ជឿថា មានមនុស្សជាច្រើនបានទស្សនាខ្សែភាពយន្ត Squid Game រួចហើយ ព្រោះប៉ុន្មានថ្ងៃនេះឃើញការវិភាគទៅលើតួអង្គយ៉ាងច្រើន ប៉ុន្តែមានចំនុចមួយដែលខ្ញុំចង់ដឹងជាងគេ នោះគឺ “បំណុល”។ បន្ទាប់ពីមើល Squid Game រួច ខ្ញុំក៏បានទៅស្រាវជ្រាវអំពី “Household Debt in Korea” (បំណុលក្នុងគ្រួសារនៅប្រទេសកូរ៉េខាងត្បូង) ហើយថ្ងៃនេះក៏បានសរសេរអត្ថបទមួយយ៉ាងវែងមកចែករំលែក។
Household Debt ត្រូវបានកំណត់ថាជាបំណុលបញ្ចាំលើលំនៅដ្ឋាន ឬអចលនទ្រព្យ បំណុលកាតឥណទាន(Credit Card) និងបំណុលផ្សេងៗទៀត។ ដូចដែលអ្នកទាំងអស់គ្នាបានដឹងថា ប្រទេសកូរ៉េក៏ជាប្រទេសដែលរីកចម្រើនជឿនលឿនមួយដែរ ក៏ប៉ុន្តែបើគិតត្រឹមខែកក្កដា ឆ្នាំ២០២១ អត្រា Household Debt នៅកូរ៉េខាងត្បូងវិញ គឺបានកើនឡើងរហូតដល់ទៅ ១.៥៣ ទ្រីលានដុល្លាអាមេរិក ទៅ ១.៥៥ ទ្រីលានដុល្លាអាមេរិក នេះគឺយោងទៅតាមទិន្នន័យរបស់ BOK (Bank of Korea)។ យោងទៅតាមទិន្នន័យស្រាវជ្រាវរបស់វិទ្យាស្ថាន Seoul គិតត្រឹមឆ្នាំ២០១៨ អ្នកដែលរស់នៅក្នុងទីក្រុង Seoul ជាមធ្យម ជាប់បំណុលប្រមាណ $៤៤.០០០ (៥២លានវ៉ុន)។
បំណុលផ្ទាល់ខ្លួនច្រើនយ៉ាងនេះ តើអ្វីខ្លះជាមូលហេតុធំៗដែលនាំអោយកើតមានបញ្ហានេះ?
មូលហេតុទី១៖ ល្បែង
ចំនួនយុវវ័យដែលបានទទួលការព្យាបាលពីការញៀនល្បែង (Gambling Addiction) បានកើនឡើងពី១៦៨នាក់ ក្នុងឆ្នាំ២០១៥ ដល់១០២៧នាក់ ក្នុងឆ្នាំ២០១៨។ នៅក្នុងរឿង Squid Game វិញ តួអង្គ Gi Hun ដែលមានលេខរៀង៤៥៦ គឺញៀនជាមួយនឹងល្បែងភ្នាល់ដាក់ប្រាក់ រហូតដល់លួចលុយម្ដាយដើម្បីទៅភ្នាល់សេះទៀត។ ជាមួយនឹងឈុតឆាករបស់Gi Hun នៅភាគដំបូង យើងនឹងឃើញពីទិដ្ឋភាពនៃសង្គមមួយដែលមនុស្សជាច្រើននាំគ្នាទៅលេងល្បែងភ្នាល់សេះដែលមានការតម្រង់ជួរនិងដណ្ដើមគ្នាភ្នាល់សេះ ជាមួយនឹងអ្នកចងការប្រាក់សម្រាប់ផ្ដល់ទុនបន្ថែមដល់អ្នកចាញ់ល្បែងដើម្បីប្រថុយភ្នាល់ម្ដងទៀត។
មូលហេតុទី២៖ កម្ចីដើម្បីបង្កើតមុខរបរ
ស្តាប់ទៅ វាអាចជារឿងល្អ ប៉ុន្តែកម្ចី SMEs និងការបង្កើតមុខរបរតូចៗផ្ទាល់ខ្លួននៅប្រទេសកូរ៉េខាងត្បូង គឺមិនមែនជារឿងងាយនោះទេ។ យោងទៅតាមការស្រាវជ្រាវរបស់ Korea Economic Institute (KEI) ម្ចាស់អាជីវកម្មតូចៗទាំងនេះ ភាគច្រើនជាអ្នកដែលមានវ័យកណ្តាល ហើយត្រូវបានបញ្ឈប់ការងារពីក្រុមហ៊ុនរបស់ Chaebols រួចទៅរកកម្ចីដើម្បីធ្វើជំនួញ។ ជំនួញតូចៗជាច្រើនត្រូវប្រឈមនឹងការប្រកួតប្រជែងជាមួយក្រុម “Chaebols” ដែលជាក្រុមជំនួញយក្សនៅប្រទេសកូរ៉េ ហើយភាគរយនៃការបរាជ័យគឺខ្ពស់។ ហេតុនេះហើយ ពួកគេព្យាយាមទប់ទល់នឹងការរកសុីរបស់ខ្លួនដោយខ្ចីបន្ថែមពីក្រុមចងការ Loan Sharks។ នៅក្នុងរឿង Squid Game តួអង្គ Gi Hun ដដែល គាត់ត្រូវបានគេបញ្ឈប់ពីការងារ បន្ទាប់មកបានធ្វើការកម្ចីពីធនាគារ ២៥០លានវ៉ុន ដើម្បីបើកអាជីវកម្មចំនួន ២ ប៉ុន្តែបរាជ័យទាំងអស់ ហើយគាត់បានជាប់បំណុលអ្នកចងការ ១៦០ លានវ៉ុនទៀតផង។
មូលហេតុទី៣៖ កម្ចីដើម្បីបណ្តាក់ទុន
នៅក្នុងរឿង Squid Game តួអង្គ Sang Woo លេខរៀង ២១៨ បានលួចវេរលុយចេញពីកុងរបស់អតិថិជនខ្លួនទៅបណ្តាក់ទុនលើ Derivative Investment ប៉ុន្តែបរាជ័យ ហើយត្រូវបាត់បង់ប្រាក់ចំនួន ៦៥០ លានវ៉ុន ព្រមទាំងជាប់ទោសដែលត្រូវប៉ូលីសដេញចាប់ផងដែរ។ ការជួញដូរភាគហ៊ុនគឺជាបញ្ហាមួយទៀតនៃកំណើនប្រាក់បំណុល ដោយសារតែអ្នកខ្លះត្រូវខ្ចីលុយដើម្បីបង្វិលទិញហ៊ុនដែលខ្លួនគិតថាចំណេញ ប៉ុន្តែក្រោយមកបែរជាខាត ដែលជាហេតុបណ្ដាលឱ្យការខ្វះលុយដើម្បីបង្វិលសងគេវិញ។ ក្រឡេកមើលទិដ្ឋភាពសង្គមជាក់ស្ដែងវិញ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ ការជួញដូរភាគហ៊ុនរបស់កូរ៉េត្រូវកើនឡើង។ ដោយគិតត្រឹមខែមេសា ឆ្នាំ២០២០ Active Stock accounts មានប្រមាណជាង៣២លានគណនី នេះគឺយោងទៅតាមការបង្ហាញរបស់ Korea Financial Investment Association។
មូលហេតុទី៤៖ សម្ភារៈនិយម
ដូចដែលយើងទាំងអស់គ្នាដឹងរួចមកហើយថាប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសដែលជឿនលឿន និងសុីវីល័យ។ សម្ភារៈនិយមបានធ្វើឱ្យមនុស្សជាច្រើន សុខចិត្តចំណាយលើសពីចំណូលដែលខ្លួនរកបាន ដែលជាពិសេសគឺក្រុមយុវវ័យ។ យោងទៅតាមការចុះផ្សាយរបស់ KEI បានបង្ហាញថា ៩១% នៃការទិញទំនិញដោយប្រើកាត គឺប្រើជាមួយកាតឥណទាន(Credit Card)។ ក្នុងបទសម្ភាស៍មួយរវាងសារពត៌មាន CNA និងយុវជនកូរ៉េម្នាក់ បានបង្ហាញថា ខ្លួនគាត់មានចំណូលប្រហែល៥០០$ប៉ុណ្ណោះ ប៉ុន្តែគាត់ប្រើប្រាស់កាតឥណទាន ៤ ដែលអាចចាយបានរហូតដល់ទៅ៦០ដងនៃចំណូលរបស់គាត់។ បញ្ហាសម្ភារៈនិយម បានធ្វើអោយគាត់ជាប់បំណុលជាមួយកាតឥណទានដល់ទៅជាង ៧ មុឺនដុល្លាអាមេរិក។
ទាំងនេះជាមូលហេតុធំៗដែលបានបង្កឡើង ប៉ុន្តែមិនទាន់អស់នោះទេ។ នៅមានសំណួរចំនួន ២ ទៀត “តើហេតុអ្វីបានជាបំណុលទាំងនោះមានច្រើនម្ល៉េះ? ហើយម៉េចក៏ពួកគេហ៊ានប្រកួតស្លាប់រស់ដើម្បីលុយ?”
នៅប្រទេសកូរ៉េខាងត្បូងមានក្រុមចងការប្រាក់ ដែលគេហៅថា Loan Sharks។ សម្រាប់ការខ្ចីគឺងាយស្រួល ប៉ុន្តែអត្រាការប្រាក់អាចខ្ពស់រហូតដល់ទៅ ៥០០%។ នេះគឺជាមូលហេតុមួយដែលធ្វើឱ្យចំនួនប្រាក់កម្ចីកើនឡើងយ៉ាងឆាប់រហ័ស ហើយក្រុមចងការបែបនេះ គឺមិនស្របច្បាប់នោះទេ។ នៅប្រទេសកូរ៉េ មានករណីខ្លះគឺ Loan Sharks អាចផ្តល់កម្ចីបែបងាយៗទៅកាន់ក្មេងៗ ដោយពួកគេគ្រាន់តែផ្ញើសារដើម្បីខ្ចីជាការស្រេច ប៉ុន្តែពេលខ្លះសម្រាប់ការខ្ចី កម្ចី២៤០$ គឺត្រូវសងវិញក្នុងចំនួ៤០០$ ហើយមានរយៈពេល២អាទិត្យ។ ការប្រកួតស្លាប់រស់ក្នុង Squid Game អាចគ្រាន់តែជាខ្សែភាពយន្ត។ ប៉ុន្តែសម្រាប់ជាក់ស្តែងវិញ ក្នុងអំឡុងឆ្នាំ២០១៤-២០១៨ មានមនុស្សច្រើនជាង ៨០០នាក់បានព្យាយាមលោតសម្លាប់ខ្លួននៅស្ពាន Mapo ក្នុងទីក្រុង Seoul ដោយសារតែវ័ណ្ឌករនឹងបំណុល។ ពួកគេត្រូវរស់នៅប្រឈមនឹងសម្ពាធ ព្រោះភាពអាម៉ាស និងភាពភ័យខ្លាចពីសំណាក់ក្រុម Loan Sharks។ ដូចដែលយើងបានឃើញនៅក្នុងខ្សែភាពយន្តកូរ៉េអញ្ចឹង ក្រុម Loan Sharks តែងតែតាមទារបំណុលក្នុងសភាពជាអំពើហិង្សា ឬធ្វើបាប ឬដាក់ទារុណកម្មក្នុងទម្រង់ផ្សេងៗដើម្បីឱ្យកូនបំណុលសងប្រាក់ ក្រោមការប្រាក់អាចលើសពីប្រាក់ដើមរាប់សិបដង ជួនខ្លះការប្រាក់អាចក្លាយជាប្រាក់ដើម ហើយយកប្រាក់ដើមដែលបានបន្ថែមថ្មីនោះមកគណនាជាការប្រាក់ថ្មីម្ដងទៀត។