"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ប្រភេទ និងគោលការណ៍បង្កើតនីតិបុគ្គល (ភាគ ១)

គំនូរច្នៃប្រឌិតដោយ៖ លោក អ៊ុយ សុភាប្រាជ្ញា

យើងបានសិក្សាពីសប្តាហ៍មុនរូចមកហើយអំពី “​បុគ្គលភាពគតិយុត្ត” ដែលសំដៅដល់ភាពពេញលក្ខណៈជាម្ចាស់សិទ្ធិ និងកាតព្វកិច្ច។ តើអ្នកណាខ្លះមានបុគ្គលភាពគតិយុត្ត? តើក្រុមហ៊ុន ឬអង្គការនានា ដែលធ្វើសកម្មភាពប្រតិបត្តិការរបស់ខ្លួន ដែលយើងឃើញរាល់ថ្ងៃនេះ មានភាពជាម្ចាស់សិទ្ធិ និងកាតព្វកិច្ចដែរឬទេ? សំណួរនេះនឹងត្រូវបានបកស្រាយក្នុងប្រធានបទថ្ងៃនេះអំពី “​នីតិបុគ្គល”​។

តើនីតិបុគ្គលគឺជាអ្វី?

ផ្អែកទៅតាមសទ្ទានុក្រមនៃក្រមរដ្ឋប្បវេណី នីតិបុគ្គលជា ក្រុមមនុស្ស ឬមូលនិធិដែលមានបុគ្គលភាពគតិយុត្ត ហើយមានភាពពេញលេញជាម្ចាស់នៃសិទ្ធិ និងកាតព្វកិច្ច។ នៅក្នុងន័យនេះ នីតិបុគ្គលអាចជា មនុស្សមួយក្រុមប្រមូលផ្ដុំ (ហៅថាសាជីវកម្ម) ឬបណ្ដុំនៃទ្រព្យសម្បត្តិ (ហៅថាមូលនិធិ) ដែលត្រូវបានច្បាប់ប្រគល់ឱ្យនូវឋានៈជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ចដោយឯករាជ្យ។ មានន័យថា ពួកគេអាចជាភាគីនៃកិច្ចសន្យា មានកម្មសិទ្ធិ ឬទទួលខុសត្រូវចំពោះមុខច្បាប់បានក្នុងនាមសាជីវកម្ម ឬមូលនិធិនោះផ្ទាល់ ដែលជានីតិបុគ្គល។ នីតិបុគ្គលត្រូវបានសន្មតថាជាបុគ្គលដែរ ក៏ប៉ុន្តែបុគ្គលភាពគតិយុត្តនៃនីតិបុគ្គលត្រូវបានបង្កើតឡើងដោយអនុលោមតាមច្បាប់ ដូចជាក្រុមហ៊ុន អង្គការ ឬសមាគមនានា…។

ប្រភេទនៃនីតិបុគ្គល៖

យោងតាមក្រមរដ្ឋប្បវេណីមាត្រា ៤៦ (១) នីតិបុគ្គលមាន២ប្រភេទ៖

នីតិបុគ្គលសាជីវកម្ម៖ ក្រុមមនុស្សដែលមានសមាជិក ហើយត្រូវបានប្រគល់នូវឋានៈជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ចដោយឯករាជ្យ ដែលមានន័យថា នីតិបុគ្គលសាជីវកម្មមានសិទ្ធិ និងកាតព្វកិច្ចដាច់ដោយឡែកពី សិទ្ធិ និងកាតព្វកិច្ចរបស់សមាជិកនីមួយៗ។ ឧទាហរណ៍៖ នីតិបុគ្គលសាជីវកម្ម រួមមាន ក្រុមហ៊ុន (ពាណិជ្ជកម្ម) សហជីព អង្គការ សមាគម ស្ថាប័ននានា។ល។ ឧបមាថា ក្រុមមនុស្ស ១០ នាក់ សហការគ្នាបើកក្រុមហ៊ុនដឹកជញ្ជូនមួយឈ្មោះ (ក.ហ.) ដែលជានីតិបុគ្គលសាជីវកម្ម។ នៅពេលសមាជិកណាមួយក៏ដោយ ទៅទិញរថយន្តដឹកទំនិញដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការក្រុមហ៊ុនរបស់ខ្លួន ពួកគេមិនចុះបញ្ជីកម្មលើរថយន្តទាំងនោះដោយប្រើឈ្មោះសមាជិកនីមួយៗនោះទេ ប៉ុន្តែចុះបញ្ជីក្នុងនាមក្រុមហ៊ុន (ក.ហ.) ដែលជានីតិបុគ្គលសាជីវកម្មផ្ទាល់តែម្តង។ ឧទាហរណ៍មួយទៀត យើងមានថ្នាក់រៀននីតិសាស្ត្រមួយដែលមាននិស្សិតសរុបចំនួន ៣០ នាក់។ តើថ្នាក់រៀនមួយនេះ ជានីតិបុគ្គលសាជីវកម្មដែរឬទេ? ថ្នាក់រៀនមួយនេះជាក្រុមមនុស្សរួចស្រាប់ហើយ តែដើម្បីឆ្លើយសំណួរនេះបាន យើងត្រូវស្វែងយល់ ថាតើថ្នាក់រៀននីតិសាស្ត្រនេះមានបុគ្គលភាពគតិយុត្តដោយឯករាជ្យឬយ៉ាងណា។ ឧបមាថា និស្សិត (ក) ម្នាក់នៃថ្នាក់នេះចង់ចាប់ផ្តើមអាជីវកម្មមួយ តែមិនមានថវិកាគ្រប់គ្រាន់។ (ក) ទៅខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែង។ សំណួរ៖ តើ (ក) អាចខ្ចីលុយពីគេដោយប្រើឈ្មោះថ្នាក់នីតិសាស្ត្រទាំងមូលនេះឱ្យទទួលរ៉ាប់រងការសងប្រាក់ ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះបានឬទេ? ចម្លើយគឺ (ក) មិនអាចធ្វើបែបនេះបានទេ ប៉ុន្តែគាត់ខ្ចីប្រាក់ក្នុងនាមជារូបវន្តបុគ្គលខ្លួនឯងផ្ទាល់។ ដូចនេះ យើងឃើញថា ទោះបីជាពួកគេជា ក្រុមមនុស្សក៏ពិតមែន តែបើមិនមានបុគ្គលភាពគតិយុត្តដោយឯករាជ្យទេ មិនមែនជានីតិបុគ្គលសាជីវកម្មនោះឡើយ។

នីតិបុគ្គលមូលនិធិ៖ បណ្ដុំនៃទ្រព្យសម្បត្តិវិភាគទាន (លុយ ដីធ្លី អគារ រថយន្ត…)​ ដែលត្រូវបានផ្តល់ឱ្យនូវ សិទ្ធិ និងកាតព្វកិច្ចដោយឯករាជ្យ។ ឧទាហរណ៍ដូចជា ការបង្កើតជា “មូលនិធិជំនួយដល់ជនពិការប្រចាំខេត្តកណ្តាល”, “មូលនិធិឧបត្ថម្ភមណ្ឌលចាស់ជរា (ខ)”, “មូលនិធិអភិរក្សធនធានបឹងទន្លេសាប”… ដែលមានចូលរួមចំណែកវិភាគទានពីបុគ្គលម្នាក់ ឬច្រើននាក់ផងដែរ។ មូលនិធិ ឬទ្រព្យសម្បត្តិវិភាគទានទាំងនេះ មានបុគ្គលភាពគតិយុត្តឯករាជ្យ ជានីតិបុគ្គលយ៉ាងពិតប្រាកដ។

បើមើលទៅលើគោលបំណង ឬផលចំណេញនៃនីតិបុគ្គល៖

យោងតាមក្រមរដ្ឋប្បវេណីមាត្រា ៤៦ (២) នីតិបុគ្គលចែកជា៖

+ នីតិបុគ្គលយកចំណេញ ជានីតិបុគ្គលដែលបង្កើតដោយមានបំណងទាញយកផលចំណេញ។ ឧទាហរណ៍៖ ក្រុមហ៊ុនភេសជ្ជៈ ក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនសេវាទូរសព្ទចល័តនានា…។

+ នីតិបុគ្គលមិនយកចំណេញ ជានីតិបុគ្គលដែលមិនមានគោលបំណងទាញយកចំណេញ។ ឧទាហរណ៍៖ សមាគមនិស្សិត សមាគមគ្រូបង្រៀន សមាគមពលករ អង្គការរ៉ាក់ អង្គការមូលនិធិកុមារកម្ពុជា កាកបាទក្រហមកម្ពុជា…។
   – នីតិបុគ្គលបម្រើប្រយោជន៍សាធារណៈ ជានីតិបុគ្គលមិនយកចំណេញ ដែលបង្កើតឡើងដោយមានគោលបំណងពិសេសដើម្បីបម្រើប្រយោជន៍សាធារណៈតែប៉ុណ្ណោះ។

***Disclaimer
អត្ថបទនេះគ្រាន់តែសរសេរឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងទូទៅក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ  ដែលអត្ថបទនេះក៏មិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ផ្លូវការណាមួយឡើយ។  The SEED នឹងមិនការធានា និងមិនទទួលខុសត្រូវនូវបញ្ហាផ្លូវច្បាប់ដែលបណ្តាលមកពីការប្រើប្រាស់អត្ថបទនេះឡើយ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ ក្រុមការងារសរសេរអត្ថបទ The SEED
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ