"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ផលចំណេញនៃការទូតថ្នមស្ថានការណ៍របស់វៀតណាម ចំពោះអាមេរិកនិងចិន

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា សុខ ពុទ្ធារី

ក្រោយរដ្ឋបាលលោកប្រធានាធិបតី Joe Biden ឡើងកាន់តំណែងនៅសហរដ្ឋអាមេរិក ទីក្រុងវ៉ាស៊ីនតោន បានសម្រេចពង្រឹងយុទ្ធសាស្ត្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ី និងដើម្បីទប់ស្កាត់ការងើបឡើងរបស់ចិនផងដែរ។ ប៉ុន្ដែ ចិនដែលមានមហិច្ឆតាចង់ក្លាយជាមហាអំណាចសេដ្ឋកិច្ចកំពូលពិភពលោកនោះ ក៏មិនបានឱបដៃឈរមើលអាមេរិក ដោយមិនធ្វើអីសោះនោះទេ។ ជាក់ស្ដែង រយៈពេលចុងក្រោយមកនេះ គេសង្កេតឃើញថា ប្រទេសមហាអំណាចទាំងពីរ បានធ្វើទស្សនកិច្ចជាបន្តបន្ទាប់ទៅកាន់ប្រទេសក្នុងតំបន់ដ៏សំខាន់របស់ពិភពលោកមួយនេះ។ ក្នុងនោះដែរវៀតណាម ដែលប្រៀបបាននឹងផ្ទះកូនក្រមុំ ត្រួវបានកំលោះអាមេរិកនិងចិន ដាក់វេនគ្នា ចូលជួបបង្ហាញជំហរកិច្ចសហប្រតិបត្តការរៀងៗខ្លួន។ ដោយក្នុងដំណើរទស្សកិច្ចរបស់លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris កាលពីខែសីហាកន្លងទៅថ្មីៗ ធ្លាប់បាននិយាយចំពោះមុខវៀតណាមថា ត្រូវរួមគ្នាដាក់សម្ពាធចិន ឱ្យបញ្ឈប់ការរំលោភបំពាន។ ចំណែកឯចិនវិញ ក្រៅតែអំពីផ្ដល់ជំនួយវ៉ាក់សាំងការពារកូវីដ-១៩ដល់វៀតណាម និងបង្ហាញអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច និងការទូត ចិនក៏បានលួងលោមវៀតណាមឱ្យសហការជាមួយចិន ប្រឆាំងនឹងភាគីទី៣ផងដែរ នេះបើតាមសារព័ត៌មានរបស់ជប៉ុន NIKKEI។ នេះក៏ដោយសារតែទាំងចិន និងអាមេរិក កំពុងប្រជែងគ្នាបង្កើនឥទ្ធិពលវិជ្ជមានឱ្យបានច្រើនជាងមុនទៅលើវៀតណាម តាមរយៈគោលនយោបាយទីតាំងភូមិសាស្ត្រ និងសេដ្ឋកិច្ចជាដើម ដែលរួមមានផែនការខ្សែក្រវាត់និងផ្លូវរបស់ចិន និងកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្ររបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ ប្រទេសដូចជាវៀតណាម បានព្យាយាមរក្សាជំហរនៅកណ្ដាលរវាងមហាអំណាចយក្សទាំងពីរនេះដើម្បីអាចទាញយកផលប្រយោជន៍ពីភាគីទាំងពីរ។

តើវៀតណាម ទទួលបានប្រយោជន៍យ៉ាងណាខ្លះ ពីការប្រជែងឥទ្ធិពលមហាអំណាចទាំងពីរ តាមរយៈការប្រើប្រាស់សិល្បៈការទូតរក្សាស្ថានការណ៍ដើម្បីទាញយកផល​ប្រយោជន៍សម្រាប់ជាតិខ្លួន?

ពីសត្រូវចាស់ ក្លាយជាដៃគូ ដែលមានគោលដៅដូចគ្នាចំពោះមុខចិន

វៀតណាម និងអាមេរិក ធ្លាប់ជាអតីតគូ-សត្រូវ ធ្វើសង្គ្រាមស៊ីសាច់ហុតឈាមគ្នា អស់រយៈពេលជិត២ទសវត្ស កាលពីសម័យសង្គ្រាមត្រជាក់។ រហូតដល់ទសវត្សឆ្នាំ១៩៩០ ទើប ប្រទេសទាំងពីរ មានការចាប់ផ្ដើមស្ដារឡើងវិញ នូវចំណងការទូត ក្នុងបំណងខិតជិតគ្នា បំភ្លេចចោលរឿងចាស់។ ជាប្រវត្តិសាស្ត្រ នៅក្នុងឆ្នាំ២០០០ អតីតប្រធានាធិបតីលោក Bill Clinton បានធ្វើដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសវៀតណាម ក្រោយសង្គ្រាមត្រូវបានបញ្ចប់ និងជាបន្តបន្ទាប់ ចំណងការទូតវៀតណាម-អាមេរិក បានដុះដាលផ្លែផ្កាជាហូរហែ ទាំងគោលនយោបាយសេដ្ឋកិច្ច យុទ្ធសាស្ត្រប្រយោជន៍រួម នៃភូមិសាស្ត្រនយោបាយជាដើម។

សម្រាប់សហរដ្ឋអាមេរិក ថ្វីដ្បិតតែវៀតណាម ត្រឹមតែជាប្រទេសតូចតាច មិនមែនជាប្រទេសមហាអំណាច ប៉ុន្ដែទីតាំងទឹកដីប្រទេសនេះ មានសក្ដានុពលខ្លាំងក្លាក្នុងការផ្ដល់ប្រយោជន៍សេដ្ឋកិច្ច ដោយផ្អែកទៅលើកត្តាប្រជាសាស្ត្រ ទីតាំងភូមិសាស្ត្រ ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ភាពអនុគ្រោះនៃច្បាប់វិនិយោគ និង ជាប្រទេសកំពុងអភិវឌ្ឍន៍ជាដើម។ ជាពិសេស វៀតណាមគឺជាកូនសោរគន្លឹះសំខាន់មួយ នៃភូមិសាស្ត្រក្នុងតំបន់អាស៊ាន ក៏ដូចជាឥណ្ឌូចិន ព្រមទាំងជាតួអង្គសំខាន់នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ដែលខ្ទប់ឥទ្ធិពលចិនលើតំបន់អាស៊ីទាំងមូលផងដែរ។

សម្រាប់វៀតណាមវិញ វៀតណាម តែងមិនទុកចិត្តចិន និងសម្លឹងឃើញចិនថាជាចំណុចគ្រោះថ្នាក់ ទោះបីជា ប្រទេសភូមិផងទាំងពីរនេះ មានសែស្រឡាយ និងចែករំលែកវប្បធម៌ ប្រពៃណីជាមួយគ្នាក៏ដោយចុះ។ ជាពិសេស ចិនជាចំណុចគ្រោះថ្នាក់ សម្រាប់សន្តិសុខវៀតណាម ព្រោះតែមហិច្ឆតារបស់ចិន ចង់ក្រសោបសមុទ្រចិនខាងត្បូង។ ចំណុចនេះហើយ ដែលការបង្កើនភាពជាដៃគូកាន់តែរឹងមាំជាមួយអាមេរិក គឺពិតជាមានប្រយោជន៍ខ្លាំង ដើម្បីអាចជួយឱ្យវៀតណាម មានទឹកមាត់ប្រៃក្នុងការតវ៉ាទាមទារប្រឆាំងនឹងឥទ្ធិពលចិននៅក្នុងជម្លោះសមុទ្រចិនខាងត្បូងផង ក៏ដូចជាសម្រេចបាននូវផលប្រយោជន៍ជាតិនៅតំបន់កំពុងមានជម្លោះនេះជាដើម។

មួយវិញទៀត សហរដ្ឋអាមេរិកគឺជាទីផ្សារសម្រាប់ផលិតផលវៀតណាម និងជាដៃគូពាណិជ្ជកម្មធំទី២ របស់វៀតណាម ដែលការនាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០កន្លងទៅ មានទំហំទឹកប្រាក់ប្រមាណ ៧៧.០៧ប៊ីលានដុល្លារអាមេរិក។ ប្រទេសទាំងពីរក៏បានចុះកិច្ចព្រមព្រៀងទ្វេភាគីនឹងគ្នា ក្នុងគោលដៅកាត់បន្ថយពន្ធលើទំនិញនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក ដែលពិតជាផ្ដល់សម្បើមដល់កសិករវៀតណាម។ នេះបើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ COMTRADE ស្តីពីពាណិជ្ជកម្មអន្តរជាតិ។ ចំណុចទាំងនេះហើយ ដែលនាំឱ្យទំនាក់ទំនងការបរទេស រវាងវៀតណាម-អាមេរិក កាន់តែខិតជិតគ្នា និងមានភាពល្អិតរមួតនិងកាន់តែផ្តល់ឱ្យវៀតណាមនូវផលប្រយោជន៍ពីទំនាក់ទំនងនេះផងដែរ។

ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិន លើផលប្រយោជន៍របស់វៀតណាម

កន្លងមក វៀតណាមក៏បានទទួលផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំសម្បើមផងដែរ នៅក្នុងសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន ដោយក្រុមហ៊ុនធំៗមួយចំនួនបានផ្លាស់ទីពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម។បើតាមរបាយការណ៍ពីសភាពាណិជ្ជកម្មអាមេរិកនៅស្រុកចិន ឱ្យដឹងថា ៨៧%នៃក្រុមហ៊ុនអាមេរិកនៅប្រទេសចិន គិតគូរចង់រុះរើមកកាន់អាស៊ីអាគ្នេយ៍ ក្នុងនោះវៀតណាមគឺជាប្រទេសដែលទាក់ទាញជាគេបំផុត។ ទាំងនេះក៏ដោយសារតែ តម្លៃពលកម្មនៅវៀតណាមថោកជាងនៅចិន ណាមួយគោលនយោបាយវៀតណាមឱ្យអាទិភាពលើការដោះដូរទីផ្សារសេរី និងស្ថិរភាពនយោបាយល្អរបស់វៀតណាមជាដើម។​

ទោះបីជាយ៉ាងណាក៏ដោយ ចិននៅតែជះឥទ្ធិពល មកលើសេដ្ឋកិច្ចវៀតណាម។ ចិនគឺជាដៃគូពាណិជ្ជកម្មដ៍ធំជាងគេរបស់វៀតណាមអស់រយៈពេល ១៥ ឆ្នាំមកហើយ ហើយវៀតណាមក៏បានទទួលផលយ៉ាងច្រើនផងដែរ។ បើតាមកាសែតក្នុងស្រុកវៀតណាម ទំហំដោះដូរពាណិជ្ជកម្មរវាងវៀតណាមនិងចិន គិតជាទឹកប្រាក់មានប្រមាណជាង ១៣០ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ដែលនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មានសម្រាប់វៀតណាម។ ក្នុងនោះផងដែរ វៀតណាម-ចិន ជាប្រទេសជិតខាងជាប់ព្រំដែន ដែលបង្កភាពងាយស្រួលដល់ការដោះដូរពាណិជ្ជកម្ម ក៏ដូចជាដឹកជញ្ជូនទំនិញចេញចូលជាដើម។ គួបផ្សំនឹងចិន និងវៀតណាម បានក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP)ទៀតផងនោះ ប្រទេសវៀតណាម ជាពិសេសកសិករវៀតណាមនឹងអាចទទួលបានផលចំណេញពីគោលនយោបាយនាំចេញ ដូចជារនាំងពន្ធគយទាប បូករួមនឹងការទាក់ទាញការវិនិយោគរបស់ចិនកាន់តែច្រើនចូលមកក្នុងប្រទេសវៀតណាម។ លើសពីនេះ​ វៀតណាមក៏ទទួលបានប្រយោជន៍ជាច្រើនទាំងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រ ព្រមទាំងលំហូរវិនិយោគ ពីគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិនផងដែរ។

បើតាមកាសែតក្នុងស្រុកវៀតណាមឱ្យដឹងថា កាលពីឆ្នាំ២០២០ ចិនគឺជាប្រទេសធំទី២ លើគម្រោងវិនិយោគច្រើនជាងគេនៅប្រទេសវៀតណាម បន្ទាប់ពីកូរ៉េខាងត្បូង ក្នុងទុនវិនិយោគដោយផ្ទាល់(FDI)សរុបប្រមាណជាង ២.៥ប៊ីលានដុល្លារអាមេរិក ដែលក្នុងឆ្នាំដដែលនោះដែរ ចិនបានក្ដោ​បក្ដាប់ចំណែកធំជាងគេ ក្នុងការវិនិយោគសួនឧស្សាហកម្មនៅវៀតណាម។ ហេតុដូចនេះហើយបានជាវៀតណាមព្យាយាមបន្តទំនាក់ទំនងល្អជាមួយចិនទាំងដែលខ្លួនកំពុងមានបញ្ហាជាមួយចិននៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងនេះ។

បើទោះបីជា  ប្រទេសវៀតណាម ទទួលបានប្រយោជន៍ពីឥទ្ធិពលសេដ្ឋកិច្ច និងដៃគូជាមួយចិនក៏ពិតមែន ប៉ុន្ដែក៏ភាគច្រើនឥទ្ធិពលដែលចិនមានមកលើវៀតណាមមានលក្ខណៈមិនសូវជាវិជ្ជមានប៉ុន្មាននោះទេ សម្រាប់កែវភ្នែកពលរដ្ឋវៀតណាម។ មូលហេតុដ៏ធំបំផុតមួយ គឺដោយសារ «ការកើនឡើងភាពតានតឹងនៅសមុទ្រចិនខាងត្បូងរវាងចិននិងវៀតណាម» ដែលសកម្មភាពឈ្លានពាននិងភាពហួងហែងកាន់តែខ្លាំងរបស់ចិននៅដែនទឹកមានជម្លោះ បានបង្កើនស្មារតីប្រឆាំងនឹងចិនកាន់តែខ្លាំងនៅក្នុងប្រទេសវៀតណាម។

ជារួមមក វៀតណាម ដែលកំពុងឈរលើចំណុចមួយ នៃទីតាំងភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្រ ក្នុងការប្រជែងគ្នារវាងមហាអំណាចកំពូលអាមេរិក និងចិន ដែលអាចនឹងកើនកម្ដៅគ្រប់ពេលក៏ដោយចុះ ក៏ប្រទេសមួយនេះ ហាក់ប្រុងប្រយ័ត្ននិងថ្នាក់ថ្នមស្ថានការណ៍ ហើយចេះបត់បែនក្នុងការចេះក្ដោបឱកាស និងចេះទាញយកប្រយោជន៍សម្រាប់ជាតិជាធំ ពីប្រទេសមហាយក្សទាំងពីរ ដោយមិនប្រកាន់ថា មួយណាកុម្មុយនីស ឬប្រជាធិបតេយ្យនោះទេ។ ទោះបី ជាញឹកញយ វៀតណាមតែងប្រកាសឱ្យដឹងថា ខ្លួនប្រកាន់គោលការណ៍មិនចូលបក្សសម្ព័ន្ធ ណាមួយ ដែលនោះគឺជាគោលនយោបាយស្នូលរបស់ប្រទេសនេះ៕

 

 

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក រ៉ាត់ ទី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ