ហេតុការណ៍ដ៏ចម្រូងចម្រាស់មួយដែលបានកើតឡើងនៅក្នុងអំឡុងឆ្នាំ២០១០នៅក្នុងប្រទេសទុយនីស៊ី (Tunisia) ត្រូវបានគេឱ្យឈ្មោះថា “បដិវត្តន៍ផ្កាម្លិះ” ឬ Jasmine Revolution។ វាជាបដិវត្តន៍ដ៏មានប្រជាប្រិយភាពមួយដែលកើតចេញពីកំលាំងនៃការបះបោររបស់ប្រជាជនទុយនីស៊ី(Tunisia) ដើម្បីប្រឆាំងនឹងអំពើពុករលួយ ភាពក្រីក្រ និងការគាបសង្កត់ផ្សេងៗពីសំណាក់អ្នកនយោបាយទៅលើប្រជាជននៅក្នុងប្រទេសនេះ។ ជាក់ស្ដែងការបះបោរពីសំណាក់ប្រជាជនទុយនីស៊ី(Tunisia) ទាំងនេះនាំមកនូវជ័យជម្នះយ៉ាងធំធេងដល់ពួកគេ ដោយនៅក្នុងឆ្នាំ២០១១ពួកគេបានទទួលភាពជោគជ័យក្នុងការទម្លាក់លោក Zine El Abidine Ben Ali ដែលជាប្រធានាធិបតីទុយនីស៊ី(Tunisia) ទី២បន្ទាប់ពីលោក Habib Bourguiba ចេញពីដំណែងបានសម្រេច។ គួររំឮកផងដែរថា ដើមកំណើតនៃឈ្មោះបដិវត្តន៍ផ្កាម្លិះនេះត្រូវបានដាក់ឱ្យដោយអ្នកសារព័ត៌មានជនជាតិអាមេរិកម្នាក់គឺលោក Andy Carvin ដោយក្រោមហេតុផលថាផ្កាម្លិះ គឺជាផ្កាតំណាងប្រចាំជាតិរបស់ទុយនីស៊ី(Tunisia) ។
១. ដើមចមនៃបដិវត្តន៍ផ្កាម្លិះ
ក្រឡេកមើលទៅក្នុងថ្ងៃកើតហេតុនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០ បុរសមួយរូបវ័យ២៦ឆ្នាំដែលជាតួអង្គដ៏សំខាន់នៅក្នុងព្រឹត្តិការណ៍នេះមានឈ្មោះថា Mohammed Bouazizi ដែលប្រកបរបរជាអ្នកលក់ដូរនៅតាមដងផ្លូវ ត្រូវបានបៀតបៀនដោយអំពើហិង្សាពីសំណាក់ ក្រុមប៉ូលីសនៅក្នុងទីក្រុង Sidi Bouzid ដែលបុរសនោះកំពុងរស់នៅ។ ដោយបានឆ្លងកាត់នូវរឿងរ៉ាវអយុត្តិធម៌បែបនេះជាច្រើនលើកច្រើនសារ ទីបំផុតនៅថ្ងៃដដែលនោះលោក Mohammed Bouazizi ក៏បានទៅមុខការិយាល័យនៃសាលាក្រុង Sidi Bouzid ដើម្បីដុតសម្លាប់ខ្លួនឯងជាមួយប្រេងសាំង ដែលហេតុការណ៍នេះគឺជាចំណុចចាប់ផ្ដើមនៃបាតុកម្មនេះ។ សកម្មភាពដ៏មោះមុតក៏ដូចជាភាពក្លាហានរបស់លោកបានជំរុញឱ្យប្រជាជនទុយនីស៊ី(Tunisia) ចាប់ផ្ដើមងើបបះបោរធ្វើបាតុកម្មប្រឆាំងនឹងការដឹកនាំក្រោមអំណាចរបស់លោក Ben Ali។
២. ការឆ្លើយតបរបស់លោក Ben Ali
បាតុកម្មប្រឆាំងរដ្ឋាភិបាលដែលចាប់ផ្ដើមនៅថ្ងៃទី ១៨ ធ្នូ ឆ្នាំ២០១០ រហូតដល់ ថ្ងៃទី ១៤ មករា ២០១១ និងមានរយៈពេល២៨ថ្ងៃនេះទទួលបានការចូលរួមយ៉ាងសន្ធឹកសន្ធាប់ពីសំណាកប្រជាជនទុយនីស៊ី(Tunisia) នៅទូទាំងប្រទេស។ នៅក្នុងអំឡុងពេលដដែលនេះ បាតុកររាប់សិបនាក់ត្រូវបានបាញ់សម្លាប់ដោយក្រុមប៉ូលីស និងទាហ៊ាននៅក្រោមបញ្ជារបស់លោក Ben Ali ហើយរដ្ឋាភិបាលរបស់លោកក៏ទទួលបាននូវសំឡេងរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់សហគមន៍អន្តរជាតិផងដែរ។ ដោយសារការរងនូវសម្ពាធទាំងពីប្រជាជនក្នុងប្រទេស និងបណ្ដាប្រទេសមហាអំណាចមានដូចជា បារាំង អង់គ្លេស អាមេរិក និង ស្វីសជាដើម ទើបនៅថ្ងៃទី១៣ខែមករាឆ្នាំ ២០១១ លោកបានបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍សម្តែងនូវការខកចិត្ត និងសោកស្ដាយជុំវិញរឿងរ៉ាវដែលបានកើតឡើងហើយសន្យាថានឹងមិនបន្តតំណែងជាប្រធានាធិបតីនាអាណត្តិបន្ទាប់នោះទេ។ យ៉ាងណាមិញ សំណើរទាំងនេះមិនត្រូវបានទទួលស្គាល់ដោយក្រុមបាតុករឡើយជាហេតុបណ្ដាលឱ្យភាពចម្រូងចម្រាស់បន្តកើតមានរហូតដល់លោក Ben Ali អស់តំណែងជាប្រធានាធិបតីនៅថ្ងៃបន្ទាប់។
៣. ការចុះចេញពីតំណែងរបស់លោកប្រធានាធិបតី Zine Al-Abidine Ben Ali
បន្ទាប់ពីមានការបះបោរប្រឆាំងពីសំណាក់ប្រជាជនទុយនីស៊ី(Tunisia) រាប់ម៉ឺននាក់អស់រយៈពេលជាងមួយខែដោយសារពួកបាតុករបានសម្ដែងនូវការមិនពេញចិត្តចំពោះ ការដឹកនាំបែបផ្ដាច់ការរបស់លោក Ben Ali ដែលបានធ្វើឱ្យមានអំពើពួករលួយកាន់តែរីករាលដាលខ្លាំងឡើងនៅក្នុងប្រទេស ព្រមទាំងដឹកនាំប្រទេសដោយមានការប្រកាន់បក្សគ្រួសារនិយម។ លោក Ben Ali បានបង្ខំចិត្តចុះចេញពីតំណែងជាប្រធានាធិបតី ក្រោយពីកាន់អំណាចអស់រយៈពេល២៣ឆ្នាំដោយរាប់ចាប់ពីថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ១៩៨៧តាមរយៈរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតីទី១របស់ទុយនីស៊ី(Tunisia) Habib Bourguida ដែលជាបិតាឯករាជ្យ ដោយគ្មានអំពើហិង្សា។ គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ Ben Ali ក៏ធ្លាប់កាន់តំណែងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងតំណែងនាយករដ្ឋមន្រ្តីទុយនីស៊ី(Tunisia) ជាច្រើនអាណត្តិផងដែរមុននឹងឡើងកាន់អំណាចជាប្រធានាធិបតីរហូតចុះចេញពីតំណែងនៅថ្ងៃទី១៤ ខែមករាឆ្នាំ២០១១។
ក្រោយមកលោក Ben Ali និងគ្រួសារ បានលួចភៀសខ្លួនទៅកាន់ប្រទេសអារ៉ាប់បីសេអូឌីត នៅរាត្រីថ្ងៃ សុក្រ ទី១៤ ខែមករាឆ្នាំ២០១១ ដើម្បីរក្សានូវសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសាររបស់លោក។ លោក Ben Ali ដែលជាអតីតប្រមុខរដ្ឋទុយនីស៊ី(Tunisia)ព្រមទំាងភរិយាត្រូវបានរដ្ឋអំណាចអារ៉ាប៊ី សាអ៊ូឌីត ទទួលយ៉ាងរាក់ទាក់នៅឯអាកាសយានដ្ឋាន។ មេដឹកនាំប្រទេសអារ៉ាប៊ីសេអ៊ូឌីតបានលើកយកហេតុផលថា ការដែលខ្លួនបានអនុញ្ញាតឱ្យអតីតលោកប្រធានាធិបតីទុយនីស៊ី(Tunisia) Ben Ali ជ្រកកោនក្នុងប្រទេសខ្លួន គឺជាកាយវិការមនុស្សធម៌មួយ ដើម្បីជួយអតីតប្រធានាធិបតីម្នាក់នៃប្រទេសអារ៉ាប់ដូចគ្នា។ ទន្ទឹមនឹងនេះ លោក Ben Ali ក៏ជាប្រធានាធិបតីអារ៉ាប់ទីមួយផងដែរ ដែលបានបង្ខំចិត្តចាកចេញពីអំណាច ក្រោមការងើបបះបោររបស់ប្រជាជន។ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោក Ben Ali បានទទួលមរណៈភាព ក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង ជេដដា (Jeddah) ប្រទេសអារ៉ាប់ប៊ីសេអូឌីត ដោយសារជំងឺមហារីកក្រពេញប្រូស្ដាត ក្នុងវ័យ៨៣ឆ្នំា។
៤. រឿងរ៉ាវក្រោយពីការផ្ទុះឡើងនៃបដិវត្តន៍ផ្កាម្លិះក្នុងប្រទេសទុយនីស៊ី (Tunisia)
នៅចុងឆ្នាំ២០១១ ប្រទេសមួយចំនួននៅពិភពអារ៉ាប់រួមមានទុយនីស៊ី(Tunisia) អេហ្ស៊ីប លីប៊ី និង យ៉េមែន ដែលរដ្ឋាភិបាលប្រទេសទាំងនោះ ត្រូវបានគេទម្លាក់តាមរបៀបការបះបោររបស់ប្រជាជនយ៉ាងកំរោល ហើយពេលនោះគឺជាការចាប់ផ្ដើមនូវអ្វីដែលគេហៅថា«អំណាចប្រជាជន»។ ទោះជាលោក Ben Ali បានចុះចេញពីតំណែងហើយក៏ដោយ ប្រទេសទុយនីស៊ី(Tunisia) នៅតែបន្តជួបប្រទះនូវវិបត្តិនយោបាយ ដោយសាររដ្ឋាភិបាលថ្មីដឹកនាំការគ្រប់គ្រងប្រទេសមានការប្រទាញប្រទង់គ្នាជាមួយនឹងគណបក្សប្រឆាំង។ ក្រុមបក្សប្រឆាំងនៅតែកើតទុក្ខមិនសុខចិត្ត ហើយបានធ្វើបាតុកម្មជំទាស់តវ៉ាតទៅទៀត ចំពោះការដឹកនាំប្រទេសរបស់រដ្ឋាភិបាលថ្មី។ ជាមួយគ្នានេះបាតុកររាប់ម៉ឺននាក់ក៏បានតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់លោក Moncef Marzouki ដើម្បីឱ្យលោកចុះចេញពីតំណែង។ មិនយូរប៉ុន្មានបដិវត្តន៍ផ្កាម្លិះក៏បានសាយភាយយ៉ាងលឿនចូលទៅកាន់ប្រទេសអេហ្ស៊ីបដែលជាប្រទេសជិតខាងរបស់ទុយនីស៊ី(Tunisia) ។ ក្នុងរយៈពេលតែមូយខែប៉ុណ្ណោះ អំណាចប្រជាជនអេហ្ស៊ីប បានទម្លាក់លោកប្រធានាធិបតី Hosni Mubarak ដែលជាមេដឹកនាំដែលកាន់អំណាចយ៉ាងយូរម្នាក់ ចេញពីតំណែងបានសម្រេច ហើយបានកាត់ទោសប្រហាជីវិតលោកប្រធានាធិបតីរូបនេះថែមទៀតផង។ បន្ទាប់ពីប្រទេសអេហ្ស៊ីប បដិវត្តន៍នេះបានបន្តជ្រៀតចូលប្រទេសលីប៊ីរបស់លោក មូអាំម៉ា ហ្គាដាហ្វី (Muamma Gaddafi) ដោយគេបានឃើញមានក្រុមឧទន្ទាមដែលគាំទ្រដោយលោកខាងលិច ចាប់ផ្ដើមវាយប្រហារប្រឆាំងនឹងក្រុមកងទ័ពដែលស្ម័គ្រស្មោះនឹងលោក ហ្គាដាហ្វី (Gaddafi)។ ការប្រយុទ្ធគ្នានេះមានរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ កងទ័ពរបស់លោក ហ្គាដាហ្វី (Gaddafi) បានបរាជ័យក្នុងការទប់ទល់នឹងពួកឧទ្ទាម រីឯលោក ហ្គាដាហ្វី (Gaddafi) ត្រូវបានគេចាប់បាន និងបាញ់សម្លាប់តែម្ដង។ ក្រោយមកក្រុមឧទ្ទាមដែលមានការគាំទ្រពីសំណាក់បច្ចឹមលោក បានរៀបចំរដ្ឋាភិបាលថ្មីមួយសម្រាប់លីប៊ី តែទោះជាយ៉ាងណាក្ដី បច្ចុប្បន្ននេះយើងនៅតែសង្កេតឃើញថា សង្គ្រាមនៅតែមិនទាន់រលត់ពីប្រទេសលីប៊ីដដែល។
ក្រោយមកបដិវត្តិន៏នេះបានបន្តរីករាលដាលពាសពេញមជ្ឈឹមបូព៌ា គេឃើញនៅក្នុងប្រទេសយ៉េមែន លោកប្រធានាធិបតី Ali Abullah Saleh បានចុះចេញពីតំណែង បន្ទាប់ពីមានការបះបោរប្រឆាំងពីសំណាក់ប្រជាជនអស់រយៈពេលជាងមួយឆ្នាំ។ បន្ទាប់មកទៀតក៏មានប្រទេសមួយចំនួនទៀតដែលទទួលរងនូវឥទ្ធិពលបដិវត្តន៍ផ្កាម្លិះផងដែរមានដូចជា បារ៉ែន អាលហ្សេរី ហ៊្សកដានី ស៊ីរី និងអ៊ីរ៉ាក់ជាដើម។ ក្នុងចំណោមប្រទេសទាំងនោះមកទល់នឹងពេលបច្ចុប្បន្ននេះ យើងឃើញថា ប្រទេសស៊ីរីនិងលីប៊ីនៅមិនទាន់មានសុខសន្តិភាពក្នុងប្រទេសឡើងវិញនៅឡើយទេក្រោយពីមានវិបត្តិនយោបាយអស់រយៈពេលជាច្រើនឆ្នាំ។