"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ហេតុអ្វីបានសហរដ្ឋអាមេរិកលូកដៃចូលក្នុងសង្គ្រាមវៀតណាម?

គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង ហ៊ត

ក្រោយសង្គ្រាមឥណ្ឌូចិនទី១ បានបិទបញ្ចប់ សង្គ្រាមរៀតណាមបានកើតឡើងឬក៏យើងអាចហៅឈ្មោះម្យ៉ាងទៀតតាមប្រវត្តិវិទូជាច្រើនបានហៅឈ្មោះថា​​​​​​​«សង្គ្រាមឥណ្ឌូចិនទី២» ។ ឈ្មោះ«សង្គ្រាមឥណ្ឌូចិន»ដោយហេតុថា សង្គ្រាមនេះវាមិនមែនត្រឹមតែកើតឡើងក្នុងនៅក្នុងទឹកដីវៀតណាមតាមតែប៉ុណ្ណោះនោះទេ ប៉ុន្តែវារីកសាយភាយទៅកាន់ផ្នែកខ្លះនៃទឹកដីឥណ្ឌូចិនទាំងមូលផងដែរ នៅក្នុងនោះមានដូចជា កម្ពុជា និងឡាវ។ ​ សង្គ្រាមវៀតណាមគឺជាជម្លោះប្រដាប់អាវុធគ្នារវាងកងទ័ពរៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋអាមេរិក និង វៀតណាម​ខាងជើង (​វៀតណាម​កុម្មុយនិស្ត) គាំទ្រ​ដោយ​ប្លុក​កុម្មុយនិស្ត។ ហើយវាក៏ត្រូវបានគេទទួលស្គាល់ថា ជាការប៉ះទង្គិចប្រដាប់អាវុធយ៉ាងសំខាន់មួយនៅក្នុងសម័យកាលនៃសង្គ្រាមត្រជាក់។ នៅក្នុងអត្ថបទនេះ យើងនិងការធ្វើការបកស្រាយឬក៏ពន្យល់ទៅលើសំណួរដែលបានលើកឡើងថាតើមានមូលហេតុអ្វីខ្លះបានសហរដ្ឋអាមេរិកលូកដៃចូលមកក្នុងសង្គ្រាមវៀតណាមទាំងដែលសហរដ្ឋអាមេរិកជាប្រទេសដែលស្ថិតនៅឆ្ងាយពីតំបន់នេះ?

មានមូលហេតុចំនួន ៥ ដែលយើងអាចអាចយល់បានថាតើហេតុអ្វីបានសហរដ្ឋអាមេរិកលូកដៃចូលមកក្នុងសង្គ្រាមឥណ្ឌូចិនទី២នេះ

ទី១ ឯករាជ្យភាពនៃប្រទេសវៀតណាម៖ ​  យើងត្រូវចាំផងដែរ នៅមុនសង្គ្រាមលោកលើកទី២ ប្រទេសវៀតណាមគឺស្ថិតនៅក្រោមការគ្រប់គ្រងឬស្ថិក្រោមអាណានិគមនិយមបារាំង។ បន្ថែមពីនេះ នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ ប្រទេសវៀតណាមគឺត្រូវបានឈ្លានពានដោយប្រទេសជប៉ុន ហើយ ហ៊ូ​ ជីមិញ គឺជាមេដឹកនាំរបស់ពួកវៀតមិញ ដែលជាកងទ័ពតស៊ូដើម្បីឯករាជ្យភាពរបស់វៀតណាម។ ​ លើសពីនេះ ក្រោយសង្គ្រាមលោកលើកទី២  នៅឆ្នាំ១៩៩៤៥ ហ៊ូ ជីមិញ​បានវាយយកបានទាំងស្រុងទីក្រុងហា ណូយ ហើយទន្ទឹមគ្នានោះក៏បានប្រកាសឯករាជ្យភាពនៃប្រទេសរបស់ខ្លួនផងដែរ។ ជាពិសេសនោះ ក្រោយសង្គ្រាមលោកលើកទី២បានបញ្ចប់ បារាំងបានព្យាយាមវិលត្រឡប់មកកាន់កាប់ឬក៏គ្រប់គ្រងទឹកដីវៀតណាមម្តងទៀតនិយាយដោយឡែក ទឹកដីឥណ្ឌូចិនទាំងមូលនិយាយជារួម។  ប៉ុន្តែជាអកុសល បារាំងគឺមិនត្រូវបានប្រជាជនវៀតណាមស្វាគមន៍នោទេ។ ហេតុដូច្នេះហើយ វាក៏បង្ករឱ្យមានការផ្ទុះប្រដាប់អាវុធរវាងកងទ័ពបារាំងនិងវៀតណាមខាងជើងនៅឌៀន បៀនភូ នៅឆ្នាំ១៩៥៤ ហើយបារាំងក៏បានចាញ់សង្គ្រាមនេះយ៉ាងដំណំផងដែរ។ បន្ទាប់ពីនេះ សន្តិភាពគឺត្រូវបានគេពិភាក្សាគ្នានៅឯសឺណែវ(Geneva)នៅឆ្នាំ១៩៥៤ ហើយនៅក្នុងសន្ធិសញ្ញានេះ រដ្ឋទាំងអស់ដែលជាហត្ថលេខីបានយល់ស្របគ្នាថា បារាំងនិងចាកចេញពីប្រទេសវៀតណាម​ប៉ុន្តែវៀតណាមត្រូវបែងចែកជាពីរ រហូតទាល់តែការបោះឆ្នោតត្រូវបានគេរៀបចំឡើង។ ទោះបីជាយ៉ាងណាក៏ដោយ ការបោះឆ្នោតគឺមិនបានកើតឡើងនោះទេ ហើយប្រទេសវៀតណាមនៅតែបែងចែកជាពីរដដែលនៅពេលនោះដែលម្ខាងវៀតណាមខាងជើង ដឹកនាំដោយ ហ៊ូ ជីមិញ រីឯម្ខាងទៀត វៀតណាមខាងត្បូង ដឹកនាំ ង៉ូ ឌិញយៀម។

ទី២ សង្គ្រាមស៊ីវិល៖​ ពួកវៀតមិញចង់បង្រួបបង្រួមប្រទេសវៀតណាមឱ្យទៅជាវៀតណាមតែមួយស្ថិតនៅក្រោមការកាន់កាប់មេដឹកនាំកុម្មុយនីស្ត ហ៊ូ ជីមិញ។ ​ ប្រជាពលរដ្ឋវៀតណាមខាងត្បូងជាច្រើនបាក៏នគាំទ្រ ហ៊ូ ជីមិញ ដោយសារតែពួកគេមិនពេញចិត្តនិង ង៉ូ ឌិញយ៊ៀមដែលកាលនោះលោកគឺជាអ្នកដឹកនាំវៀតណាមខាងត្បូង។ ហេតុដូច្នេះហើយ សង្គ្រាមរវាងវៀតណាមខាងជើង និងវៀតណាមត្បូងក៏ផ្ទុះឡើង។ ​ ចាប់ពីឆ្នាំ១៩៥៨មក វៀតណាមខាងត្បូងគឺត្រូវទទួលរងនូវការវាយប្រហារកាន់តែខ្លាំងឡើងពីសំណាក់ពួកកុម្មុនីស្តខាងជើង ដែលវាត្រូវបានគេហៅថា រណសិរ្យរំដោះជាតិ(National Liberation Front)។

ទី៣ ទ្រឹស្តីដូមីណូ( The Domino Theory)៖ វាគឺជាជំនឿថា ប្រសិនបើប្រទេសមួយធ្លាក់ចូលទៅក្នុងដៃកុម្មុយនីស្ត វាមានភាគរយច្រើនណាស់ថារដ្ឋជិតខាងដែលក្បែរៗគ្នានោះនិងក្លាយជារដ្ឋកុម្មុយនីស្តដែរ ស្រដៀងគ្នាទៅនិងដូមីណូដែលធ្លាក់មកពីលើអញ្ចឹង។ ដែលនេះ បានកើតឡើងនៅឯអឺរ៉ុបខាងកើត បន្ទាប់ពីឆ្នាំ១៩៤៥ ។ ចិនបានក្លាយជាប្រទេសកុម្មុយនីស្តនៅឆ្នាំ១៩៤៩ ហើយជាពិសេសនោះ ពួកកុម្មុនីស្តបានគ្រប់គ្រង់ប្រទេសវៀតណាមខាងជើង។ សហរដ្ឋអាមេរិកខ្លាចថា កុម្មុយសី្តនិងសាយភាយទៅកាន់វៀតណាមខាងត្បូងហើយបន្ទាប់មកអាស៊ីទាំងមូល។ ហេតុដូច្នេះហើយ វាបានសម្រេចចិត្តឱ្យជំនួយជាលុយ ការផ្គត់ផ្គង់ និងទីប្រឹក្សាកងទ័ពដើម្បីជួយរដ្ឋាភិបាលវៀតណាមខាងត្បូងប្រឆាំងជាមួយវៀតណាមខាងជើង។

ទី៤ ភាពកម្សោយនៃរដ្ឋាភិបាលវៀតណាមខាងត្បូង៖ ​ លោក ង៉ូ ឌិញយៀម គឺជាមេដឹកនាំពុករលួយម្នាក់ ដែលបដិសេធមិនព្រមប្រគល់ដីឱ្យកសិករធ្វើនោះស្រែចម្ការនោះទេ។  លើសពីនេះនោះ គាត់មិនចូលចិត្តព្រះពុទ្ធសាសនានោះទេ ហើយគាត់បានធ្វើអំពើយ៉ាងអាក្រក់ឃោរឃៅដល់ប្រជាជនដែលជាអ្នកកាន់ព្រះពុទ្ធសាសនា។ ជាលទ្ធផល ប្រជាពលរដ្ឋវៀតណាមខាងត្បូងដោយច្រើននាំគ្នាងើបឡើងបះបោរ ប្រឆាំងនិងរដ្ឋាភិបាលរបស់គាត់។  កសិករ​ នាំគ្នាចង់បានរដ្ឋាភិបាលកុម្មុនីស្តហើយគាំទ្រពួកវៀតមិញនិងរណសិរ្យរំដោះជាតិ។ នៅឆ្នាំ១៩៦៣ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បានបញ្ជូនទីប្រឹក្សាកងទ័ពចំនួន​ ១៦០០០ នាក់ដើម្បីជួយកងទ័ពវៀតណាមខាងត្បូង ទោះបីយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់ ង៉ូ ឌិញយៀមគឺត្រូវបានផ្តួលរលំ ។ ហើយបន្ទាប់ពីនេះមក​ នៅវៀតណាមខាងត្យូងគឺគ្មានរដ្ឋាភិបាលអ្នកមូលធនខ្លាំងណាម្នាក់នៅគ្រប់គ្រងវៀតណាមខាងត្បូងនោះទេ។

ទី៥៖ ហេតុការណ៍នៅឈូងសមុទ្រតុងកឹង១៩៦៤៖វៀតណាមខាងជើងបានវាយប្រហារកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនៅឯឈូងសមុទ្រតុងកឹង(The Gulf of Tonkin)។ ព្រឹត្តិការណ៍នេះបានជំរុញឱ្យសហរដ្ឋអាមេរិកមានលេសនៅក្នុងការពង្រីកសង្គ្រាមឱ្យកាន់ឆាបឆេះតែខ្លាំងឡើងៗ។ ​ ដំណោះស្រាយឈូងសមុទ្រតុងកឹង(Gulf of Tonkin Resolution) សភារបស់សហរដ្ឋអាមេរិកបានអនុញ្ញាតិឱ្យប្រធានាធិបតី Lyndon Johnson ដើម្បីប្រកាសសង្គ្រាមជាមួយវៀតណាមខាងត្បូង។ ​ កងទ័ពម៉ារីន សំខាន់ៗដំបូងគេរបស់សហរដ្ឋអាមេរិកបានមកដល់នៅឆ្នាំ១៩៦៥។  ១០​ឆ្នាំ ក្រោយមក ការលូកដៃចូលរបស់សហរដ្ឋអាមេរិកគឺកាន់តែមានសភាពខ្លាំងក្លាឡើងៗ។  នៅឆ្នាំ១៩៦៨ កងទ័ពរបស់សហរដ្ឋអាមេរិកគឺមានរហូតដល់ទៅជាងពាក់កណ្តាលមួយលាននាក់នៅលើទឹកដីរបស់វៀតណាម ហើយសង្គ្រាមបានចំណាយអស់ ៧៧ ប៊ីលានដុល្លានៅក្នុងមួយឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ BBC។

 

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ សាមណេរ ហាន ណូយ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ