"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើអ្វីជាវិបត្ដិឈីប (Chip) អន្តរជាតិ?

គំនូរច្នៃប្រឌិតដោយ៖ លោក អ៊ុយ សុភាប្រាជ្ញា

នៅក្នុងឧបករណ៍អេឡិចត្រូនិកទាំងអស់ សុទ្ធសឹងតែមានបំពាក់នូវបន្ទះឈីប ហើយជាទូទៅការផលិតបន្ទះឈីបតែងតែមានដំណើរការស្មុគស្មាញនិងតម្រូវឱ្យមានការយកចិត្តទុកដាក់ ជាមួយនឹងស្តង់ដារខ្ពស់។ ការចំណាយនិងភាពលំបាកនៅក្នុងការផលិតនេះបានជំរុញឱ្យក្រុមហ៊ុនអេឡិចត្រូនិចត្រូវពឹងផ្អែកកាន់តែខ្លាំងឡើងលើរោងចក្រផលិតក្នុងការផ្គត់ផ្គង់បន្ទះឈីបឱ្យខ្លួន។ជើងខ្លាំងនៅអាស៊ីចំនួនពីរគឺក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកតៃវ៉ាន់ TSMC និងក្រុមហ៊ុន Samsungគឺជាប្រភពនៃការផ្គត់ផ្គង់បន្ទះឈីបដ៏ធំ។ វិបត្តិបន្ទះឈីបបានធ្វើឱ្យឧស្សាហកម្មយ៉ាងហោចណាស់ចំនួន ១៦៩ បានរងផលប៉ះពាល់ដោយសារតែកង្វះការផ្គត់ផ្គង់បន្ទះឈីបជុំវិញពិភពលោក។ កង្វះខាតបន្ទះឈីបជាសកលបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងទៅដល់ក្រុមហ៊ុនអេឡិចត្រូនិចនៅជុំវិញពិភពលោក ដោយសារតែវាផ្តល់ផលវិបាកក្នុងការបំពេញនូវតម្រូវការទំនិញនិងគ្រឿងអេឡិចត្រូនិកដែលមានការកើនឡើងយ៉ាងគំហុគ។ នៅក្នុងអត្ថបទនេះយើងនឹងធ្វើការបង្ហាញនូវមូលហេតុដែលបណ្តាលឱ្យមានកង្វះខាតបន្ទះឈីប និង ការជះឥទ្ធិពលរបស់វាទៅលើសេដ្ឋកិច្ចពិភពលោក។

អ្វីទៅជាបន្ទះឈីប?

បន្ទះឈីបគឺជាបំណែកតូចមួយនៃសម្ភារៈ semiconducting ដែលជាទូទៅវាធ្វើឡើងពីស៊ីលីកូន(silicon)ហើយបង្កប់ជាមួយសៀគ្វីរួមបញ្ចូលគ្នា (Integrated circuit)។ ជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យា បន្ទះឈីបគឺជាឧបករណ៍ដ៏សំខាន់ដែលជាឆ្អឹងខ្នងនៃឧស្សាហកម្មសំខាន់ៗជាច្រើនរាប់ចាប់ពី ការថែទាំសុខភាពរហូតដល់វិស័យកសិកម្មរាប់ពាន់លាន ព្រមទាំងក្នុងវិស័យស្មាតហ្វូន កុំព្យូទ័រ ឧបករណ៍វៃឆ្លាត យានយន្ដ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍ជួយសង្គ្រោះជីវិត អេធីអឹម(ATM) និងអ្វីៗជាច្រើនផ្សេងទៀតដែលនៅជុំវិញយើង។

ផលពិបាកនៅក្នុងការផលិតបន្ទះឈីបនេះ បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយនៃផ្នែកបច្ចេកវិទ្យាទំនើប។ ក្រុមហ៊ុនល្បីៗមួយចំនួនដែលផលិតបន្ទះឈីបអេឡិចត្រូនិកមានដូចជា Intel, Samsung, Taiwan Semiconductor Manufacturing Company (TSMC), Broadcom និង Nvidia។ យ៉ាងណាមិញ ៨៧% នៃការផលិតបន្ទះឈីបនៅជុំវិញពិភពលោកមានមូលដ្ឋាននៅតៃវ៉ាន់ កូរ៉េខាងត្បូង និងចិន ដែល​ ៥៤% ត្រូវបានកាន់កាប់ដោយក្រុមហ៊ុនតៃវ៉ាន់ ដូច្នេះការផ្គត់ផ្គង់បន្ទះឈីបគឺមានកំណត់ រីឯ អតុល្យភាពនៃការចែកចាយបន្ទះឈីបទៅក្នុងទីផ្សារបានធ្វើឱ្យមានការរំខានយ៉ាងខ្លាំងដល់ខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបនេះដោយជៀសមិនរួច។

ការផលិតបន្ទះឈីបជំនាន់ថ្មីដែលទំនើបបំផុត​​​ មានដំណើរការស្មុគស្មាញខ្លាំងណាស់ហើយវាក៏តម្រូវឱ្យមានការបោះទុនច្រើន និងការស្រាវជ្រាវអភិវឌ្ឈន៏ខ្លាំងដើម្បីផលិត។ សព្វថ្ងៃមានតែក្រុមហ៊ុន ២ ប៉ុណ្ណោះដែលមានសមត្ថភាពអាចផលិតបន្ទះឈីបដែលនៅក្រោមកម្រិត ១០ nm (៨nm) សម្រាប់ផលិតកម្ម5G នោះគឺក្រុមហ៊ុនTSMC និង Samsung ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់បន្ទះឈីបធំជាងគេបំផុតនៅលើពិភពលោក។ ទោះបីជាសហរដ្ឋអាមេរិកគឺជាអ្នកនាំមុខគេទាក់ទងនឹងសកម្មភាពស្រាវជ្រាវនិងអភិវឌ្ឈន៍បន្ទះឈីប ហើយតៃវ៉ាន់គឺជាប្រទេសដែលនាំមុខគេក្នុងការជួបប្រជុំការវេចខ្ចប់និងមុខងារសាកល្បងរបស់ឧបករណ៍អេឡិចត្រូនិកក៏ដោយ តែភាគច្រើននៃបន្ទះឈីបដែលត្រូវបានប្រើប្រាស់នៅក្នុងពិភពលោកគឺត្រូវបានផលិតនៅក្នុងប្រទេសចិន។

មូលហេតុបណ្ដាលឱ្យមានកង្វះខាតនៃបន្ទះឈីបសកល

នៅក្នុងពិភពឌីជីថល បន្ទះឈីបនេះគឺជាសរសៃឈាមនៃផលិតកម្មអេឡិចត្រូនិច ដូច្នេះវាមិនមានអ្វីចម្លែកទេដែលកង្វះខាតជាសកលបានជះឥទ្ធិពលយ៉ាងសម្បើម។​

ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយខ្លះក្នុងអំឡុងសង្រ្គាមបច្ចេកវិទ្យារវាងអាមេរិកនិងចិនក៏បាននាំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនធ្វើការស្តុកទុកបន្ទះឈីបនិងឧបករណ៍ផលិតបន្ទះឈីបរបស់ខ្លួន។​ បន្ទាប់ពីរងការដាក់ទណ្ឌកម្មពីរដ្ឋាភិបាលវ៉ាស៊ីតោន និងរងការរឹងបន្ទឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅឆ្នាំ ២០១៨ ក្រុមហ៊ុន Huawei បានព្យាយាមស្តុកទុកបន្ទះឈីបតាមដែលខ្លួនអាចធ្វើបានដែលនេះបានធ្វើឱ្យតម្រូវការបន្ទះឈីបនិងសម្ភារៈសំខាន់ផ្សេងទៀតកើនឡើងក្នុងមួយរំពិចព្រោះបម្រែបម្រួលនៃស្ថានភាពនយោបាយសេដ្ឋកិច្ចនេះបានធ្វើឱ្យមានក្រុមហ៊ុនជាច្រើនព្យាយាមទិញឈីបយកមកស្តុកទុក។

ស្ថានភាពកាន់តែអាក្រក់ទៅនៅពេលដែលមេរោគកូវីត១៩ចាប់ផ្តើមវាយប្រហារពិភពលោកនៅដើមឆ្នាំ២០២០​​ ដែលធ្វើឱ្យមានការផ្លាស់ប្តូររបៀបរស់នៅពីចម្ងាយ បាននាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវតម្រូវការបន្ទះឈីបដើម្បីផលិតគ្រឿងអេឡិចត្រូនិច។ ក្នុងពេលជាមួយគ្នានេះដែរតម្រូវការប្រើប្រាស់ទូទៅរបស់រថយន្តក៏បានធ្លាក់ចុះដោយសារស្ថានភាពសេដ្ឋកិច្ច ដែលនេះបានបង្ខំឱ្យក្រុមហ៊ុនផលិតបន្ទះឈីបបានផ្តោតសំខាន់ទៅលើកម្មវិធីដែលមិនមែនជាយានយន្ត ដូចជា កុំព្យូទ័រ ប្រព័ន្ទទំនាក់ទំនង ផ្សេងៗដែលមើលឃើញថាមានតម្រូវការកើនឡើងខ្លាំងជាង។ អ្វីដែលនឹកស្មានមិនដល់នៅចុងឆ្នាំ ២០២០ វឌ្ឈភាពនៃឧស្សាហកម្មយានយន្តបានស្ទុះងើបឡើងវិញដែលលឿនជាងអ្វីដែល គ្រប់គ្នាបានរំពឹងទុកជាមួយនឹងការងើបឡើងវិញនៃការលក់រថយន្តនៅទូទាំងពិភពលោក។ នេះបណ្តាលឱ្យមានការរាំងស្ទះដល់ការផ្គត់ផ្គង់ឈីបទូទាំងពិភពលោកដែលបានចាប់ផ្តើមបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរនៅខែមករាដើមឆ្នាំ ២០២១ ហើយបាននឹងកំពុងកើនឡើងកាន់តែខ្លាំងឡើងៗជារៀងរាល់ថ្ងៃ។

តើវិបត្តិកង្វះបន្ទះឈីបបានជះឥទ្ធិពលអ្វីខ្លះ?

ឧស្សាហកម្មផ្សេងៗត្រូវបានរងផលប៉ះពាល់ដោយសារតម្រូវការបន្ទះឈីបអេឡិចត្រូនិកសកលបន្តកើនឡើងលើសការផ្គត់ផ្គង់។ សម្រាប់ក្រុមហ៊ុនដែលពឹងផ្អែកលើបន្ទះឈីប បានរងការខ្វះខាតបណ្តាលឱ្យមានការរាំងស្ទះខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបង្ខំឧស្សាហកម្មជាច្រើនសម្រេចផ្អាកឬបញ្ឈប់ការផលិតមួយរយៈ។ នៅទូទាំងពិភពលោក ក្រុមហ៊ុនផលិតយានយន្តបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារកង្វះខាតបន្ទះឈីបដូចជាក្រុមហ៊ុនផលិតរថយន្តធំៗស្ទើរតែទាំងអស់ដែលមានរោងចក្រនៅសហរដ្ឋអាមេរិករួមមាន General Motors Co, Ford Motor Co, Volkswagen, Toyota Motor Corp, Hyundai Motor Co, Renault, Nissan និង Jaguar, Land Rover ។ ក្រុមហ៊ុនទាំងអស់នេះទំនងជាខាតបង់រាប់ពាន់លានដោយសារតែខ្វះបន្ទះឈីបដែលត្រូវបានប្រើនៅក្នុងគ្រឿងបន្លាស់រថយន្តជាច្រើនដូចជា ឌីជីថលវាស់ល្បឿន ឌីជីថលប្រព័ន្ធព័ត៌មាន ការគ្រប់គ្រងម៉ាស៊ីនដោយប្រើកុំព្យូទ័រ និងប្រព័ន្ធជំនួយអ្នកបើកបរ នេះបើយោងតាមសារព័ត៌មាន IndiaToday។

ជាក់ស្ដែង​ ក្រុមហ៊ុនផលិតរថយន្តជាច្រើន រួមទាំងក្រុមហ៊ុន Ford Motor Co. និង General Motors Co. ត្រូវបានបង្ខំឱ្យបិទរោងចក្រជាបណ្តោះអាសន្ន ដែលបណ្ដាលឱ្យប្រាក់ចំណូលធ្លាក់ចុះរហូតដល់ ២ ពាន់លានដុល្លារភ្លាមៗ។ក្រុមហ៊ុន General Motors បានបិទទ្វាររោងចក្រនៅអាមេរិកខាងជើងទាំងបីរបស់ខ្លួនជាបណ្ដោះអាសន្នដោយសារកង្វះខាត ខណៈពេលដែលក្រុមហ៊ុន Ford បានព្រមានវិនិយោគិនថាការធ្លាក់ចុះនៃការផលិតអាចប៉ះពាល់ដល់វិស័យឧស្សាហកម្មរបស់ខ្លួន។ Stellantis ដែលជាក្រុមហ៊ុនផលិតរថយន្តធំលំដាប់ទីបួនរបស់ពិភពក៏ជាប់គាំងស្ទះជាមួយកង្វះបន្ទះឈីបកាន់តែអាក្រក់នៅក្នុងត្រីមាសចុងក្រោយនេះ រួមទាំងក្រុមហ៊ុន Fiat Chrysler និងក្រុមហ៊ុនផលិតរថយន្ត Peugeot PSA បានព្រមានថាការរំខាននេះអាចបន្តរហូតដល់ឆ្នាំ ២០២២ ។ លើសពីនេះទៅទៀត Nissan បានបញ្ឈប់នូវប្រព័ន្ទរុករកថ្មីដោយការ​បំពាក់​ជាមួយ​​កញ្ចក់​មើល​ក្រោយ​ស្តង់ដារឆ្លាតវៃលើរថយន្ដចំនួន ១៥០០ គ្រឿង នៅពេលដែលក្រុមហ៊ុន Renault លែងដាក់អេក្រង់ឌីជីថលដែលមានទំហំធំនៅពីក្រោយចង្កូតឡានមួយចំនួនដូចគ្នា។ រីឯក្រុមហ៊ុន​រថយន្ត​ជួល​ក៏​កំពុង​ទទួល​បាន​ផល​ប៉ះពាល់​ផង​ដែរ ដោយ​សារ​ពួកគេ​មិន​អាច​បញ្ជាទិញ​រថយន្ត​ថ្មី​ដែល​ពួកគេ​ចង់បាន​ដូចជាក្រុមហ៊ុន Hertz និង Enterprise ជាដើម។ BMW បានផ្អាកការផលិតនៅរោងចក្រខ្នាតតូចរបស់ក្រុមហ៊ុននៅ Oxford ដោយលើកឡើងពីការខ្វះខាតបន្ទះឈីបកុំព្យូទ័រផងដែរ។ ក្រុមហ៊ុនផលិតរថយន្តមួយចំនួនកំពុងបោះបង់ចោលលក្ខណៈពិសេសទំនើបដោយសារកង្វះបន្ទះឈីប។

នេះមិនមែនឧស្សាហកម្មរថយន្ដតែឯងទេសូម្បីឧបករណ៍ប្រើប្រាស់ប្រចាំថ្ងែក៏រងហានិភ័យដែរដូចជា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung របស់កូរ៉េខាងត្បូងថាខ្លួនអាចនឹងរំលងការចេញលក់ស្មាតហ្វូន Galaxy Note ស៊េរីបន្ទាប់ខណៈ Xiaomi បានរៀបរ៉ាប់ពីស្ថានភាពធ្ងន់ធ្ងរយ៉ាងខ្លាំងជាមួយនឹងកង្វះខាតដែលប៉ះពាល់ដល់ឧស្សាហកម្មទាំងមូល ដោយបានព្រមានថាក្រុមហ៊ុនអាចនឹងត្រូវតម្លើងថ្លៃដើមដល់អ្នកប្រើប្រាស់ ដោយឡែក LG ក៏ស្ថិតក្នុងហានិភ័យនៃកង្វះបន្ទះឈីបនេះដែរ។​ ក្រុមហ៊ុន Sony បានទទួលស្គាល់ថា ខ្លួនមិនអាចរក្សាបាននូវតម្រូវការសម្រាប់ Playstation5 របស់ខ្លួន ហើយបានព្រមានថាឧបសគ្គលើការផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកនឹងបន្តរហូតដល់ឆ្នាំក្រោយ។ មិនតែប៉ុណ្ណោះឧបករណ៍ប្រើប្រាស់ក្នុងផ្ទះកំពុងជួបការលំបាកក្នុងការបំពេញតម្រូវការ ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនអាចទិញផលិតផលដែលដំណើរការដោយម៉ាស៊ីនដូចជា មីក្រូវ៉េវ ទូទឹកកក ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនសម្ងួត។ ជាក់ស្ដែងក្រុមហ៊ុនអេឡិចត្រូនិច Electrolux កំពុងមានភាពតឹងតែងជាពិសេសគ្រឿងបន្លាស់អេឡិចត្រូនិច ដែលមានន័យថាក្រុមហ៊ុនមិនអាចបំពេញតម្រូវការលើផលិតផលទាំងអស់។

ជាការពិតណាស់ ក្រុមហ៊ុនផលិតបន្ទះឈីបធំទាំងបី គឺក្រុមហ៊ុន Taiwan Semiconductor Manufacturing Co. (TSMC), Samsung និង Intel បានប្រកាសពីផែនការចំណាយដើមទុនដ៏ធំដែលសរុបជាទឹកប្រាក់ជិត ១៥០ ពាន់លានដុល្លារ ដើម្បីបង្កើនសមត្ថភាពបន្ថែមរបស់ខ្លួន ដោយថ្មីៗនេះក្រុមហ៊ុន Intel នឹងចំណាយ ២០ ពាន់លានដុល្លារដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីបថ្មីពីរនៅអារីហ្សូណានៃសហរដ្ឋអាមេរិក។ ចំណែក TSMC ជាផ្នែកមួយរបស់ខ្លួនបានសន្យាផ្តល់ប្រាក់ចំនួន ១០០ ប៊ីលានដុល្លារអាមេរិកដើម្បីបង្កើនសមត្ថភាពជាមួយយុទ្ធសាស្ត្រនឹងគោលដៅឈានដល់ចំណែកទីផ្សារសកល ២០% ។ យ៉ាងណាមិញ ការខ្វះខាតបន្ទះឈីបអាចជាសញ្ញានៃការពង្រីកសេដ្ឋកិច្ច ជាលទ្ធផលនៃការកើនឡើងនៃតម្រូវការសម្រាប់ទំនិញធំៗដែលបង្ហាញពីការងើបឡើងវិញនៃការចំណាយរបស់អ្នកប្រើប្រាស់ នៅក្នុងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនពឹងផ្អែកលើបច្ចេកវិទ្យាបន្ទះឈីបអេឡិចត្រូនិច ទីផ្សារសកលដែលទំនងនឹងក្លាយទៅជាសូចនាករនៃសកម្មភាពសេដ្ឋកិច្ចទាំងមូល ជាមួយនឹងការកើនឡើងនៃតម្រូវការបន្ទះឈីបដែលបង្ហាញពីទិន្នផលសក្តានុពលខ្ពស់នៅក្នុងឧស្សាហកម្មដែលពាក់ព័ន្ធ។

តើមានដំណោះស្រាយបែបណាសម្រាប់ការផ្គត់ផ្គង់បន្ទះឈីបសកល?

វិបត្តិបន្ទះឈីបសកលគឺជាការដាស់តឿនប្រទេសនៅជុំវិញពិភពលោកអំពីសារៈសំខាន់នៃឧបករណ៍អេឡិចត្រូនិកសម្រាប់អនាគតមនុស្ស។ ការប្រឈមមុខនឹងកង្វះខាតបន្ទះឈីបដ៏អាក្រក់បំផុតដែលមិនធ្លាប់មានបានដាក់សម្ពាធ យ៉ាងធ្ងន់ដល់រដ្ឋាភិបាល ក្រុមហ៊ុនផលិតរថយន្ត និងអ្នកផលិតបន្ទះឈីបនានាក្នុងការរកដំណោះស្រាយ ។ ជាអកុសលការផលិតបន្ទះឈីបមិនអាចបង្កើនយ៉ាងឆាប់រហ័សដើម្បីឆ្លើយតបទៅនឹងបញ្ហារយៈពេលខ្លីឡើយ ដែលនេះមានន័យថាយើងត្រូវរង់ចាំក្នុងអំឡុងពេលមានវិបត្តិបន្ទះឈីបដោយអនុញ្ញាតឱ្យការផ្គត់ផ្គង់តាមទាន់តម្រូវការវិញ។  យ៉ាងណាមិញរដ្ឋាភិបាលជុំវិញពិភពលោកបានប្តេជ្ញាចិត្តចំពោះការចំណាយដើមទុន និងកំពុងបន្តគោលនយោបាយដើម្បីបង្កើនសមត្ថភាពផលិតបន្ទះឈីបក៏ដូចជាបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកដែលអាចជៀសផុតពីការជាប់គាំង។

កូរ៉េខាងត្បូងបានប្រកាសកម្មវិធីវិនិយោគមួយដែលមានតម្លៃ ៤៥០ ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដើម្បី ឧបត្ថម្ភលើការផលិត semiconductor និងបង្កើនសមត្ថភាពក្រុមហ៊ុនផលិតបន្ទះឈីបរបស់ខ្លួនក្នុងការប្រកួតប្រជែងលើទីផ្សារសកល ទន្ទឹមនឹងនោះរដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងផ្តល់ការបន្ធូរបន្ថយពន្ធ កាត់បន្ថយអត្រាការប្រាក់ បទប្បញ្ញត្តិ និងជួយផ្តល់មូលនិធិដល់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផងដែរ។ ពួកគេក៏នឹងផ្តល់មូលនិធិដល់ការបណ្តុះបណ្តាលអ្នកជំនាញ ឧបករណ៍អេឡិចត្រូនិកជាង ៣៦.០០០ នាក់ដើម្បីរក្សាតំណែងរបស់ពួកគេនៅក្នុងទីផ្សារ។ ចំណែកឯប្រទេសចិនបានបង្កើតមូលនិធិជាតិរាប់ពាន់លានដុល្លារដើម្បីវិនិយោគលើក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុកខណៈដែលខ្លួនមានបំណងតាមទាន់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងតៃវ៉ាន់។

ប្រធានាធិបតីអាមេរិក លោកបៃដិន ក៏បានចុះហត្ថលេខាលើបទបញ្ជាស្តីពីការច្នៃប្រឌិតនិងការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះបានផ្តល់មូលនិធិចំនួន ៥២ ពាន់លានដុល្លារសម្រាប់គំនិតផ្តួចផ្តើមទាក់ទងនឹងឧបករណ៍អេឡិចត្រូនិកដែលនឹងធ្វើការជាមួយក្រុមហ៊ុន Intel និង TSMC ដើម្បីជំរុញការផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក នេះបើយោងតាមសារព័ត៌មាន Nikkei Asia។ កង្វះខាតមិនត្រឹមតែបានជំរុញឱ្យឧស្សាហកម្មបច្ចេកវិទ្យាកាន់តែរីកធំប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជំរុញឱ្យមាននិន្នាការកើនឡើងដែលនឹងជំរុញកំណើនសេដ្ឋកិច្ចអាមេរិកនៅក្នុងរយៈពេលវែង។

ទន្ទឹមនឹងនេះ​ ដោយមើលឃើញពីការប្រឈមនឹងការខ្វះខាតបន្ទះឈីបសកល និងការពឹងផ្អែកយ៉ាងខ្លាំងទៅលើបណ្តាប្រទេសដូចជាតៃវ៉ាន់និងសហរដ្ឋអាមេរិក បណ្តាប្រទេសអ៊ឺរ៉ុបកំពុងរៀបចំផែនកំណត់គោលដៅប្រកបដោយមហិច្ឆតាដើម្បីបង្កើនចំណែកការផលិតបន្ទះឈីបកុំព្យូទ័ររបស់ខ្លួននៅក្នុងទីផ្សារបន្ទះឈីបពិភពលោករហូតដល់ ២០% នៅត្រឹមឆ្នាំ ២០៣០ ដើម្បីតាមទាន់មេដឹកនាំពិភពលោកស្តីពីការរចនានិងការផលិតមីក្រូឈីប។ ត្រង់កន្លែងនេះបានបង្ហាញពីមហិច្ឆតារបស់ប្រទេសបណ្ដាអឺរ៉ុប ក្នុងការប្រកួតប្រជែងក៏ដូចជាបង្កើនអធិបតេយ្យភាពបច្ចេកវិទ្យាផងដែរ។ ជាការមិនអាចមើលរំលង ដើម្បីបញ្ចៀសការគាំងស្ទះនៃវិបត្តិនេះ ការប្ដេជ្ញាចូលរួមរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗបានឆ្លុះបញ្ចាំពីការកាត់បន្ថយសម្ពាធនៃការខ្វះខាតបន្ទះឈីបនេះយ៉ាងធំធេងដែលបង្ហាញពីការយកចិត្តទុកដាក់ក្នុងវិស័យឧស្សាហ៍កម្មបច្ចេកវិទ្យាគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់នាពេលអនាគតនៃឧស្សាហកម្មបន្ទះឈីប ដោយសារតែបន្ទះឈីបបន្តក្លាយជាធាតុចូលដ៏សំខាន់នៅក្នុងទីផ្សាអេឡិចត្រូនិចសកលនាពេលអនាគត។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ថាំង ស៊ីណន និង លោក ហ៊ុន សំរិទ្ធកេតិស័ក្ត
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ