តាំងពីសង្រ្គាមលោកលើកទីពីរ នយោបាយនៅទ្វីបអឺរ៉ុបត្រូវបានបែងចែកជាពីរ មួយផ្នែកឆ្ពោះទៅរកលទ្ធិសេរីនៃសហរដ្ឋអាមេរិក និងមួយផ្នែកទៀតស្ថិតនៅក្រោមការដឹកនាំកុម្មុយនីស្តរបស់សហភាពសូវៀត។ ការបែងចែកនេះហាក់ធ្វើឱ្យមានភាពប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតក្នុងការពង្រឹងអំណាចរបស់ខ្លួន។ ហេតុដូចនេះទើបធ្វើឱ្យមានការបង្កើតនូវអង្គការសន្ធិសញ្ញាចំនួនពីរ គឺអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងដោយសហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាវ៉ាសូវីដោយសហភាពសូវៀត។
អ្វីទៅជាNATO និង Warsaw Pact?
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ត្រូវបានគេហៅថា “សម្ព័ន្ធអាត្លង់ទិកខាងជើង” ដែលជាទូទៅវាត្រូវបានគេហៅកាត់ជាភាសាបារាំងថា “អូតង់ (OTAN)” ឬ តាមភាសាអង់គ្លេសថា “ណាតូ (NATO)”។ ណាតូ ឬ អូតង់ គឺជាបក្សសម្ព័ន្ធយោធាមួយ ដែលត្រូវបានបង្កើតឡើង តាមរយៈសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ គេតែងហៅម្យ៉ាងទៀតថា សន្ធិសញ្ញាក្រុងវ៉ាស៊ីនតោន ដែលបានចុះហត្ថលេខានាថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៤៩ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដោយមានប្រទេសចំនួន ១២ បានចុះហត្ថលេខា រួមមានដូចជា ប្រទេស បែលហ្ស៊ិក ចក្រភពអង់គ្លេស កាណាដា ដាណឺម៉ាក បារាំង អ៊ីស្លង់ អ៊ីតាលី លុចសំបួ ហូឡង់ ន័រវែស ព័រទុយហ្កាល់ និងសហរដ្ឋអាមេរិក។ នៅឆ្នាំ១៩៤៩ សហរដ្ឋអាមេរិកបានផ្តួចផ្តើមបង្កើតប្លុកយោធាណាតូ (អង្គការសម្ព័ន្ធអាត្លង់ទិកខាងជើង) ដោយលើកឡើងពីតម្រូវការដើម្បី “ប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរបស់សូវៀត” ដោយមើលឃើញពីការព្រួយបារម្ភជាទូទៅអំពីការរីករាលដាលនៃលទ្ធិកុម្មុយនីស្តនៅទ្វីបអឺរ៉ុបក្នុងកំឡុងពេលសង្គ្រាមត្រជាក់ ដោយផ្អែកទៅលើ ការគាំទ្រផ្នែកយោធាទៅវិញទៅមកដល់ប្រទេសជាសមាជិកក្នុងករណីមានការឈ្លានពានណាមួយ ហើយណាតូ បានធ្វើបតិដ្ឋាប័នលើប្រព័ន្ធការពាររួមគ្នា ដែលមានន័យថា រដ្ឋជាសមាជិកទាំងអស់ត្រូវធ្វើអន្តរាគមន៍ការពារគ្នាទៅវិញទៅមកតាមដែលអាចធ្វើបាន នៅពេលដែលមានការវាយប្រហារណាមួយពីសំណាក់ភាគីខាងក្រៅ។
ចំណែកឯអង្គការសន្ធិសញ្ញាវ៉ាសូវី មានឈ្មោះជាផ្លូវការថា “សន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមក”( Warsaw Treaty of Friendship, Cooperation, and Mutual Assistance) ឬត្រូវបានគេស្គាល់ជាទូទៅថា កតិកាសញ្ញាវ៉ាសូវី(Warsaw Pact)។ កតិកាសញ្ញាវ៉ាសូវីគឺជាសន្ធិសញ្ញាការពារជាតិទៅវិញទៅមក ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៩៥៥ នៅក្នុងទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ រវាង សហភាពសូវៀត និងសាធារណរដ្ឋសង្គមនិយមទិសបូព៌ាចំនួនប្រាំពីរទៀតនៅអឺរ៉ុបកណ្តាលនិងខាងកើត រួមមានដូចជា អាល់បានី ប៊ុលហ្គារី ឆេកូស្លូវ៉ាគី អាល្លឺម៉ង់ខាងកើត ហុងគ្រី ប៉ូឡូញ និងរូម៉ានី។ នៅឆ្នាំ១៩៥៥ ប្រទេសអាល្លឺម៉ង់ខាងលិចបានចូលរួមជាមួយ”សម្ព័ន្ធអាត្លង់ទិកខាងជើង” ដែលធ្វើឱ្យសហភាពសូវៀតមានការព្រួយបារម្ភចំពោះការពង្រឹងអំណាចនិងគាំទ្ររបស់អង្គការណាតូចំពោះអាល្លឺម៉ង់ខាងលិច ទើបនៅឆ្នាំដដែលសហភាពសូវៀតរួមជាមួយប្រទេសជាសមាជិកផ្សេងទៀតរួមគ្នាបង្កើត អង្គការសន្ធិសញ្ញាវ៉ាសូវីឡើងដោយសង្ឃឹមថាអាចនឹងទប់ទល់ជាមួយអាល្លឺម៉ង់ខាងលិចបាន ព្រមទាំងអាចចរចាដោយស្មើភាពជាមួយ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង។
តើ NATO and Warsaw Pactមានគោលដៅអ្វី?
ចំណុចស្នូលនៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ) គឺមាត្រា៥ ដែលធានាសន្តិសុខសមូហភាព ដែលបានចែងថា “ភាគីជាសមាជិកត្រូវយល់ស្របថា ការវាយប្រហារដោយប្រដាប់អាវុធប្រឆាំងមកលើប្រទេសជាសមាជិកមួយ ឬច្រើននៅអឺរ៉ុប ឬនៅអាមេរិកខាងជើង នឹងត្រូវចាត់ទុកថាជាការវាយប្រហារប្រឆាំងនឹងប្រទេសជាសមាជិកពួកគេទាំងអស់។ មាត្រានេះ តម្រូវឲ្យក្រុមសមាជិកផ្សេងទៀតឯកភាពចាត់វិធានការនៅពេលណាដែលខ្លួនចាត់ទុកថា ចាំបាច់នៅក្នុងនោះមានការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ។ មាត្រានេះបានអនុលោមស្របទៅតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលបានលើកឡើងថា ប្រសិនបើមានការវាយប្រហារប្រដាប់អាវុធបែបណាមួយមកលើសមាជិក ពួកគេម្នាក់ៗអាចមានសិទ្ធិអនុវត្តសិទ្ធិបុគ្គល ឬសិទ្ធិស្វ័យការពារជាសមូហភាព និងព្រមទាំងអាចជួយភាគីដែលរងការវាយប្រហារដោយការចាត់វិធានការភ្លាមៗ “។ ជារួមមក គោលដៅសំខាន់របស់ណាតូគឺដើម្បីធានានូវសេរីភាពនិងសន្តិសុខរបស់សមាជិកទាំងអស់របស់ខ្លួននៅអឺរ៉ុបនិងអាមេរិកខាងជើង ដោយអនុញ្ញាតឱ្យមានការពិគ្រោះយោបល់និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនិងសន្តិសុខនៃប្រទេសជាសមាជិកនិងការប្រតិបត្តិរួមគ្នានៃប្រតិបត្តិការគ្រប់គ្រងវិបត្តិពហុជាតិ។ ដើម្បីដោះស្រាយរាល់បញ្ហាដែលគំរាមកំហែងសន្តិសុខរបស់រដ្ឋជាសមាជិក ណាតូនឹងប្រើវិធីដោះស្រាយដោយសន្តិវិធីតាមរយៈមធ្យោបាយការទូត និងអនុវត្តន៍អំណាចយោធារបស់ខ្លួនបើចាំបាច់ស្របទៅតាមស្ថានភាព ។
រីឯសន្ធិសញ្ញាវ៉ាសូវី មានគោលដៅក្នុងការបង្រួបបង្រួមកងកម្លាំងយោធា និងពង្រឹងការគ្រប់គ្រងរបស់សហភាពសូវៀតទៅលើប្រទេសដែលជាសមាជិកផ្សេងទៀត។ សន្ធិសញ្ញាវ៉ាសូវីបានបំពេញបន្ថែមផ្នែកយោធាទៅដល់ក្រុមប្រឹក្សាជំនួយសេដ្ឋកិច្ច(CoMEcon)ដែលជាអង្គការសេដ្ឋកិច្ចក្នុងតំបន់សម្រាប់រដ្ឋកុម្មុយនីស្តនៃអឺរ៉ុបកណ្តាលនិងខាងកើត ។ កងកម្លាំងយោធារបស់ អង្គការសន្ធិសញ្ញាវ៉ាសូវីបានប្រើប្រាស់ជាទូទៅសម្រាប់គ្រប់គ្រងកុម្មុយនីស្តនៅក្នុងប្លុកបូព៌ា។ ចំណុចស្នូលនៃកតិកាសញ្ញានេះគឺ ការចូលរួមជួយអន្តរាគមន៍ពីរដ្ឋជាសមាជិក ប្រសិនបើប្រទេសមួយ ហាក់ដូចជាកំពុងតែបំពានលើគំនិតស្នូល និងមុខងាររបស់បក្សកុម្មុយនីស្តដែលមានចែងយ៉ាងច្បាស់ក្នុងគោលលទ្ធិBrezhnev ។ ម្យ៉ាងទៀតកតិកាសញ្ញានេះក៏មាននាទីជាគន្លឹះមួយដើម្បីបង្កើនការចរចាររបស់សហភាពសូវៀតក្នុងទំនាក់ទំនងអន្តរជាតិផងដែរ។ ទោះបីជាមានសមូហភាពនៃគំនិតក៏ដោយ ក៏សហភាពសូវៀតបានដើរតួនាទីធំជាងគេនៅក្នុងការសម្រេចចិត្តនៅក្នុងកតិកាសញ្ញានេះ។ សហភាពសូវៀតបានប្រើប្រាស់កតិកាសញ្ញានេះ ក្នុងការអំពាវនាវកងកម្លាំងយោធា ដើម្បីទប់ស្កាត់ប្រទេសណាដែលមិនពេញចិត្តនឹងការគ្រប់គ្រងរបស់ខ្លួន។ នៅឆ្នាំ១៩៥៦ប្រទេសហុងគ្រីបានដកខ្លួនចេញពីកតិកាសញ្ញាវ៉ាសូវីនេះបន្ទាប់ពីមានការធ្វើបដិវត្តន៍ដែលនាំឱ្យប្រជាជនហុងគ្រីចំនួន២៥០០ត្រូវបាត់បង់ជីវិត នៅប្រទេសឆែក(សាធារណរដ្ឋ) (១៩៦៨) និងប៉ូឡូញ(១៩៨១)។ ក្រោយមកមានការដកខ្លួនពីប្រទេសមួយចំនួនដូចជា អាល់បានី(១៩៦៨)និងការដកខ្លួនរបស់អាល្លឺម៉ង់ខាងកើត(១៩៩០)ដើម្បីរួបរួមជាមួយអាល្លឺម៉ង់ខាងលិចវិញ។
តើNATO and Warsaw Pact ក្រោយចប់សង្គ្រាមត្រជាក់ មានព្រឹត្តិការណ៍អ្វីខ្លះ?
ចាប់តាំងពីបដិវត្តន៍លទ្ធិប្រជាធិបតេយ្យ១៩៨៩នៅអឺរ៉ុបខាងកើត អង្គការសន្ធិសញ្ញាវ៉ាសូវីចាប់ផ្តើមធ្លាក់ចុះខ្សោយជាលំដាប់។ ការផ្លាស់ប្តូរនយោបាយនៅក្នុងរដ្ឋជាសមាជិកបានធ្វើឱ្យកតិកាសញ្ញានេះថយចុះប្រសិទ្ធភាព ព្រមទាំងមានការចុះខ្សោយសេដ្ឋកិច្ចនៅក្នុងប្រទេសអឺរ៉ុបខាងកើតផងដែរ។ បន្ទាប់មកប្រទេសជាច្រើនបានដកខ្លួនចេញពីសន្ធិសញ្ញានេះរួមមាន ឆេកូស្លូវ៉ាគី ហុងគ្រី ប៉ូឡូញ អាល់បានី និងអាល្លឺម៉ង់ខាងកើត។ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩១ មេដឹកនាំសន្ធិសញ្ញាវ៉ាសូវីបានប្រកាសបិទសន្ធិសញ្ញានេះថា”លែងមាន” នៅឯកិច្ចប្រជុំកំពូលចុងក្រោយរបស់មេដឹកនាំកតិកាសញ្ញាវ៉ាសូវីនៅទីក្រុង ប្រាក ប្រទេសឆេកូស្លូវ៉ាគី។ កងទ័ពសូវៀតដែលបានដាក់ពង្រាយនៅតាមប្រទេសជាសមាជិកទាំងអស់ត្រូវបានដកចេញជាបណ្តើរៗ។ ក្រៅពីប្រទេសរុស្សីដែលជារដ្ឋរបស់សូវៀត ប្រទេសដែលជាធ្លាប់ជាសមាជិកផ្សេងៗទៀតនៃសន្ធិសញ្ញាវ៉ាសូវីបានចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងជាបន្តបន្ទាប់។
ថ្វីត្បិតតែក្រោយពេលចប់សង្គ្រាមត្រជាក់ អង្គការសន្ធិសញ្ញាវ៉ាសូវីបានធ្លាក់ចុះដុនដាបខ្លាំងក៏ដោយនោះ ក៏អង្គការណាតូនៅតែបន្តអត្ថិភាពរបស់ខ្លួនរហូតមកដល់សព្វថ្ងៃ។ ការបញ្ចប់សង្គ្រាមត្រជាក់នៅឆ្នាំ ១៩៩១ បានផ្លាស់ប្ដូរណាតូ ទៅជាអង្គការ “សហប្រតិបត្តិការ-សន្តិសុខ” ដែលមានគោលបំណងថ្មីសំខាន់ពីរគឺ៖ ការជំរុញការសន្ទនានិងកិច្ចសហប្រតិបត្តិការជាមួយអតីតប្រទេសជាសមាជិកនៅក្នុងសន្ធិសញ្ញាវ៉ាសូវី និង “គ្រប់គ្រង” ជម្លោះនៅក្នុងតំបន់ជុំវិញអឺរ៉ុប។ បច្ចុប្បន្ន អង្គការណាតូ មានសមាជិក ចំនួន ៣០ ដែលក្នុងនោះមានសមាជិកស្ថាបនិកចំនួន១២ ដូចជា បែលហ្ស៊ិក កាណាដា ដាណឺម៉ាក បារាំង អ៊ីស្លង់ អ៊ីតាលី លុចសំបួ ហូឡង់ ន័រវែស ព័រទុយហ្កាល់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ក្រោយមកទៀតមានប្រទេសផ្សេងទៀតបានចូលជាសមាជិក រួមមាន ក្រិក និងតួកគី (១៩៥២) អាល្លឺម៉ង់ (១៩៥៥) អេស្ប៉ាញ (១៩៨២) សាធារណរដ្ឋឆែក ហុងគ្រី និងប៉ូឡូញ (១៩៩៩) ប៊ុលហ្ការី អេស្តូនី ឡេតូនី លីទុយអានី រូម៉ានី សាធារណរដ្ឋស្លូវ៉ាគី និងស្លូវេនី (២០០៤) អាល់បានី និងក្រូអាស៊ី (២០០៩) ម៉ុងតេណេហ្គ្រោ (២០១៧) និងម៉ាសេដ្វានខាងជើង (២០២០)។ តួយ៉ាង ដោយគោរពទៅតាមគោលបំណងទីមួយ ណាតូបានបង្កើតក្រុមប្រឹក្សាសហប្រតិបត្តិការអាត្លង់ទិកខាងជើង (ក្រោយមកត្រូវបានផ្លាស់ប្ដូរទៅជា ក្រុមប្រឹក្សាភាពជាដៃគូអឺរ៉ុប-អាត្លង់ទិកវិញ) ពោលគឺដើម្បីផ្តល់វេទិកាទៅដល់ប្រទេសជាសមាជិក សម្រាប់ការផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហានយោបាយ និងសន្តិសុខ ក៏ដូចជាភាពជាដៃគូសម្រាប់សន្តិភាព ដើម្បីបង្កើនសន្តិសុខនិងស្ថិរភាពអឺរ៉ុប តាមរយៈការហ្វឹកហ្វឺនយោធារួមគ្នាជាមួយអង្គការណាតូ និងរដ្ឋជាសមាជិកណាតូ រួមទាំងរដ្ឋមិនមែនជាសមាជិក។
លើសពីនេះទៅទៀត បន្ទាប់ពីការចប់សង្គ្រាមត្រជាក់ណាតូបានចូលរួមក្នុងសកម្មភាពជាច្រើន ប៉ុន្តែសកម្មភាពមួយចំនួនដែលគួរឲ្យកត់សម្គាល់ជាងគេនោះមានដូចជា៖ ការចូលអន្តរាគមន៍ដំបូងរបស់ណាតូក្រោយចប់សង្គ្រាមត្រជាក់គឺនៅ ក្នុងឆ្នាំ ១៩៩៤ ដែលអង្គការណាតូបានបញ្ជូនយន្តហោះចម្បាំងអាមេរិកជាច្រើនគ្រឿងទៅអន្តរាគមន៍លើការវាយប្រហាររបស់ប្រទេស ស៊ែប៊ី ចូលទៅក្នុងប្រទេស បូស៊្នី។ សកម្មភាពមួយទៀតរបស់ណាតូដែលគួរឱ្យកត់សម្កាល់នោះគឺ នៅពេលដែរអង្គការណាតូបានអនុវត្តមាត្រា ៥ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីការវាយប្រហារភេរវកម្ម ៩/១១ ប្រឆាំងនឹងសហរដ្ឋអាមេរិកនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ បន្ថែមពីលើការចូលរួមក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន មាត្រា៥ របស់អង្គការណាតូបានអនុវត្ត Operation Eagle Assist ដែលក្នុងនោះយន្តហោះរបស់អង្គការណាតូបានជួយល្បាតលើអាកាសលើសហរដ្ឋអាមេរិករយៈពេលប្រាំពីរខែរវាងឆ្នាំ២០០១ ដល់ឆ្នាំ ២០០២។ ណាតូក៏បានធ្វើប្រតិបត្តិការ Active Endeavor ដែលក្នុងនោះកងកម្លាំងជើងទឹករបស់អង្គការណាតូត្រូវបានបញ្ជូនទៅកាន់សមុទ្រមេឌីទែរ៉ាណេខាងកើតដើម្បីធ្វើប្រតិបត្តិការប្រឆាំងភេរវកម្ម។ Active Endeavor បានចាប់ផ្តើមនៅខែតុលា ឆ្នាំ ២០០១ ហើយក្រោយមកត្រូវបានពង្រីកដើម្បីរួមបញ្ចូលតំបន់មេឌីទែរ៉ាណេទាំងមូល។