"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

នយោបាយ​ប្រទេស​មហាអំណាច​ក្នុង​កីឡា​អូ​ឡាំ​ពិ​ក

​ក្នុងរយៈពេល​ប្រាំមួយ​ថ្ងៃ​នៅ​ឯ​រាជធានី​តូក្យូ (​To​k​y​o) ​នៃ​ប្រទេស​ជប៉ុន​ ​កម្មវិធី​កីឡា​អន្តរជាតិ​អូ​ឡាំ​ពិ​ក​បាន​ប្រារព្ធ​ឡើង​ដោយមាន​ការចូលរួម​ពី​កីឡាករ​និង​កីឡា​ការិនី​ជាច្រើន​នាក់​។​ ​កម្មវិធី​អូ​ឡាំ​ពិ​ក​លើក​នេះ​ ​គឺ​ខុសប្លែក​ពី​កម្ម​វី​ធី​អូ​ឡាំ​ពិ​ក​កន្លង​ផុត​ទៅ​ដោយសារតែ​កម្មវិធី​អូ​ឡាំ​ពិ​ក​តូក្យូ​២​០​២​០ គឺប្រារព្ធឡើងនៅក្នុងពេលដែលពិភពលោកកំពុងតែជួបប្រទះនូវជំងឺរាតត្បាតជាសកលគឺកូវីដ១៩។ ប៉ុន្តែទោះជាយ៉ាងណាប្រទេសភាគច្រើននៅតែបន្តបញ្ជូនក្រុមកីឡាករកីឡាការិនីរបស់ខ្លួនដើម្បីប្រកួតប្រជែងនៅក្នុងកម្មវិធីកីឡាដែលប្រារព្ធតែម្តងក្នុងរយៈពេល ៤ ឆ្នាំនេះ។ ក្នុងចំណោមប្រទេសទាំងឡាយដែលបានចូលរួម ប្រទេសចិននិងសហរដ្ឋអាមេរិកបន្តបញ្ជូនកីឡាកររបស់ខ្លួននៅចំនួនច្រើនដដែល ដែលប្រទេសចិនបានបញ្ចូនកីឡាករចំនួន៤០៦នាក់ និងរួមបញ្ចូលទាំងសមាជិកដទៃទៀតដូចជាគ្រូបង្វឹក មានចំនួនសរុបដល់ទៅ៧៧៧នាក់ដែលជាចំនួនច្រើនជាងគេបើប្រៀបធៀបនឹងចំនួនដែលប្រទេសខចិនបានបញ្ចូនទៅកម្មវិធីអូឡាំពិកពីមុនមក។ ចំណែកឯសហរដ្ឋអាមេរិកវិញ​ បានបញ្ចូនកីឡាករចំនួន៦១៣នាក់ ដែលលើសពីចំនួន៥៥៤នាក់ ដែលសហរដ្ឋអាមេរិកបានបញ្ចូនទៅកាន់អូឡាំពិកទីក្រុង Rio ក្នុងឆ្នាំ២០១៦។ ក្នុងកម្មវិធីរយៈពេល ២ សប្តាហ៍នេះ ប្រទេសទាំងពីរបានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីឈរលើតារាងមេដាយសរុបច្រើនជាងគេ។ នៅក្នុងដំណាក់កាលចុងក្រោយ សហរដ្ឋអាមេរិកបានយកឈ្នះប្រទេសចិន​​យ៉ាងលំបាកដោយទទួលបានមេដាយមាសចំនួន ៣៩ ដោយលើសប្រទេសចិនចំនួនតែ១ប៉ុណ្ណោះដែលទទួលបានមេដាយមាសចំនួន ៣៨។ តើការប្រកួតប្រជែងដើម្បីដណ្តើមមេដាយមាសសរបញ្ជាក់ពីអ្វីខ្លះទៅលើទំនាក់ទំនងនយោបាយអន្តរជាតិ?

ចំនួនមេដាយ និង មេដាយមាស៖ ទំនាក់ទំនងរវាងវានិងអំណាចទន់របស់មហាអំណាច

ជាការពិតណាស់ ក្រោយពីបញ្ចប់សង្គ្រាមលោកលើកទីពីរមក កម្មវិធីកីឡាអូឡាំពិកកាន់តែមានឥទ្ធិពលកាន់តែខ្លាំងក្លាដោយសារតែកម្មវិធីប្រកួតនេះគឺជាមធ្យោបាយមួយដែលប្រទេសមហាអំណាចប្រើប្រាស់ដើម្បីបង្កើនអំណាចទន់របស់ខ្លួន(Soft Power) ដែលពាក្យអំណាចទន់មិនទាន់មាននៅឡើយផង។ ពាក្យអំណាចទន់ និងអំណាចរឹង (Hard Power) គឺចាប់ផ្តើមមានឡើងនៅក្នុងអំឡុងឆ្នាំ ១៩៨០ ដោយលោក Joseph Nye ។ លោកបានពន្យល់ថាអំណាចទន់គឺជាអំណាចមួយដែលប្រទេសមួយប្រើប្រាស់ដើម្បីបង្កើនឥទ្ធិពលនិងអានុភាពរបស់ខ្លួនដោយមិនចាំបាច់ប្រើកម្លាំងយោធានោះឡើយ។ ការប្រើប្រាស់កម្លាំងទន់គឺនៅក្នុងទម្រង់ជាច្រើនប្រភេទដូចជាការគំរាមកំហែងផ្សេងៗដោយគ្មានប្រើអាវុធ ការបញ្ចុះបញ្ចូលដោយការប្រើប្រាស់លុយ និងការបង្ហាញពីអំណាចឬឥទ្ធិពលរបស់ខ្លួនដើម្បីទាក់ទាញរដ្ឋាភិបាលនៃប្រទេសដទៃទៀតមកធ្វើកិច្ចសហប្រតិបត្តិការជាមួយ ឬយល់ស្របនូវសំណើណាមួយរបស់ខ្លួន។

កម្មវិធីកីឡាអូឡាំពិកក៏ជាមធ្យោបាយមួយដែលប្រទេសទាំងឡាយអាចមានឱកាសក្នុងការបញ្ចេញពីភាពខ្លាំងក្លារបស់ខ្លួនក្នុងការបញ្ចូនកីឡាកររបស់ខ្លួនដើម្បីទទួលមេដាយនិងយកឈ្នះលើកីឡារករដែលមកពីប្រទេសនានា។​​​ ជាក់ស្តែងនៅក្នុងសន្ទស្សន៏ក្នុងការវាស់វែងអំណាចទន់ របស់IfG-Monocle ក្នុងរវាងឆ្នាំ២០១៦និង២០១៧ បានលើកយកកត្តាចំនួន៥០ ដើម្បីយកមកវាស់វែងអំណាចទន់របស់ប្រទេសចំនួន ២៦ ដែលក្នុងកត្តាទាំងអស់នោះក៏មានរាប់បញ្ចូលចំនួនមេដាយដែលប្រទេសនីមួយៗទទួលបានក្នុងកម្មវិធីកីឡាអូឡាំពិកមកគិតគូរផងដែរ។ ជ័យជំនះរបស់កីឡាករទាំងនោះមិនមែនត្រឹមជាកិត្តិយសរបស់កីឡាកររូបនោះទៀតទេ ប៉ុន្តែក៏ជាកិត្តិយសសម្រាប់ប្រទេសជាតិដែលពួកគេបានតំណាងឱ្យផងដែរ។​ ​ជាក់ស្ដែង នៅក្នុងតារាងមេដាយនៃប្រទេសទាំងអស់អំឡុងសង្គ្រាមត្រជាក់ សហភាពសូវៀតនិងសហរដ្ឋអាមេរិកតែងតែនៅឈរលំដាប់លេខ ១ និងលេខ ២ នៅក្នុងកម្មវិធីអូឡាំពិកទីក្រុងHelsinki ឆ្នាំ១៩៥២​ ទៅដល់កម្មវិធីអូឡាំពិកទីក្រុងសេអ៊ូល Seoul ឆ្នាំ១៩៨៨ សហភាពសូវៀតឈរលើលំដាប់កំពូលក្នុងតារាងចំនួន៦ដង ក្នុងចំណោមកម្មវិធីអូឡាំពិកចំនួន១០លើក ចំណែកឯសហរដ្ឋអាមេរិកគឺឈរលើលំដាប់កំពូលតែចំនួន៤ដងប៉ុណ្ណោះ។ ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតមក សហរដ្ឋអាមេរិកតែងឈរនៅលើលំដាប់កំពូលនៃតារាង រហូតដល់កម្មវិធីអូឡាំពិកនៅទីក្រុងប៉េកាំងឆ្នាំ២០០៨ ប្រទេសចិនដែលជាម្ចាស់ផ្ទះបានយកឈ្នះអាមេរិកហើយឈរលើលំដាប់កំពូលក្នុងតារាងមេដាយ។ ចាប់តាំងពីកម្មវិធីអូឡាំពិកឆ្នាំ២០០៨មក ប្រទេសទាំងពីរបានប្រកួតប្រជែងគ្នាដើម្បីឈរលើលំដាប់កំពូលដែលនៅក្នុងកម្មវិធីអូឡាំពិកទីក្រុងតូក្យូនេះ ប្រទេសចិនបានឈរលើលំដាប់កំពូលក្នុងតារាងមេដាយជាច្រើនថ្ងៃរហូតដល់ថ្ងៃចុងក្រោយ ទើបសហរដ្ឋអាមេរិកអាចដណ្តើមបានមេដាយមាសមួយលើសពីប្រទេសចិន ដើម្បីឈរលើលំដាប់កំពូលវិញបាន។

កម្មវិធីអូឡាំពិកជាឱកាសក្នុ្ងងការប្រឆាំងតវ៉ានឹងគោលនយោបាយគូប្រកួត

កម្មវិធីអូឡាំពិកក៏មិនត្រឹមតែជាឱកាសក្នុងការដណ្តើមយកមុខមាត់ឱ្យប្រទេសជាតិរបស់ខ្លួនប៉ុណ្ណោះទេ ក៏ជាឱកាសមួយក្នុងការបញ្ចេញពីភាពមិនពេញចិត្តរបស់ប្រទេសមួយក្នុងកិច្ចការនយោបាយណាមួយរបស់ប្រទេសមួយទៀត។ ការបង្ហាញភាពមិនពេញចិត្តនេះ គឺភាគច្រើនធ្វើតាមរយៈការធ្វើពហិការ (Boycott) មិនបញ្ចូនកីឡាកររបស់ខ្លួនទៅចូលរួមក្នុងការប្រកួត។ ជាក់ស្តែងនៅក្នុងឱកាសកម្មវិធីអូឡាំពិកទីក្រុងមូស្គូក្នុងឆ្នាំ១៩៨០ សហរដ្ឋអាមេរិកបានធ្វើពហិការមិនបញ្ចូនក្រុមកីឡាកររបស់ខ្លួនទៅក្នុងការប្រកួត ក្រោយពេលដែលសហភាពសូវៀតបានឈ្លានពាននឹងដាក់មូលដ្ឋានកងទ័ពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ សហរដ្ឋអាមេរិកក៏បានបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់ខ្លួនមិនឱ្យចូលរួមក្នុងការប្រកួតដែលចុងក្រោយមានប្រទេសចំនួន ៦៥ បានសម្រេចចិត្តមិនចូលរួមក្នុងកម្មវិធីអូឡាំពិកឆ្នាំ១៩៨០ ដោយសារមូលហេតុដូចសហរដ្ឋអាមេរិក ក៏ដូចជាមូលហេតុផ្សេងៗទៀតដូចជាបញ្ហាហិរញ្ញវត្ថុជាដើម។ បន្ទាប់មកក្នុងកម្មវិធីអូឡាំពិកលើកក្រោយក្នុងឆ្នាំ១៩៨៤ ដែលធ្វើឡើងក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក សហភាពសូវៀតព្រមទាំងសម្ព័ន្ធមិត្តរបស់ខ្លួនចំនួន១៤ប្រទេសបានធ្វើការពហិការតបទៅសហរដ្ឋអាមេរិកវិញដោយមិនបញ្ចូនក្រុមកីឡាកររបស់ខ្លួនចូលទៅក្នុងការប្រកួត ដោយអ្នកនាំពាក្យពីរដ្ឋាភិបាលសហភាពសូវៀតបានអះអាងថាសហរដ្ឋអាមេរិកបានបង្ហាញពីស្មារតីប្រឆាំងនឹងសហភាពសូវៀត។

យោងទៅតាមកាសែត Nikkei Asia បានបកស្រាយថា មកទល់នឹងខែសីហាឆ្នាំ២០២១នេះ មានអង្គការក្រៅរដ្ឋាភិបាលចំនួន១៦០ បានបញ្ចូនលិខិតទៅលោក Thomas Bach ដែលជាប្រធានាធិបតីនៃគណកម្មការអូឡាំពិកអន្តរជាតិឱ្យដកហូតសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះរបស់ប្រទេសចិនសម្រាប់កម្មវិធីអូឡាំពិករដូវរងារក្នុងឆ្នាំ២០២២ ដោយសម្អាងថាប្រទេសចិនមិនស័ក្តិសមនឹងធ្វើជាម្ចាស់ផ្ទះនោះទេ ដោយសារតែរដ្ឋាភិបាលចិនបានរំលោភសិទ្ធិមនុស្សយាំងធ្ងន់ធ្ងរទៅលើជនជាតិUyghur និង​ Tibetan។ ក្រៅពីសំណាក់អង្គការក្រៅរដ្ឋាភិបាល មានមន្ត្រីតំណាងរាស្ត្រក្នុងប្រទេសអង់គ្លេស បារាំង និងសហរដ្ឋអាមេរិកក៏មានជំរុញរដ្ឋាភិបាលរបស់ខ្លូនឱ្យចូលរួមក្នុងការធ្វើពហិការផងដែរ។

សរុបមក ប្រវត្តិសាស្ត្រនៃកម្មវិធីកីឡាអូឡាំពិកមានការប្រែប្រួលជាខ្លាំងតាំងពីការបង្កើតវាឡើងជាលើកដំបូងក្នុងចុងសតវត្សន៍ទី១៩។ កម្មវិធីនេះបានប្រែក្លាយពីកម្មវិធីដែលមានការចូលរួមពីសំណាក់ប្រទេសតិចតួចរបស់ពួកបញ្ចឹមប្រទេស មកជាកម្មវិធីកីឡាដ៏ល្បីល្បាញមួយដែលមានការចូលរួមពីគ្រប់ប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិ​ ក៏ដូចជាប្រទេសឬទឹកដីរដ្ឋបាលដែលមិនមែនជាអង្គការសហប្រជាជាតិ ហើយឆ្លងកាត់នូវព្រឹត្តិការណ៏ពិភពលោកជាច្រើនដូចជាសង្គ្រាមលោកទាំងពីរ និងសង្គ្រាមត្រជាក់។ ពិតមែនតែកម្មវិធីអូឡាំពិកមានគោលបំណងចម្បងក្នុងការផ្សព្វផ្សាយនូវភាពសាមគ្គីនិងចុះសម្រុងរវាងប្រទេសទាំងឡាយក្នុងពិភពលោកក៏ពិតមែន តែកម្មវិធីកីឡាមួយនេះក៏បានផ្តល់ឱកាសមួយដែលឱ្យប្រទេសមានអំណាចយកទៅប្រើប្រាស់ដើម្បីបម្រើទៅដល់ផលប្រយោជន៍រៀងៗខ្លួន និងដើម្បីធ្វើការប្រឆាំងនឹងគូប្រជែងរបស់ខ្លូនផងដែរ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទដោយ៖ លោក ឆាយ តេជគុណ
គំនូរច្នែប្រឌិតដោយ៖ លោក កញ្ញា បូរ ដាលីន

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ