«វិបត្តិថាមពល» អាចនឹងក្លាយជាឃ្លាពេញនិយមប្រើទូទាំងពិភពលោកបន្ទាប់ពីពាក្យ «វិបត្តិកូវីដ១៩» ក្រោយពីជំងឺរាតត្បាតមួយនេះត្រូវអន់ថយ។ មូលហេតុចម្បងនោះគឺថា ការអភិវឌ្ឍគ្រប់វិស័យទាំងអស់សព្វថ្ងៃ ដូចជាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន សេវាធារណៈ សំណង់ រោងចក្រ ទូរគមនាគមន៍ ធារាសាស្ត្រ អគ្គិសនី និងវិស័យផ្សេងៗទៀត សុទ្ធសឹងតែត្រូវការការផ្គត់ផ្គង់ពីវិស័យថាមពលដើម្បីដំណើរការ ដែលជាពិសេសបន្ទាប់ពីការផ្អាកសកម្មភាពនិងធ្វើសកម្មភាពយឺតដោយសារកូវីដ១៩។ ថាមពលនេះគឺសំដៅទៅដល់ការប្រើប្រាស់ប្រេងនិងឧស្ម័នដែលចម្រាញ់យកចេញពីធម្មជាតិតាមរយៈក្រុមហ៊ុនប្រេងនិងឧស្ម័នដើម្បីដាក់លក់នៅលើទីផ្សារ។ ជាក់ស្ដែង វិសាលភាពនៃការទាញយកធនធានប្រេងពីធម្មជាតិដើម្បីចម្រាញ់យកទៅប្រើប្រាស់នៅលើពិភពលោកមានទំហំធំធេងណាស់ ដែលក្នុងមួយថ្ងៃៗប្រមាណ ៩០លានបារ៉ែល ដោយគិតចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០ នេះបើយោងតាមរបាយការណ៍ Statista។ ដូចច្នេះ ពិភពលោកទាំងមូលអាចនឹងជួបវិបត្តិកង្វះថាមពលប្រើប្រាស់នៅពេលដែលធនធានប្រេងនិងឧស្ម័នធម្មជាតិទាំងនោះត្រូវបានទាញយកអស់ពីស្រទាប់ផែនដី។ រូបភាពនៃការបំផ្លាញធនធានធម្មជាតិមួយនេះក៏អាចផ្ដល់វិនាសកម្មដល់ភពផែនដីទាំងមូល ដោយយើងអាចឃើញតាមរយៈ ចំនួនកើនឡើងនៃគ្រោះធម្មជាតិ បម្រែបម្រួលអាកាសធាតុ និងសីតុណ្ហភាពនៃរលកកំដៅកើនឡើងខ្លាំងជាដើម។ នេះជាបុព្វហេតុធ្វើឱ្យបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបចាប់ផ្ដើមងាកទៅរកការប្រើប្រាស់ថាមពលស្អាតស្អំ (Clean Energy) ដើម្បីកាត់បន្ថយហានិភ័យបង្កដោយគ្រោះធម្មជាតិ ដែលនេះជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀតនៃវិបត្តិថាមពលនៅទ្វីបអឺរ៉ុប។
ឈានជើងដើរចេញពីការបញ្ចេញឧស្ម័នកាបូនិច
បណ្ដាប្រទេសអភិវឌ្ឍន៍តែងតែរួមគ្នាដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីធ្វើអន្តរកាលឆ្លងកាត់សម័យប្រើប្រាស់ថាមពលធ្យូងថ្ម នុយក្លេអ៊ែរ ប្រេង និងឧស្ម័ន ឆ្ពោះទៅកាន់ពិភពលោកមួយដែលប្រើប្រាស់តែថាមពលមិនចេះរីងស្ងួត។ ឧទាហរណ៍ សហភាពអឺរ៉ុបបានកំណត់គោលដៅឆ្ពោះទៅរកអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៥៥% នៅឆ្នាំ ២០៣០ ធៀបទៅនឹងឆ្នាំ ២០០៥ ។ បណ្តាប្រទេសនៅទូទាំងទ្វីបអឺរ៉ុបកំពុងកាត់បន្ថយការពឹងផ្អែកទៅលើថាមពលដែលបានមកពីការដុតធ្យូងថ្ម មកកាន់ថាមពលដែលទាញយកពីប្រព័ន្ធសូឡា និងកង្ហារខ្យល់អគ្គិសនីជាដើម។ ជាឧទាហរណ៍ ក្រុមហ៊ុនយក្សផ្នែកប្រេងឥន្ធនៈអង់គ្លេសដែលមានឈ្មោះថា the British Petroleum Company Limited (BP) បានសម្រេចបោះទុនតម្លៃជាង១ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ ដើម្បីវិនិយោគលើគម្រោងសាងសង់កង្ហារយក្សទាញយកថាមពលអគ្គិសនីនៅក្នុងសមុទ្រ។ គួរបញ្ជាក់បន្តិចថា ឧស្ម័នហ្គាសគឺជាប្រភេទឥន្ធនៈផូស៊ីលស្អាតស្អំជាងគេបើធៀបទៅនឹងធ្យូងថ្ម រោងចក្រនុយក្លេអ៊ែរ និងប្រេង ហើយវាបានដើរតួយ៉ាងសំខាន់ក្នុងវិស័យថាមពលនៅអឺរ៉ុប រួមមានវិស័យថាមពលអគ្គិសនី វិស័យឧស្សាហកម្ម វិស័យពាណិជ្ជកម្ម វិស័យដឹកជញ្ជូន និងវិស័យសំណង់លំនៅដ្ឋាននិងអគារផ្សេងៗ។
ឆ្ពោះទៅរកការប្រើប្រាស់ថាមពលស្អាតស្អំ (Clean Energy) ឬ ថាមពលកកើតឡើងវិញ (Renewable Energy)
ខណៈដែលពិភពលោកកំពុងព្យាយាមកាត់បន្ថយការប្រើប្រាស់ថាមពលដែលបានមកពីធ្យូងថ្ម បា្រកដណាស់ ប្រទេសទាំងអស់ត្រូវងាកទៅរកថាមពលដែលបានមកពីឧស្ម័នហ្គាស និងថាមពលកកើតឡើងវិញដទៃទៀតជំនួសវិញ ព្រោះថាវាមានផលប៉ះពាល់តិចតួចទៅលើបរិស្ថាន។ នេះជាមូលហេតុចម្បងមួយដែលធ្វើឱ្យការផ្គត់ផ្គង់ឧស្ម័នហ្គាសមិនបានគ្រប់គ្រាន់ ហើយជាទូទៅ បើកាលណាការផ្គត់ផ្គង់ពីក្រុមហ៊ុនមានចំនួនតិចជាងតម្រូវការរបស់អ្នកប្រើប្រាស់នោះ តម្លៃរបស់វានឹងកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ ជាក់ស្ដែង ក្រុមហ៊ុនរដ្ឋចិនឈ្មោះថា the China National Petroleum Corporation (CNPC) បានដាក់ចេញនូវគោលដៅរបស់ខ្លួនថានឹងកាត់បន្ថយថាមពលបានមកពីធ្យូងថ្មមកត្រឹម ៤៤% នៅឆ្នាំ២០៣០ និង ៨% ប៉ុណ្ណោះនៅឆ្នាំ២០៦០ ហើយខ្លួននឹងងាកទៅប្រើប្រាស់ឧស្ម័នហ្គាសជំនួសវិញដើម្បីសម្រេចឱ្យបាននូវគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៦០ នេះបើយោងតាមការចេញផ្សាយរបស់ Reuters។ ការដែលប្រទេសចិនផ្ដើមងាកមកប្រើប្រាស់ឧស្ម័នហ្គាសជំនួសឱ្យធ្យូងថ្មបែបនេះហើយ បានធ្វើឱ្យតម្រូវការឧស្ម័នហ្គាសនៅលើពិភពលោកកាន់តែកើនឡើង ហើយវាក៏បានជះឥទ្ធិពលដល់តម្លៃនៃទីផ្សារនៅទ្វីបអឺរ៉ុបទាំងមូលផងដែរ គឺចាប់ពីត្រឹមតែ ២,៥ដុល្លារអាមេរិក/MBTu នៅដើមខែមេសា រហូតដល់ ៦,៣ដុល្លារអាមេរិក/MBTu គិតត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ (million British thermal units ជារង្វាស់របស់កំដៅនៃឥន្ធនៈឬប្រភពថាមពល) នេះបើយោងតាមទិន្នន័យរបស់ Trading Economics។
ការធ្លាក់ចុះនៃអត្រានាំចេញឧស្ម័នហ្គាសពីរុស្ស៊ីទៅកាន់ទ្វីបអឺរ៉ុប
ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ឧស្ម័នហ្គាសដ៏ធំមួយទៅដល់ទ្វីបអឺរ៉ុបទាំងមូល ដែលការផ្គត់ផ្គង់នេះភាគច្រើនធ្វើឡើងក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុនយក្សរុស្ស៊ីឈ្មោះថា Gazprom។ យោងតាមគេហទំព័រ Nord-Stream2 បច្ចុប្បន្ននេះ មួយភាគបីនៃការប្រើប្រាស់ឧស្ម័នហ្គាសនៅទ្វីបអឺរ៉ុបទាំងមូលត្រូវពឹងផ្អែកលើការនាំចូលពីប្រទេសរុស្ស៊ី។ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នហ្គាសរុស្ស៊ីមានភាពយឺតយ៉ាវនិងរអាក់រអួលក្នុងការនាំចេញឧស្ម័នហ្គាសមកកាន់ទ្វីបអឺរ៉ុប ដោយហេតុផលពីរធំៗ។ ទី១ ប្រទេសរុស្ស៊ីចង់បន្តស្តុកទុកឧស្ម័នហ្គាសដែលចម្រាញ់ពីធម្មជាតិបានឱ្យស្ថិតក្នុងកម្រិតអតិបរិមាដើម្បីត្រៀមបើកដំណើរការ និងបង្ហូរឧស្ម័នហ្គាសទាំងនោះតាមបំពង់បង្ហូរដែលទើបសាងសង់ថ្មី Nord Stream 2។ ទី២ ការធ្លាក់ចុះនៃអត្រានាំចេញឧស្ម័នហ្គាសពីរុស្ស៊ីទៅកាន់អឺរ៉ុបត្រូវបានគេសង្កេតឃើញថាបានកើតឡើងបន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានព្រមានកាលពីខែសីហាថានឹងដាក់ទណ្ឌកម្មរុស្ស៊ីប្រសិនបើរុស្ស៊ីហ៊ានប្រើប្រាស់ថាមពលឧស្ម័នជា«អាវុធ»នយោបាយការទូត។ ម៉្យាងវិញទៀត ការខកខានមិនបានផ្គត់ផ្គង់ឧស្ម័នហ្គាសគ្រប់គ្រាន់ពីរុស្ស៊ីទៅកាន់ទ្វីបអឺរ៉ុប ក៏អាចជាសេណារីយ៉ូមួយទៀតផងដែរនោះគឺ ការបង្វែអតិថិជនរបស់ប្រទេសរុស្ស៊ីពីទ្វីបអឺរ៉ុបទៅកាន់ទ្វីបអាស៊ី ជាពិសេសគឺប្រទេសចិនតែម្ដង។
កត្តាផ្សេងទៀតនៃវិបត្តិកង្វះថាមពលនៅទ្វីបអឺរ៉ុប
មិនត្រឹមតែមូលហេតុដែលបានលើកឡើងខាងលើប៉ុណ្ណោះទេ វិបត្តិកង្វះឧស្ម័នហ្គាសនៅទ្វីបអឺរ៉ុបទាំងមូលក៏មានកត្តាជាច្រើនរួមបញ្ចូលគ្នាក្នុងពេលតែមួយ។ កត្តាទី១ ប្រទេសសមាជិកសហភាពអឺរ៉ុបកំពុងផ្លាស់ប្ដូរទិសដៅពីការប្រើប្រាស់ថាមពលបានមកពីឥន្ធនៈហ្វូស៊ីល ទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញឬថាមពលមិនចេះរាំងស្ងួតដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច និងឆ្ពោះទៅសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ កត្តាទី២ ការបើកប្រទេសឱ្យមានការធ្វើដំណើរធម្មតាបន្ទាប់ពីវិបត្តិកូវីដ១៩មានស្ថានភាពធូរស្រាល ធ្វើឱ្យតម្រូវការប្រេងនិងឧស្ម័នហ្គាសឡើងខ្ពស់ ខណៈអត្រានៃការផ្គត់ផ្គង់ធ្លាក់ចុះ។ កត្តាទី៣ បើធៀបទៅនឹងឆ្នាំ២០២០ ឆ្នាំ២០២១នេះសមុទ្រខាងជើង (North Sea) មិនសូវមានកម្លាំងខ្យល់បក់ខ្លាំងដែលជាហេតុធ្វើឱ្យកង្ហារខ្យល់យក្សមិនអាចវិលដើម្បីផលិតថាមពលអគ្គិសនីបានគ្រប់គ្រាន់។ កត្តាទី៤ សហរដ្ឋអាមេរិកចាប់ផ្ដើមកាត់បន្ថយការនាំចេញឧស្ម័នហ្គាស ដោយមូលហេតុអត្រាផលិតកម្មមានការធ្លាក់ចុះ។ កត្តាទី៥ រដូវរងារនៅទ្វីបអឺរ៉ុបនឹងឈានមកដល់នៅពាក់កណ្ដាលខែធ្នូខាងមុខ ដែលជាហេតុធ្វើឱ្យពលរដ្ឋត្រូវការកម្ដៅ ដូច្នេះតម្រូវការថាមពលនឹងកាន់តែកើនឡើង។ កត្តាទី៦ ការបិទឱ្យដំណើរការរោងចក្រនុយក្លេអ៊ែនៅប្រទេសអ៊ីតាលី និងអាល្លឺម៉ង់ជាដើម ព្រមទាំងគម្រោងបិទជាបន្តបន្ទាប់ទៀតនៅតាមបណ្ដាប្រទេសក្នុងទ្វីបអឺរ៉ុប ក៏អាចជាកត្តាដែលធ្វើឱ្យវិបត្តិកង្វះថាមពលប្រើប្រាស់នៅទ្វីបអឺរ៉ុបកើតមានឡើងផងដែរ។
ឧស្ម័នហ្គាសឡើងថ្លៃ តម្លៃប្រេងឡើងខ្ពស់
ចំណែកឯតម្លៃប្រេងវិញក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ការណ៍នេះបានក្លាយជាបន្ទុកយ៉ាងធ្ងន់មួយទៀតសម្រាប់ទ្វីបអឺរ៉ុប។ តម្លៃប្រេងឡើងថ្លៃនេះ គឺព្រោះតែក្រុមប្រទេសផលិតប្រេង OPEC+ មិនព្រមបង្កើនផលិតកម្មប្រេងរបស់ខ្លួននោះទេ ដោយរក្សានូវការផលិតចំនួន ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃដដែល រហូតដល់ខែមេសា ឆ្នាំ២០២២។ ការធ្វើបែបនេះក៏ព្រោះតែពួកគេត្រូវការលក់ប្រេងដែលបានស្តុកទុកនៅសល់យ៉ាងច្រើនកាលពីវិបត្តិកូវីដ១៩ផ្ទុះខ្លាំងនៅដើមឆ្នាំ២០២០ ដែលកាលនោះ តម្រូវការប្រេងបានធ្លាក់ចុះយ៉ាងខ្លាំង ហើយតម្លៃប្រេងក៏បានធ្លាក់ចុះដូចគ្នា ធ្វើឱ្យប្រេងមួយចំនួនធំត្រូវបានស្តុកទុក។ ការកើនឡើងនៃតម្លៃប្រេងក្នុងពេលនេះក៏អាចជាមូលហេតុមកពីសហភាពអឺរ៉ុបអនុវត្តនយោបាយដំឡើងពន្ធលើការប្រើប្រាស់ថាមពលមិនស្អាតដូចជាប្រេងឥន្ធនៈជាដើមនេះ ហើយវាបានធ្វើឱ្យតម្លៃប្រេងរឹតតែឡើងថ្លៃ ខណៈដែលឧស្ម័នហ្គាសកំពុងតែឡើងថ្លៃស្រាប់ទៅហើយ។ ដូច្នេះ ភាពចៃដន្យនៃបញ្ហាទាំងនេះបានកើតឡើងដំណាលគ្នា នឹកស្មានមិនដល់ បានធ្វើឱ្យបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបទាំងមូលជួបនូវ«វិបត្តិថាមពល» ហើយវិបត្តិមួយនេះក៏អាចនឹងរីករាលដាលមិនចាញ់វិបត្តិកូវីដ១៩ប៉ុន្មាននោះទេ។
ជារួម វិបត្តិថាមពលនៅទ្វីបអឺរ៉ុបមួយនេះនឹងជះឥទ្ធិពលដល់តម្លៃប្រេងនិងឧស្ម័ននៅទូទាំងពិភពលោក ដូចជាប្រទេសជាច្រើនដែលការអភិវឌ្ឍរបស់ពួកគេពឹងផ្អែកខ្លាំងទៅលើវិស័យប្រេងនិងឧស្ម័ន ជាពិសេសបណ្ដាប្រទេសនៅទ្វីបអាស៊ី។ ខណៈនេះផងដែរ សហគ្រាសតូច ធំ និងក្រុមហ៊ុនទាំងអស់នៅទ្វីបអឺរ៉ុបដែលត្រូវការថាមពលប្រេងនិងឧស្ម័នក្នុងប្រតិបត្តិការប្រចាំថ្ងៃក៏កំពុងពិចារណាពីការផ្អាកសកម្មភាព ព្រោះតែតម្លៃប្រេងឡើងថ្លៃនិងឧស្ម័នខ្វះខាត។ ដោយឡែក ប្រជាពលរដ្ឋនៅអឺរ៉ុបកាន់តែមានការព្រួយបារម្ភពីកង្វះថាមពលប្រើប្រាស់គ្រប់គ្រាន់ក្នុងរដូវរងារ ហើយគ្រួសារមួយចំនួនក៏បានចាប់ផ្ដើមប្រមូលទិញប្រេងនិងឧស្ម័នហ្គាសទុកប្រើប្រាស់ឱ្យបានយូថ្ងៃទៅខាងមុខ ដែលធ្វើឱ្យស្ថានភាពខ្វះខាតថាមពលកាន់តែដុនដាបទៅ។ ទោះជាយ៉ាងណា បើក្រឡេកទៅមើលតម្លៃប្រេងនិងឧស្ម័ននៅលើទីផ្សារមូលបត្រវិញ ឃើញថាភាគរយក៏មានការកើនឡើងខ្លាំងផងដែរ ដែលនេះអាចជាឱកាសល្អសម្រាប់ក្រុមហ៊ុនប្រេងនិងឧស្ម័នផ្ទាល់ និងអ្នកវិនិយោគលើផ្សារមូលបត្រ។ ក៏ប៉ុន្តែ វិបត្តិកង្វះថាមពលមួយនេះក៏អាចនឹងក្លាយជាកត្តាជំរុញឱ្យទ្វីបអឺរ៉ុបទាំងមូលគិតសារជាថ្មីថា តើពួកគេគួរតែបន្តកាត់បន្ថយ ឬក៏ បោះបង់ថាមពលដែលបានមកពីការដុតធ្យូងថ្ម រោងចក្រនុយក្លេអ៊ែ និងប្រេងឥន្ធនៈហ្វូស៊ីលតទៅមុខទៀតឬក៏យ៉ាងណានោះទេ។