ប្រទេសហី្វលីពីនដែលមានឈ្មោះពេញថា ”សាធារណរដ្ឋហ្វីលីពីន” ជាប្រទេសអាស៊ីអាគ្នេយ៍ដីកោះដែលមានប្រជុំកោះច្រើន ហើយក៏ជាប្រទេសមួយដែលគ្មានព្រំដែនគោកផងដែរ។ ជាមួយគ្នានេះបើនិយាយអំពីប្រវត្តិសាស្ត្រអាណានិគមវិញ ប្រទេសហី្វលីពីនក៏ជាប្រទេសមួយដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់អេស្ប៉ាញនិងសហរដ្ឋអាមេរិចផងដែរ។ ហី្វលីពីនទទួលបានឯករាជ្យពីសហរដ្ឋអាមេរិចនៅឆ្នាំ១៩៤៦ ហើយមានប្រធានាធិបតីសរុបចំនួន១៦រូប។ អ្វីដែលគួឱ្យចាប់អាម្មរណ៍ជាងគេក្នុងចំណោមប្រធានាធិបតីទាំង ១៦ នោះគឺការដឹកនាំរបស់ប្រធានាធិបតីទី១០ លោក ហ្វីឌីណង់ ម៉ាកូស។
លោក ហ្វីឌីណង់ ម៉ាកូស មានឈ្មោះពេញថា Ferdinand Emmanuel Edralin Marcos Sr. បានកើតនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ១៩១៧ និងទទួលមរណភាពនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ១៩៨៩។ លោកត្រូវបានគេស្គាល់ថាជាទាហានមួយនាទសវត្សទី ៤០ ដែលបានតស៊ូព្យាយាមនៅក្នុងការងារនយោបាយរហូតដល់បានក្លាយជាប្រធានាធិបតីហ្វីលីពីនមួយរូប។ លោកមានស្នាដៃដែលគេសាទរផង និងមានស្នាដៃដែលប្រជាជនហ្វីលីពីនមិនពេញចិត្តផង នៅក្នុងអំឡុងពេលកាន់អំណាច ដោយសារលោកបានគ្រប់គ្រងតាមបែបផ្តាច់ការនិងធ្លាប់បានប្រើប្រាស់ច្បាប់អាជ្ញាសឹកពីឆ្នាំ ១៩៧២ រហូតដល់ឆ្នាំ ១៩៨១។ លោក ហ្វីឌីណង់ ម៉ាកូស ក៏ត្រូវបានគេចាត់ទុកថាជាមេដឹកនាំដ៏ចម្រូងចម្រាសបំផុតមួយនៅក្នុងសតវត្សទី ២០ ដោយសារការគ្រប់គ្រងរបស់ លោក ម៉ាកូស មានភាពល្បីល្បាញលើអំពើពុករលួយ ភាពហួសហេតុ និងភាពឃោរឃៅរបស់លោក។
ការចាប់ផ្តើមដំបូងនិងការឈ្នះក្នុងអាណត្តិទី១
លោក ហ្វីឌីណង់ ម៉ាកូស ជាមនុស្សម្នាក់ដែលតែងតែមានមហិច្ឆិតាចង់ក្លាយទៅជាប្រធានាធិបតី។ គាត់បានព្យាយាមខិតខំប្រឹងប្រែងជាខ្លាំងក្នុងការធ្វើយុទ្ធនាការបោះឆ្នោតតាំងពីឆ្នាំ១៩៤៩ និងព្យាយាមឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ ១៩៦១ ប៉ុន្តែគាត់បានចាញ់លោក Macapagal ដែលមកពីបក្សតែមួយក្នុងការតែងតាំងជាបេក្ខភាពប្រធានាធិបតី។ នៅឆ្នាំ១៩៦៥ លោក ហ្វីឌីណង់ ម៉ាកូស បានបង្វែក្រឡាអុកដើម្បីឈានទៅមហិច្ឆតារបស់គាត់ក្នុងការឈរឈ្មោះជាប្រធានាធិបតីជាលើកទីពីរ ដោយលោក បានចាកចេញពី Liberal Party ( LP ) ទៅគណបក្ស Nacionalista Party(NP) ហើយនៅទីបំផុតលោកបានក្លាយជាបេក្ខភាពប្រធានាធិបតីរបស់បក្ស NP ដោយឈ្នះលើអនុប្រធានាធិបតី Emmanuel Pelaez។ ក្នុងយុទ្ធនាការបោះឆ្នោត១៩៦៥ លោកបានធ្វើសកម្មភាពជាច្រើនដើម្បីទាញយកប្រជាប្រិយភាពក្នុងការបោះឆ្នោត ក្នុងនោះ លោកបានថតរូបខ្លួនឯងជាមួយអ្នកស្រែនៅក្នុងវាលស្រែរបស់ពួកគេ ព្រោះអ្នកស្រែគឺជាកម្លាំងចលករដ៏ធំមួយនៃសម្លេងឆ្នោត។ ជាលទ្ធផលក្នុងការបោះឆ្នោតឆ្នាំ ១៩៦៥ លោក ម៉ាកូស បានឈ្នះការបោះឆ្នោតជាលើកដំបូងជាមួយនឹង ៥១.៩៤% ហើយនៅឆ្នាំ១៩៦៩ លោក ម៉ាកូស បានបន្តឈ្នះឆ្នោតមួយអាណិត្ដទៀត។ ក្នុងអាណិត្ដទី ១ លោកក៏បានចំណាយថវិការយ៉ាងច្រើនដោយចាប់ផ្តើមពីការបង្កើតនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃ ៥០ លានដុល្លារដុល្លារអាមេរិក ដែលនេះបានជួយរក្សានិងទាក់ទាញប្រជាប្រិយភាព។ យ៉ាងណាមិញ ភាពជោគជ័យរបស់លោកមិនអាចបន្តក្នុងអាណត្តិទី២ឡើយ ដោយសារលោកបានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ក៏ដូចជាការទម្លាក់តម្លៃប្រាក់ប៉េសូហ្វីលីពីនយ៉ាងខ្លាំង។ ការទម្លាក់តម្លៃរូបិយប័ណ្ណនេះបានបង្កជាអតិផរណា ដែលបញ្ហានេះ បាននាំមកនូវភាពចលាចលក្នុងសង្គមដែលជំរុញឱ្យមានការប្រកាសច្បាប់អាជ្ញាសឹកក្នុងឆ្នាំ ១៩៧២។
ការដាក់ច្បាប់អាជ្ញាសឹក ១៩៧២
ច្បាប់អាជ្ញាសឹក គឺជាការដាក់បណ្ដោះអាសន្ននៃការគ្រប់គ្រងដោយយោធាទៅលើមុខងារស៊ីវិលធម្មតា ឬការព្យួរច្បាប់ស៊ីវិលដោយរដ្ឋាភិបាលនិងងាកមកប្រើប្រាស់អំណាចយោធា ជាពិសេសដើម្បីឆ្លើយតបទៅនឹងភាពអាសន្នដូចជាការបះបោរពីប្រជាជន ឬ នៅក្នុងពេលមានសង្គ្រាមជាដើម ។ ជាក់ស្ដែង នៅខែកញ្ញា ឆ្នាំ ១៩៧២ លោក ម៉ាកូស បានប្រកាសច្បាប់អាជ្ញាសឹក ដោយអះអាងថា វាគឺជាការការពារចុងក្រោយប្រឆាំងនឹងការកើនឡើងនៃភាពវឹកវរដែលបណ្ដាលមកពីបាតុកម្មហិង្សារបស់និស្សិតកាន់តែខ្លាំងឡើង ការគំរាមកំហែងនៃការបះបោរកុម្មុយនិស្តដោយបក្សកុម្មុយនិស្តហ្វីលីពីនថ្មី(CPP) និងចលនាផ្តាច់ខ្លួនរបស់មូស្លីមនិងរណសិរ្សរំដោះជាតិម៉ូរ៉ូ(MNLF( ។ជាមួយគ្នានេះ សកម្មភាពដំបូងរបស់លោកគឺការចាប់ខ្លួនអ្នកនយោបាយដែលប្រឆាំងនឹងលោក ហើយជាលទ្ធផលដំបូងចំពោះច្បាប់អាជ្ញាសឹកគឺភាគច្រើនអំណោយផលគួរសមដែរ លើកលែងតែតំបន់មូស្លីមនៅភាគខាងត្បូង ដែលការបះបោរផ្តាច់ខ្លួនដឹកនាំដោយ MNLF បានផ្ទុះឡើងក្នុងឆ្នាំ ១៩៧៣។ ក្រៅពីនេះ ការបះបោរកុម្មុយនិស្តបានបណ្តាលឱ្យមានការពង្រីកស្ថានការដែលមានការបង្កើតរណសិរ្សប្រជាធិបតេយ្យជាតិ(NDF) និងក្រុមកុម្មុយនិស្តផ្សេងទៀត ។ នៅក្រោមច្បាប់អាជ្ញាសឹក របបនេះអាចកាត់បន្ថយឧក្រិដ្ឋកម្មក្នុងទីក្រុងដោយហឹង្សា ប្រមូលអាវុធដែលមិនបានចុះបញ្ជី និងបង្ក្រាបការបះបោរកុម្មុយនិស្តនៅក្នុងតំបន់មួយចំនួន។ ទន្ទឹមនឹងនេះ សម្បទានថ្មីសំខាន់ៗជាច្រើនត្រូវបានផ្តល់ឱ្យអ្នកវិនិយោគបរទេស រួមទាំងការហាមឃាត់ការធ្វើកូដកម្មដោយកម្លាំងពលកម្មដែលបានរៀបចំ ហើយកម្មវិធីកំណែទម្រង់ដីធ្លីត្រូវបានចាប់ផ្តើម។ នៅខែមករា ឆ្នាំ ១៩៧៣ លោក Marcos បានប្រកាសផ្តល់សច្ចាប័នលើរដ្ឋធម្មនុញ្ញថ្មីដោយផ្អែកលើប្រព័ន្ធសភា ដោយខ្លួនគាត់ជាប្រធានាធិបតី និងជានាយករដ្ឋមន្ត្រី។ ទោះយ៉ាងណាក៏ដោយ គាត់មិនបានកោះប្រជុំសភាបណ្តោះអាសន្ន ដែលត្រូវបានទាមទារនៅក្នុងឯកសារនោះ។
ការចាកចេញពីដំណែង
លោក ម៉ាកូស បានធ្វើអ្វីគ្រប់យ៉ាងដើម្បីតែរក្សាមុខតំណែងរបស់លោក។ លោកបានធ្វើទុក្ខបុកមេ្នញនិងដាក់ទោសទៅលើអ្នកប្រឆាំងនិងប្រកាសដាក់ច្បាប់អាជ្ញាសឹក ដែលនេះហើយជាហេតុដែលធ្វើឱ្យលោកចាប់ផ្តើមធ្លាក់ប្រជាប្រិយភាពបន្តិចម្តងៗ ទោះបីលោកនៅកាន់អំណាចនិងរក្សាអំណាចក៏ដោយ។ ជាពិសេសឃាតកម្មលើលោកBenigno Aquino Jr. ដែលជាអ្នកប្រឆាំងរបស់លោកនិងជាអតីតសមាជិកព្រឹទ្ធសភា បានធ្វើឱ្យគេមានការសង្ស័យទៅលើលោកម៉ាកូស។ គួររំលឹកបន្តិចថា ឃាតកម្មលោក Benigno Aquino នៅពេលដែលគាត់បានត្រឡប់ទៅទីក្រុងម៉ានីលក្នុងខែសីហា ឆ្នាំ ១៩៨៣ ជាទូទៅត្រូវបានគេគិតថាជាស្នាដៃរបស់យោធា ដែលមានលោកម៉ាកូសនៅពីក្រោយ។ ព្រឹត្តិការណ៍នេះបានក្លាយជាចំណុចស្នូលនៃការប្រឆាំងជាថ្មីកាន់តែខ្លាំងចំពោះការគ្រប់គ្រងរបស់ លោក ម៉ាកូស។ នៅចុងឆ្នាំ ១៩៨៥ លោក ម៉ាកូស បានស្ថិតក្រោមសម្ពាធកាន់តែខ្លាំងទាំងក្នុងនិងក្រៅប្រទេសហ្វីលីពីន ។ នៅខែ កុម្ភៈ ឆ្នាំ ១៩៨៦ លោក ម៉ាកូសត្រូវឡើងប្រកួតនៅការបោះឆ្នោតម្ដងទៀត ហើយដៃគូដ៏មានសក្ដានុពលរបស់លោកគឺ លោកស្រីCorazon C. Aquino ដែលជាប្រពន្ធរបស់លោក Benigno Aquino។ ត្បិតតែលទ្ធផលគឺលោកម៉ាកូសបានប្រកាសជាអ្នកឈ្នះផ្លូវការ ប៉ុន្តែលទ្ធផលនេះបានបង្កការតវ៉ាជាសាធារណៈយ៉ាងខ្លាំងក្លាដែលបាន បានជំរុញឱ្យលោកចុះចេញពីដំណែងនៅឆ្នាំ ១៩៨៦ ហើយលោកស្រី Corazon C. Aquino បានឡើងជាប្រធានាធិបតីទី១១ របស់ហ្វីលីពីន។
សរុបមក អំណាចជាង២១ឆ្នាំរបស់លោក ហ្វីឌីណង់ ម៉ាកូស ដែលជាមនុស្សដែលមានមហិច្ឆតា និងការតស៊ូ ត្រូវបានបញ្ចប់ដោយកម្លាំងប្រជាជនដែលមិនពេញចិត្តនូវការដឹកនាំផ្តាច់ការរបស់លោក។ ហើយលោកបានបន្សល់ទុកនូវបញ្ហាមួយចំនួនដូចជាវិបត្តិសេដ្ឋកិច្ច និងការគំរាមកំហែងកាន់តែខ្លាំងឡើងពីរណសិរ្សរំដោះអ៊ីស្លាមម៉ូរូ (moro islamic liberation front) និងពួកបះបោរកុម្មុយនិស្តសម្រាប់ប្រធានាធិបតីថ្មីដើម្បីដោះស្រាយ។