"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

បុរសខ្លាំងទាំង ២ របស់ប្រទេសចិនអំឡុងឆ្នាំ ១៩២៧-១៩៤៩

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

ប្រទេសចិនមានឈ្មោះជាផ្លូវការថា “សាធារណរដ្ឋប្រជាមានិតចិន” ក្រោយពីត្រូវបានបង្រួបបង្រួមនិងគ្រប់គ្រងដោយបក្សកុំម្មុយនិស្តតែមួយដែលមានប្រធានាធិបតេយ្យស៊ី ជីងពីងជាប្រធានាធិបតីនាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ ទម្រាំទទួលបាននូវរបបនយោបាយនិងការដឹកនាំដូចសព្វថ្ងៃនេះ ប្រទេសចិនធ្លាប់ឆ្លងកាត់នូវភាពល្វីងជូរចត់ ចលាចល និងការបែកបាក់ដែលជាពិសេសនោះគឺសង្គ្រាមផ្ទៃក្នុងដែលបង្កឱ្យមានការកកើតនៅដែនដីថ្មីមួយទៀតគឺកោះតៃវ៉ាន់។

សង្គ្រាមផ្ទៃក្នុងចិនដីគោកគឺជាសង្គ្រាមមួយដែលបានកើតចេញពីការប្រឆាំងគ្នារវាងគណបក្សជាតិនិយម “គួមីនតាំង” (KMT) ដែលគ្រប់គ្រងដោយលោកមេបញ្ជាការឈាង កៃជៀក​(Chiang Kai-Shek) និង គណបក្សកុំម្មុយនិស្តចិន​ (CCP)​ ដែលដឹកនាំដោយឧត្តមសេនីយ៍ម៉ៅ សេទុង។ បើងាកទៅមើលពីមូលហេតុនៃសង្គ្រាមនេះវិញ យើងឃើញថាភាពតានតឹងរបស់KMTនិងCCPបានកើនឡើងជាលំដាប់ក្រោយពីបក្សទាំងពីរជោគជ័យរៀងខ្លួន។ លោក ម៉ៅ សេទុង បានសន្យាថានឹងផ្តល់ដីដល់កសិករឱ្យធ្វើស្រែចម្ការដើម្បីសមស្របនឹងការកើនឡើងនូវចំនួនប្រជាជននិងការលុបបំបាត់គ្រោះទុរភិក្សបានបណ្តាលឱ្យCPPកាន់តែទទួលបានប្រជាប្រិយភាព។ ដោយកើតចេញពីការព្រួយបារម្ភបន្ថែមទៀតរបស់អ្នកដឹកនាំជាតិនិយមអំពីការរក្សាលទ្ធិកុម្មុយនិស្ត ព្រមទាំងការគិតថាវាប្រហែលជាជម្រើសខុសសម្រាប់ប្រទេសចិនរួមជាមួយការដឹងថាការដឹកនាំរបស់គាត់ស្ថិតក្នុងគ្រោះថ្នាក់ទើបលោកឈាង កៃជៀកបានបញ្ជាឱ្យមានការចាប់ផ្តើមបណ្តេញកសិករនិងកម្មករដែលគាំទ្រកុម្មុយនិស្តកុម្មុយនិស្តទាំងអស់ចេញពីKMT។ ក្រោយមកលោក ឈាង កៃជៀកក៏បានបង្កើតចលនាបន្សុតជាតិនិយមដោយបានសម្លាប់មនុស្សប្រហែល ២៥០,000 នាក់ រួមទាំងកុម្មុយនិស្ត សហជីព និងមេដឹកនាំកសិករដែលគាំទ្រCPPដែលបណ្តាលឱ្យCCP ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងនៅឆ្នាំ១៩២៧។

លោកម៉ៅ សេទុង (Mao Zedong)

យ៉ាងណាមិញយើងសូមបង្វែរអារម្មណ៍ទៅស្វែងយល់ពីប្រវត្តិរបស់អ្នកដឹកនាំបក្សទាំងពីរបន្តិច។ លោកម៉ៅ សេទុងមានកំណើតជាកូនកសិករនៅខេត្តហ៊ូណាន​ ហើយលោកក៏ជាមគ្គុទ្ទេសទ្រឹស្តីម៉ាក្សនិយមចិន និងជារដ្ឋបុរសដែលបានដឹកនាំបដិវត្តកុម្មុយនិស្តចិនផងដែរ។ លោក ម៉ៅ សេទុង ទទួលបានភាពល្បីល្បាញនៅក្នុងជួរកងទ័ពក្រហមដោយសារតែព្រឹត្តិការណ៍មួយដែលមានឈ្មោះថា​ “Long March” ។ Long March គឺជាការធ្វើដំណើរជាប្រវត្តិសាស្ត្រមួយ(១៩៣៤-១៩៣៥)ចម្ងាយ៦០០០ម៉ាយ(១០,០០០ គីឡូម៉ែត្រ)នៃការដកថយយោធាដែលធ្វើឡើងដោយកងទ័ពក្រហមរបស់បក្សកុម្មុយនិស្តចិនដើម្បីរត់គេចពីការតាមប្រមាញ់របស់កងទ័ព Kuomintang។ ការធ្វើដំណើរនេះបានបណ្តាលឱ្យមានការផ្លាស់ទីលំនៅរបស់មូលដ្ឋានបដិវត្តកុម្មុយនិស្តពីភាគអាគ្នេយ៍ទៅភាគពាយ័ព្យនៃប្រទេសចិន និងក្នុងការលេចឡើងនូវលោក ម៉ៅ សេទុង ក្នុងនាមជាមេដឹកនាំបក្ស។​លោក ម៉ៅ សេទុង បានដឹកនាំបក្សកុម្មុយនិស្តចិនពីឆ្នាំ ១៩៣៥ រហូតដល់គាត់ទទួលមរណភាពដែលក្នុងនោះដែរគាត់ជាប្រធានបក្ស (ប្រមុខរដ្ឋ) នៃសាធារណរដ្ឋប្រជាមានិតចិនពីឆ្នាំ ១៩៤៩ដល់ឆ្នាំ ១៩៥៩។

លោក ឈាង កៃជៀក (Chiang Kai Shek)

ចំណែកឯអ្នកដឹកនាំបក្សគួមីនតាំងលោក ឈាង កៃជៀកវិញកើតចេញពីគ្រួសារពាណិជ្ជករនិងកសិករដែលមានជីវភាពគ្រាន់បើនៅខេត្តស៊ីជាំង។ លោក ឈាង កៃជៀកទទួលបានការអប់រំទាំងនៅប្រទេសចិននិងប្រទេសជប៉ុន ហើយលោកធ្លាប់ចូលបម្រើខ្លួនក្នុងជួរកងទ័ពជប៉ុនរយៈពេល២ឆ្នាំ​(១៩០៩-១៩១១) រួចត្រលប់ទៅប្រទេសចិនវិញដើម្បីចូលរួមការធ្វើបដិវត្តន៍ លោកក៏ជាទាហាន និងជាប្រមុខរដ្ឋាភិបាលជាតិនិយមនៅក្នុងប្រទេសចិន ចាប់ពីឆ្នាំ ១៩២៨ដល់ឆ្នាំ១៩៤៩ ។ ក៏ប៉ុន្តែបន្ទាប់ពីបរាជ័យក្នុងសង្រ្គាមផ្ទៃក្នុងជាមួយបក្សកុំម្មុយនិស្តចិននៅឆ្នាំ១៩៤៩ លោកឈាង កៃជៀក និងកងទ័ពជាតិនិយមដែលសេសសល់បានគេចខ្លួនទៅកាន់កោះតៃវ៉ាន់ហើយបានបង្កើតរដ្ឋាភិបាលថ្មីមួយទៀតនៅទីនោះនិងបានព្យាយាមយាយីពួកកុម្មុយនិស្តឆ្លងកាត់ច្រកសមុទ្រ Formosa។ ម្យ៉ាងវិញទៀត ដោយមានការតម្រង់ទិសនិងជំនួយពីសហរដ្ឋអាមេរិក លោក ឈាង កៃជៀក បានទទួលជោគជ័យក្នុងរយៈពេល ២ ទស្សវត្សរ៍ ក្នុងការកំណត់តៃវ៉ាន់នៅលើផ្លូវឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ចទំនើប។ លោក ឈាង កៃជៀក បានបន្តក្លាយជាមេដឹកនាំ និងជាស្ថាបនិកកោះតៃវ៉ាន់រហូតដល់លោកទទួលអនិច្ចកម្មនៅឆ្នាំ១៩៧៥។

គូប្រជែងផង និងដៃគូផង

គួររំលឹកផងដែរថា បក្សទាំង ២ នេះក៏ធ្លាប់បង្ខំចិត្ដសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងបណ្ដេញកងទ័ពជប៉ុនអំឡុងសង្គ្រាមលោកលើកទី២ពី ឆ្នាំ១៩៣៦ដល់១៩៤៥។ ជាក់ស្តែងសង្រ្គាមរវាងប្រទេសចិននិងកងទ័ពជប៉ុនអំឡុងពេលនោះត្រូវបានគេហៅថាសង្រ្គាមចិន-ជប៉ុនលើកទីពីរ ដែលជាជម្លោះផ្ទុះឡើងនៅពេលដែលប្រទេសចិនបានចាប់ផ្តើមការតស៊ូពេញទំហឹងចំពោះការពង្រីកឥទ្ធិពលរបស់ជប៉ុននៅក្នុងទឹកដីរបស់ខ្លួន (ដែលបានចាប់ផ្តើមនៅឆ្នាំ ១៩៣១)។  ដោយឡែកបន្ទាប់ពីការបរាជ័យរបស់ជប៉ុន នៅចុងឆ្នាំ១៩៤៦បក្សទាំងពីរបានប្រកួតប្រជែងគ្នាម្តងទៀត(ការប្រជែងលើកទី១គឺកើតឡើងពីឆ្នាំ១៩២៧-១៩៣៦)ដើម្បីគ្រប់គ្រងធនធានសំខាន់ៗនិងប្រជាជននៅភាគខាងជើងប្រទេសចិន និង តំបន់ម៉ានជូរី។ ជាចុងក្រោយជោគវាសនារបស់ប្រទេសចិនត្រូវបានកំណត់ដោយគណបក្សកុំម្មុយនីស្តចិនជាអ្នកទទួលបានជ័យជំនះ ហើយបានប្តូរឈ្មោះទៅជា សាធារណរដ្ឋប្រជាមានិតចិននៅឆ្នាំ១៩៤៩។ ចំណែកឯអ្នកដឹកនាំគណបក្សគួមីនតាំងវិញ ក្រោយពីទទួលបរាជ័យលោកក៏បានគេចខ្លួនទៅរស់នៅលើដែនកោះដែលបង្កើតបានជាការដឹកនាំថ្មីមួយរបស់កោះតៃវ៉ាន់ បើទោះបីជាកោះនេះត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងអះអាងថាជាខេត្ដមួយរបស់ចិនប៉ុណ្ណោះ។ ចាប់ពីពេលនោះមក រដ្ឋាភិបាលចិនប៉េកាំង និងរដ្ឋាភិបាលតៃវ៉ាន់ដណ្ដើមដំណែងគ្នាថាជាអ្នកតំណាងចិនទាំងមូល រហូតដល់សហរដ្ឋអាមេរិកគាំទ្រគោលការណ៍ចិនតែមួយដើម្បីប្រយុទ្ធប្រឆាំងជាមួយសូវៀតអំឡុងសង្គ្រាមត្រជាក់។ ចាប់ពីពេលនោះមក រដ្ឋាភិបាលតៃវ៉ាន់បានបាត់កៅអីនៅក្នុងអង្គការសហប្រជាជាតិ និងជំនួសមកវិញនូវរដ្ឋាភិបាលចិនប៉េកាំងក្នុងនាមជាអ្នកតំណាងប្រទេសចិនទាំងមូល។

សរុបមកសង្រ្គាមស៊ីវិលចិនបានធ្វើឱ្យមានការរងទុក្ខយ៉ាងធ្ងន់ធ្ងរដល់ទាហានជាមួយនឹងការទទួលរងភាពហត់នឿយណាយអស់រយៈពេលជាយូរឆ្នាំ និងការបំផ្លាញសេដ្ឋកិច្ចដោយការបដិវត្តន៍ជាច្រើនទសវត្សរ៍រាប់ចាប់ពីការធ្វើបដិវត្ដន៍ផ្ដួរលំរបបរាជានិយម និងផ្លាស់ប្ដូរក្បាលម៉ាស៊ីនជាបន្តបន្ទាប់។ ង្គ្រាមដើម្បីបង្កើតសន្តិភាព ប៉ុន្តែសង្រ្គាម​ក៏បាន​បណ្តាល​ឱ្យ​មនុស្ស​រាប់​លាន​នាក់​ស្លាប់​បាត់បង់​ជីវិត ដួលរលំ​សេដ្ឋកិច្ច​ដោយសារ​អតិផរណា​ខ្ពស់ និង​អំពើ​ពុករលួយកើតឡើងស្ទើរគ្រប់ទីកន្លែ និងបង្ខំឱ្យ​​ប្រជាជន​រាប់លាន​នាក់​ភៀសខ្លួនពីប្រទេសនិងស្រុកកំណើត។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ កញ្ញា ចិន ស្រីពេជ្រ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង