"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើ Omicron អាចជះឥទ្ធិពលមកដល់សេដ្ឋកិច្ចពិភពលោកយ៉ាងណាខ្លះ?

គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង ហ៊ត

មុននឹងមានវត្ដមានរបស់ Omicron ដែលបានរកឃើញនៅថ្ងៃទី២៤ ខែវិច្ឆិកាកន្លងទៅនេះនៅអាហ្រ្វិកខាងត្បូង មេរោគបម្លែងថ្មី Delta ត្រូវបានចាត់ទុកថាជាប្រភេទមេរោគកូវីដ១៩កំពូល ដែលអាចមានសមត្ថភាពឆ្លងលឿន ងាយឱ្យអាចជំងឺធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនិងបាត់បង់ជីវិត។ វត្តមានរបស់មេរោគ Omicron បានធ្វើឱ្យពិភពលោកភ័យព្រួយដោយសារតែមានការសង្ស័យថាមេរោគបម្លែងខ្លួនថ្មីមួយនេះអាចនឹងក្លាយជាដណ្ដើមដំណែងជាមេរោគបម្លែងថ្មីដែលខ្លាំងជាងគេពីមេរោគ Delta និងអាចមានវត្ដមាននៅពាសពេញពិភពលោកនាពេលបន្តិចទៀតនេះ ខណៈប្រទេសលើសពី ៥០ បានប្រកាសពីវត្ដមានរបស់វា។ ដូចនេះ តើសេដ្ឋកិច្ចពិភពអាចនឹងរងផលឥទ្ធិពលយ៉ាងណាពី Omicron?

មេរៀនចាស់បង្កើតឱ្យមានការរឹតបន្តឹង

បើយើងប្រៀបធៀបពីការផ្ទុះមេរោគបម្លែងខ្លួនថ្មី Delta និង Omicron យើងនឹងឃើញថា ដំបូងឡើយ ពិភពលោកនិងជាពិសេសរដ្ឋាភិបាលប្រទេសឥណ្ឌាបានមើលស្រាលស្ថានភាពនិងសមត្ថភាពរបស់ Delta របស់ធ្វើឱ្យមានសោកនាដកម្មនៅឥណ្ឌា និងក្លាយជាមេរោគបម្លែងថ្មីដែលគួរឱ្យព្រួយបារម្ភជាង គេលំដាប់ពិភពលោក។ ខុសពីចំណាត់ការទៅលើមេរោគបម្លែងខ្លួនថ្មី Delta ពិភពលោកក៏ដូចជាប្រទេសដែលបានរកឃើញមេរោគបម្លែងខ្លួនថ្មី Omicron បានចាត់វិធានការដ៏យកចិត្ដទុកដាក់ និងបិទព្រំប្រទេសជាមួយប្រទេសដែលបានរកឃើញមេរោគ Omicron នៅតំបន់អាហ្វ្រិកខាងត្បូង ដើម្បីនាំគ្នាទប់ស្កាត់កុំឱ្យមេរោគនេះរីកសាយភាយក្នុងប្រទេសរបស់ខ្លួន។ ការប្រតិកម្មរហ័សរបស់ពិភពលោកទៅលើមេរោគ Omicron នេះ គឺមកពីមេរៀនពីមុនៗនៃមេរោគបម្លែងខ្លួនថ្មី ជាពិសេស Delta និងការព្រួយបារម្ភពីប្រសិទ្ធិភាពវ៉ាក់សាំងក្នុងការទប់ទល់នឹងមេរោគបម្លែងខ្លួន Omicron។ យ៉ាងណាមិញ ប្រតិកម្មរហ័សនេះមិនត្រូវបានអង្គការសុខភាពពិភពលោកសាទរឡើយ។ ជាមួយគ្នានេះ សូម្បីតែក្រុមហ៊ុន Moderna ដែលជាក្រុមហ៊ុនវាក់សាំងអាមេរិកឈានមុខគេក៏បង្ហាញពីហានិភ័យនៃមេរោគបម្លែងថ្មីនេះដែរ ដោយគិតថាវាក់សាំងរបស់ខ្លួនប្រហែលជាមិនអាចទប់ទល់ជាមួយ Omicron បានទេ។ ក្រឡេកមកមើលទីកន្លែងដែលរកឃើញវត្តមាន Omicron មុនគេវិញ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg ករណីឆ្លងថ្មីនៅអាហ្វ្រិកខាងត្បូងបានហក់ឡើងពីជាង ៣០០ ករណីនៅជាង ៣ សប្ដាហ៍មុន មកដល់ជាង ១០០០០ ករណីអំឡុងពេល ៧ ថ្ងៃចុងក្រោយនេះ។ ទោះបីជាពិភពហាក់ចាប់អារម្មណ៍មកលើមេរោគបម្លែងថ្មី Omicron នេះក៏ដោយ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg គិតត្រឹតថ្ងៃទី៥ អ្នកជំងឺសឹងតែទាំងអស់មិនត្រូវការពឹងផ្អែកលើអុកស៊ីសែន។

សេដ្ឋកិច្ចពិភពលោក ត្រឹមតែចំហាយ Omicron

ជាក់ស្ដែង ការរឹតត្បិតនានា ទោះតិចឬច្រើន នឹងប៉ះពាល់មកដល់សេដ្ឋកិច្ចពិភពលោក។ ដូចដែលបានរាយរាប់ខាងលើ បន្ទាប់ពីដឹងថាមានវត្តមាន Omicron ភ្លាម ពិភពលោកភ័យខ្លាចរហូតប្រកាសបិទព្រំដែនចេញចូលរៀងៗខ្លួននិងមានវិធានការថ្មីសម្រាប់អ្នកចូលស្រុក ដែលនេះគឺជាសញ្ញាណមិនល្អឡើយសម្រាប់វិស័យទេសចរណ៍ និងសង្វាក់ផលិតកម្ម។ មិនតែប៉ុណ្ណោះ ត្រឹមតែចំហាយរបស់ Omicron បានធ្វើឱ្យអ្នកវិនិយោគលើទីផ្សារភាគហ៊ុនជ្រួលច្របល់នាំគ្នាលក់ចេញហ៊ុនរបស់ខ្លួនដោយសារភ័យខ្លាចការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលធ្វើឱ្យទីផ្សារភាគហ៊ុនជាច្រើនលូតពណ៌ក្រហមនិងដាំក្បាលចុះយ៉ាងគំហុគ។ មិនតែប៉ុណ្ណោះ ភាពស្រពិចស្រពិលនៃគុណភាពវ៉ាក់សាំងក្នុងការទប់ទល់ជាមួយ Omicron ក៏បានគម្រាមកំហែងនូវផែនការរបស់ប្រទេសជាច្រើននៅអាស៊ីប៉ាស៊ីហ្វិកក្នុងការរស់នៅជាមួយកូវីដ១៩ ដែលជាហានិភ័យយ៉ាងធំនៃការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ នេះដោយសារតែសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាពិសេសប្រទេសជាសមាជិកអាស៊ានបានត្រដាបត្រដួសជាមួយការបង្អាក់សេដ្ឋកិច្ចអស់ជាង ២ ឆ្នាំមកហើយ។ ឧទាហរណ៍ជាក់ស្ដែង ប្រទេសថៃបាននិងកំពុងបន្តបាត់ប្រាក់ចំណូលរបស់ខ្លួនពីវិស័យទេសចរណ៍ ដែលវិស័យនេះបានជួយរកប្រាក់ចំណូលឱ្យសេដ្ឋកិច្ចថៃយ៉ាងច្រើន។ ដោយសារតែខ្លាចសេដ្ឋកិច្ចស្លាប់និងពិបាកងើបឡើងវិញ រាជរដ្ឋាភិបាលប្រទេសថៃបានសម្រេចបើកទេសចរណ៍វាក់សាំងនិងបន្ថូរបន្ថយវិធានការលើកូវីដ១៩ក៏ទោះបីជាប្រទេសរបស់ខ្លួនកំពុងធ្លាក់ខ្លួនចូលទៅក្នុងវិបត្ដិកូវីដ១៩យ៉ាងធ្ងន់ធ្ងរ។ តាមពិតទៅ ប្រសិនបើសេដ្ឋកិច្ចទើបតែថប់ដង្ហើម នោះ Omicron ប្រហែលជាមិនអាចជះឥទ្ធិពលលើសេដ្ឋកិច្ចឱ្យធ្ងន់ធ្ងរប៉ុន្មានទេ ប៉ុន្តែជាក់ស្ដែង សេដ្ឋកិច្ចពិភពលោកបានថប់អស់ជាច្រើនខែ ហើយប្រសិនបើបន្តថប់ដោយសារ Omicron ទៀត នោះនឹងអាចរាលដាលរហូតអាចឈានទៅដល់ការសភាពពិបាកធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញនិងរយៈពេលដែលកសាងសេដ្ឋកិច្ចឡើងវិញអាចត្រូវចំណាយពេលយូរ។

យប់យូរសុបិនច្រើន!!! កូវីដ១៩យូរអាចធ្វើឱ្យសេដ្ឋកិច្ចថប់ដង្ហើម

ទោះបីមានចរាចរណ៍នៃវាក់សាំងដែលជាក្ដីសង្ឃឹមរបស់ពិភពលោក ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅតែស្ថិតនៅក្នុងស្ថានភាពស្រពិចស្រពិលដោយសារកត្តាធំៗចំនួន ២។ ទី ១ ពិភពលោកកំពុងជួបប្រទះនឹងការកើនឡើងអតិផរណា។ United Nations on Trade and Development (UNCTAD) បានចេញរបាយការណ៍ស្ដីពីកំណើននៃអតិផរណាពិភពលោក ដែលនៅចន្លោះ២០២១-២០២៣ ថ្លៃទិញ (Consumer Price) នឹងហក់ឡើង ១.៥% និងការឡើងថ្លៃនៃតម្លៃនាំចូលពិភពលោកដល់១១%។ ការឡើងថ្លៃនៃការដឹកជញ្ជូននេះអាចបណ្ដាលមកពីបិទខ្ទប់ប្រទេសនិងភាពរអាក់រអួលនៃសង្វាក់ផលិតកម្មជាង ១៨ ខែដែលបង្កឡើងមួយភាគធំពីកូវីដ១៩។

ទី ២ គឺសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចកំពុងតែមានបញ្ហាសេដ្ឋកិច្ច។ ជាក់ស្ដែង ត្បិតតែប្រទេសចិនបានដើរចេញពីឆ្នាំ២០២០ដោយមានកំណើនសេដ្ឋកិច្ចវិជ្ជមាននិងរឹងមាំ ប៉ុន្តែប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ ២ រូបនេះបាននិងកំពុងជួបប្រទេសបញ្ហាបំណុលនិងអចលនទ្រព្យដែលបណ្ដាលមកពីការដួលរលំនៃក្រុមហ៊ុន EverGrande វិធានការគ្មានកូវីដ១៩ (Zero Covid) និងបញ្ហាវិបត្តិថាមពលជាដើម ដែលជាហេតុធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចាប់ពីត្រីមាសទី ២ មក។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិកក៏ជួបប្រទេសនូវវិបត្ដិថាមពលយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យមានការកើនឡើងនូវអតិផរណា។ តម្លៃប្រេងឥន្ធនៈកើនឡើងឥតឈប់ឈរចាប់ពីខែមករា រហូតដល់ខែកញ្ញា បើយើងមើលក្រាបរបស់ U.S. Energy Production Administration ដែលកើនឡើងពី ២,២៥ ដុល្លារអាមេរិក នៅខែមករា រហូតមកដល់ ៣,១៧ ដុល្លារអាមេរិក នៅខែកញ្ញា។ ការឡើងថ្លៃនៃប្រេងឥន្ធនៈនេះក៏បានជំរុញឱ្យលោកប្រធានាធិបតីចូ បៃឌិន បើកការស៊ើបអង្កេត និងប្រើប្រាស់ប្រេងស្តុកទុកដើម្បីទប់នៃការឡើងថ្លៃនៃប្រេងឥន្ធនៈ។ គួររំលឹកបន្តិចថា បើយោងតាម United Nations on Trade and Development (UNCTAD) ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង ២ នេះក៏ឡើងថ្លៃទិញ (Consumer Goods) ផងដែរ ដែលចិនកើនឡើង១.៤% និងអាមេរិកកើនឡើង ១.២%។

ដូចនេះ ប្រសិនបើ Omicron ពិតជាខ្លាំង ឬមានមេរោគបម្លែងថ្មីណាដែលអាចផ្ដួលជើងឯក Delta ហើយក្លាយជាមេរោគបម្លែងថ្មីដែលឆ្លងលឿននិងសាហាវជាងគេលំដាប់ពិភពលោក ដែលជាហេតុធ្វើឱ្យរដ្ឋាភិបាលនៅសកលលោកត្រូវបង្ខំចិត្តបន្តការរឹតត្បិត នោះសេដ្ឋកិច្ចពិភពលោកនឹងអាចប្រៀបដូចត្រីនៅបឹងតែរីងទឹកអស់រយៈពេលយូរ។ គុណភាពវាក់សាំង និងបច្ចេកវិទ្យាដែលព្យាបាលកូវីដ១៩កុំឱ្យមនុស្សធ្លាក់ខ្លួនឈឺប្រៀបដូចជាទឹកភ្លៀងដើម្បីឱ្យសេដ្ឋកិច្ចអាចបន្តដង្ហើមឡើងវិញបាន។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ដ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង