"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

មជ្ឈឹមបូព៌ាមានប្រេង ចិនមានរ៉ែកម្រ

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា សុខ ពុទ្ធារី

រ៉ែកម្រឬ Rare Earthដែលគេស្គាល់តិចតួចត្រូវបានប្រើប្រាស់ស្ទើរតែគ្រប់វិស័យឧស្សាហកម្មនិងនៅក្នុងឧបករណ៍បច្ចេកវិទ្យាខ្ពស់នាពេលអនាគត។ ប្រទេសខ្លះក៏ចាត់ទុកសារធាតុរ៉ែកម្រនេះថាជាធាតុចាំបាច់សម្រាប់ប្រើប្រាស់ជាយុទ្ធសាស្ត្រទាំងស្រុងក្នុងវិស័យបច្ចេកវិទ្យាការពារជាតិផងដែរ។ រ៉ែកម្រឬ Rare Earth សំដៅលើក្រុមសារធាតុចំនួន ១៧ នៅក្នុងតារាងខួបគីមី (Periodic Table) មានដូចជា Cerium (Ce), Dysprosium (Dy), Europium (Eu), Gadolinium​ (Gd), Holmium (Ho), Lanthanum (La), Lutetium (Lu), Neodymium (Nd), Praseodymium (Pr), Promethium (Pm), Samarium (Sm), Scandium (Sc), Terbium (Tb), Thulium (Tm), Ytterbium (Yb) និង Yttrium (Y)។ ថ្វីត្បិតតែសារធាតុនេះមានឈ្មោះជារ៉ែកម្រក៏ពិតមែន ប៉ុន្ដែវាមិនមែនកម្រដូចឈ្មោះឡើយ ដែលរ៉ែកម្រនេះអាចរកបាននៅទូទាំងពិភពលោក ហើយធាតុខ្លះមានចំនួនច្រើនប្រហាក់ប្រហែលគ្នាទៅនឹងទង់ដែងឬសំណប៉ាហាំងដែលមាននៅក្នុងសំបកផែនដី។ រ៉ែកម្រទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងពីអ្នកសិក្សានិងប្រព័ន្ធផ្សព្វផ្សាយដោយសារតែការរីករាលដាលនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងដោយសារតែភាពផ្តាច់មុខរបស់ចិនលើការផលិតនិងការផ្គត់ផ្គង់រ៉ែកម្រផងដែរ។ សំនួរភូមិសាស្ត្រនយោបាយដ៏សំខាន់មួយនៃសតវត្សរ៍ទី ២១ គឺទាក់ទងនឹងទិសដៅនៃទំនាក់ទំនងអាមេរិក-ចិនលើសារៈសំខាន់ រ៉ែកម្រក្នុងការដោះស្រាយផលប៉ះពាល់ភូមិសាស្ត្រនយោបាយនៃការកាន់កាប់ផ្តាច់មុខរបស់ចិនលើរ៉ែកម្រ និង សម្រាប់សន្តិសុខជាតិអាមេរិក។ ដូច្នេះតើចិននឹងប្រើប្រាស់រ៉ែកម្រយ៉ាងដូចម្ដេចនៅក្នុងភូមិសាស្រ្ដនយោបាយរបស់ខ្លួន ហើយអាមេរិកនឹងធ្វើបែបណាដើម្បីកាត់បន្ថយការពឹងផ្អែកការនាំចូលរ៉ែកម្រពីប្រទេសចិន?

អត្ថប្រយោជន៍ការប្រើប្រាស់សារធាតុរ៉ែកម្រ

រ៉ែកម្របាននឹងកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះដោយសារតែការផ្ទុះឡើងនៃតម្រូវការវត្ថុរួមទាំងបច្ចេកវិទ្យាថ្មីៗ។ ការផលិតរ៉ែកម្របានកើនឡើងពីប្រហែល ៨០.០០០ តោនក្នុងឆ្នាំ ១៩៩៥ ដល់ ២១៤.០០០ តោនក្នុងឆ្នាំ ២០១៩ ដែលបង្ហាញពីសារៈសំខាន់របស់វាចំពោះសង្គមទំនើប។ រ៉ែកម្រដែលត្រូវបានគេហៅថា “វីតាមីនគីមីសាស្ត្រ” មានលក្ខណៈគុណសម្បត្តិផ្ទាល់ខ្លួនដែលនាំឱ្យពួកវាចូលទៅក្នុងកាប្រើប្រាស់និងទីផ្សារជាក់លាក់ជាច្រើនដូចជាអាចចម្លងចរន្តអគ្គិសនីខ្ពស់និងមានម៉ាញេទិចខ្លាំងដែលធ្វើឱ្យវាមានសារៈសំខាន់សម្រាប់បច្ចេកវិទ្យាបំភាយកាបូនទាប។ ពួកវាត្រូវបានប្រើដើម្បីបង្កើតមេដែកអចិន្រ្តៃយ៍ដែលប្រើនៅក្នុង​ទួរប៊ីនខ្យល់ នៅឯនាយសមុទ្រ ហើយមានសារៈសំខាន់សម្រាប់បង្កើតអាគុយរថយន្តអគ្គិសនី កុំព្យូទ័រ ឧបករណ៍ជីភីអេស(GPS) និងគ្រឿងអេឡិចត្រូនិកការពារផ្សេងទៀត។ ឧទាហរណ៍អ៊ីតទ្រីម (Ytterbium) និងនីអូឌីមីញ៉ូម (Neodymium ) ត្រូវបានគេប្រើនៅក្នុងឧបករណ៍យោធាដើម្បីបង្កើត ប្រព័ន្ធដឹកនាំមីស៊ីល អាវុធដឹកនាំដោយឡាស៊ែរផ្កាយរណប និងប្រព័ន្ធរ៉ាដា។ រ៉ែកម្រទាំងនេះត្រូវបានគេប្រើផងដែរនៅក្នុងផ្នែកយានអវកាស​ ម៉ាស៊ីនយន្តហោះ និងយន្តហោះគ្មានមនុស្សបើក។ លើសពីនេះទៅទៀតក្រុមហ៊ុន Apple ដែលយើងស្គាល់​ប្រើរ៉ែកម្រនៅក្នុងកាមេរ៉ានិងឧបករណ៍បំពងសម្លេង​ដើម្បីឱ្យមានភាពច្បាស់ល្អ។ នៅពេលដែលពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរឆ្ពោះទៅរកថាមពលស្អាតតម្រូវការជាសកលសម្រាប់រ៉ែកម្រក៏កំពុងកើនឡើងដែលនាំមានការសង្កត់ធ្ងន់លើការវាយតម្លៃឡើងវិញ នូវសង្វាក់ផ្គត់ផ្គង់ និងការកាន់កាប់ផ្តាច់មុខរបស់ចិននាពេលបច្ចុប្បន្នជាពិសេសប្រសិនបើសហរដ្ឋអាមេរិកចង់ឈានដល់គោល អព្យាក្រឹតកាបោន (carbon neutral) នៅឆ្នាំ២០៥០។ ជាក់ស្ដែង វរសេនីយ៍ឯក Charles J. Butler របស់អាមេរិកបានអះអាងថា “សមាសធាតុសំខាន់ៗនៅក្នុងប្រព័ន្ធអាវុធរបស់អាមេរិកនឹងពិបាកផលិតប្រសិនបើគ្មានសារធាតុរ៉ែកម្រទាំងនេះ” ។

ការកាន់កាប់ផ្ដាច់មុខរបស់ចិនក្នុងភូមិសាស្រ្ដនយោបាយ

ដូចដែលមេដឹកនាំមុនរបស់ចិនលោកតេងស៊ាវភីងបាននិយាយថា “មជ្ឈឹមបូព៌ាមានប្រេង ចិនមានរ៉ែកម្រ” ។ ប្រទេសចិនបានរកឃើញសារធាតុរ៉ែកម្រនៅទស្សវត្សរ៍ឆ្នាំ ១៩៦០ ហើយបានចំណាយពេលរហូតដល់ដើមទសវត្សរ៍ឆ្នាំ ១៩៩០ ដើម្បីអាចវ៉ាដាច់សហរដ្ឋអាមេរិកក្នុងនាមជាអ្នកផលិតសារធាតុរ៉ែកម្រធំបង្អស់របស់ពិភពលោក។ នៅចន្លោះ ទស្សវត្សរ៍ឆ្នាំ ១៩៩០ និងដើមទស្សវត្សរ៍ឆ្នាំ ២០០០ ប្រទេសចិនបានពង្រឹងការកាន់កាប់របស់ខ្លួនជាបន្តបន្ទាប់លើទីផ្សាររ៉ែកម្ររបស់ពិភពលោក។ ចិនបានមើលឃើញថាការគ្រប់គ្រងឧស្សាហកម្មនេះជាផ្លូវយុទ្ធសាស្រ្ដឆ្ពោះទៅរកជ័យជំនះដោយគ្មានការប្រយុទ្ធនៅក្នុងជម្លោះភូមិសាស្រ្ដនយោបាយរបស់ខ្លួន។ បើយោងតាម​ The Geopolitics ទុនបំរុងសកលនៃរ៉ែកម្រ (Global Reverse of Rare Earth elements) ត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ១២០ លានតោនដែលប្រទេសចិននាំមុខគេ ជាមួយនឹងទុនបំរុងប្រហែល ៤៤ លានតោនដែលស្មើរ ​៩០% នៃផលិតកម្មរ៉ែកម្រនៅលើពិភពលោកដែលនេះជាផ្នែកមុខងារមួយនៃអំណោយទានធនធានធម្មជាតិរបស់ចិនផងដែរ។ ទីក្រុងប៉េកាំងបានបង្កើតច្បាប់និងបទប្បញ្ញត្តិដែលអនុញ្ញាតសម្រាប់ការរុករកនិងការកែច្នៃរ៉ែកម្រ ទោះបីជាមានផលប៉ះពាល់បរិស្ថានក៏ដោយ ដែលជាមូលហេតុចិនមានសិទ្ធិផ្តាច់មុខលើការកែច្នៃ និងចម្រាញ់រ៉ែកម្រទាំងនេះ។ វាគឺជាឧបករណ៍ភូមិសាស្ត្រនយោបាយដើម្បីជំរុញការផ្លាស់ប្តូរឥរិយាបថជាមួយប្រទេសដែលចិនប៉ះទង្គិចគ្នាជាពិសេសសហរដ្ឋអាមេរិកនិងជប៉ុន។ បើនិយាយពីវិសាលភាពមហិច្ឆតារ៉ែកម្ររបស់ទីក្រុងប៉េកាំងគឺពង្រីកជាអន្តរជាតិ។ ទីក្រុងប៉េកាំង មិនគ្រាន់តែចង់គាំទ្រនិងគ្រប់គ្រងឧស្សាហកម្មរបស់ខ្លួននៅផ្ទះនោះទេ ពួកគេរឹតចង់បង្ហាញភាពលេចធ្លោរបស់ប្រទេសនៅក្នុងឧស្សាហកម្មរ៉ែកម្រដោយនិយាយថាពួកគេគឺជាដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបាននៅក្នុងសង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ។ ប្រទេសចិនបានបង្កើតនូវអត្ថប្រយោជន៍លើការប្រកួតប្រជែងដោយទាញយករ៉ែកម្រជាច្រើនមកបំរុងទុកតាមរយៈការប្រើប្រាស់កម្លាំងពលកម្មតម្លៃថោក និងស្តង់ដារបរិស្ថានទាប។ ម្យ៉ាងទៀតដោយសារតែអសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយស្តង់ដារបែបនេះ ក្រុមហ៊ុនរ៉ែ Molycorp របស់សហរដ្ឋអាមេរិកដែលគ្រប់គ្រងអណ្តូងរ៉ែ Mountain Pass នៅរដ្ឋកាលីហ្វ័រញ៉ាក៏បានប្រកាសពីការក្ស័យធននិងបិទទីតាំងនៅឆ្នាំ២០១២។

ការពឹងអាស្រ័យរបស់អាមេរិកនិងការប៉ះទង្គិចនៃរ៉ែកម្រក្នុងភូមិសាស្រ្ដនយោបាយ

ប្រទេសចិនជាអ្នកផ្គត់ផ្គង់រ៉ែកម្រធំបំផុតដល់សហរដ្ឋអាមេរិក។ ថ្វីបើរ៉ែកម្រត្រូវបានគេប្រើប្រាស់ក្នុងចំនួនតិចតួចក្តីប៉ុន្ដែមានសារៈសំខាន់ចំពោះវិស័យការពារជាតិអាមេរិកនិងបច្ចេកវិទ្យាដែលកំពុងលេចធ្លោនិងមានឥទ្ធិពលខ្លាំងក្នុងភូមិសាស្ត្ររបស់ចិនដែលអាចបង្កអន្តរាយរួមជាមួយនឹងការគ្រប់គ្រងរបស់ចិនលើទីផ្សារភាគច្រើនលើផលប្រយោជន៍ភូមិសាស្ត្រនយោបាយ។ សហរដ្ឋអាមេរិកដែលមានភាពរឹងមាំនៃបច្ចេកវិទ្យាការពារជាតិរបស់ខ្លួនបានពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសចិន។ ឧស្សាហកម្មរ៉ែកម្រក៏មានសារៈសំខាន់ចំពោះអនាគតថាមពលស្អាតរបស់សហរដ្ឋអាមេរិកផងដែរ។​ រ៉ែកម្រត្រូវបានទាមទារនៅក្នុងការផលិតបច្ចេកវិទ្យាយោធាដូចជាគ្រាប់រំសេវនិងប្រព័ន្ធទំនាក់ទំនងដែលមានភាពជាក់លាក់។ ប្រព័ន្ធមួយដូចជាប្រព័ន្ធរ៉ាដា Aegis Spy-1 ត្រូវការមេដែករបស់វាជំនួសរៀងរាល់ ៣០ ឆ្នាំម្តងដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការទទួលបានរ៉ែកម្រជាចាំបាច់។ ចិនមានសិទ្ធផ្តាច់មុខលើដំណើរការចម្រាញ់កៃច្នៃរ៉ែកម្រ និងរហូតដំណាក់កាលផលិតចុងក្រោយបង្អស់ ខណៈសហរដ្ឋអាមេរិកគ្មានទីកន្លែងសម្រាប់កែច្នៃ។ ការគ្រប់គ្រង់ផ្ដាច់មុខរបស់ចិនបានបង្ហាញពីពីហានិភ័យរបស់ពិភពលោក ជាឧទារណ៍ឧបទ្ទវហេតុមួយជាមួយប្រទេសជប៉ុនក្នុងឆ្នាំ ២០១០ បានបង្ហាញពីគ្រោះថ្នាក់នៃការពឹងផ្អែកលើប្រទេសចិន និងឆន្ទៈរបស់ពួកគេក្នុងការប្រើប្រាស់រ៉ែកម្រជាកូនអុកភូមិសាស្ត្រនយោបាយ។ ដោយនាវាឆ្មាំសមុទ្រជប៉ុនបានព្យាយាមរារាំងការនេសាទខុសច្បាប់របស់នាវាចិននៅក្នុងដែនទឹកជប៉ុននៅ ជុំវិញកោះ Diaoyutai/Senkaku នៅសមុទ្រចិនខាងកើតដោយធ្វើឱ្យទូកចិនបុក និងបង្កើតភាពតានតឹងផ្នែកនយោបាយរវាង ប្រទេសទាំងពីរ។​ វិបត្តិដែនដីនេះបាននាំឱ្យចិនផ្អាកការនាំចេញ រ៉ែកម្រទៅជប៉ុនជាបណ្តោះអាសន្នហើយចិនបានប្រកាសថាការនាំចេញរបស់ រ៉ែកម្រមួយចំនួនត្រូវបានបញ្ឈប់ទៅអាមេរិកនិងអឺរ៉ុបផងដែរ។ នៅខែឧសភាឆ្នាំ ២០១៩ ចំពេលមានសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនកាន់តែកើនឡើង បក្សកុម្មុយនិស្តចិនបានព្រមានជាផ្លូវការមួយថារដ្ឋាភិបាលរបស់ខ្លួនអាចនឹងកាត់ផ្តាច់ការនាំចេញរ៉ែកម្រទាំងអស់ទៅកាន់សហរដ្ឋអាមេរិក។ បញ្ហានេះមានសារពិសេសចំពោះសហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងជប៉ុនដោយសារធាតុគីមីចំនួន១៧ដែលបង្កើតបានជាក្រុមរ៉ែកម្រដែលត្រូវបានគេស្គាល់ថាជា lanthanide គឺជាមូលដ្ឋានសម្រាប់បច្ចេកវិទ្យាថ្មីដែលត្រូវបានប្រើសម្រាប់ការផលិតថាមពលស្អាត និងពន្លឿនដល់ការអភិវឌ្ឈន៍សេដ្ឋកិច្ចជាតិ។ ប្រសិនបើប្រទេសចិនកាត់ផ្តាច់ការចូលប្រើធាតុណាមួយក្នុងចំណោមធាតុទាំង ១៧ នេះឧស្សាហកម្មបច្ចេកវិទ្យាទាំងមូលនឹងត្រលប់ទៅបីទសវត្សរ៍មុន។ លើសពីនេះទៀតនៅពេលដែលរដ្ឋបាល Trump គំរាមកំហែងកាត់ផ្តាច់ដំណើរការផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនចិន Huawei នៅឆ្នាំ ២០១៩ ដដែលខណៈទីក្រុងប៉េកាំងបានគំរាមកាត់ផ្តាច់ការផ្គត់ផ្គង់រ៉ែកម្រដល់សហរដ្ឋអាមេរិកផងដែរ។ ទោះបីជាការហាមឃាត់នេះជាបណ្តោះអាសន្នក៏ដោយហេតុការណ៍នេះហាក់បានបញ្ចេញរលកឆក់តាមរយៈសហគមន៍ពិភពលោកនិងបានជំរុញឱ្យប្រទេសនិងអ្នកផលិតនានាព្យាយាមរិះរកការអភិវឌ្ឈន៍ឡើងវិញនូវប្រភពសារធាតុរ៉ែកម្ររបស់ខ្លួន។ ព្រឹត្តិការណ៍ទាំងនេះបង្ហាញពីសមត្ថភាពនិងឆន្ទៈរបស់ចិនក្នុងការប្រើប្រាស់ រ៉ែកម្រជា “ឧបករណ៍ចរចារនយោបាយ” ។

ដំណោះស្រាយសម្រាប់ការកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន

មានវិធីផ្សេងៗគ្នាដែលអាមេរិកនិងប្រទេសលោកខាងលិចដទៃទៀតអាចកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើប្រទេសចិនចំពោះរ៉ែកម្រ។ អាមេរិកគួរធ្វើតាមគំរូរបស់ជប៉ុនដែលបានចាប់ផ្តើមវិនិយោគលើដំណើរការកែច្នៃឡើងវិញបន្ទាប់ពីវិបត្តិដែនដីឆ្នាំ២០១០ ការអភិវឌ្ឈន៍បច្ចេកវិទ្យាដែលជួយទាញយករ៉ែកម្រពីមេដែកអចិន្រ្តៃយ៍ និងការវិនិយោគលើគម្រោងនិងការស្រាវជ្រាវរបស់រ៉ែកម្របានកាត់បន្ថយការផ្គត់ផ្គង់របស់ពួកគេពីចិនចំនួន ៣២% ចាប់តាំងពីឆ្នាំ ២០១០មក។ ផលប៉ះពាល់នៃការពឹងផ្អែករបស់អាមេរិកទៅលើប្រទេសចិននិងប្រទេសដទៃទៀតចំពោះរ៉ែកម្រសំខាន់ៗបានធ្វើឱ្យបាត់បង់ការងារ និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្នុងស្រុកចុះខ្សោយ ជាពិសេសទទួលរងផលអវិជ្ជមាននៅក្នុងភូមិសាស្ត្រនយោបាយ។ ជាយុទ្ធសាស្រ្ដ ការបង្កើនផលិតកម្មក្នុងស្រុកគឺជាដំណោះស្រាយសំខាន់បំផុតមួយ និងបើកឱកាសដល់កម្លាំងពលកម្មក្នុងស្រុកកាន់តែប្រសើរ។ សហរដ្ឋអាមេរិកមានទុនបំរុងរ៉ែកម្រចំនួន ១.៥០០.០០០ តោនមានន័យថាពួកគេមានសមត្ថភាពក្លាយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់។ ទោះយ៉ាងណាការបង្កើតគម្រោងរ៉ែកម្រក្រៅពីការពឹងពាក់ប្រទេសចិនត្រូវតែត្រូវបានអមដោយកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឈន៍កន្លែងកែច្នៃ និងការទទួលបានផលិតផលនៅក្នុងសង្វាក់ផ្គត់ផ្គង់។ ទោះបីជាការគាំទ្រពីរដ្ឋាភិបាលកំពុងចាប់ផ្តើមកើនឡើងដូចដែលបានឃើញជាមួយកញ្ចប់ថវិកា ៨០០ លានដុល្លារអាមេរិករបស់លោក Trump ដើម្បីផ្តល់មូលនិធិដល់ការស្រាវជ្រាវរ៉ែកម្រហើយរដ្ឋបាលបៃឌិនអះអាងថាពួកគេនឹងពិនិត្យឡើងវិញនូវសង្វាក់ផ្គត់ផ្គង់ដើម្បីការពារផលប្រយោជន៍របស់អាមេរិកប៉ុន្តែត្រូវធ្វើបន្ថែមទៀតដើម្បីបង្កើនលទ្ធភាពទទួលបាននូវប្រភពរ៉ែកម្រទុនបំរុង ដូច្នេះអាមេរិកត្រូវតែប្តេជ្ញាចិត្តជាផ្លូវការចំពោះវិធានការនេះ។

សរុបសេចក្ដីមក បើទោះបីចិនមានសិទ្ធិគ្រប់គ្រងកាន់កាប់ឧស្សាហកម្មរ៉ែកម្រស្ទើរតែមួយសកលលោកក៏ដោយ មិនមែនមានន័យថាពិភពលោកនឹងត្រូវពឹងចិនរហូតនោះទេ។  ជាក់ស្ដែងឆ្នាំ ២០១០ ដើម្បីឆ្លើយតបទៅនឹងជម្លោះភូមិសាស្ត្រនយោបាយ ប្រទេសចិនដែលមានសមត្ថភាពផលិតរ៉ែកម្រ ៩៧% នៃការផលិតបានថយចុះនៅប្រហែល ៥៨% នៅឆ្នាំ ២០២១ ដោយសារតែបណ្តាប្រទេសនានាចាប់ផ្តើមធ្វើពិពិធកម្មទៅលើរ៉ែកម្រ ហើយចិនផ្ទាល់ខ្លូនបានកំពុងដោះស្រាយ បញ្ហានិរន្តរភាពនៃរ៉ែកម្រនេះផង ព្រមទាំងផលប៉ះពាល់ដល់បរិស្ថាន តម្លៃខ្ពស់ក្នុងការទប់ទល់និងការរិះគន់ពីក្រុមបរិស្ថាននិងប្រជាជនក្នុងតំបន់។ មានន័យថាភាពផ្តាច់មុខរបស់ចិនមិនមានការគំរាមកំហែងដល់បណ្តាប្រទេសដូចជាសហរដ្ឋអាមេរិកនិងជប៉ុននាពេលអនាគតបានឡើយ។ ផ្ទុយទៅវិញ សហរដ្ឋអាមេរិកកំពុងឈានជើងចូលក្នុងទីផ្សារផលិតរ៉ែកម្ររបស់ខ្លួន អាមេរិកបានចាប់ផ្តើមរៀបចំផែនការយុទ្ធសាស្រ្តទាក់ទាញអ្នកវិនិយោគក្នុងនិងក្រៅស្រុក បន្ថែមទៀតក្នុងការអភិវឌ្ឈន៍ទីតាំងកែច្នៃដើម្បីទទួលបានឯករាជ្យភាពធនធានលើរ៉ែកម្ររបស់ខ្លួននាពេលអនាគត។ ដូច្នេះយុទ្ធសាស្ត្ររបស់រដ្ឋបាលអាមេរិកដែលត្រូវមានការទទួលខុសត្រូវខ្ពស់ជាងមុនចំពោះការអភិវឌ្ឈន៍ដំណើរការផ្គត់ផ្គង់រ៉ែកម្រ គឺចាំបាច់សម្រាប់សន្តិសុខជាតិអាមេរិកព្រោះសន្តិសុខជាតិកាន់តែច្រើនឡើងអាស្រ័យលើធនធានធម្មជាតិមានភាពរឹងមាំ។ យ៉ាងណាមិញ សម្រាប់ប្រទេសចិនអាចនឹងប្រឈមមុខនឹងការបាត់បង់ការគាំទ្ររបស់ខ្លួននៅពេលបន្តិចទៀតក្នុងការផ្គត់ផ្គង់រ៉ែកម្រទៅកាន់ពិភពលោកដែលបានប្រើប្រាស់ជាឧបករណ៍ភូមិសាស្ដ្រនយោបាយកន្លងមកនេះ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ កញ្ញា ថាំង ស៊ីណន និង លោក ហ៊ុន សំរិទ្ធកេតិស័ក្ត
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង