"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ដំណើរទៅកាន់ឋានព្រះចន្ទក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា សុខ ពុទ្ធារី

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ ពិភពលោកបានបើកទំព័រស័ករាជថ្មីនៃប្រវត្តិសាស្រ្ត នោះគឺការចុះចតបានសម្រេចដល់ផ្ទៃឋានព្រះចន្ទដំបូង នៃអាប៉ូឡូទី១១ របស់សហរដ្ឋអាមេរិក ដោយនាំយកមនុស្សដែលគេស្គាល់ថា គឺជាអ្នកបានឈានជើងជាន់ដីនៃឋានព្រះចន្ទដំបូងគេបង្អស់ នោះគឺលោក Neil Armstrong។

គិតមកដល់ត្រឹមថ្ងៃ​ទី២០ ខែកក្កដា ឆ្នាំ២០២១នេះ គឺមានរយៈពេល ៥២ឆ្នាំហើយនៃការសម្រេចបានក្នុងការធ្វើដំណើរទៅកាន់ឋានព្រះចន្ទ ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រ និងជាភាពជោគជ័យមួយសម្រាប់មនុស្សជាតិនៃសកលទាំងមូល។ តើការសម្រេចបានដ៏ធំធេងមួយនេះមានដើមហេតុបែបណាខ្លះ? បានឆ្លងកាត់ដំណើរការយ៉ាងណាខ្លះ? និងមានការវិវឌ្ឍយ៉ាងណាខ្លះសម្រាប់ពេលបន្តបន្ទាប់ ព្រមទាំងពេលអនាគត?

ដើមចមនៃសង្វៀនប្រយុទ្ធអវកាសអាមេរិកសហភាពសូវៀត

បន្ទាប់ពីសង្គ្រាមលោកលើកទី២ បញ្ចប់ទៅ នាជិតពាក់កណ្ដាលសតវត្សទី២០ ពិភពលោកបានធ្លាក់ចូលទៅកាន់សង្គ្រាមត្រជាក់(Cold War)  ដែលជាការប្រកួតប្រជែងមនោគមវិជ្ជានយោបាយ រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត។ សមរភូមិនេះ ក៏មានការប្រកួតប្រណាំងគ្នាដ៏ខ្លាំងខ្លាលើគ្រប់វិស័យនៃប្រទេសទាំងពីរ មិនថាវិស័យសេដ្ឋកិច្ច នយោបាយ កម្លាំងយោធា និងបច្ចេកវិទ្យាបង្កើតអាវុធ គ្រាប់បែកបរិមាណូជាដើម។ ដល់ចុងទសវត្សឆ្នាំ ១៩៥០ ការរុករកអវកាស និងបំណងឡើងទៅកាន់ឋានព្រះចន្ទ បានក្លាយសង្វៀនយ៉ាងក្ដៅគគុកមួយទៀត នៃប្រទេសទាំងពីរ ដោយភាគីម្ខាងៗ បានព្យាយាមបង្ហាញឱ្យឃើញពីឧត្តមភាពខ្លាំងខ្លា តាមរយៈការពង្រីកប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន។

នៅថ្ងៃទី៤ តុលា ឆ្នាំ១៩៥៧ សហភាពសូវៀត បានក្លាយជាប្រទេសទី១ ដោយទទួលជោគជ័យ លើការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនឈ្មោះ Sputnik ដាក់ទៅក្នុងគន្លងតារាវិថីនៃភពផែនដី។ ផ្ដើមចេញពីភាពជោគជ័យរបស់សូវៀតនេះ បានបង្កការភ្ញាក់ផ្អើលដល់អាមេរិក ​និងមានក្ដីបារម្ភដល់ផ្នែកសន្តិសុខជាតិរបស់ខ្លួន ក៏នាំឱ្យអាមេរិកងាកមកចាប់អារម្មណ៍ពង្រឹងផ្នែកអវកាសនេះដែរ។

ក្នុងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ១៩៥៨ សហរដ្ឋអាមេរិក ក្រោមអាណត្តិលោកប្រធានាធិបតី ​Dwight D.Eisenhower បានបង្កើតស្ថាប័នជំនាញមួយ ដើម្បីទទួលបន្ទុកអភិវឌ្ឍកម្មវិធីអវកាស នោះគឺទីភ្នាក់ងារអវកាសណាសា(Nation Areonautics and Space Administration)។ ក្រោយបង្កើត ណាសាបានបង្កើតកម្មវិធីអវកាសលើកដំបូងរបស់ខ្លួន ដោយដាក់ឈ្មោះថា Project Murcery ដោយគម្រោងនេះមានគោលដៅបញ្ជូនអវកាសយានិក ឱ្យហោះចេញទៅគន្លងតារាវិថីជុំវិញផែនដី រួចត្រឡប់មកវិញដោយសុវត្ថិភាព។ អាមេរិកមានបំណងសម្រេចគម្រោងនេះឱ្យបានមុនសហភាពសូវៀត។ ប៉ុន្ដែយ៉ាងណា កម្មវីធីអវកាសអាមេរិក នៅតែដើរយឺតមួយជំហានក្រោយសហភាពសូវៀតដដែល។

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១ អវកាសយានិកសូវៀតឈ្មោះ Yuri Gagarin បានក្លាយជាមនុស្សទីមួយក្នុងប្រវត្តិសាស្ត្រ បានធ្វើដំណើរទៅក្នុងទីអវកាស ដោយបានហោះនៅក្នុងគន្លងតារាវិថីមួយជុំភពផែនដី មុននឹងវិញត្រឡប់មកចុះចតលើផែនដីវិញដោយសុវត្ថិភាព។

បន្ទាប់ពីឃើញពីភាពជោគជ័យរបស់សូវៀតជាថ្មី សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មីលោក Jonh F.Kenndy បានប្រកាសថា អាមេរិកនឹងបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទ ដោយកំណត់ពេលយ៉ាងច្បាស់ថា ត្រូវធ្វើឱ្យបាននៅមុនបំណាច់ទសវត្សទី៦០។ ក្នុងពេលនោះផងដែរ ដែលណាសាបានបង្កើតគម្រោងអវកាសថ្មីមួយទៀត នោះគឺកម្មវិធីអាប៉ូឡូ(Apollo Programm )។

ដំណើរជោគជ័យ នៃការទៅកាន់ឋានព្រះចន្ទរបស់អាប៉ូឡូទី១១

ក្រោយពីបានបំពេញភារកិច្ចជាច្រើនបន្តបន្ទាប់នៃបេសកកម្មអាប៉ូឡូនីមួយៗ ដូចជាជួបការបរាជ័យ ការស្លាប់របស់ក្រុមអវកាសយានិកក្នុងការបរាជ័យនៃបេសកកម្មអាប៉ូឡូទី១ និងការផ្សងគ្រោះថ្នាក់ជាដើម។ ទីបំផុតទៅ បេសកកម្មបន្ទាប់ដែលបាននាំយកមនុស្សទៅកាន់ឋានព្រះចន្ទដំបូងគេ ក៏ដូចជាបានយកឈ្នះសហភាពសូវៀតក្នុងវិស័យអវកាស គឺបេសកកម្មអាប៉ូឡូទី១១។

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៦៩ សហរដ្ឋអាមេរិកបានបាញ់បង្ហោះរ៉ឺកែត Satturn V ដែលនៅលើរ៉ឺកែតនោះ គឺមានភ្ជាប់យានអវកាសបេសកកម្មអាប៉ូឡូទី១១ ដោយនាំយកអវកាសយានិកបីរូប គឺលោក Neil Armstrong ជាមេបញ្ជាការ ព្រមជាមួយលោក Buzz Aldrin ដែលជាអ្នកបើកយានតូចសម្រាប់ចុះចតលើដីព្រះចន្ទ(Lunar Module) និងលោក Michael Collins ជាអ្នកបើកយានធំ(Command Service Module) ឆ្ពោះទៅកាន់ឋានព្រះចន្ទ។

នៅថ្ងៃទី១៩ ខែកក្កដា ១៩៦៩ បន្ទាប់ពីហោះកាត់ទីអវកាសអស់បីថ្ងៃ ក្នុងចម្ងាយផ្លូវជិត ៤០០,០០០គីឡូម៉ែត្រ។ ​អាប៉ូឡូទី១១​ ក៏បានធ្វើដំណើរមកដល់ព្រះចន្ទ ដោយបានបន្ថយល្បឿនដើម្បីចូលទៅក្នុងគន្លងតារាវិថី នៃឋានព្រះចន្ទ។ នៅថ្ងៃទី២០ ខែកក្កដា លោក Neil Armstrong លោក Buzz Aldrin បានចូលទៅកាន់យាន Lunar Module ដើម្បីផ្ដាច់ខ្លួនទៅចុះចតលើដីព្រះចន្ទ ដោយលោក Michael Collins បន្តស្ថិតក្នុងយានធំ ហោះចាំក្នុងគន្លងតារាវិថីជុំវិញឋានព្រះចន្ទ។

នៅម៉ោង ៨:១៧នាទីយប់ ម៉ោងសកល ថ្ងៃទី២០ ខែកក្កដា យាន Lunar Module បានចុះចតនៅជាប់ដីព្រះចន្ទដោយជោគជ័យ។ បន្ទាប់ពីបានសម្រាកក្នុងយានប្រមាណជាបីម៉ោង អវកាសយានិកទាំងពីរ បានរៀបចំខ្លួនចុះចេញពីយាន។ លោក Neil Armstrong ជាមេបញ្ជាការជាអ្នកចុះមុន ហើយបានក្លាយជាមនុស្សដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលបានឈានជើងជាន់ដីព្រះចន្ទ គឺមុនលោក Buzz Aldrin ប្រមាណ ២០នាទីតែប៉ុណ្ណោះ។ អ្នកទាំងពីរ បានចំណាយពេលនៅលើដីព្រះចន្ទគិតជាសរុប ២១ម៉ោង ក្នុងនោះមួយផ្នែកធំគឺចំណាយពេលធ្វើការ និងសម្រាកនៅក្នុងកូនយាន Lunar Module។ ចំណែកមួយផ្នែកផ្សេងទៀត គឺចំណាយពេលធ្វើការលើដីព្រះចន្ទដោយផ្ទាល់ ដើម្បីធ្វើពិសោធខាងវិទ្យាសាស្ត្រ និងប្រមែប្រមូលថ្មពីព្រះចន្ទ យកទៅផែនដីវិញ ដើម្បីបន្តសិក្សាលម្អិតពីព្រះចន្ទ។ បន្ទាប់មក គឺត្រូវចំណាយពេលបីថ្ងៃ ដូចគ្នានឹងការធ្វើដំណើរមក ដើម្បីទៅកាន់ភពផែនដីវិញ។ អវកាសយានិកទាំងបីនាក់ បានប្រឡប់មកដល់ភពផែនដីវិញដោយសុវត្ថិភាព នៅថ្ងៃទី២៤ ខែកក្កដា ១៩៦៩។

បន្ទាប់ពីជោគជ័យរបស់អាប៉ូឡូទី១១ សមិទ្ធផលផ្សេងៗនៃការរុករកឋានព្រះចន្ទ នារវាងទសវត្សឆ្នាំ១៩៦០ ដល់ទសវត្សឆ្នាំ១៩៧០ នៅបន្តធ្វើឡើងដោយគម្រោងអាប៉ូឡូជំនាន់បន្តបន្ទាប់។ ទោះយ៉ាងណាក៏ដោយ ទីភ្នាក់ងារអវកាសធំៗ បានបង្វែរចំណាប់អារម្មណ៍ និងធ្វើការស្រាវជ្រាវទៅលើភពផ្សេង ក្រៅពីព្រះចន្ទអស់ជាច្រើនទសវត្សរ៍។ 

ការវិវឌ្ឍក្រោយជោគជ័យការចុះចតឋានព្រះចន្ទ និងបំណងថ្មីនៃអនាគត

ទោះបីជាការអភិវឌ្ឍកម្មវិធីអវកាស និងដំណើរទៅកាន់ឋានព្រះចន្ទ ជាសមិទ្ធផលកើតចេញពីការប្រកួតប្រជែង នៃសង្គ្រាមត្រជាក់អាមេរិក-សូវៀតក្ដី ប៉ុន្ដែក្នុងរយៈពេលពីរទសវត្សចុងក្រោយ ការរុករកឋានព្រះបានក្លាយជាចំណាប់អារម្មណ៍លក្ខណៈអន្តរជាតិ និងបានក្លាយជាការផ្សព្វផ្សាយលក្ខណៈពាណិជ្ជកម្ម។

ក្រៅតែពីសហរដ្ឋអាមេរិក និងសហភាពសូវៀត នៅប្រទេសជាច្រើនទៀត បានអភិវឌ្ឍវិស័យរុករកអវកាស និងបានបញ្ជូនយានរបស់ខ្លួនទៅកាន់ឋានព្រះចន្ទ មានតួយ៉ាងជប៉ុន និងចិន ដែលបានបង្ហោះយានរបស់ខ្លួន ចូលទៅកាន់គន្លងនៃឋានព្រះចន្ទ កាលពីឆ្នាំ២០០៧។ បន្ទាប់មក ឥណ្ឌាក៏បានបង្ហោះយានរបស់ខ្លួន ចូលទៅកាន់គន្លងឋានព្រះចន្ទផងដែរ នៅក្នុងឆ្នាំ២០០៨។

ក្នុងឆ្នាំ២០១៣ ចិនបានក្លាយជាប្រទេសទី៣ ដែលបាននាំយានរបស់ខ្លួនទៅចុះចតដោយជោគជ័យនៅឋានព្រះចន្ទ បន្ទាប់ពីអាមេរិក និងសហភាពសូវៀត។ រយៈពេល ៦ ឆ្នាំបន្ទាប់ ចិនដដែលបានបង្កើតប្រវត្តិសាស្ត្រមួយទៀត និងក្លាយជាប្រទេសទី១ ដែលបានចុះចតយានរបស់ខ្លួននៅរយៈចម្ងាយឆ្ងាយនៃឋានព្រះចន្ទ(Lunar Farside) ខណៈក្នុងឆ្នាំនោះដែរ ឥណ្ឌាបានបរាជ័យក្នុងការប៉ុនប៉ងនាំយានចុះលើផ្ទៃដីព្រះចន្ទ។ នៅឆ្នាំ២០១៩ ដដែលនោះ អ៊ីស្រាអែលមានបំណងចង់ចុះចតឱ្យបាននៅឋានព្រះចន្ទ ប៉ុន្ដែយានបានត្រឹមតែចូលទៅក្នុងគន្លងនៃឋានព្រះចន្ទ ហើយក៏ត្រូវបានខូចខាតនៅពេលព្យាយាមចុះចត។

ទោះបីយ៉ាងណា តាមការផ្សាយរបស់ National Geographic មកដល់បច្ចុប្បន្ននេះ មានតែមនុស្ស ១២នាក់ប៉ុណ្ណោះ ដែលបានទៅដល់ និងជាន់ដីឋានព្រះចន្ទដោយផ្ទាល់ ហើយពួកគេសុទ្ធតែជាបុរស និងជាអវកាសយានិកនៃក្រុមបេសកកម្មអាប៉ូឡូជាតិអាមេរិក​។​

បើតាមព័ត៌មានពីអង្គការ NASA  គឺមានផែនការ  នឹងត្រឡប់ទៅចុះចតឋានព្រះចន្ទវិញ ក្នុងឆ្នាំ២០២៤ខាងមុខ ដោយនឹងនាំអវកាសយានិកជាស្ត្រីទី១ ទៅផងដែរ។ គម្រោងនេះ ឋិតក្នុងកម្មវិធីមួយ ដែលគេឱ្យឈ្មោះថា Artemis ដែលបេសកកម្មបន្តពី បេសកកម្ម Apollo។ ចំណុចស្នូលនៃកម្មវិធី Artemis នេះ គឹការផលិត និងសង់យានអវកាស ដែលគេឱ្យឈ្មោះថា Orion សម្រាប់ដឹកអវកាសយានិក ដោយ NASA បានសហការជាមួយនឹងក្រុមហ៊ុនឯកជន ដើម្បីសម្រេចនូវគោលដៅមួយនេះ៕

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក រ៉ាត់ ទី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង