"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ហេតុអ្វីសហរដ្ឋអាមេរិក និង វៀតណាមមានទំនាក់ទំនងកាន់តែស្អិតរមួត?

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា បូរ ដាលីន

តាំងពីប្រទេសទាំងពីរបានចាប់ផ្ដើមផ្សះផ្សារទំនាក់ទំនងការទូតឡើងវិញនៅដើមទសវត្សរ៍ឆ្នាំ១៩៩០មក គ្រប់ប្រធានាធិបតីអាមេរិកទាំងអស់សុទ្ធតែបានធ្វើទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសវៀតណាម រាប់ចាប់តាំងពី លោក Bill Clinton លោក George W. Bush លោក Barack Obama និង លោក Donald Trump។ សម្រាប់លោក Joe Biden វិញ នៅមិនទាន់ដឹងច្បាស់ថាលោកនឹងមានគម្រោងទស្សនកិច្ចដូចគ្នាទៅនឹងអតីតប្រធានាធិបតីអាមេរិកមុនៗដែរឬក៏យ៉ាងណានោះទេ ប៉ុន្តែទោះជាយ៉ាងណា កាលពីខែសីហាកន្លងទៅនេះ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ក៏បានធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមរួចមកហើយដែរ។ លើសពីនេះទៀត មុនការទស្សនកិច្ចរបស់លោកស្រីមួយខែគឺនៅក្នុងខែកក្កដា រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin ក៏បានទស្សនកិច្ចនៅប្រទេសវៀតណាមម្ដងហើយផងដែរ។ ការធ្វើទស្សនកិច្ចផ្លូវការពីសំណាក់មេដឹកនាំ ឬ មន្ត្រីជាន់ខ្ពស់នៃប្រទេសមួយទៅកាន់ប្រទេសមួយទៀតញឹកញាប់បែបនេះ បានសបញ្ជាក់ឱ្យឃើញពីចំណងមិត្តភាពដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សន្តិសុខ និងកិច្ចសហប្រតិបត្តិការនានា។ តើមានមូលហេតុអ្វីនៅពីក្រោយទំនាក់ទំនងដែលកាន់តែមានភាពប្រសើរឡើងរវាងអាមេរិក–វៀតណាម?

ប្រយោជន៍ចំពោះសហរដ្ឋអាមេរិក

ក្រោយសង្រ្គាមត្រជាក់ត្រូវបានបញ្ចប់នៅឆ្នាំ១៩៩១ ពិភពលោកវិវត្តឆ្ពោះទៅរកបដិវត្តរ៍ឧស្សាហកម្ម៤.០ ដែលជាសករាជនៃសកលភាវូបនីយកម្ម ដោយប្រទេសភាគច្រើនផ្ដោតទៅលើវឌ្ឍនភាពសេដ្ឋកិច្ចជាជាងវិស័យយោធា។ នេះប្រហែលជាមូលហេតុទីមួយដែលសហរដ្ឋអាមេរិកមើលឃើញថា ប្រទេសវៀតណាមមានសក្ដានុពលខ្លាំងក្នុងការផ្ដល់ប្រយោជន៍សេដ្ឋកិច្ចដល់ខ្លួនបើប្រៀបធៀបជាមួយបណ្ដាប្រទេសសមាជិកអាស៊ានដទៃ ដោយផ្អែកទៅលើកត្តាប្រជាសាស្ត្រ ទីតាំងភូមិសាស្ត្រ ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ភាពអនុគ្រោះនៃច្បាប់វិនិយោគ និង ជាប្រទេសកំពុងអភិវឌ្ឍន៍។ យោងតាមរបាយការណ៍ UNDP–២០១៩ ប្រទេសវៀតណាមមានប្រជាជនសរុបប្រមាណជាង ៩៨លាននាក់ ហើយស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់នៃសន្ទស្សន៍អភិវឌ្ឍន៍ធនធានមនុស្ស។ ភូមិសាស្រ្តប្រទេសនេះអំណោយផលខ្លាំងដល់វិស័យកសិកម្ម ឧស្សាហកម្ម និង សេវាកម្ម។ ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារក៏មានសារៈសំខាន់ផងដែរសម្រាប់ក្រុមហ៊ុនអាមេរិកខ្នាតធំនិងមធ្យម ក្នុងការចូលទៅវិនិយោគក្នុងប្រទេសវៀតណាម។ យោងតាមការចេញផ្សាយនៅឆ្នាំ២០២០ របស់គេហទំព័រ vnexpress ប្រទេសវៀតណាមមានជាង ៣.០០០ក្រុមហ៊ុន ដែលបានបើកដំណើរការ និងចុះបញ្ជីពាណិជ្ជកម្មដោយជនជាតិអាមេរិកដែលមានសញ្ជាតិវៀតណាម។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសវៀតណាមមានកំពង់ផែសមុទ្រចំនួន ៤៤ ដែលអាចមានសមត្ថភាពផ្ទុកចរន្តទំនិញសរុបចំនួនពី ៤៧០ ទៅ ៥០០ លានតោនក្នុងមួយឆ្នាំ។

ក្រៅពីផលប្រយោជន៍សេដ្ឋកិច្ច ការងើបឡើងយ៉ាងឆាប់រហ័សនៃឥទ្ធិពលរបស់ប្រទេសចិនទៅកាន់បណ្ដាប្រទេសនៅតំបន់អាស៊ី បានក្លាយជាគោលដៅនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកក្នុងការរាំងខ្ទប់មហាអំណាចមួយនេះ ដើម្បីរក្សានូវកិត្តិនាមជាមហាអំណាចទីមួយលើពិភពលោក។ ការណ៍នេះបានធ្វើឱ្យប្រទេសវៀតណាមក្លាយជាទីតាំងនៃភូមិសាស្ត្រនិងយុទ្ធសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក ស្របពេលដែលវៀតណាមកំពុងតែមានជម្លោះដែនសមុទ្រជាមួយប្រទេសចិនផងនោះ។ ឧទាហរណ៍ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានថ្លែងថា ការទាមទារដែនអធិបតយ្យរបស់ប្រទេសចិននៅតំបន់សមុទ្រចិនខាងត្បូងគ្មានមូលដ្ឋានច្បាប់អន្តរជាតិ និងរំលោភលើអធិបតេយ្យភាពរបស់រដ្ឋនៅក្នុងតំបន់ នេះបើយោងតាម AP News។​  ដោយឡែក វៀតណាមក៏ស្ថិតក្នុងតំបន់ក្របខណ្ឌយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក សេរី និងបើកចំហ (FOIP) ដែលជាយុទ្ធសាស្ត្រសេដ្ឋកិច្ច សន្តិសុខ និងស្ថេរភាពតំបន់មហាសមុទ្រប៉ាស៊ីហ្វិកភ្ជាប់ទៅនឹងមហាសមុទ្រឥណ្ឌា ដែលសហរដ្ឋអាមេរិកព្យាយាមជំរុញឱ្យមានការអនុវត្តដើម្បីខ្ទប់ឥទ្ធិពលរបស់ចិន ជាពិសេសឥទ្ធិពលនៃយុទ្ធសាស្រ្តខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន។

ប្រយោជន៍ចំពោះប្រទេសវៀតណាម

ចំពោះវៀតណាម សហរដ្ឋអាមេរិកគឺប្រៀបដូចជាទីផ្សារសម្រាប់ដាក់លក់ផលិតផលវៀតណាម ព្រោះថាសហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់វៀតណាមបន្ទាប់ពីប្រទេសចិន​ ហើយបើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ COMTRADE ស្តីពីពាណិជ្ជកម្មអន្តរជាតិ ក្នុងឆ្នាំ២០១៩ ប្រទេសវៀតណាមបាននាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧,៩ប៊ីលានដុល្លារសហរដ្ឋអាមេរិក និងប្រមាណ ៨៣,២១ប៊ីលានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ២០២០។​ ជាមួយគ្នានេះដែរ គិតពីឆ្នាំ២០០០ រហូតដល់២០១៩ ប្រជាជនវៀតណាមបានទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកមានចំនួនប្រមាណ ២,១ លាននាក់ នេះបើផ្អែកទៅលើឯកសារស្រាវជ្រាវរបស់ Pew Research Center។ នៅឆ្នាំ ២០០១ ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងទ្វេភាគីនឹងគ្នា ក្នុងគោលដៅកាត់បន្ថយពន្ធលើទំនិញនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកពី៤០% មកនៅត្រឹមតែ៣% ប៉ុណ្ណោះ។

ដោយឡែក វៀតណាមក៏ទទួលបាននូវផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំសម្បើមផងដែរបន្ទាប់ពីសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនត្រូវបានបញ្ចប់។ ផលប្រយោជន៍ធំនោះគឺមានក្រុមហ៊ុនធំៗមួយចំនួនបានផ្លាស់ទីពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម តួយ៉ាងដូចជាក្រុម​ហ៊ុន​ Samsung ជាដើម។​ ទោះជាយ៉ាងណា បញ្ហាមួយចំនួនក៏តែងតែកើតមានខ្លះៗដែរ ដូចជានៅខែធ្នូ ឆ្នាំ២០២០ សហរដ្ឋអាមេរិកបានចោទប្រកាន់វៀតណាមថាជាប្រទេសដែលមានចេតនាបញ្ចុះតម្លៃរូបិយប័ណ្ណរបស់ខ្លួនដើម្បីទទួលបានផលប្រយោជន៍ក្នុងការនាំទំនិញចេញ។​ ប៉ុន្តែ ក្រោយមកទៀត វៀតណាមក៏បានសន្យាថានឹងមិនធ្វើឱ្យរូបិយប័ណ្ណរបស់ខ្លួនធ្លាក់ថ្លៃនោះទេ។ ការផ្លាស់ប្ដូររបស់ធនាគារកណ្ដាលរបស់វៀតណាមរហ័សបែបនេះក៏បានបញ្ជាក់ឱ្យឃើញផងដែរថា វៀតណាមមិនចង់ឱ្យទំនាក់ទំនងរវាងខ្លួននិងសហរដ្ឋអាមេរិកមានភាពប្រេះស្រាំនោះទេ ព្រោះវៀតណាមនៅតែត្រូវការភាពជាដៃគូពាណិជ្ជកម្ម យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេលយូអង្វែង។

ភូមិសាស្ត្រនយោបាយ

ម៉្យាងវិញទៀត ប្រទេសវៀតណាមគឺពិតជាត្រូវការសហរដ្ឋអាមេរិកមកធ្វើជាខ្នងបង្អែកខ្លាំងណាស់ បើនិយាយពីការប្រកួតប្រជែងភូមិសាស្ត្រនិងយុទ្ធសាស្ត្រនយោបាយ។​ មូលហេតុធំមួយនោះគឺវៀតណាមមិនចង់បាត់បង់ដែនអធិបតេយ្យភាពសមុទ្រដែលប្រទេសចិនកំពុងទាមទារនៅតំបន់សមុទ្រចិនខាងត្បូងនោះទេ។​ ទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកបានធ្វើឱ្យវៀតណាមមានទឹកមាត់ប្រៃក្នុងការតវ៉ាទាមទារប្រឆាំងនឹងឥទ្ធិពលប្រទេសចិននៅក្នុងជម្លោះដែនសមុទ្រមួយនេះ។ ផ្ទុយទៅវិញ ការងាកទៅចងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកបែបនេះ បានធ្វើឱ្យសហគមន៍អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋវៀតណាមផ្ទាល់ បានលើកជាសំណួរអំពីគុណតម្លៃនៃគោលការណ៍មិនចូលបក្សសម្ព័ន្ធដែលជាគោលនយោបាយស្នូលរបស់ជាតិវៀតណាម។  ទោះជាយ៉ាងណា វៀតណាមតែងតែលើកកម្ពស់គោលការណ៍មិនចូលបក្សសម្ព័ន្ធមួយនេះ និងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីថែរក្សាសន្តិភាពនិងសន្តិសុខជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២។

សរុបសេចក្ដីមក ជាទូទៅក្នុងទំនាក់ទំនងអន្តរជាតិគឺជាការគិតពីផលប្រយោជន៍ជាតិជាធំ ដោយមិនខ្វល់ថាប្រទេសណាកាន់លទ្ធិកុម្មុយនីស្ដនិយម ឬក៏ប្រជាធិបតេយ្យនិយមនោះទេ ឱ្យតែមានផលប្រយោជន៍ នោះទំនាក់ទំនងដ៏ផ្អែមល្អែមរវាងប្រទេសទាំងពីរនឹងកើតមានឡើង។​ ថ្វីត្បិតប្រទេសវៀតណាមមើលមួយភ្លេតទៅ ហាក់បីដូចជាត្រូវរងឥទ្ធិពលនិងសម្ពាធពីការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរ ប៉ុន្តែវៀតណាមអាចចាត់ទុកថាជាប្រទេសមួយដែលធ្វើបានល្អខ្លាំងណាស់ក្នុង​ល្បែងភូមិសាស្ត្រននិងយុទ្ធសាស្រ្តយោបាយមួយនេះ។ ពោលគឺប្រទេសនេះចេះបត់បែន ចេះក្ដោបឱកាស និងចេះដើរទៅរកប្រយោជន៍សម្រាប់ជាតិពីមហាអំណាចសេដ្ឋកិច្ច និងមហាអំណាចទាំងសេដ្ឋកិច្ចនិងយោធា។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ លោក ធា សុណា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង