"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិបត្តិជនភៀសខ្លួននៅតាមព្រំដែនប៉ូឡូញ​ (Poland) និងបេឡារុស (Belarus)

គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង​ ​ហ៊​ត​

វិបត្តិជនភៀសខ្លួនគឺជាបញ្ហាចម្បងមួយដែលប្រទេសនៅក្នុងតំបន់អឺរ៉ុបនិងនៅតាមតំបន់មជ្ឍិមបូព៌ាកំពុងតែជួបប្រទះ។ សង្គា្រមសុីវិលដ៏រ៉ាំរ៉ៃនៅតាមបណ្តាប្រទេសនៅមជ្ឍិមបូព៌ាបានធ្វើឱ្យមានកំណើនជនភៀសខ្លួនទៅតាមបណ្តាប្រទេសនានាជាពិសេសប្រទេសដែលនៅជាប់ព្រំប្រទល់និងប្រទេសនៅក្នុងតំបន់អឺរ៉ុប។​ វិបត្តិជនភៀសខ្លួនគឺជាទំនួលខុសត្រូវរបស់ប្រទេសទាំងអស់នៅក្នុងពិភពលោកព្រោះរដ្ឋាភិបាលនីមួយៗមានកាតព្វកិច្ចដើម្បីផ្តល់នូវសុវត្ថិភាពក្នុងការរស់នៅដល់ប្រជាជនរបស់ខ្លួន ប៉ុន្តែប្រសិនបើរដ្ឋាភិបាលទាំងមិនអាចសម្រចបានការផ្តល់ឱ្យនេះទេ​ នោះវានិងក្លាយទៅជាទំនួលខុសត្រូវ ឬ ជាបន្ទុករបស់រដ្ឋាភិបាលនៃប្រទេសទីបីឬប្រទេសគោលដៅរបស់ជនភៀសខ្លួនទាំងនោះ។​ ជាក់ស្តែងប្រទេសប៉ូឡូញ និង ប្រទេសបេឡារុសបានកំពុងតែមានបញ្ហាយ៉ាងតឹងសសៃកដាក់គ្នាជុំវិញបញ្ហាជនភៀសខ្លួននេះផងដែរ​។

តើមានរឿងអ្វីដែលកំពុងតែកើតឡើងរវាងប្រទេសប៉ូឡូញ និង បេឡារុស?

វិបត្តិជនភៀសខ្លួនគឺជាបញ្ហាមួយដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសប៉ូឡូញដែលជាប្រទេសសមាជិករបស់សហភាពអឺរ៉ុប​មានភាពរង្គោះរង្គើរជាមួយនិងប្រទេសបេឡារុសដែលមានព្រំប្រទល់ជាប់គ្នា។ បញ្ហាដ៏រកាំរកូសនេះបានកើតឡើងកាលពីដើមឆ្នាំ២០២១កន្លងមកនេះនៅពេលដែលប្រធានាធិបតីនៃប្រទេសបេឡារុសលោក អាឡិចសេនដឺ លូកាស៊ីនកូ ( Alexander Lukashenko) បានប្រកាសថាខ្លួននឹងលែងធ្វើការឃាត់ឃាំងជនភៀសខ្លួនដែលមកពីមជ្ឃិមបូព៌ាកុំឱ្យធ្វើដំណើរចូលទៅក្នុងសភាពអឺរ៉ុបទៀតហើយ​ ដែលនេះបានបង្ករឱ្យមានជនភៀសខ្លួនប្រមាណជា ៣​​ទៅ​ ៤​ពាន់នាក់​ កំពុងតែធ្វើការព្យាយាមឆ្លងទៅក្នុងសហភាពអុឺរ៉ុបតាមព្រំប្រទល់នៃប្រទេសប៉ូឡូញ។​ ជាការឆ្លើយតប​ កម្លាំងប៉ូលីសប៉ូឡូញដែលកំពុងតែប្រចាំការនៅតាមព្រំដែនក៏បានរារាំងមិនឱ្យមានការឆ្លងចូលរបស់ជនភៀសខ្លួនដែលពំុមានឯកសារទាំងនោះឱ្យចូលទៅកាន់ទឹកដីនៃប្រទេសប៉ូឡូញផងដែរ។​ ជនភៀសខ្លួនប៉ុន្មានពាន់នាក់ទាំងនោះបានជាប់គាំងនៅចន្លោះព្រំប្រទល់ប្រទេសប៉ូឡូញនិងបេឡារុសដោយសារតែពួកគេត្រូវបានកម្លាំងប៉ូលីសទាំង ២ ប្រទេសបង្ខំឱ្យពួកគេចាកចេញពីប្រទេសរបស់ខ្លួន។​ ជនភៀសខ្លួនទាំងនោះកំពុងតែរស់នៅក្នុងព្រៃនិងនៅក្នុងអាកាសធាតុត្រជាក់ជាមួយនឹងភាពអត់ឃ្លានផងដែរ។ គួរបញ្ជាក់ផងដែរថាជនភៀសខ្លួនទាំងនោះបានធ្វើដំណើរមកពីបណ្តាប្រទេសមជ្ឍិមបូព៌ានានាដែលរួមមាន ប្រទេស អ៊ីស្រាអ៊ែល​ អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់​ និង ស៊ីរ៉ី​ ជាដើម។

ហេតុអ្វីបានជាប្រទេសបេឡារុសមិនបានឃាត់ការឆ្លងកាត់របស់ជនភាសខ្លួនទាំងនោះ?

មួយរយៈចុងក្រោយនេះទំនាក់ទំនងរវាងប្រទេសបេឡារុសនិងសហភាពអឺរ៉ុបកំពុងតែមានភាពល្អក់កករ។ ភាពល្អក់កករនេះបណ្តាលមកពីការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបទៅលើប្រទេសបេឡារុសដោយសារតែសហភាពអឺរ៉ុបយល់ថារដ្ឋាភិបាលរបស់ប្រទេសបេឡារុសមិនគោរពតាមលទ្ធិប្រជាធិបតេយ្យ។ បើយោងទៅតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប រដ្ឋាភិបាលនិងមន្រ្តីរបស់ ប្រទេសបេឡារុស បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយកាលពីឆ្នាំ២០២០​ កន្លងទៅនេះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចគឺបណ្តាលមកពីមានការយល់ឃើញថាការបោះឆ្នោតកន្លងទៅនៅប្រទេសបេឡារុស​គឺមានការបន្លំនិងមិនសុក្រិត។ បន្ថែមពីនេះទៅទៀត រដ្ឋាភិបាលនៃប្រទេសបេឡារុសក៏បានវាយប្រហារទៅលើអ្នកតវ៉ាដោយសន្តិភាព និងធ្វើការគៀបសង្កត់ទៅលើក្រុមអ្នកសារព័ត៌មានផងដែរ។​ បញ្ហានេះហើយដែលបានធ្វើឱ្យប្រធានាធិបតីបេឡារុសមិនពេញចិត្តហើយក៏ធ្លាប់បានគំរាមសហភាពអឺរ៉ុបអំពីការបញ្ជូនជនភៀសខ្លួនចូលទៅក្នុងសហភាពអឺរ៉ុបផងដែរ។​ ភាពរកាំរកូសនេះក៏បានបង្កទៅជាចលាចលនិងជម្លោះនៅតាមព្រំដែនរវាងប្រទេសប៉ូឡូញនិងប្រទេសបេឡារុសដូចដែលបានរៀបរាប់ពីខាងលើមកយ៉ាងដូច្នេះដែរ។​

ការឆ្លើយតបរបស់ប៉ូឡូញ និង សហភាពអឺរ៉ុប និង បេឡារុស

ប្រទេសប៉ូឡូញបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរទៅកាន់រដ្ឋា​ភិបាលបេឡារុស ហើយនាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki​​​​  បាននិយាយថាស្ថានភាពនៅជុំវិញបញ្ហានេះនឹងអាចមានភាពអាក្រក់ជាងនេះប្រសិនបើបញ្ហាទាំងនេះនៅតែបន្តឡើង។​ ដោយឡែក សហភាពអឺរ៉ុបបានអះអាងថារដ្ឋាភិបាលបេឡារុសបានបង្កជាចេតនាឱ្យមានជាបញ្ហានេះឡើងនៅតាមព្រំប្រទល់នៃសហភាពអឺរ៉ុប ពីព្រោះបេឡារុសកំពុងមានការថ្នាំងថ្នាក់ចិត្តជាមួយសហភាពអឺរ៉ុប ហើយបានបញ្ចុះបញ្ជូលនិងបោកបញ្ឆោតជនភៀសខ្លួនទាំងនោះដោយអះអាងថាបេឡារុសនឹងជួយឱ្យពួកគេបានទៅរស់នៅក្នុងសហភាពអឺរ៉ុប​​ រាប់រួមទាំង ប៉ូឡូញ ឡេតូនី (Latvia) និង លីទុយអានី (Luthiana) ផងដែរ។​ បញ្ហានៃការរំលោភសិទ្ធិមនុស្ស​ និង ជម្លោះព្រំដែននេះហើយដែលបានធ្វើឱ្យសហភាពអឺរ៉ុបបន្តដាល់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើបេឡារុសបន្តទៀត។

រីឯរដ្ឋាភិបាលនៃប្រទេសបេឡារុសវិញបានប្រកែកយ៉ាងដាច់ខាតចំពោះការចោទប្រកាន់របស់ប៉ូឡូញនិងសហភាពអឺរ៉ុបនៅជុំវិញបញ្ហានេះផងដែរ។ ហើយនាយករដ្ឋមន្រី្តរបស់បេឡារុសក៏បានបន្តគំរាមសហភាពអឺរ៉ុបពីការកាត់ផ្តាច់នូវការផ្គត់ផ្គង់ឧស្ម័នថាមពលទៅសហភាពអឺរ៉ុបផងដែរប្រសិនបើសហភាពអឺរ៉ុបនៅតែបន្តដាក់ទណ្ឌកម្មមកលើប្រទេសរបស់ខ្លួន។

ការបង្ហាញនូវការព្រួយបារម្មរបស់អង្គការជាតិ​ និង អន្តរជាតិនានា

ដោយមានការយល់ឃើញថាជនភៀសខ្លួនទាំងនោះដែលកំពុងតែជាប់គាំងនៅតាមព្រំដែនប្រទេសទាំង ២ និង កំពុងតែជួបជាមួយនឹងភាពអត់ឃ្លាន​និងរងា​ មានក្រុមស្ម័គ្រចិត្តប៉ូឡូញមួយចំនួនបានផ្តល់ជាអាហារ សម្លៀកបំពាក់ និង វត្ថុប្រើប្រាស់ផ្សេងៗទៅដល់ជនភៀសខ្លួនទាំងនោះផងដែរ។​ រីឯអង្គការ UNHCHR អង្គការ​ IOM និងអង្គការកាកបាទក្រហមក៏បានផ្តល់ជាជំនួយទៅដល់ជនភៀសខ្លួនទាំងនោះផងដែរ ហើយក៏បានបន្តអំពាវនាវឱ្យភាគីទាំងសង្ខាងបន្តសម្រេចសម្រួលគ្នាដើម្បីបញ្ចប់នូវទារុណកម្មដល់ជនភៀសខ្លួនទាំងនោះផងដែរ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង