"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

​ការ​ដកទ័ព​ពី​អ៊ី​រ៉ា​ក់​បង្ហាញ​ពី​ជំហរ​មិន​ច្បាស់​ការ​របស់​អាមេរិក

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា បូរ ដាលីន

បន្ទាប់​ទ័ព​អាមេរិក​បាន​ឈរ​ជើង​នៅ​អ៊ី​រ៉ា​ក់​អស់​រយៈពេល​ ​១​៨​ឆ្នាំ​កន្លងមក​ ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ ចូ ​បៃ​ដិ​ន​ (Jo​e​ ​Bide​n) ​បាន​ប្រកាស​គ្រោង​នឹង​ដក​កងទ័ព​ពី​អ៊ី​រ៉ា​ក់​នៅ​ខែកញ្ញា​ឆ្នាំ​ ​២​០​២​១​ ​នេះ​។​ ​យោង​តាម​សេចក្តីថ្លែង​ការ​ពី​សេតវិមាន​ ​បាន​ប្រកាស​ថា​នឹង​ដក​កងកម្លាំង​យោធា​ចេញ ប៉ុន្តែនឹងបន្តការហ្វឹកហ្វឺនដល់កងទ័ពអ៊ីរ៉ាក់ក្នុងការប្រយុទ្ធតទល់នឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ក្រោយពីប្រធានាធិបតី ចូ បៃដិន មានជំនួបជាមួយនឹង នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោកមូស្តាហ្វា អាល់កាឌីមី ​(Mustafa al-Kadhimi)។

យោងតាមសារព័ត៌មាន BBC បានឱ្យដឹងថា មានទាហានអាមេរិកឈរជើងនៅលើទឹកដីអ៊ីរ៉ាក់ប្រមាណ ២៥០០នាក់ កំពុងជួយបង្វឹកកងទ័ពអ៊ីរ៉ាក់ក្នុងស្រុកក្នុងការតទល់ទៅនឹងក្រុមចលនាឥស្លាម (Islamic state។ លើសពីនេះ អាមេរិកបាននៅជួយសម្របសម្រួលសន្តិសុខប្រជាជនអ៊ីរ៉ាក់ពីការវាយប្រហារផ្សេងៗរបស់​ក្រុមចលនាប្រឆាំង និងក្រុមភេរវកម្មផ្សេងៗ។

តើការដកទ័ពអាមេរិកចេញពីទឹកដីអ៊ីរ៉ាក់នឹងប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរយ៉ាងដូចម្តេច? ហើយបន្ទាប់ពីមានការដកកងកម្លាំងចេញ តើអ៊ីរ៉ាក់អាចនឹងប្រឈមនឹងបញ្ហាអ្វីខ្លះ?

ទំនាក់ទំនងរវាងអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិកពីឆ្នាំ​ ១៩៩០​

យើងអាចបានដឹងត្រួសៗពីទំនាក់ទំនងរវាងអាមេរិកនិងអ៊ីរ៉ាក់ នៅក្នុងការវាយប្រហាររបស់កងកម្លាំងដឹកនាំដោយអាមេរិកទៅផ្ដួលរំលំប្រធានាធិបតីទី៥របស់អ៊ីរ៉ាក់ លោកសាដាម ហ៊ូសេន (Saddam Hussein)​ ដើម្បីស្តារប្រជាធិបតេយ្យក្នុងប្រទេស និងប្រតិបត្តិការលុបបំបាត់អាវុធនុយក្លេអ៊ែដែលចោទប្រកាន់ដោយអាមេរិកកាលពីឆ្នាំ ២០០៣។​ អាមេរិកក្រោមរដ្ឋបាលរបស់លោក​ ប៊ូស (George W. Bush) បានធ្វើការវាយប្រហារទីក្រុងបាដាតនៅថ្ងៃទី១៩ ខែមីនា ​ឆ្នាំ​២០០៣។ បន្ទាប់ពីការប្រយុទ្ធបានបញ្ចប់អស់រយៈពេល១០ឆ្នាំ ទើបគេស៊ើបដឹងថាមិនមានអាវុធនុយក្លេអ៊ែនៅអ៊ីរ៉ាក់ ហើយការវាយប្រហាររបស់អាមេរិកទទួលរងការទិតៀនខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ។

អតីតប្រធានាធិបតីអាមេរិក ប៊ូស បានសន្យានឹងនាំសេរីភាព​និងសន្តិភាពឱ្យប្រទេសអ៊ីរ៉ាក់ក្រោយរំលំរបប សាដាម ប៉ុន្តែផ្ទុយទៅវិញស្ថានភាពជម្លោះកាន់តែតានតឹងជាមួយនឹងការងើបបះបោររបស់ក្រុមសកម្មប្រយុទ្ធ (armed militias) អ៊ីស្លាម។ តាមពិតទៅនៅឆ្នាំ ២០១១ អាមេរិកបានដកទាហានចេញពីអ៊ីរ៉ាក់ម្តងហើយ ប៉ុន្តែ៣ឆ្នាំក្រោយមក រដ្ឋាភិបាលអ៊ីរ៉ាក់បានស្នើសុំអាមេរិកឱ្យត្រឡប់វិញដោយសារតែកងកម្លាំងប្រដាប់អាវុធអ៊ីស្លាមបានវាយប្រហារទ្រង់ទ្រាយធំនៅក្នុងប្រទេសអ៊ីរ៉ាក់។ ក្រោយពីការចុះចាញ់របស់ចលនាប្រដាប់អាវុធអ៊ីស្លាមនៅអ៊ីរ៉ាក់ឆ្នាំ ២០១៧ កងកម្លាំងយោធាអាមេរិក ក៏នៅតែបន្តឈរជើងជាជំនួយក្នុងការទប់ស្កាត់ការវាយប្រហារពីក្រុមឧទ្ទាមដែលនៅសល់។

យោងតាមទិន្នន័យស្ថិតិដែលមានប្រភពពីវិទ្យាស្ថាន Brookings របស់រដ្ឋាភិបាលអាមេរិក បានឱ្យឃើញថា ចាប់តាំងពីការបញ្ចូនទាហានអាមេរិកទៅអ៊ីរ៉ាក់ពីឆ្នាំ ២០០៣ មក ចំនួនទាហានត្រូវបានបញ្ជូនទៅច្រើនបំផុតមានដល់ ១៥៧ ៨០០នាក់នៅឆ្នាំ​ ២០០៨​ ប៉ុន្តែថយមកវិញដោយសារការប្រកាសឱ្យដកចេញនៅសម័យគ្រប់គ្រងរបស់លោក អូបាម៉ា នៅឆ្នាំ ២០០៩។ មកដល់ឆ្នាំ ២០២០ ទាហានអាមេរិកមានតិចជាង ២០ ០០០​នាក់ដែលបន្តឈរជើងនៅអ៊ីរ៉ាក់ ក្នុងការជួយប្រយុទ្ធជាមួយទ័ពអ៊ីរ៉ាក់ក្នុងការទប់ទល់ជាមួយក្រុមភេរវកម្មរដ្ឋអ៊ីស្លាម ISIS។ កន្លងមកអាមេរិកបានចំណាយពេលក្នុងការបង្វឹកទ័ពដើម្បីប្រឆាំងភេរវកម្មនិងក្រុមបង្កចលនាអសន្តិសុខនាននៅក្នុងអ៊ីរ៉ាក់។

បន្ទាប់ពីការប្រកាសរបស់សេតវិមាន នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ មូស្តាហ្វា​ អាល់កាឌីមី បានចេញសេចក្តីថ្លែងការថា​អ៊ីរ៉ាក់នឹងមិនត្រូវការជំនួយកងកម្លាំងអាមេរិកទៀតនោះទេ។​ យ៉ាងណាមិញ នៅឆ្នាំ២០២១នេះ អ៊ីរ៉ាក់និងបន្តកិច្ចសហប្រតិបត្តិការជាមួយអាមេរិកក្នុងវិស័យសំខាន់ៗផ្សេងទៀត ជាពិសេសនោះគឺវិស័យសេដ្ឋកិច្ច។

ជំហររបស់សហរដ្ឋអាមេរិកបន្តទៅទៀត

លោក​ ចូ បៃដិន បានពន្យល់ថា អាមេរិកអស់ភារកិច្ចក្នុងកិច្ចការរបស់អ៊ីរ៉ាក់ដោយសារការរៀបចំប្រទេសនិងរបបប្រជាធិបតេយ្យនៅអ៊ីរ៉ាក់បានប្រពឹ្រត្តិទៅមានលក្ខណៈល្អប្រសើរ។ តាមរយៈសារព័ត៌មាន BBC​ ដែលបានលើកឡើងពីការដកទាហានចេញនេះ គឺអាមេរិកធ្វើឡើងក្នុងគោលបំណងជួយក្នុងដំណើរការនយោបាយដល់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ក្នុងការសម្រួលនយោបាយប៉ុណ្ណោះ។ លើសពីនេះ ការដកទ័ពអាមេរិកចេញក៏បានធ្វើឱ្យកងប្រដាប់អាវុធនិកាយស៊ីអ៊ិតជាក្លាយជាកត្តាសំខាន់នៅក្នុងការពង្រឹងសន្តិសុខប្រទេសអ៊ីរ៉ាក់​ ហើយកងប្រដាប់អាវុធសម្ព័ន្ធមិត្តផ្សេងក៏មានសម្លេងសំខាន់នៅក្នុងសភាអ៊ីរ៉ាក់ដែរ។​

យោងទៅតាមសម្តីរបស់លោកប្រធានាធិបតី ចូ បៃដិនកន្លងមក ទៅកាន់ដៃគូអ៊ីរ៉ាក់បានលើកឡើងពីការឈានចូលក្នុងដំណាក់កាលថ្មីនៃទំនាក់ទំនងសហប្រតិបត្តិរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងអាមេរិកនិងអ៊ីរ៉ាក់និងផ្តោតសំខាន់ទៅលើការសហប្រតិបត្តិការសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យដទៃទៀតរួមមានវិទ្យាសាស្ត្រសុខាភិបាល ការអប់រំ វប្បធម៌ និងបរិស្ថានជាដើម។

វត្តមានរបស់កងទ័ពអាមេរិកបានទទួលរងការតិទានច្រើន

ការដកខ្លួនចេញពីទឹកដីអ៊ីរ៉ាក់របស់អាមេរិកក៏អាចជួយសម្រួលដល់ស្ថានភាពនយោបាយរបស់​អ៊ីរ៉ាក់ផងដែរ​ ដោយសារវត្តមានរបស់អាមេរិកពីដើមឡើយ មិនសូវទទួលបានការគាំទ្រពីចលនានយោបាយក្នុងស្រុកនិងតំបន់ទេ។ វត្តមានរបស់អាមេរិកនៅអ៊ីរ៉ាក់បានក្លាយជាបញ្ហាធំក្នុងតំបន់ ចាប់តាំងពីឧត្តមសេនីយអ៊ីរ៉ង់ កាសេម សូលេម៉ានី (Qasem Soleimani) និងអ្នកដឹកនាំក្រុមសកម្មប្រយុទ្ធមូស្លីមស៊ីអ៊ិត Kata’ib Hezbollah លោកមូហាន់ឌី (Abu Mahdi al-Muhandis)  ថ្ងៃទី១៩ ខែមីនា​ ឆ្នាំ​ ២០០៣។ អាមេរិកបានចោទប្រកាន់ចលនាប្រដាប់អាវុធស៊ីអ៊ិតទៅលើការប្រើប្រាស់និងបើកការប្រយុទ្ធដោយប្រើគ្រាប់រ៉ុកកែត កាំភ្លើងត្បាល់ និងយន្តហោះដ្រូនទៅលើមូលដ្ឋានយោធាអ៊ីរ៉ាក់ដែលមានទ័ពសម្ព័ន្ធមិត្ត (Coalition troops) មានទ័ពអាមេរិក និងអង់គ្លេស នៅឈរជើង។ ការបន្តវាយប្រហារយោធា​ និងមូលដ្ឋានទ័ពពីចលនាប្រដាប់អាវុធស៊ីអ៊ិតនេះគឺមានបំណងក្នុងការដាក់សម្ពាធឱ្យអាមេរិកចាកចេញ។

ប៉ុន្តែមិនមែនមានតែចលនាអ៊ីស្លាមទេដែលមិនពេញចិត្តនឹងអាមេរិក ប្រទេសអ៊ីរ៉ង់ក្បែរនោះក៏មិនពេញចិត្តនឹងវត្តមានរបស់អាមេរិកដែរ។ នៅខែមេសាឆ្នាំ២០២១នេះ មានការសង្ស័យថាអ៊ីរ៉ង់ស្ថិតនៅពីក្រោយការវាយប្រហារដោយយន្តហោះដ្រូនទៅលើមូលដ្ឋានទ័ពអាកាសអាមេរិកដែលនៅក្បែរអាកាសយានដ្ឋានស៊ីវិល តែការវាយប្រហារនេះពុំមានអ្នករងគ្រោះទេ។ រីឯភាគីអ៊ីរ៉ង់បានបដិសេដមិនទទួលយកការចោទប្រកាន់នេះឡើយ ទោះកងកម្លាំងអាមេរិក និងអង់គ្លេសដែលតាំងមូលដ្ឋាននៅទីនោះបានធ្វើការស៊ើបអង្កេត ហើយរកឃើញថាជាយន្តហោះដែលយកមកប្រើក្នុងការវាយប្រហារនោះគឺផលិតនៅអ៊ីរ៉ង់។ ទោះជាអ៊ីរ៉ង់បានបដិសេដមិនទទួលការចោទប្រកាន់របស់អាមេរិក គេដឹងរួចហើយថាបំណងរបស់អ៊ីរ៉ង់ក៏មិនចង់ឱ្យអាមេរិកចូលលូកដៃជ្រៀតជ្រែកបញ្ហាក្នុងតំបន់នោះទេ។

លើសពីនេះកាលពីឆ្នាំ ២០១៩ ក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅអ៊ីរ៉ាក់បានទាមទារឱ្យមានការរៀបចំឡើងវិញដើម្បីបង្កើតរដ្ឋាភិបាលថ្មី និងបញ្ឈប់ការជ្រៀតជ្រែករបស់បរទេសលើនយោបាយក្នុងប្រទេសនិងតំបន់ ជាពិសេសការដកកងកម្លាំងទាំងស្រុងពីកងកម្លាំងសម្ព័ន្ធមិត្ដអន្តរជាតិដឹកនាំដោយអាមេរិក (International US-Led coalition) ប្រឆាំងចលនារដ្ឋអ៊ីស្លាម (Islamic states)។ ការទាមទារនេះបានធ្វើឡើង ទោះជាស្ថានភាពជាក់ស្តែងនៅទទួលរងការគម្រាមកំហែងពីសំណាក់ក្រុមឧទ្ទាមអ៊ីស្លាមស៊ុននី ISIS នៅឡើយ។

អនាគតរបស់អ៊ីរ៉ាក់

ទោះជាមានការមិនពេញចិត្តពីសំណាក់គណបក្សនយោបាយក្នុងស្រុកពីវត្តមានរបស់អាមេរិក ក៏វត្តមានរបស់យោធាអាមេរិកបានបំពេញមុខងារក្នុងការពង្រឹងសន្តិសុខអ៊ីរ៉ាក់ ជាពិសេសពីសំណាក់ការវាយប្រហាររបស់ពួកឧទ្ទាមដែលតែងតែប៉ុនប៉ងពង្រីកអំណាចក្នុងតំបន់។ អ្នកវិភាគព្រឹត្តិការណ៍អន្តរជាតិបានផ្តោតទៅលើសុខុមាលភាពរបស់អ៊ីរ៉ាក់ក្រាយអាមេរិកដកខ្លួន ដែលក្នុងនោះរួមមានការបារម្ភពីបញ្ហានយោបាយក្នុងស្រុកនៅអ៊ីរ៉ាក់ និងការប្រឈមមុខនឹងក្រុមចលនាអ៊ីស្លាមតាលីបង់ដែលនៅបន្តសកម្មភាពអសន្តិសុខ។

១. បញ្ហានយោបាយផ្ទៃក្នុងនៅអ៊ីរ៉ាក់

ស្ថានភាពនយោបាយនៅអ៊ីរ៉ាក់ អាចនិយាយបានថាមានសភាពគ្រាន់បើជាងពីឆ្នាំ ២០១៤ អំឡុងពេលប្រទេសទាំងមូលកំពុងជួបប្រទះសង្គ្រាមស៊ីវិលដែលបង្កឡើងពីភាពចម្រូងចម្រាសរវាងចលនានិកាយអ៊ីស្លាមទាំងពីរ (ស៊ីអ៊ិត និងស៊ុននី) ក្នុងការដណ្តើមអំណាចរៀងខ្លួនៗ។

ក្រុមប្រដាប់អាវុធនៅអ៊ីរ៉ាក់មួយចំនួនបានចូលជាមួយកងទ័ពអ៊ីរ៉ាក់ក្នុងការទប់ទល់នឹងពួកឧទ្ទាមដែលតែងធ្វើសកម្មភាពដើម្បីពង្រីកតំបន់គ្រប់គ្រង។ ទោះជាយ៉ាងនេះក្តី ក្រុមមួយចំនួនទៀតនៅតែបន្តសកម្មភាពអសន្តិសុខប៉ះពាល់ដល់អាយុជីវិតប្រជាជនអ៊ីរ៉ាក់។ មុនពេលអាមេរិកប្រកាសដកខ្លួន ប្រជាជនអ៊ីរ៉ាក់ជាច្រើនបានចេញធ្វើបាតុកម្មដើម្បីទាមទារឱ្យបញ្ឈប់ការជ្រៀតជ្រែករបស់បរទេស ជាពិសេសនោះគឺការលូកដៃរបស់អាមេរិក។ នេះជាហេតុដែលធ្វើឱ្យអ្នកនយោបាយបោះឆ្នោតក្នុងសភាអ៊ីរ៉ាក់គាំទ្រឱ្យទ័ពបរទេស​ (Foreign forces) ចេញពីទឹកដីរបស់ខ្លួនបន្ទាប់ពីការស្លាប់របស់ឧត្តមសេនីយ កាសេម សូលេម៉ានី និងមេដឹកនាំក្រុមប្រដាប់អាវុធអ៊ីស្លាម អាប៊ូ ម៉ាឌី អាល់មូហាន់ឌី។ ជាពិសេសសម្ពាធត្រូវធ្លាក់លើលោកនាយករដ្ឋមន្ត្រី មូស្តាហ្វា ក្នុងការជំរុញឱ្យកងកម្លាំងសម្ព័ន្ធមិត្តចាកចេញ។

២. បញ្ហាសន្តិសុខជាតិអ៊ីរ៉ាក់

កង្វល់បន្ទាប់នោះគឺផ្នែកសន្តិសុខជាតិដែលប្រឈមខ្លាំងនឹងទំនាស់បង្កដោយក្រុមសកម្មប្រយុទ្ធ (armed militias) ដែលជ្រោមជ្រែងដោយអ៊ីរ៉ង់ និងក្រុមឧទ្ទាមផ្សេងទៀតជាពិសេសក្រុមឧទ្ទាមស៊ុននី ISIS។ អ្នកវិភាគព្រឹត្តិការណ៍អន្តរជាតិមួយចំនួនបានយល់ឃើញថា ការដកកងទ័ពរបស់អាមេរិកនឹងផ្តល់ឱកាសឱ្យក្រុមប្រដាប់អាវុធអ៊ីស្លាមក្នុងការបង្កអសន្តិសុខកាន់តែខ្លាំងឡើងក្នុងការទាមទារអំណាច រួមជាមួយនឹងបញ្ហាពួកឧទ្ទាមរដ្ឋអ៊ីស្លាមស៊ុននី ISIS។ កន្លងមកកងទ័ពអាមេរិកបានអមជាមួយកងទ័ពអ៊ីរ៉ាក់ក្នុងការទប់ទល់នឹងការវាយប្រហាររបស់ពួកឧទ្ទាម។ ក្នុងចំណោមទ័ពអ៊ីរ៉ាក់ មានក្រុមកងបម្លាស់ Al-Hashd-Al-Shaabi ឬ Popular Mobilization Forces ដែលជាក្រុមសកម្មប្រយុទ្ធក្រោយមកបានគាំទ្រដោយអ៊ីរ៉ង់ ដើម្បីប្រុយុទ្ធនឹងពួក ISIS។ ក៏ប៉ុន្តែក្រុមនេះត្រូវបានក្លាយជាឧបករណ៍ដែលអ៊ីរ៉ង់ប្រើប្រាស់កក្នុងការជ្រៀតជ្រែកនយោបាយរបស់អ៊ីរ៉ាក់។ លើសពីនេះ អ្នកវិភាគអន្តរជាតិបានប៉ាន់ស្មានថា ទំនាស់រវាងរដ្ឋាភិបាលអ៊ីរ៉ាក់និងក្រុមប្រដាប់អាវុធអាចនឹងកើតមានភាពតានតឹងឡើងក្រោយពេលអាមេរិកចាកចេញដែរ។

សរុបសេចក្តី

ជារួមមក ការដកទ័ពរបស់អាមេរិកពីទឹកដីអ៊ីរ៉ាក់ជាសកម្មភាពដែលបង្ហាញពីជំហរដកថយរបស់អាមេរិកពីបញ្ហាសង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅមជ្ឈឹមបូពា៌។ ទំនាក់ទំនងរវាងអ៊ីរ៉ាក់និងអាមេរិកនឹងមានការផ្លាស់ប្តូរផងដែរ។ លើសពីនេះការថយខ្លួនរបស់អាមេរិកអាចបង្ហាញជាសារមួយក្នុងការបញ្ចប់សង្គ្រាមដែលបានផ្ដើមដោយអតីតប្រធានាធិបតីអាមេរិកមុន ក្រោមរដ្ឋបាលរបស់លោកប៊ូស (George W Bush) នៅមជ្ឈឹមបូព៌ា។ ស្របជាមួយគ្នានេះដែរការដកកងកម្លាំងរបស់អាមេរិកក៏បាននាំមកនូវកង្វល់មួយចំនួនស្តីពីសន្តិសុខអ៊ីរ៉ាក់ដែលប្រឈមមុខចម្បងជាមួយនឹងបញ្ហានយោបាយក្នុងស្រុក និងសកម្មភាពរបស់ក្រុមភារវកម្មដ៏គួរឱ្យបារម្ភផងដែរ៕

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ កញ្ញា ស្រង់ ខាដាណេ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង