"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ក្រុមហ៊ុន Chaebol និងវិសមភាពសេដ្ឋកិច្ចកូរ៉េខាងត្បូង

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា បូរ ដាលីន

ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសមួយដែលមានភ័ព្វវាសនាល្អណាស់ បើធៀបជាមួយប្រទេសដទៃទៀតនៅជុំវិញពិភពលោក។ ប្រទេសកូរ៉េជាប្រទេសដែលធ្លាប់ឆ្លងកាត់ស្ថានភាពល្វីងចូរចត់ជាច្រើន ដូចជាស្ថិតនៅក្រោមអាណានិគមជប៉ុន និងបានឆ្លងកាត់សង្គ្រាមដែលបណ្តាលមកពីមនោគមវិជ្ជាដែលនាំឲ្យឧបទ្វីបមួយនេះបែងចែកជាពីរប្រទេសគឺកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ក្រោយពីការបែងចែកកូរ៉េជាពីរ ប្រទេសកូរ៉េខាងត្បូងនៅមិនទាន់ទទួលបានស្ថិរភាពផ្នែកនយោបាយនោះទេ ដោយសារប្រទេសមួយនេះបានធ្លាក់ក្រោមរបបយោធាផ្តាច់ការត្បិតជាប្រទេសប្រជាធិបតេយ្យ រហូតឈានដល់សម័យអន្តរកាលទៅរកប្រជាធិបតេយ្យនៅដើមទសវត្សរ៍ឆ្នាំ១៩០០។

ប៉ុន្តែបើនិយាយពីសេដ្ឋកិច្ចវិញ ក្នុងរយៈពេល ៦០ ឆ្នាំក្រោយការបែងចែកកូរ៉េជាពីរ ប្រទេសកូរ៉េខាងត្បូងបានប្រែប្រួលពីសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យកសិកម្ម ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ទៅជាសេដ្ឋកិច្ចធំជាងគេបំផុតទី១១ ក្នុងឆ្នាំ២០១៦។ កំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង គឺបណ្តាលមកពីកត្តាសំខាន់ៗជាច្រើនដែលនៅក្នុងនោះក៏មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនឆេបល់ធំៗផងដែរ។

តើអ្វីជា ឆេបល់ (Chaebol)?

ឆេបល់ (Chaebol) សំដៅលើក្រុមហ៊ុនឧស្សហកម្មខ្នាតយក្សដែលទូទៅជាកម្មសិទ្ធិរបស់ត្រកូលគ្រួសារណាមួយ។ រចនាសម្ព័ន្ធក្នុងការដឹកនាំគឺបន្តពីមួយជំនាន់ទៅមួយជំនាន់ គឺពីឪពុកទៅកូន ឬរវាងសាច់ញាតិដែលជាប់សាច់សារលោហិតជាមួយគ្នា។ ឆេបល់ដែលល្បីៗជាច្រើននៅជុំវិញពិភពលោក មានដូចជា ក្រុមហ៊ុនសាំស៊ុង (Samsung) ក្រុមហ៊ុនអិលជី (LG) ក្រុនហ៊ុនហ៊ីយ៉ុនដាយ (Hyundai) ក្រុមហ៊ុនអេសខេ (SK) និង ក្រុមហ៊ុនឡូតេ (Lotte)។ ក្រុមហ៊ុនទាំងនេះធ្វើការវិនិយោគលើវិស័យជាច្រើន ដូចជា ក្រុមហ៊ុនសាំស៊ុង វិនិយោគទៅលើគ្រឿងប្រើប្រាស់អេឡិចត្រូនិក ចំណែកឯក្រុមហ៊ុនហ៊ីយ៉ុនដាយ វិនិយោគទៅលើវិស័យសំណង់ យានយន្ដ និងការសាងសង់នាវាជាដើម។ នៅក្នុងអាណត្តិលោកប្រធានាធិបតី ផាក ឈុងហ៊ឺ (Park Chung Hee) ឆេបល់ទាំងនេះទទួលបានការជ្រោមជ្រែងជាខ្លាំង ទាំងការបន្ធូរបន្ថយដូចជាការធានាផ្តល់ប្រាក់កម្ចី និងបែងចែកការកាន់កាប់ភាគហ៊ុន ដើម្បីជំរុញឲ្យឆេបល់នោះផ្តោតលើជំនាញផលិតក្នុងវិស័យនានាដើម្បីប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។ យុទ្ធសាស្ត្រសហការរវាងរដ្ឋាភិបាលនិងឆេប៉ុលទាំងនោះទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដែលនាំឲ្យប្រទេសកូរ៉េខាងត្បូងទទួលបានកំណើនសេដ្ឋកិច្ច ៨,៤% ចន្លោះឆ្នាំ១៩៧០ និង១៩៩៦។

ពិតមែនតែឆេបល់ទាំងនេះបានជួយស្រោចស្រង់ប្រទេសកូរ៉េឲ្យក្លាយជាប្រទេសអភិវឌ្ឍន៍ក៏ពិតមែន តែវាក៏ផ្តល់ជាផលវិបាកដល់សេដ្ឋកិច្ចកូរ៉េខាងត្បូងនាពេលបច្ចុប្បន្នផងដែរ។ ក្រោយពីពិភពលោកជួបវិបត្តិសេដ្ឋកិច្ចនៅចុងសតវត្សរ៍ទី២០មក គេសង្កេតឃើញថា វិសមភាពនៃប្រាក់ចំណូលក្នុងប្រទេសកូរ៉េកាន់តែកើនឡើង ដោយសារក្រុមប្រាក់ចំណូលមធ្យមចាប់ផ្តើមថយចុះពី ៦៤% ក្នុងឆ្នាំ១៩៩៧ មកត្រឹម ៥៦% ក្នុងឆ្នាំ២០១១ ដោយសារបញ្ហាជាច្រើនដូចជាការបាត់បង់ការងារ និងប្រជាជនក្រុមអាយុចាស់កាន់តែកើនឡើង។ ផ្ទុយទៅវិញ បំណែងចែកប្រាក់ចំណូលបានងាកយ៉ាងគំហុកមកក្រុមអ្នកចំណួលខ្ពស់និងខ្លះបានធ្លាក់មកនៅក្រុមអ្នកចំណួលទាប។ បណ្តុំនៃអំណាចសេដ្ឋកិច្ចដែលស្ថិតនៅក្នុងដៃរបស់ក្រុមហ៊ុនឆេបល់ភាគតិច ក៏បណ្តាលឲ្យវិសមភាពចំណូលរបស់ប្រទេសកូរ៉េកាន់តែរីកដុះដាលឡើង។ ក្រុមឆេបល់ធំជាងគេទាំង៤ មានប្រាក់ចំណួលស្មើនឹង ៦០% នៃGDPរបស់ប្រទេសកូរ៉េ ប៉ុន្តែប្រើកម្លាំងពលកម្មស្មើនឹង ២០% ប៉ុណ្ណោះ នៃពលកម្មសរុបរបស់កូរ៉េខាងត្បូង។ ចំណែកឯសហគ្រាសធុនតូចនិងមធ្យមវិញ (SMEs) ប្រើកម្លាំងពលកម្មស្មើនឹង ៨០% ប៉ុន្តែមានចំណែកតែ ៤០% នៃGDPសរុបប៉ុណ្ណោះ។

វិសមភាពសេដ្ឋកិច្ចនៅក្នុងកូរ៉េខាងត្បូង

បច្ចុប្បន្នការរីកដុះដាលនៃជំងឺកូវីដ១៩នៅជុំវិញពិភពលោក ក៏បណ្តាលឲ្យវិសមភាពចំណូលនេះកាន់តែធ្ងន់ធ្ងរឡើង។ នៅឆ្នាំ២០២០ ប្រជាជនប្រទេសកូរ៉េ ប្រហែល ២០ ម៉ឺននាក់ បានបាត់បង់ការងារ ហើយសហគ្រាសធុនតូចនិងមធ្យមកំពុងជួបប្រទះផលវិបាកជាច្រើនដោយសារតែវិធានការតឹងរ៉ឹងដែលហាមប្រាមការដើរហើរនិងការរក្សាគម្លាតដើម្បីទប់ទល់នឹងជំងឺកូវីដ១៩។ ផ្ទុយទៅវិញ ក្រុមហ៊ុនឆេបល់បានបង្ហាញពីភាពរឹងប៉ឹងទប់ទល់នឹងវិបត្តិកូវីដ១៩ ដោយសារតែក្រុមហ៊ុនយក្សឆេបល់ទាំងនេះមានក្រុមហ៊ុនតូចៗគ្រប់ដណ្តប់លើវិស័យផ្សេងៗគ្នាជាច្រើន ហើយមានក្រុមហ៊ុនតូចៗខ្លះដែលនៅក្រោមឆេបល់ទាំងនោះទទួលបានប្រាក់ចំណេញក្នុងវិបត្តិទៀតផង។ ជាក់ស្តែង ក្រុមហ៊ុនសាំស៊ុងអេឡិចត្រូនិច របស់ក្រុមហ៊ុន សាំស៊ុង ទទួលបានប្រាក់ចំណេញ ៣៥,៩៩ ទ្រីលាន វ៉ុន ឬស្មើនឹង ៣២,២២ ទ្រីលាន ដុល្លារអាមេរិក បើប្រៀបធៀបពីឆ្នាំ២០១៩ គឺកើនឡើងបាន ២៩,៦%។ ចំណែកឯក្រុមហ៊ុន អេសខេ ហ៊ីនិច (SK Hynix) របស់ក្រុមហ៊ុនក្រុមហ៊ុនអេសខេ ទទួលបានប្រាក់ចំណូលជាង ៥ ទ្រីលានវ៉ុន ឬស្មើនឹង ៤៤ ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ដែលនេះកើនបាន ៨៤% បើធៀបនឹងឆ្នាំ២០១៩។

ជារួម វិសមភាពនៃប្រាក់ចំណូលរវាងសហគ្រាសធុនតូចនិងមធ្យម និងក្រុមហ៊ុនឆេបល់កាន់តែមានភាពធ្ងន់ធ្ងរដោយសារតែវិបត្តិកូវីដ១៩។ រដ្ឋាភិបាលកូរ៉េខាងត្បូង ក្រោមការគ្រប់គ្រងរបស់លោក មូន ជេអ៊ីន (Moon Jae In) បានទទួលស្គាល់បញ្ហានេះ ហើយបានរៀបចំយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចមួយដែលប្រកបដោយគណនេយ្យភាពក្នុងការជួយទៅដល់សហគ្រាសធុនតូចនិងមធ្បម។ ប៉ុន្តែយុទ្ធសាស្រ្តនេះបានទទួលការមិនទុកចិត្តពីសំណាក់ក្រុមអភិរក្សនិយម និងម្ចាស់សហគ្រាសដែលគិតថាការអនុវត្តយុទ្ធសាស្ត្រទាំងនេះ គឺជាការដាក់សំពាធពីលើពួកគេពីសំណាក់រដ្ឋាភិបាល ដោយការដាក់ពន្ធត្រួតមកលើសហគ្រាសរបស់ពួកគេ ដើម្បីជួយស្រោចស្រង់ដល់សហគ្រាសធុនតូចនិងមធ្យម។ យុទ្ធសាស្ត្រនេះ ជាសញ្ញាណមួយដែលបង្ហាញថារដ្ឋាភិបាលកូរ៉េមានគោលបំណងកាត់បន្ថយឥទ្ធិពលរបស់ក្រុមហ៊ុនឆេបល់ទាំងក្នុងផ្នែកសេដ្ឋកិច្ចនិងនយោបាយ។ ជាក់ស្តែង នៅដើមឆ្នាំ២០២១នេះ តុលាការកំពូលរបស់កូរ៉េខាងត្បូងបានចេញសាលដីកាជាប់ពន្ធនាគារដល់លោក លី ចេយ៉ុង (Lee Jae Yong) ដែលជានាយកប្រតិបត្តិរងរបស់សាមស៊ុង ដែលលោកធ្លាប់បានដោះលែងក្នុងឆ្នាំ២០១៨ ដោយសារលោកមានជាប់ពាក់ព័ន្ធជាមួយនឹងករណីពុករលួយជាមួយនឹងរដ្ឋាភិបាលរបស់អ្នកស្រី ប៉ាក់ គុនហេ (Park Geun Hye) អតីតប្រធានាធិបតីកូរ៉េខាងត្បូង។ រដ្ឋាភិបាលកូរ៉េកំពុងងាកមករកផែនការសេដ្ឋកិច្ចនិរន្តភាពមួយដែលជួយកាត់បន្ថយវិសមភាពចំណូលរវាងសហគ្រាសកួរ៉េទាំងឡាយ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ លោក ឆាយ តេជគុណ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង