"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ព្រឹត្តិការណ៍នៃការបោះឆ្នោតសភារបស់ប្រទេសអាល្លឺម៉ង់

គំនូរច្នៃប្រឌិតដោយ៖ លោក អ៊ុយ សុភាប្រាជ្ញា

នៅក្នុងទំនាក់ទំនងនយោបាយអន្តរជាតិ របត់នយោបាយនៅក្នុងប្រទេសជាតិមួយតែងតែធ្វើឱ្យមានបម្រែបម្រួលទំនាក់ទំនងនៅក្នុងតំបន់ឬរវាងប្រទេសនឹងប្រទេស ដែលឥទ្ធិពលនៃបម្រែបម្រួលនេះអាចនឹងតិចឬច្រើនផ្អែកទៅលើភូមិសាស្ត្រនយោបាយ ប្រវត្តិសាស្រ្តនយោបាយ ​ និងឥទ្ធិពលរបស់ប្រទេសនោះនៅក្នុងពិភពលោក។ ជាក់ស្តែងកាលពីចុងឆ្នាំ២០២០កន្លងទៅនេះ​ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យមានការរង្គោះរង្គើរយ៉ាងខ្លាំងនៅជុំវិញពិភពលោក ដោយអ្នកដឹកនាំ និងអ្នកនយោបាយតាមបណ្តាប្រទេសជាច្រើនបានតាមដាន​យ៉ាងដិតដល់ជាមួយនឹងលទ្ធផលនៃការបោះឆ្នោតនេះ។​​ បន្ថែមលើសពីនេះទៅទៀតអ្នកវិភាគនយោបាយជាច្រើនក៏បានធ្វើការវិភាគនិងព្យាករណ៍ទុកផងដែរនូវគោលនយោបាយការបរទេសរបស់បេក្ខជនប្រធានាធិបតីថ្មីដែលនឹងឡើងកាន់អំណាច។​ នេះបានសរបញ្ជាក់ថាបម្រែបម្រួលនយោបាយនិងរបបគ្រប់គ្រងរបស់ប្រទេសមហាអំណាចតែងតែមានឥទ្ធិពល មិនថាតិចឬច្រើនឡើយដែលធ្វើឱ្យប្រទេសផ្សេងៗមិនអាចរំលងចំណាប់អារម្មណ៍បាន។ រីឯប្រទេសអាល្លឺម៉ង់ដែលជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតនៅក្នុងទ្វីបអឺរ៉ុបក៏ទើបតែបានបញ្ចប់ការបោះឆ្នោតសភាហើយដែរ​ ក៏ប៉ុន្តែលទ្ធផលនៃការបង្កើតរដ្ឋាភិបាលភិបាលនៅមិនទាន់បានកើតឡើងនៅឡើយទេដោយសារតែគណបក្សនយោបាយទាំងនោះកំពុងតែធ្វើការចរចារគ្នាក្នុងការបង្កើតរដ្ឋាភិបាលចម្រុះមួយ។

នៅក្នុងអត្ថបទនេះយើងនឹងក្រលេកមកមើលថាការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំនៅក្នុងប្រទេសអាល្លឺម៉ង់ប្រព្រឹត្តិទៅយ៉ាងដូចម្តេច?​ ហើយថាតើអ្វីទៅគឺជាប្រព័ន្ធរដ្ឋាភិបាលចម្រុះដែលមានប្រើប្រាស់នៅក្នុងប្រទេសអាល្លឺម៉ង់សព្វថ្ងៃនេះ?​​ បន្ទាប់មកយើងនឹងងាកមកមើលអំពីបច្ចុប្បន្នភាពនៃសម្លេងគណបក្សនយោបាយនៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ។

តើការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំនៅក្នុងប្រទេសអាល្លឺម៉ង់ប្រព្រឹត្តិទៅយ៉ាងដូចម្តេច?

ប្រទេសអាល្លឺម៉ង់តែងតែរៀបចំការបោះឆ្នោតសភានៅរៀងរាល់៤ឆ្នាំម្តង ហើយនៅក្នុងការបោះឆ្នោតនេះផងដែរ អធិការបតី ឬដែលយើងស្គាល់ជាភាសារអង់គ្លេសថា Chancellor នឹងមិនត្រូវបានបោះឆ្នោតជ្រើសរើសដោយផ្តាល់ពីសំណាក់ប្រជាជនអាល្លឺម៉ង់នោះទេ។​ ប្រជាជនអាល្លឺម៉ង់ម្នាក់ទទួលបានសិទ្ធិធ្វើការបោះឆ្នោតពីរសម្លេង ហើយនៅលើសន្លឹកឆ្នោតដែលពួកគេទទួលបានគឺត្រូវបានបែងចែកជាពីរផ្នែក។ មួយផ្នែកនៃក្រដាសសន្លឹកឆ្នោតស្មើនឹងមួយសម្លេងដែលតម្រូវឱ្យពួកគេបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងរាស្រ្តម្នាក់ដែលគេពេញចិត្តពីតំ​បន់ដែលពួកគេរស់នៅដើម្បីទទួលបានកៅអីនៅក្នុងសភា និង​មួយសម្លេងទៀតគឺតម្រូវឱ្យពួកគេធ្វើការបោះឆ្នោតទៅលើគណបក្សនយោបាយដែលគេពេញចិត្ត។​

សភាអាល្លឺម៉ង់មានកៅអីសរុបចំនួន៥៩៨កៅអីប៉ុន្តែចំនួនកៅអីនេះដែរអាចនឹងកើនឡើងផងដែរ។ ​៥០%នៃកៅអីសរុប(៥៩៨កោអី)ស្មើនឹង២៩៩កៅអីគឺជាសម្លេងដែលបានមកពីការបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងរាស្ត្រដែលមកពី២៩៩តំបន់ ហើយ២៩៩​កៅអីទៀតនៅក្នុងសភាគឺបានមកពីលទ្ធផលសម្លេងឆ្នោតទីពីរដែលប្រជាជនអាល្លឺម៉ង់បានបោះឆ្នោតចំពោះគណបក្សដែលខ្លួនពេញចិត្ត។​

ដើម្បីទទួលបានកៅអីនៅក្នុងសភា បេក្ខជនតំណាងរាស្រ្តដែលឈរឈ្មោះជាបេក្ខជននៅក្នុងការបោះឆ្នោតសម្លេងទី១របស់ប្រជាជនអាល្លឺម៉ង់ត្រូវតែជាបេក្ខជនដែលទទួលបានសម្លេងច្រើនជាងគេនៅក្នុងមណ្ឌលបោះឆ្នោតក្នុងតំបន់របស់ខ្លួន។​ បេក្ខជនដែលទទួលបានសម្លេងច្រើនជាងគេនោះនឹងទទួលបានកៅអីមួយនៅក្នុងសភា។​ គួរបញ្ជាក់ផងដែរថាបេក្ខជនតំណាងរាស្រ្តដែលឈរឈ្មោះនៅតាមតំបន់នេះគឺអាចជាបេក្ខជនដែលមកពីគណបក្សនយោបាយណាមួយ​ ឬក៏ជាបេក្ខជនដែលឯករាជ្យមិនមានចូលបក្សសម្ព័ន្ធជាមួយគណបក្សណាមួយឡើយ​។បេក្ខជនតំណាងរាស្ត្រឯករាជ្យនេះអាចឈរឈ្មោះទៅបានលុះត្រាតែគេទទួលបានការចុះហត្ថលេខាពីអ្នកគាំទ្រយ៉ាងតិចណាស់២០០នាក់។

រីឯ៥០%ទៀតនៃកៅអីសភាដែលបក្សនីមួយៗទទួលបានគឺត្រូវបែងចែកទៅតាមចំនួនសម្លេងដែលពួកគេទទួលបានពីសម្លេងឆ្នោតទីពីរដែលប្រជាជនអាល្លឺម៉ង់បានបោះទៅលើគណបក្សដែលខ្លួនពេញចិត្ត។ ការបែងចែកចំនួនកៅអីក្នុងសភាដែលបក្សមួយអាចទទួលបានគឺត្រូវគិតជាភាគរយជាមួយសម្លេងឆ្នោតដែលបក្សនោះទទួលបាន។​ កៅអីនៅក្នុងសភានេះដែរក៏មានការគិតសមាមាត្រទៅនឹងចំនួនប្រជាជននៃរដ្ឋនោះផងដែរ។ នេះបានន័យថាប្រសិនបើរដ្ឋណាមួយមានចំនួនប្រជាជនច្រើនជាងគេ នោះរដ្ឋនោះក៏អាចមានសមាសភាពតំណាងរាស្រ្តនៅក្នុងសភាច្រើនជាងគេផងដែរ។ បន្ទាប់ពីទទួលបានចំនួនកៅអីនៅក្នុងសភារួចហើយ បក្សនយោបាយនីមួយៗនឹងជ្រើសរើសបេក្ខជនសភារបស់ខ្លួនដើម្បីចូលទៅកាន់កៅអីនៅក្នុងសភា។​ ដូច្នេះហើយវាមានន័យថាប្រជាជនអាល្លឺម៉ង់នៅក្នុងសម្លេងឆ្នោតទី២ដែលខ្លួនបានបោះនេះគឺមិនបានជ្រើសរើសបេក្ខជនណាម្នាក់នោះទេគឺគ្រាន់តែជាការរើសគណបក្សដែលខ្លួនពេញចិត្តតែប៉ុណ្ណោះ។​

តើការជ្រើសរើសអធិការបតី ឬ​ Chancellor ត្រូវធ្វើឡើងដោយរបៀបណា?

អធិការបតីដែលជាក្បាលម៉ាសីុនរបស់រដ្ឋាភិបាលអាល្លឺម៉ង់មិនត្រូវបានជ្រើសរើសដោយផ្ទាល់ពីប្រជាជនអាល្លឺម៉ង់នោះទេ។​ បន្ទាប់ពីការរាប់សម្លេងឆ្នោតហើយ រដ្ឋាភិបាលអាល្លឺម៉ង់នៅមិនទាន់អាចបង្កើតឡើងបានភ្លាមៗនោះទេ ដោយសារតែតម្រូវឱ្យមានការបង្កើតជារដ្ឋាភិបាលចម្រុះ។ ជាធម្មតាប្រសិនបើមានគណបក្សនយោបាយណាមួយទទួលបានសម្លេងឆ្នោតសរុបដែលអាចឱ្យគេគ្រប់គ្រងកៅអីសភាបាន ៥០ ភាគរយឡើងទៅ នោះរដ្ឋាភិបាលនឹងត្រូវបានបង្កើតឡើងដោយគណបក្សនោះ។ ក៏ប៉ុន្តែពុំមានគណបក្សនយោបាយណាមួយនៅក្នុងប្រទេសអាល្លឺម៉ង់ទទួលបានលទ្ធផលបែបនេះឡើយ ហេតុនេះហើយទើបគណបក្សនយោបាយដែលមានសម្លេងឆ្នោតច្រើន(ប៉ុន្តែមិនលើសពី៥០%)នឹងព្យាយាមចុះចូលគ្នាដើម្បីបង្កើតជារដ្ឋាភិបាលចម្រុះមួយ។​ នៅពេលដែលមានមានការស្រុះស្រួលគ្នារវាងគណបក្សនយោបាយដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយហើយ​​ នោះប្រធានាធិបតីអាល្លឺម៉ង់ដែលត្រូវបានតែងតាំងដោយប្រធានសភា ហើយដែលមិនមានជាប់ពាក់ព័ន្ធជាមួយគណបក្សនយោបាយណាមួយនោះ នឹងរៀបចំទទួលខុសត្រូវការបោះឆ្នោតជ្រើសរើសអធិការបតីអាល្លឺម៉ង់។

បេក្ខជនអធិការបតីដែលត្រូវបានតែងតាំងឱ្យឈរឈ្មោះជាបេក្ខជនតំណាងមកពីបក្សនយោបាយដែលបានសម្រេចចូលរួមជារដ្ឋាភិបាលចម្រុះ នឹងត្រូវបានបោះឆ្នោតសម្រេចដោយសមាជិកសភាទាំងអស់​ ហើយដើម្បីបានក្លាយទៅជាអធិការបតីអាល្លឺម៉ង់បានលុះត្រាតែបេក្ខជននោះទទួលបានសម្លេងឆ្នោតភាគច្រើននៅក្នុងសភា។ ប្រសិនបើគ្មានបេក្ខជនណាមួយទទួលបានសម្លេងភាគច្រើននៅក្នុងសភាទេនោះ ការបោះឆ្នោតជ្រើសរើសអធិការបតីនេះនឹងធ្វើឡើងម្តងទៀត​​ ហើយប្រសិនបើនៅតែមិនមានបេក្ខជនណាម្នាក់ដែលទទួលបានសម្លេងភាគច្រើននៅក្នុងសភាទាំងមូលនោះទេ នោះការបោះឆ្នោតជ្រើសរើសអធិការបតីនេះនឹងត្រូវធ្វើឡើងជាលើកទីបី ហើយបេក្ខជនដែលទទួលបានសម្លេងឆ្នោតច្រើនជាងគេធៀបនឹងបេក្ខជនដ៏ទៃទៀត (មិនចាំបាច់ទទួលបានសម្លេង៥០ភាគរយឡើង) នឹងក្លាយជាអធិការបតីថ្មីរបស់អាល្លឺម៉ង់។​

បច្ចុប្បន្នភាពនៃសម្លេងគណបក្សនយោបាយនៅក្នុងប្រទេសអាល្លឺម៉ង់

បន្ទាប់ពីការបញ្ចប់អាណត្តិជាអធិការបតីរបស់លោកស្រី អែនជែលឡា ម៉ាគែល​ (Angela Markel) ក្រោយពីលោកស្រីបានដឹកនាំក្បាលម៉ាសុីនរដ្ឋាភិបាលអាល្លឺម៉ង់អស់រយៈពេល១៦ឆ្នាំកន្លងមក ប្រជាជនអាល្លឺម៉ង់ក៏ដូចជាអន្តរជាតិ ក៏កំពុងតែតាមដានចាំមើលថាតើបេក្ខជនមួយណា ហើយមកពីគណបក្សណាដែលនឹងកា្លយទៅជាអ្នកដឹកនាំថ្មីរបស់អាល្លឺម៉ង់ផងដែរ។

ជាក់ស្តែងបើយោងទៅតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតសកលរបស់ប្រទេសអាល្លឺម៉ង់វិញគេឃើញថា មានគណបក្សនយោបាយមួយចំនួនដែលមានភាពលេចធ្លោនៅក្នុងការបោះឆ្នោតនៅអាណត្តិនេះដែលមានដូចជាគណបក្ស SPD, CDU/CSU, Grüne ជាដើម។

បើធៀបទៅនឹងការបោះឆ្នោតនៅអាណត្តិមុន គណបក្ស CDU ឬដែលគេស្គាល់ថាជាបក្សរបស់លោកស្រី អែនជេលឡា ម៉ាគែល ទទួលបានសម្លេងឆ្នោតតិចជាងអាណត្តិមុនដោយនៅក្នុងអាណត្តិនេះគណបក្ស​​ CDU ទទួលបានកៅអីនៅក្នុងសភាចំនួន១៥១​ កៅអីដែលតិចជាងអាណត្តិមុនចំនួន៤៩កៅអី។​ រីឯបក្ស​ SPD វិញទទួលបានកៅអីនៅក្នុងសភាចំនួន២០៦កៅអីដែលកើនលើសពីអាណត្តិមុនចំនួន ៥៣ កៅអី។​ ចំណែកលទ្ធផលរបស់គណបក្ស Grüne​ វិញក៏អាចឱ្យយើងឃើញពីការកើនឡើងនូវប្រជាប្រិយភាពរបស់បក្សផងដែរ ដោយនៅអាណត្តិនេះបក្សនេះទទួលបានកៅអីនៅក្នុងសភាដល់ទៅ​១១៨កៅអីដែលមានកំណើនដល់ទៅ៥១កៅអីធៀបនឹងកាលពីអាណត្តិមុន។

ក្រៅពីនេះគណបក្សផ្សេងទៀតដូចជា CSU ទទួលបានកៅអីចំនួន​ ៤៥ កៅអី (ធ្លាក់ចុះ១កៅអីធៀបនិងអាណត្តិមុន) ​បក្សFDPទទួលបាន៩២​កៅអី (កើន១២កៅអី) បក្ស Die Linke​ទទួលបាន៣៩កៅអី (ធ្លាក់ចុះ៣០កៅអី)​ នេះបើយោងទៅតាមលទ្ធផលឆ្នោតដែលចេញដោយគេហទំព័រផ្លូវការរបស់មន្រ្តីសហព័ន្ធអាល្លឺម៉ង់។​ ​

មានការវិភាគជាច្រើនដែលបានចេញផ្សាយនៅតាមបណ្តាសារព័ត៌មានអន្តរជាតិផ្សេងៗអំពីលទ្ធផលរដ្ឋាភិបាលចម្រុះដែលអាចកើតមានឡើង ហើយក្នុងនោះដែរមានការរំពឹងថានឹងអាចមានការកើតឡើងនូវរដ្ឋាភិបាល «ភ្លើងចរាចរណ៍» ដែលឈ្មោះនេះបានមកពីព័ណ៌តំណាងរបស់គណបក្សបីដែលកំពុងធ្វើការចរចាចូលគ្នាជារដ្ឋាភិបាលចម្រុះហើយមានបីព័ណ៌តំណាងបក្សដូចភ្លើងសញ្ញាចរាចរណ៍។ ​គេរំពឹងថាបក្ស SPD ដែលតំណាងដោយព័ណ៌ក្រហម បក្ស FDP តំណាងដោយព័ណ៌លឿងនិង បក្ស Grüne ដែលមានព័ណ៌បៃតងជាព័ណ៌ នឹងធ្វើការរួមគ្នាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ។ ប៉ុន្តែយ៉ាងណាក៏ដោយក៏ការសន្និដ្ឋានទាំងអស់នេះសុទ្ធតែនៅមានភាពស្រពិចស្រពិល ហើយលទ្ធផលពិតប្រាកដយ៉ាងណានោះយើងនឹងរងចាំមើលអំពីលទ្ធផលផ្លូវការនៅពេលខាងមុខទៀត។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង