"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ប្រសិនអាមេរិកមិនលូកដៃចូលបញ្ហាពិភពលោក តើពិភពលោកនឹងមានស៊ីណារីយ៉ូអ្វីខ្លះ?

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា សុខ ពុទ្ធារី

ព្រឹត្តិការណ៍ធំៗត្រូវបានកត់ត្រាទាំងនៅក្នុងទំព័រសៀវភៅប្រវត្តិសាស្ត្រ និងត្រូវបានមនុស្សជាតិចងចាំទុក ដែលជាទូទៅ វាត្រូវបានអ្នកវិភាគភូមិសាស្ត្រនយោបាយអន្តរជាតិ តែងតែលើកយកមកពិភាក្សាឥតឈប់ឈរ រួមមានព្រឹត្តិការណ៍សង្រ្គាមលោកលើកទី២ សង្គ្រាមត្រជាក់ជាងបួនទសវត្សរ៍ មហាភេរវកម្ម ១១ កញ្ញា សង្គ្រាមនៅឧបទ្វីបកូរ៉េ របកគំហើញថ្មីជាច្រើននៅក្នុងលំហរអាកាស និងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀតដែលជារបត់នយោបាយពិភពលោក។ លើសពីនេះទៀត សូម្បីតែបាតុភូតនៃជម្លោះថ្នាក់តំបន់ និងថ្នាក់អន្តរជាតិសព្វថ្ងៃ ក៏កំពុងទទួលបានការចាប់អារម្មណ៍ ក៏ដូចជាការលើកយកមកជជែកពីសំណាក់មហាជនទូទៅផងដែរ។ ការជជែកអំពីបញ្ហាទាំងនោះទៀតសោត គេមិនភ្លេចឡើយក្នុងការលើកឡើងនូវឈ្មោះរបស់ប្រទេសដែលគេហៅថាជាបិតាប្រជាធិបតេយ្យ និងជាមេសន្តិសុខពិភពលោក នោះគឺសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកនេះហើយដែលតែងតែឈានលូកដៃចូលស្ទើរគ្រប់បញ្ហានយោបាយនិងសេដ្ឋកិច្ច ដូច្នេះ យើងនឹងសាកល្បងធ្វើការសំយោគលើព្រឹត្តិការណ៍មួយចំនួនថា តើនឹងមានស៊ីណារីយ៉ូអ្វីខ្លះនឹងកើតឡើង ប្រសិនបើគ្មានវត្តមានរបស់សហរដ្ឋអាមេរិកលូកដៃចូល?

សង្គ្រាមលោកលើកទី២

យើងដឹងហើយថា មូលហេតុដែលអតីតប្រធានាធិបតីអាមេរិកលោក ហ្រ្វែងគ្លីន ដឺ រ៉ូស្វែល Franklin D. Roosevelt សម្រេចចិត្ដឈានជើងចូលក្នុងសមរភូមិសង្គ្រាមលោកលើកទី២អាចមានច្រើន ប៉ុន្តែមូលហេតុចម្បងបំផុតនោះគឺបណ្ដាលមកពីប្រទេសជប៉ុនបានលបលួចធ្វើការវាយប្រហារដោយមិនបានប្រកាសសង្គ្រាមជាមុនទៅលើមូលដ្ឋានទ័ពអាមេរិកនៅលើកោះ Pearl Harbor ដែលជាកោះមួយក្នុងចំណោមបណ្ដុំកោះហាវ៉ៃទាំង១៣៧។ ការវាយប្រហារពីប្រទេសជប៉ុនបែបនេះត្រូវបានគេចាត់ទុកថាជាសកម្មភាពដែលដូចយកឈើមកដាស់យក្សឱ្យចូលសង្គ្រាម។ ជាការពិតណាស់ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តឈរលើគោលនោបាយ ឯកោនិយម (Isolationism) មិនព្រមឈានជើងចូលសង្គ្រាមលោកទី ២ ដែលកំពុងផ្ទុះយ៉ាងសន្ធោសន្ធៅនៅទ្វីបអ៊ឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិកទេ នោះនឹងមានស៊ីណារីយ៉ូចំនួនបីនឹងអាចកើតឡើង។

ទីមួយ រយៈពេលនៃសង្រ្គាមលោកលើកទី២នេះអាចនឹងមិនបញ្ចប់ក្នុងរយៈពេលត្រឹមតែ៦ឆ្នាំប៉ុណ្ណោះទេ មានន័យថាវាអាចនឹងអូសបន្លាយកាន់តែយូ ដែលជាហេតុធ្វើឱ្យអាយុជីវិតពលរដ្ឋស៊ីវិល ទាហាន ហេដ្ឋារចនាសម្ព័ន្ធ បាត់បង់ បែកបាក់កាន់តែច្រើន ហើយសោកនាថកម្មក្រោយពេលបញ្ចប់សង្គ្រាមក៏កាន់តែដុនដាប។ ទោះបីជាយ៉ាងនេះក៏ដោយ ប្រសិនបើសហរដ្ឋអាមេរិកមិនលូកដៃចូលសង្គ្រាមមួយនេះ ក៏គ្មានការទម្លាក់គ្រាប់បែកប្រល័យលោកបរិមាណូចំនួន ២ គ្រាប់ទៅលើខេត្ត ហ៊ីរ៉ូស៊ីម៉ា និងខេត្ត ណាហ្គាសាគី នៅប្រទេសជប៉ុន ហើយបណ្ដាលឱ្យមានអ្នកស្លាប់រហូតដល់ទៅជាង២សែននាក់នោះទេ។ ក្រៅពីបានបញ្ចប់សង្គ្រាមលោកលើទី២ ការទម្លាក់គ្រាប់បែកប្រល័យលោកនេះក៏ជារបត់ភូមិសាស្ត្រនយោបាយយ៉ាងសំខាន់មកដល់សព្វថ្ងៃនេះ ក៏ដូចជារបត់មួយយ៉ាងដែលជប៉ុនបានផ្លាស់ប្ដូរជារៀងរហូត។

ទីពីរ ប្រទេសអាល្លឺម៉ង់ និងប្រទេសជប៉ុន អាចនឹងក្លាយទៅជាភាគីឈ្នះសង្គ្រាមលោកលើកទីពីរ ព្រោះមួយភាគធំនៃទ្វីបអ៊ឺរ៉ុបទាំងមូលត្រូវបានអាល្លឺម៉ង់វាយដណ្ដើមឈ្លានពាន និងគ្រប់គ្រងស្ទើរទាំងស្រុង។ ជាក់ស្ដែង អាល្លឺម៉ង់បានវាយគ្រប់គ្រងប្រទេសមួយចំនួនដូចជា ប៉ូឡូញ ដាណឺម៉ាក ន័រវែស បែលហ្ស៊ិក ហូឡង់ លុចសំបួ បារាំង យូហ្គោស្លាវី និងក្រិក។ ដោយឡែក សម្រាប់ប្រទេសជប៉ុនវិញបានវាយគ្រប់គ្រងស្ទើរទូទាំងអាស៊ីប៉ាស៊ីហ្វិកទាំងមូល រួមមាន មួយភាគនៃរុស្ស៊ី និងចិន កូរ៉េ ហ្វីលីពីន ភូមា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី រហូតទៅជាប់នឹងឧបទ្វីបអូស្ត្រាលី ជាដើម។

ទីបី ពិភពលោកក៏ប្រហែលជាគ្មានប្រព័ន្ធប៉ូលពីររវាងអាមេរិក និងរស្ស៊ី គ្មានទេសង្គ្រាមត្រជាក់អស់ជាច្រើនទសវត្សរ៍ ហើយក៏អាចនឹងគ្មានដែរអង្គការសហប្រជាជាតិ។ ជាងនេះទៅទៀត សូម្បីតែអង្គការណាតូក៏ប្រហែលនឹងមិនអាចលេចរូបរាងឡើង ព្រោះពាក្យថាមនោគមន៍វិជ្ជាឯកោនិយម ដែលសហរដ្ឋអាមេរិកបានប្រកាន់ភ្ជាប់ គឺមិនឈឺឆ្អាលសោះឡើយទៅលើបញ្ហារបស់ប្រទេសដទៃ។ ថ្វីត្បិតការលើកឡើងពីស៊ីណារីយ៉ូចុងក្រោយនេះ ស្ដាប់ទៅមិនសូវទំនងក៏ពិតមែន ប៉ុន្តែ រឿងដែលនឹកស្មានមិនដល់បានកើតឡើងជាច្រើនមកហើយនៅក្នុងទំព័រប្រវត្តិសាស្រ្ត។ ក្នុងស៊ីណារ៉ីយ៉ូដែលគ្មានសង្គ្រាមត្រជាក់ នោះប្រហែលជាសូវៀតនៅតែមានវត្ដមានដល់សព្វថ្ងៃ ហើយប្រទេសតូចៗដូចជាកម្ពុជាក៏មិនក្លាយជាជនរងគ្រោះក្នុងការប្រទាញប្រទង់អំណាចគ្នារវាងសូវៀតនិងអាមេរិកដែរ រីឯប្រទេសចិនវិញក៏ប្រហែលត្រឹមជាប្អូនប្រុសរបស់សូវៀត។

មជ្ឈិមបូព៌ា និងសង្ខេបនៃដើមកំណើតភេរវករ

បន្ទាប់ពីសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ទៅនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥ សង្រ្គាមត្រជាក់ក៏បានត្រដែតខ្លួនឡើង បណ្ដាលឱ្យមានជម្លោះប្រទាញប្រទង់គ្នារវាងមនោគមន៍វិជ្ជាសេរីនិយមលោកខាងលិច និងកុម្មុយនីស្តនិយមលោកខាងកើត ហើយបន្តិចម្ដងៗ ពួកប្រទេសសេរីនិយមហាក់ដូចជាមានប្រៀបជាង ទើបធ្វើឱ្យអាណានិគមនិយមត្រូវបានរលត់ផុត។ ប៉ុន្តែ ដំណើររបស់សហរដ្ឋអាមេរិកក្នុងការបបួលប្រទេសដទៃដើម្បីឱ្យកាន់លទ្ធិប្រជាធិបតេយ្យ ក៏បានបន្សល់ទុកនូវស្នាមប្រេះឆានៅតំបន់មួយចំនួន ជាក់ស្ដែងដូចជានៅមជ្ឈិមបូព៌ាជាដើម។

ការឈានជើងចូលខ្លួនរបស់សហរដ្ឋអាមេរិកទៅក្នុងបណ្ដាប្រទេសមជ្ឈិមបូព៌ាក្នុងគោលបំណងរុករកប្រេងធម្មជាតិ និងរាំងខ្ទប់ឥទ្ធិពលកុម្មុយនីស្ដសូវៀត មិនសូវត្រូវបានស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋនៅទីនោះទេ ដោយសារតែពួកគេមានប្រពៃណីមួយ គឺមិនពេញចិត្តឱ្យជនបរទេសណាដែលចូលមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសរបស់ពួកគេនោះឡើយ។ នៅទីបំផុត នៅខែសីហា ឆ្នាំ១៩៩០ បន្ទាប់ពីសហរដ្ឋអាមេរិកបានជួយប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការវាយប្រហារជោគជ័យទៅលើកងទ័ពរបស់អ៊ីរ៉ាក់ដឹកនាំដោយលោក សាដាម ហ៊ូសេន ដែលកំពុងឈ្លានពានប្រទេសគុយវ៉ែត ក្រុមទាហានអ៊ីរ៉ាក់ដែលបានចាញ់សង្គ្រាមទាំងអស់បានខឹងសម្បារជាមួយសហរដ្ឋអាមេរិក ហើយបន្តកៀងគរគ្នាដើម្បីបង្កើតជាក្រុមមួយប្រឆាំងនឹងអាមេរិក។ ថ្ងៃនោះហើយដែលអាចចាត់ទុកថាជាដើមកំណើតនៃក្រុមភេរវករ។ ដូច្នេះ ប្រសិនបើសហរដ្ឋអាមេរិកមិនឈានជើងចូលក្នុងបញ្ហានៅមជ្ឈិមបូព៌ានោះទេ ទំនងជាគ្មានផងដែរនូវក្រុមភេរវករអន្តរជាតិដ៏សាហាវឃោឃៅ ដែលបានគម្រាមកំហែងសន្តិសុខពិភពលោក។

សមុទ្រចិនខាងត្បូង

បើយើងក្រឡេកមើលជម្លោះភូមិសាស្ត្រនយោបាយបច្ចុប្បន្ន រួមមាន ជម្លោះនៅសមុទ្រចិនខាងត្បូង ឯករាជ្យភាពនៃដែនដីកោះតៃវ៉ាន់ និងភាពតានតឹងនៅព្រំដែនរុស្ស៊ីនិងអ៊ុយក្រែនជាដើម សុទ្ធសឹងតែមានវត្តមានសហរដ្ឋអាមេរិកចូលរួមជាមួយដែរ។ គួររំលឹកផងដែរថា ការទាមទារដែនសមុទ្រមកធ្វើជាកម្មសិទ្ធិរៀងៗខ្លួនរបស់ភាគីចិន កោះតៃវ៉ាន់ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រ៊ុយណេ គឺដោយសារតែដែនសមុទ្រមួយនេះសម្បូរទៅដោយធនធានធម្មជាតិ។ បើយោងតាមទីភ្នាក់ងារព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (the U.S. Energy Information Agency) បានប៉ាន់ប្រមាណថា សមុទ្រចិនខាងត្បូងមានឧស្ម័នធម្មជាតិប្រមាណ ១៤ទ្រីលានបារ៉ែល និងប្រេងប្រមាណពី ១៦ប៊ីលាន ទៅ ៣៣ប៊ីលានបារ៉ែល។
យើងដឹងហើយថា ការលូកដៃចូលរបស់អាមេរិកក្នុងជម្លោះមួយនេះ បណ្ដាលមកពីមូលហេតុមួយចំនួនដូចជា ទីមួយ នយោបាយរាំងខ្ទប់ឥទ្ធិពលចិន ទីពីរ ភាគីជម្លោះទាំងអស់ជាសម្ព័ន្ធមិត្តរបស់ខ្លួន ទីបី ចរិតអនុត្តរភាព និងការចង់នៅបន្តជាមហាអំណាចពិភពលោក។ ដោយឡែក ចុះបើគ្មានវត្តមានភាគីអាមេរិកនៅក្នុងជម្លោះមួយនេះវិញ តើនឹងមានស៊ីណារីយ៉ូអ្វីខ្លះកើតឡើង?
ប្រទេសចិនអាចនឹងបន្តកសាងមូលដ្ឋានទ័ពរបស់ខ្លួនបន្ថែមទៀតនៅតាមបណ្ដាប្រជុំកោះ Paracel និងប្រជុំកោះ Spratlyជាដើម បើទោះបីជាប្រទេសចិនអាចដឹងយ៉ាងច្បាស់ថា ខ្លួននឹងទទួលរងបានការរិះគន់ពីសហគមន៍អន្តរជាតិប៉ុណ្ណាក៏ដោយ។ ម៉្យាងវិញទៀត ប្រទេសចិនអាចនឹងធ្វើសមយុទ្ធយោធានៅលើសមុទ្រចិនខាងត្បូង យ៉ាងហោចណាស់ឱ្យបានម្ដងក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីមហិច្ឆិតារបស់ខ្លួនថា គ្មានប្រទេសណាមួយក្នុងចំណោមភាគីជម្លោះទាំងអស់ហ៊ានងើបប្រឆាំងតទល់ជាមួយខ្លួនឡើយ ក៏ព្រោះតែខ្លួនមានសមត្ថភាព និងកងកម្លាំងជើងទឹកខ្លាំងក្លា និងសព្វាវុធទំនើបៗ។ ស៊ីណារីយ៉ូមួយផ្សេងទៀតដែលអាចនឹងកើតមានឡើងនោះគឺ ប្រទេសដែលជាសមាជិកអាស៊ានទាំងអស់នឹងបាត់បង់ការសហប្រតិបត្តិការ និងសាមគ្គីភាពកាន់តែខ្លាំង ដោយសារតែគ្មានប្រទេសណាមួយដែលមិនពាក់ព័ន្ធនឹងជម្លោះមួយនេះហ៊ានចេញសេចក្ដីថ្លែងការណ៍រួមប្រឆាំងនឹងការទាមទាររបស់ប្រទេសចិននោះទេ។

សរុបសេចក្ដីមក ថ្វីត្បិតសហរដ្ឋអាមេរិកធ្លាប់បានបង្កកំហុសក្នុងប្រវិត្តិសាស្ត្រជាច្រើន ប៉ុន្តែសហរដ្ឋអាមេរិកបានដើរតួរយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ និងសន្តិភាពដល់ពិភពលោក ហើយការលូកដៃចូលរបស់សហរដ្ឋអាមេរិកក្នុងបញ្ហាផ្សេងៗទាំងក្នុងព្រឹត្តិការណ៍ប្រវិត្តិសាស្ត្រ និងបច្ចុប្បន្ន នៅមិនអាចសន្និដ្ឋានបានថាសុទ្ធតែផ្ដល់ផលអវិជ្ជមាន ឬវិជ្ជមានទាំងស្រុងនោះទេ៕

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ លោក ធា​ សុណា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង