"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

សមត្ថភាពរបស់អនីតិជននៅក្នុងកិច្ចការជំនួញ និងអាពាហ៍ពិពាហ៍

គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ
តើបុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ អាច (១) ប្រកបកិច្ចការជំនួញ (២) ក្លាយជាបុគ្គលិកឬជាកម្មករនិយោជិត (៣) ឬរៀបអាពាហ៍ពិពាហ៍បានដែរឬទេ?

នៅក្នុងបរិបទសង្គមរបស់យើងជាគោលការណ៍មានតែបុគ្គលដែលមានអាយុ១៨ឆ្នាំឡើងទៅទេទើបទទទួលបានសិទ្ធិពេញលេញនៅក្នុងការប្រកបកិច្ចការជំនួញដោយឯករាជ្យ ក្លាយជាបុគ្គលិកឬជាកម្មករនិយោជិតរបស់ក្រុមហ៊ុន ឬសហគ្រាសផ្សេងបាន។ ចំណែកការរៀបអាពាហ៍ពិពាហ៍ក៏ដូចគ្នាដែរជាគោលការណ៍មានតែបុគ្គលដែលមានអាយុគ្រប់១៨ឆ្នាំតែប៉ុណ្ណោះទើបអាចរៀបអាពាហ៍ពិពាហ៍បាន។

តើតើច្បាប់បានកំណត់លក្ខខណ្ឌដូចម្ដេចខ្លះដើម្បីឱ្យអនីតិជនអាចប្រកបកិច្ចការទាំងនោះបាន?

អនីតិជនដែលអាចប្រកបអាជីវកម្មផ្សេងៗបានលុះត្រាតែមានការយល់ព្រមពីឪពុកម្ដាយ ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនជាមុនសិន។ ការទទួលបានការអនុញ្ញាត គឺធ្វើឱ្យអនីតិជននោះអាចប្រកបអាជីវកម្មផ្សេងៗ ដោយទុកចិត្តចំពោះសកម្មភាពរបស់ខ្លួនផង ព្រមទាំងផ្ដល់សេចក្ដីទុកចិត្តចំពោះដៃគូអាជីវកម្មរបស់ខ្លួនផង។ ពីព្រោះថានៅក្នុងមាត្រា១៨ នៃក្រមរដ្ឋប្បវេណី បានកំណត់ថា សកម្មភាពដែលអនីតិជនបានធ្វើដោយមិនបានទទួលការយល់ព្រមពីអ្នកមានសិទ្ធិអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជន អាចលុបចោលបាន។ ក៏ប៉ុន្តែមិនមែនគ្រប់សកម្មភាពរបស់អនីតិជនសុទ្ធតែអាចលុបចោលដោយឪពុកម្ដាយ ឬអ្នកអាណាព្យាបាល នោះទេ។ មានករណីមួយចំនួនដែលឪពុកម្ដាយ ឬអ្នកអាណាព្យាបាលមិនអាចលុបចោលបាន ដូចជា សកម្មភាពដែលទទួលបានសិទ្ធិលើទ្រព្យសម្បត្តិ ឬឱ្យរួចផុតពីកាតព្វកិច្ច ឬសកម្មភាពដែលទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃ នេះបើមាត្រា១៨ ដដែល។

ក្រៅពីការទទួលបានយល់ព្រមពីឪពុកម្ដាយ ឬអ្នកអាណាព្យាបាល អនីតិជនអាចដាក់ពាក្យសុំដើម្បីទទួលបានអត្តាធីនភាពផងដែរ។ អត្តាធីនភាព គឺរបបម្យ៉ាងដែលអនុញ្ញាតអនីតិជនដែលមានអាយុដល់១៦ឆ្នាំ មានសិទ្ធិដូចនីតិជនដែរ។ ដើម្បីទទួលបានអត្តាធីនភាពនេះ អនីតិជនត្រូវមានដល់១៦ឆ្នាំ ហើយដាក់ពាក្យសុំទៅតុលាការ ដើម្បីតុលាការពិចារណា និងប្រកាសអំពីរបបនេះបាន។ នៅពេលទទួលបានអត្តាធីនភាព អនីតិជននោះ និងទទួលបាននីតិភាព ពោលគឺសិទ្ធិ និងការសម្រេចចិត្តផ្សេងៗ អាចអនុវត្តបានដោយឯករាជ្យ។

ការប្រកបកិច្ចការងារជាបុគ្គលិក ឬកម្មករនិយោជិតរបស់អនីតិជន

យោងតាមច្បាប់ស្ដីពីការងារមាត្រា ១៧៧ កថាខណ្ឌទី១ អាយុអប្បបរមាអាចចូលធ្វើការជាកម្មករនិយោជិត ត្រូវបានកំណត់ត្រឹម១៥ឆ្នាំ។ នេះមានន័យថាអនីតិជនដែលមានអាយុតិចជាង១៨ឆ្នាំ អាចប្រកបការងារបាន ក៏ប៉ុន្តែត្រូវអនុលោមតាមនីតិវិធី ដូចដែលមានចែងនៅក្នុងប្រកាសលេខ ៤៦៧ ចុះថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០១៥ស្ដីពីនីតិវិធីនៃការជ្រើសរើសកម្មករនិយោជិតវ័យក្មេងនៅតាមសហគ្រាស គ្រឹះស្ថាន។ប្រកាសនេះបានកំណត់អំពីលក្ខខណ្ឌអាយុ លក្ខខណ្ឌការងារ ឯកសារចាំបាច់សម្រាប់ទទួលកម្មករនិយោជិតវ័យក្មេងឱ្យចូលធ្វើការ និងរយៈពេលនៃការធ្វើការជាដើម។

ការរៀបអាពាហ៍ពិពាហ៍របស់អនីតិជន

យោងតាមក្រមរដ្ឋប្បវេណី មាត្រា៩៤៨ ជាគោលការណ៍បុរស និងនារីដែលមិនទាន់ដល់នីតិភាព មិនអាចរៀបអាពាហ៍ពិពាហ៍បានឡើយ។ ក៏ប៉ុន្តែ ក្នុងករណីដែលភាគីម្ខាង មានអាយុយ៉ាងតិច ១៨ ហើយម្ខាងទៀតជាអនីតិជនដែលមានអាយុមិនតិចជាង ១៦ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍បាន។ ការរៀបអាពាហ៍ពិពាហ៍នេះ ត្រូវមានការយល់ព្រមពីឪពុកម្ដាយ ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនជាមុនសិន។

សរុបជារួមមកទោះបីជាអនីតិជនមិនទាន់គ្រប់អាយុ១៨ឆ្នាំ ក៏ដោយ ក៏ពួកគេអាចទទួលបានសិទ្ធិនៅក្នុងការប្រកបអាជីវកម្ម ការប្រកបកិច្ចការងារជាបុគ្គលិក ឬកម្មករនិយោជិតរបស់សហគ្រាស ឬអាចរៀបអាពាហ៍ពិពាហ៍បានទៀតផង ឱ្យតែពួកគេអនុលោមទៅតាមច្បាប់ដែលបានកំណត់។ ការអនុលោមតាមច្បាប់នេះ និងធ្វើឱ្យកិច្ចសន្យានៅក្នុងជំនួញ កិច្ចសន្យាការងារ និងការរៀបអាពាហ៍ពិពាហ៍របស់ពួកគេមានសុពលភាពតាមច្បាប់។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ ក្រុមការងារសរសេរអត្ថបទ The SEED
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង