និងពិបាកសម្រេចណាស់ ព្រោះស្ថានភាពបច្ចុប្បន្ននៅគុយបាមិនដូចទៅនឹងស្ថានភាពគុយបាកាលពីរដ្ឋការលោក បារ៉ាក់ អូបាម៉ា នោះទេ។ ប៉ុន្តែ ជាការឆ្លើយតបភ្លាមៗនៅថ្ងៃទី១២ កក្កដា ពីលោក ចូ បៃដិន ទៅលើបញ្ហានេះ លោកបានលើកឡើងថា សហរដ្ឋអាមេរិកនឹងឈរជាមួយប្រជាជនគុយបា និងការទាមទារសិទ្ធិសេរីភាពរបស់ពួកគេ ព្រមទាំងបានអំពាវនាវឱ្យរបបដឹកនាំសព្វថ្ងៃស្ដាប់នូវសម្លេងរបស់ប្រជាពលរដ្ឋ និងបម្រើសេចក្ដីត្រូវការរបស់ពួកគេជាជាងខិតខំប្រឹងពង្រឹងអំណាចរបស់ខ្លួន។ ការសម្រេចចិត្តរបស់លោក ចូ បៃដិន នៅថ្ងៃខាងមុខថាតើសហរដ្ឋអាមេរិកនឹងដើរបញ្ច្រាសគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ដែរឬអត់នោះ នឹងមានសក្ដានុពលនិងឥទ្ធិពលយ៉ាងខ្លាំងក្នុងការរួមចំណែកផ្លាស់ប្ដូរអនាគតនៃវឌ្ឍនភាពរបស់ប្រទេសគុយបា។ 

សរុបសេចក្ដីមក ប្រទេសគុយបាជាដែនកោះដ៏តូចមួយស្ថិតនៅកៀកជាប់នឹងមហាអំណាចដ៏ធំមួយ ដូច្នេះហើយ ដែនកោះមួយនេះមិនអាចគេចវេសផុតពីឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចពីមហាអំណាចក្នុងតំបន់ និងក្រៅដំបន់មួយនេះឡើយ។​ ការរួបរួមជាតិ និងសាមគ្គីភាពនៃនយោបាយផ្ទៃក្នុងគឺសំខាន់ខ្លាំងណាស់ក្នុងការផ្លាស់ប្ដូរអនាគតរបស់ប្រទេសជាតិ បើទោះបីជាមានការទទួលរងនូវឥទ្ធិពលនយោបាយពីមហាអំណាចក៏ដោយ។ ប៉ុន្តែជាក់ស្ដែង ដូចដែលលោក John Edward Acton បានលើកឡើងថា អំណាចមានទំនោរទៅរកការប្រព្រឹត្តិអំពើពុករលួយ ហើយអំណាចច្រើនលើលលុបនោះនឹងនាំឱ្យប្រព្រឹត្តិអំពើពុករលួយយ៉ាងពិតប្រាកដ។ ទស្សននេះហាក់បីដូចជាឆ្លុះបញ្ចាំងអំពីការពិតជាក់ស្ដែងរបស់ប្រទេសគុយបាដែលស្ថិតក្រោមរបបកុម្មុយនីស្ដផ្ដាច់ការមួយនេះ។ ដោយឡែក សហរដ្ឋអាមេរិកវិញប្រៀបបានទៅនឹងខ្យល់ដែលប្រឹងបក់វត្ថុមួយតម្រង់ទៅតាមទិសដែលខ្លួនចង់បាន។ ប្រសិនបើប្រទេសគុយបាជាវត្ថុរឹងហើយមានទម្ងន់ធ្ងន់នោះ ទោះបីជាសហរដ្ឋអាមេរិកប្រឹងបក់ប៉ុណ្ណាក៏មិនអាចបង្វែរទិសដៅបានដែរ លុះត្រាតែប្រទេសគុយបាព្រមទទួលយកនូវកម្លាំងខ្យល់នោះដោយខ្លួនឯង ឬ ក្នុងករណីដែលប្រទេសគុយបាគ្រាន់តែជាវត្ថុស្រាលដែលងាយនឹងរសាត់ទៅតាមខ្យល់។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ លោក ធា សុណា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង