"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ជម្លោះសមុទ្រចិនខាងត្បូង

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា គួច​ លាងផេង

សមុទ្រចិនខាងត្បូង គឺជាដែនទឹកទីតាំងភូមិសាស្ត្រស្នូលដ៏មានសារៈសំខាន់ មួយក្នុងពិភពលោកក្នុងពេលបច្ចុប្បន្នដោយសារតែតំបន់នេះកំពុងតែមានសក្តានុពលយ៉ាងខ្លាំងសម្រាប់ការធ្វើនាវាចរដឹកទំនិញនៅលើផ្ទៃទឹក។ ផ្ទៃសមុទ្រនេះបានក្តោបក្ដាប់ដល់ទៅដល់ ៣០% នៃការដឹកជញ្ជូនទូទាំងពិភពលោក ឆ្ពោះទៅកាន់ទីផ្សារសេដ្ឋកិច្ចសំខាន់ៗនៅជុំវិញពិភពលោក។ មិនតែប៉ុណ្ណោះសមុទ្រចិនខាងត្បូងនេះជាទីតាំងដែលសម្បូរទៅដោយធនធានធម្មជាតិមានតម្លៃដ៏សម្បើម ព្រមទាំងអាចផ្ដល់នូវផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនមហិមាទៅដល់ប្រទេសណាដែលអាចគ្រប់គ្រងតំបន់នេះបាន។ សម្បត្តិធម្មជាតិសំខាន់ៗទាំងនោះរួមមានដូចជា ប្រេងប្រហែល១១ពាន់លានបារ៉ែល ឧស្ម័នធម្មជាតិប្រមាណ១៩០ពាន់លានហ្វីតគូប ធនធាននេសាទចំនួន១០%នៃផលិតសរុបលើពិភពលោក រួមជាមួយជីវចម្រុះជាច្រើនប្រភេទទៀតផង។ ដោយសារតែផលប្រយោជន៍ដ៏ធំបែបនេះហើយ ទើបបណ្ដាលឱ្យប្រទេសដែលនៅជុំវិញសមុទ្រចិនខាងត្បូងរួមមាន ចិន វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេ បានព្យាយាមបង្កើតឱ្យមានទីតាំងឈរជើងនៅតាមដែនទឹករបស់ពួកគេរៀងខ្លួន ដើម្បីក្រសោបយកផលប្រយោជន៍នៃតំបន់ដ៏អំណោយផលមួយនេះ។ ទន្ទឹមនឹងបង្កើតទីតាំងឈរជើង ប្រទេសទាំងអស់បានសម្រេចអនុវត្តច្បាប់របស់អង្គការសហប្រជាជាតិ ដែលបានលើកឡើងថា ដែនសមុទ្ររបស់ប្រទេសមួយមានចម្ងាយលាតសន្ធឹង៣៧០គីឡូម៉ែត្រ ពីច្រាំងសមុទ្ររបស់ខ្លួន ហើយប្រទេសគ្រប់ភាគីទាំងអស់បានកំណត់យកកម្រិត៣៧០គីឡូម៉ែត្រ ដើម្បីលាតសន្ធឹងកំណត់យកដែនទឹករបស់ខ្លួន។ ប៉ុន្តែក្នុងចំណោមប្រទេសទាំងនោះប្រទេសចិនកំពុងតែបង្ហាញជំហរក្នុងការវាទទីខ្លាំងក្លាជាងគេ នៅក្នុងតំបន់ ហើយចង់គ្រប់គ្រងដែនទឹកនៅសមុទ្រចិនខាងត្បូងស្ទើរទាំងស្រុងដើម្បីពង្រីកអំណាចគ្រប់គ្រងផ្លូវពាណិជ្ជកម្ម កាន់កាប់ទីតាំងភូមិសាស្ត្រនយោបាយ និងប្រមូលយកធនធានធម្មជាតិ។

ការទាមទាររបស់ចិនទៅលើសមុទ្រចិនខាងត្បូងនេះ បានបណ្ដាលឱ្យមហាអំណាចធំៗនៅលើពិភពលោកដូចជា សហភាពអឺរ៉ុប អាមេរិក និងអូស្ត្រាលីជាដើម បានបង្ហាញអាកប្បកិរិយាមិនគាំទ្រកាយវិការចិន ដោយសារតែនៅពេលដែលប្រទេសចិនកាន់កាប់សមុទ្រចិនខាងត្បូងពេញលេញ នោះនឹងអាចគម្រាមកំហែងទាំងផ្នែកពាណិជ្ជកម្ម-ដឹកជញ្ជូន និងវិស័យយោធា។ រីឯប្រទេសតូចៗដែលមានវត្តមាននៅក្នុងតំបន់សមុទ្រចិនខាងត្បូងតែងតែមានស្ថានភាពគគុក និងភាពចម្រូងចម្រាសផ្នែកការទូតឥតស្រាកស្រាន្តជាមួយប្រទេសចិន។

ព្រឹត្តិការណ៍សំខាន់ៗដែលជាដើមចមនៃវិវាទក្នុងតំបន់សមុទ្រចិនខាងត្បូង

នៅឆ្នាំ១៩៤៧ ប្រទេសចិនដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ឈៀង កៃឈៀក (Chaing Kai-Sek) បានបង្កើតឱ្យមានការកំណត់ព្រំដែនទឹកដ៏ស្មុគស្មាញមួយ ហៅថា រង្វាស់បន្ទាត់៩កំណាត់ (9 Dash line) ដោយហ៊ុមព័ទ្ធសមុទ្រចិនខាងត្បូងស្ទើរតែទាំងស្រុង ហើយបានកាត់យកប្រជុំកោះស្ព្រ៊ែតលី និងប្រជុំកោះផារ៉ាសែលជាដែនកោះរបស់ចិន ដែលនេះគឺជាចំណុចចាប់ផ្ដើមដែលនាំឱ្យមានបញ្ហាវិវាទ។

ថ្ងៃទី ១១ ខែមិថុនា ១៩៧៨ លោកប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) បានប្រកាសថា ប្រជុំកោះកាឡាយ៉ាន(Kalayaan) ដែលនៅជុំជាមួយប្រជុំកោះស្ព្រ៊ែតលីគឺជាដែនកោះរបស់ហ្វីលីពីននិងជាផ្នែកមួយនៃខេត្តផាឡាវ៉ាន់(Palawan) ហើយបានទាមទារយកធ្វើតំបន់សេដ្ឋកិច្ចផ្ដាច់មុខសម្រាប់ហ្វីលីពីននាពេលនោះ ដោយយោង តាមគោលការណ៍ច្បាប់អង្គការសហប្រជាជាតិដោយកំណត់យកដែនទឹករបស់ខ្លួន មានចម្ងាយ៣៧០គីឡូម៉ែត្រពីឆ្នេរសមុទ្រ។ លើសពីនេះនៅអំឡុងដើមទសវត្សន៍ទី៨០ រដ្ឋាភិបាលក្រុងប៉េកាំង កូឡាឡាំពួ ម៉ានីល និងហាណូយ បានចាប់ផ្ដើម ពង្រាយកងទ័ពរបស់គេរៀងៗខ្លួន នៅតាមប្រជុំកោះស្ព្រ៊ែតលី ដោយអនុវត្តតាមច្បាប់របស់អង្គការសហប្រជាជាតិដូចប្រទេសហ្វីលីពីនដែរ។

ការប៉ះទង្គិចគ្នាបានកើតឡើងជាបន្តបន្ទាប់នៅទីប្រជុំកោះ ស្ព្រ៊ែតលី ហើយការប៉ះទង្គិចនេះភាគច្រើនកើតមានឡើង រវាងចិន និងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានវៀតណាម ហ្វីលីពីន និងម៉ាឡេស៊ី ហើយការប៉ះទង្គិចគ្នានេះគឺកាន់តែតានតឹងឡើងពីមួយថ្ងៃទៅមួយថ្ងៃរហូតក្លាយជាជម្លោះអន្តរជាតិមកទល់សព្វថ្ងៃ។ នៅអំឡុងខែ មីនា ឆ្នាំ២០០៩ មន្ទីរបញ្ចកោណរបស់អាមេរិកបានធ្វើសេចក្ដីរាយការណ៍មួយដោយបានលើកឡើងថា នាវាចម្បាំងចិនចំនួនប្រាំគ្រឿងបានធ្វើការបណ្ដេញនាវាឃ្លាំមើលសមុទ្ររបស់អាមេរិក ខណៈដែលនាវាអាមេរិកកំពុងតែល្បាតនៅក្នុងដែលសមុទ្រអន្តរជាតិ ដោយអាមេរិកបានបញ្ជាក់ថា ចិនបានធ្វើខុសច្បាប់សមុទ្រអន្តរជាតិរបស់អង្គការសហប្រជាជាតិ។ បន្ទាប់មកនៅក្នុងឆ្នាំនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១០ រដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បានប្រកាសថា បញ្ហាវិវាទដែលកំពុងតែកើតមាននៅក្នុងសមុទ្រចិនខាងត្បូង គឺជាបញ្ហាដែលសហរដ្ឋអាមេរិកចាប់អារម្មណ៍។

វត្តមានរបស់ភាគីទី៣ចូលមកពាក់ព័ន្ធក្នុងជម្លោះនេះ

ក្រៅពី ភាគីពាក់ព័ន្ធទាំង៦ ក៏បានលេចចេញនូវវត្តមានភាគីដែលមិនជាប់ពាក់ព័ន្ធជាច្រើនចូលមកស្វែងរកភាពខុសត្រូវនិងដំណោះស្រាយរួមមួយនៅក្នុងជម្លោះនេះផងដែរ។ ការលូកដៃចូលមកក្នុងជម្លោះដែនសមុទ្រដែលមានតម្លៃមហាសាលនេះគឺគេចមិនផុតពីវត្តមាននៃប្រទេសមហាអំណាចដូចជា អាមេរិក សហភាពអឺរ៉ុប សម្ព័ន្ធមិត្តត្រីភាគី AUKUS ក៏ដូចជាសមាជិកនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ខ្លួនឯងផ្ទាល់ជាដើម។ ហេតុផលចម្បងមួយដែលប្រទេសមហាអំណាចទាំងនោះបានលើកឡើងគឺ ចូលរួមដើម្បីផ្សះផ្សារ រក្សាស្ថិរភាពនិងសន្តិសុខក្នុងតំបន់អាស៊ី និងដើម្បីធ្វើជាខ្នងបង្អែកដល់ប្រទេសមានជម្លោះដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងនឹងចិន។ រីឯប្រទេសចិនវិញតែងតែចង់ឱ្យមានការដោះស្រាយលើបញ្ហាសមុទ្រចិនខាងត្បូងនេះរវាងប្រទេសនិងប្រទេស ជាជាងការលូកដៃរបស់ភាគីមិនជាប់ពាក់ព័ន្ធ ជាពិសេសអាមេរិកនិងអាស៊ានទាំងមូល។

សរុបសេចក្ដីមក បញ្ហាសមុទ្រចិនខាងត្បូងនេះនឹងបន្តក្លាយជាជម្លោះរ៉ាំរ៉ៃដោយហេតុថា ភាគីពាក់ព័ន្ធនីមួយៗមានគោលជំហរច្បាស់លាស់និងដាច់ដោយឡែកពីគ្នាហើយមិនអាចប្រកាន់យកនូវដំណោះស្រាយរួមមួយ។ ម្យ៉ាងវិញទៀត បញ្ហានេះក៏ត្រូវបានប្រែក្លាយជាទីតាំងវាទីឥទ្ធិពលនិងភាពខ្លាំងរបស់មហាអំណាចឥតស្រាកស្រាន្ត ហើយក្នុងស្ថានការណ៍ដ៍អាក្រក់ណាមួយ ការប្រឈមមុខដាក់គ្នាផ្នែកប្រដាប់អាវុធតាមផ្លូវទឹកឬផ្លូវអាកាសក៏អាចនឹងកើតមានឡើង។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ណោង សុខនិមល និង កញ្ញា លន់ សុមាលា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង