"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កំណើនសេដ្ឋកិច្ចយ៉ាង​ឆាប់​រហ័ស​របស់​ប្រទេសចិន និងការប្រែប្រួលអាកាសធាតុ

គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង ហ៊ត

នៅក្នុងឆ្នាំ១៩៧៩ ប្រទេសចិនបានចាប់ផ្តើមបើកពាណិជ្ជកម្មនិងការវិនិយោគពីក្រៅប្រទេសលើកដំបូង ដោយអនុវត្តកំណែទម្រង់ទីផ្សាររបស់ខ្លួនទៅជាទីផ្សារសេរី។ ចំណុចរបត់ត្រង់កែទម្រង់ទៅជាទីផ្សារសេរី សេដ្ឋកិច្ចរបស់ប្រទេសចិនមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សបំផុត។ ជាមួយគ្នានេះ ក្រោយភាពរីកចម្រើនទាំងនេះ ប្រទេសចិនក៏បានក្លាយជាប្រទេសមួយដែលកំពុងចូលរួមខ្លាំងជាងគេបន្ទាប់ពីប្រទេសធំៗមួយចំនួនទៀតដូចជាប្រទេសអាមេរិក និងប្រទេសឥណ្ឌា ក្នុងការបំពុលបរិស្ថានដែលអាចបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុជុំវិញពិភពលោក នេះបើយោងតាមស្ថិតិរបស់ Union of Concerned Scientists។ ដូចនេះ យើងនឹងងាកមកមើលចំណុចគោលធំៗចំនួន ២ ដែលការកើនឡើងសេដ្ឋកិច្ចេបស់ប្រទេសចិនបានប៉ះពាល់ទៅលើអាកាសធាតុពិភពលោក និងតើរដ្ឋាភិបាលចិនបានចូលរួមអ្វីខ្លះក្នុងការទប់ស្កាត់បញ្ហានេះ?

ការប្រើប្រាស់ធ្យូងថ្មក្នុងវិស័យឧស្សាហកម្ម

អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក សន្ទុះសេដ្ឋកិច្ចរបស់ប្រទេសចិនបានទទួលនូវភាពរីកចម្រើនភាគច្រើនគឺដោយសារតែការប្រើប្រាស់ធ្យូងថ្ម។ នេះគឺដោយសារតែធ្យូងថ្មអាចធ្វើការបម្លែងថាមពលក្នុងតម្លៃថោក និងអាចប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មជាច្រើនប្រភេទ នេះបើយោងតាមការចេញផ្សាយរបស់គេហរទំព័រ Science Direct។ ប៉ុន្តែការប្រើប្រាស់ធ្យូងថ្មទាំងនេះបានបញ្ចេញនូវឧស្ម័នកាបូនឌីអុកស៊ីត (CO2) ដែលជាឧស្ម័នកើតមកពីឧស្ម័នធម្មជាតិ ហើយបើយោងតាមការសិក្សាជាច្រើន ធ្យូងថ្មផលិតឧស្ម័នកាបូនច្រើនជាងគេបង្អស់ក្នុងចំណោមថ្មថាមពលផ្សេងៗទៀត។ ជាមួយគ្នានេះ យោងតាមទន្និន័យរបស់ S&P Global នៅក្នុងឆ្នាំ២០១៩បានបង្ហាញឱ្យឃើញថា ស្ទើរតែ ៥៨% នៃធ្យូងថ្មជុំវិញផិភពលោកកំពុងត្រូវបានប្រើប្រាស់ក្នុងប្រទេសចិន ហើយការបំភាយចេញពីការដុតធ្យូងថ្មបានរួមចំណែកយ៉ាងសំខាន់ដល់ការប៉ះពាល់អាកាសធាតុផែនដី។

២ ការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់ពីប្រទេសចិន

ក្នុងឆ្នាំ២០១៩ ប្រទេសចិនបានក្លាយជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេ លើសពីប្រទេសអភិវឌ្ឍន៏ដ៏ទៃទៀតនៅជុំវិញពិភពលោក។ ឧស្ម័ននេះមិនត្រឹមតែប៉ះពាល់ទៅដល់បរិស្ថាននោះទេ តែវាក៏មានផលប៉ះពាល់ទៅលើសុខភាពមនុស្សផងដែរ។ យោងតាមការចេញផ្សាយរបស់ National Geograpic ឧស្ម័នផ្ទះកញ្ចក់វាអាចធ្វើឱ្យស្រទាប់អូហ្សូនរបស់ភពផែនដីស្ដើងជាងមុន បណ្តាលឱ្យមានការផ្លាស់ប្តូរអាកាសធាតុដោយកំណើនកំដៅ និងការរួមចំណែកដល់ជំងឺផ្លូវដង្ហើមផ្សេងៗពីផ្សែងអ័ព្ទនិងការបំពុលខ្យល់។ ក្នុងករណី ប្រទេសចិនជាអ្នក បញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន២៧%នៃចំនួនសរុបទាំងអស់ក្នុងពិភពលោក។ យោងតាមការវិភាគមួយក្នុងឆ្នាំ២០១៤បានបញ្ចាក់ឱ្យឃើញថា ការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់នៅក្នុងប្រទេសចិនគឺកើតឡើងដោយសារតែដោយសារតែប្រទេសនេះនៅតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៏ឧស្សាហកម្ម និងមានការពឹងផ្អែកទៅលើការប្រើបាស់់ធ្យូងថ្មជាខ្លាំងនៅឡើយ។

៣ ការទប់ស្កាត់បញ្ហាបរិស្ថានពិភពលោករបស់រាជរដ្ឋាភិបាលចិន

នៅក្នុងខែកញ្ញា ឆ្នាំ២០២០នេះ ប្រធានាធិបតី Xi JinPing បានប្រកាសថាប្រទេសចិននឹងបោះជំហានរបស់ខ្លួនចូលទៅក្នុងពិភពលោកមួយដែលមានភាពបៃតងជាងមុន ក្នុងនោះលោកបានបញ្ចេញនូវសកម្មភាពក្នុងការទប់ស្កាត់បញ្ហាអាកាសធាតុដូចខាងក្រោម៖

កិច្ចព្រមព្រៀងទៅលើបញ្ហាប្រែប្រួលអាកាសធាតុនៅទីក្រុងប៉ារីស ឆ្នាំ២០១៦
ផែនការក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងកាត់បន្ថយក្នុងការប្រើប្រាស់ថាមពលដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ត្រឹមឆ្នាំ២០៣០
ផែនការក្នុងការមានប្រភពថាមពលដែលអាចកែឆ្នៃឡើងវិញក្នុងឆ្នាំ២០៣០
ដំឡើងប្រព័ន្ធសូឡានិងការបម្លែងខ្យល់ទៅជាថាមពល ដែលមានសមត្ថភាពសរុប ១.២ប៊ីលានគីឡូវ៉ាត់នៅក្នុងឆ្នាំ២០៣០
គ្របដណ្តប់ប្រទេសដោយព្រៃឈើប្រមាណ២ប៊ីលានម៉ែតគូបនៅឆ្នាំ២០៣០
ហាមឃាត់ការលក់យានយន្តដែលប្រើថាមពលប្រេងឥន្ធនៈត្រឹមឆ្នាំ២០៣៥
ផែនការក្នុងការដាក់ឱ្យប្រទេសចិនក្លាយជាប្រទេស carbon neutrality ក្នុងឆ្នាំ២០៦០។

ជារួម ប្រទេសចិនដើរតួសំខាន់ក្នុងបញ្ហាប្រែប្រួលអាកាសធាតុមួយនេះ។ ប៉ុន្តែដោយសេដ្ឋកិច្ចប្រទេសចិនស្ថិតនៅក្នុងដំណាក់កាលមួយកំពុងលូតលាស់យ៉ាងខ្លាំង ពិភពលោកបានមើលឃើញការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការទប់ស្កាត់បញ្ហាមួយនេះមានការខ្វះខាត និងមិនអាចទៅរួច ជាពិសេស ការប្រើប្រាស់ធ្យូងថ្ម។ ផ្ទុយមកវិញ ប្រទេសចិនបានបញ្ចេញសកម្មភាពរបស់ខ្លួនជាច្រើនមកហើយក្នុងការកាត់បន្ថយការប៉ះពាល់បរិស្ថានមួយនេះ ដូចជាការប្រើបា្រស់ប្រព័ន្ធសូឡា និងយានយន្តអេឡិចត្រូនិក ដោយក្នុងឆ្នាំ២០១៩មានយានយន្តអេឡិចត្រួនិកចំនួន២៥.៨លានត្រូវបានលក់នៅក្នុងប្រទេសចិន។ ការប្រើប្រាស់ថាមពលដែលអាចកែឆ្នៃឡើងវិញប្រមាណ១៥%ក្នុងការប្រើប្រាស់ថាមពលទាំងអស់ក្នុងប្រទេសចិនក្នងឆ្នាំ២០១៩ និងការបង្កើតនូវ National Emmision Trading Scheme ក្នុងគោលបំណងដើម្បីគ្រប់គ្រងការបំពុលបរិស្ថាននៅក្នុងទីផ្សារជួញដូរ។ ម៉្យាងវិញទៀត ប្រទេសចិនក៏កំពុងតែជួបប្រទះនឹងបញ្ហាអាកាសធាតុជារឿយៗនោះដែរ ដូចនេះការចូលរួមរបស់ប្រទេសចិនពុំមានការភ្ញាក់ផ្អើលនោះទេ។ ជាមួយគ្នានេះ ផែនការរបស់ប្រទេសចិននៅតែមើលមិនឃើញនៅថ្ងៃខាងមុខ ប៉ុន្តែពិភពលោកនឹងអាចក្លាយជាទីកន្លែងមួយដែលមនុស្សយើងអាចរស់នៅបានដោយមានផាសុកភាព ដោយការចូលរួមទប់ស្កាត់បញ្ហាប្រែប្រួលអាកាសធាតុពីប្រទេសចិន។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ឡេង ហ៊ត
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង