"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើចិននឹងឈរជំហរបែបណាលើករណីវិវាទ រុស្ស៊ី-អ៊ុយក្រែន?

គំនូរច្នៃប្រឌិតដោយ៖ Toby

វិបត្តិអ៊ុយក្រែននិងរុស្ស៊ីជាបញ្ហាដែលមានឬសគល់ស្មុកស្មាញតាំងពីប្រវត្តិសាស្ត្រ ហើយមិនមែនជាបញ្ហាដែលពាក់ព័ន្ធត្រឹមតែគូភាគីទាំងពីរនោះទេ ប៉ុន្តែវាត្រូវបានលូកដៃចូលពីមហាអំណាចអាមេរិក មហាអំណាចចិន សហភាពអ៊ឺរ៉ុប និងអង់គ្លេសផងដែរ ដែលជាហេតុធ្វើឱ្យសង្គ្រាមលោកងាយនឹងផ្ទុះឡើងប្រសិនបើមានការថ្លោះធ្លោយណាមួយកើតឡើង។ ព្រឹត្តិការណ៍ចុងក្រោយនៃជម្លោះនេះគឺរុស្ស៊ីបាននឹងកំពុងចេញប្រតិបត្តិការកងកម្លាំងយោធារបស់ខ្លួន ចូលឈ្លានពានអ៊ុយក្រែនជាផ្លូវការ ដោយបានបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ទៅលើទីក្រុងសំខាន់ៗមួយចំនួន។ រីឯលោកខាងលិចវិញ ជាពិសេសសហរដ្ឋអាមេរិក លោកប្រធានាធិបតី ចូ បៃដិន បានកោះប្រជុំសមាជិកក្រុមប្រទេសទាំង៧ G7 និងសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីដាក់ទណ្ឌកម្មឱ្យកាន់តែធ្ងន់មួយកម្រិតទៀតទៅលើរុស្ស៊ី។ ប្រតិកម្មពីសំណាក់គ្រប់បណ្ដាប្រទេសលើពិភពលោកទាំងអស់ក៏មិនខុសគ្នាប៉ុន្មានទេ គឺបានថ្កោលទោសចំពោះទង្វើរបស់រុស្ស៊ី ហើយសូម្បីតែលោកអង់តូនីញ៉ូ ហ្គូទែរស៍ ប្រមុខអង្គការពិភពលោកក៏បានអំពាវនាវឲ្យរុស្ស៊ីបញ្ឈប់ប្រតិកម្មសឹកលើអ៊ុយក្រែនជាបន្ទាន់ផងដែរ។ ដោយឡែក ចំពោះលោកប្រធានាធិបតី វ្លាដឺមៀរ ពូទីន វិញ បែរជាលើកឡើងថាខ្លួនគ្មានបំណងគ្រប់គ្រងដែនដីអ៊ុយក្រែននោះទេ ផ្ទុយទៅវិញ រុស្ស៊ីគ្រាន់តែចង់ដកគ្រឿងសព្វាវុធពីអ៊ុយក្រែន (demilitarization of Ukraine) និងលាងជំរះផ្នត់គំនិតបែបណាហ្ស៊ីនៅអ៊ុយក្រែន (denazification of Ukraine) និងចាប់យកអ្នកទទួលខុសត្រូវយកទៅកាត់ទោសចំពោះអំពើឧក្រិដ្ឋដែលបានធ្វើទៅលើប្រជាពលរដ្ឋស្លូតត្រង់ ដោយក្នុងនោះមានប្រជាជនរុស្ស៊ីផងដែរ។

ទំនាក់ទំនងចិននិងរុស្ស៊ី

សហភាពសូវៀតបានទទួលស្គាល់ប្រទេសចិននៅមួយថ្ងៃបន្ទាប់ពីលោក ម៉ៅ សេទុង ប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤៩។ ចិន និងសហភាពសូវៀតបានបន្តទំនាក់ទំនងល្អនឹងគ្នាអស់រយៈពេលជិត២០ឆ្នាំ ជាពិសេសភាគីទាំងពីរចាប់ដៃគ្នាគាំទ្រកូរ៉េខាងជើងក្នុងការធ្វើសង្គ្រាមជាមួយកូរ៉េខាងត្បូងដែលមានជំនួយពីសហរដ្ឋអាមេរិក។ នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ទំនាក់ទំនងរវាងភាគីទាំងពីបានធ្លាក់ចុះ រហូតដល់សង្គ្រាមព្រំដែនបានផ្ទុះឡើងក្នុងឆ្នាំ១៩៦៩ ដោយសារតែការមិនទុកចិត្តគ្នាទៅវិញទៅមក ប៉ុន្តែមិនយូប៉ុន្មាន ស្ថានភាពក៏បានធូស្រាលឡើងវិញ។ នៅទសវត្សរ៍ឆ្នាំ១៩៨០ មហាអំណាចទាំងពីរបានចាប់ផ្ដើមកិច្ចសន្ទនា និងសម្របសម្រួលទំនាក់ទំនងគ្នាឡើងវិញ ហើយមេដឹកនាំមហាអំណាចកុម្មុយនីស្ដទាំងពីរនេះក៏បានធ្វើទស្សនកិច្ចគ្នាទៅវិញទៅមកផងដែរ។ បើទោះបីជាមានការព្រមព្រៀងបញ្ឈប់ការតម្រង់ចុងកាំភ្លើងដាក់គ្នា ក៏ទំនាក់ទំនងរវាងភាគីទាំងពីរមិនសូវជារលូនប៉ុន្មាននោះទេ ដោយសារតែពួកគេសម្លឹងឃើញតែផលប្រយោជន៍សេដ្ឋកិច្ច និងចង់បង្កើនឥទ្ធិពលភូមិសាស្ត្រនយោបាយរៀងៗខ្លួន។ ទោះជាយ៉ាងណា ចាប់តាំងពីរុស្ស៊ីត្រូវបានដាក់ឱ្យនៅឯកាម្នាក់ឯង និងទណ្ឌកម្មពីលោកខាងលិចនៅឆ្នាំ២០១៤មក ចិនបានក្លាយជាសម្ព័ន្ធមិត្ត និងជាស្ពានសេដ្ឋកិច្ចសម្រាប់រុស្ស៊ីមិនអាចខ្វះបាន។

ជាក់ស្ដែង កាលពីថ្ងៃទី០៤ កុម្ភៈ ឆ្នាំ២០២២ លោក ពូទីន បានទៅទស្សនកិច្ចនៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ហើយក្នុងដំណើរនោះផងដែរ បានធ្វើឱ្យអ្នកតាមដានព្រឹត្តិការណ៍ពិភពលោកចាប់អារម្មណ៍ជាខ្លាំង។ ក្នុងដំណើរទស្សនកិច្ចនោះទៀតសោត ហាក់បីដូចជាការរុស្ស៊ីកំពុងស្វែងរកមិត្តគាំទ្រ ឬស្វែងរកផ្លូវក្រោយទុកឱ្យហើយ មុនចេញប្រតិបត្តិការឈ្លានពានអ៊ុយក្រែន។ ជាក់ស្ដែង បើយោងតាមសេចក្តីថ្លែងការណ៍រួមនៅក្នុងថ្ងៃនោះ លោក ស៊ី ជីនពីង និងលោកពូទីន បានប្រកាសថាប្រឆាំងដាច់ខាតចំពោះការពង្រីកបន្ថែមសមាជិកនៃអង្គការណាតូ NATO ដែលនេះបានបង្ហាញពីជំហររបស់ចិនថាខ្លួននៅខាងរុស្ស៊ីក្នុងសំណុំរឿងអ៊ុយក្រែន ប៉ុន្តែទោះជាយ៉ាងណា ចិនហាក់មិនគាំទ្ររុស្ស៊ីក្នុងការប្រើកម្លាំងបាយ ឈ្លានពានអ៊ុយក្រែននោះទេ ហើយខ្លួនជំរុញឱ្យមានការចរចាដោយសន្តិវិធីជានិច្ច។

ទំនាក់ទំនងចិននិងអ៊ុយក្រែន

ជារឿងដែលគេមិនសូវលើកឡើងមកនិយាយគឺ ទំនាក់ទំនងរវាងចិននិងអ៊ុយក្រែន។ ក្រោយសហភាពសូវៀតដួលរលំនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ១៩៩១ អ៊ុយក្រែននិងរដ្ឋចំនួន១៤ផ្សេងទៀតបានទទួលឯករាជ្យ ហើយ១ឆ្នាំបន្ទាប់មកទៀតគឺនៅឆ្នាំ១៩៩២ អ៊ុយក្រែនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយចិន។ ទំនាក់ទំនងរបស់ភាគីទាំងពីរមានភាពល្អប្រសើរ និងមិនសូវជាមានភាពរកាំរកូសអ្វីនោះទេ។ នៅឆ្នាំ២០១៣ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីអ៊ុយក្រែន បានបើកឱកាសឱ្យភាគីទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងព្រមព្រៀងលើកម្មវិធីអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ ផងដែរ ដែលនេះអាចជាមូលហេតុមួយដែលប្រទេសចិនមិនទទួលស្គាល់ការឈ្លានពានយកទឹកដីគ្រីមេរបស់រុស្ស៊ីនៅឆ្នាំ២០១៤។ ដោយឡែក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីមានចំនួនប្រមាណ ១៤ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៩ ដែលចំនួននេះតូចជាងទំហំពាណិជ្ជកម្មរវាងចិននិងរុស្ស៊ីរហូតដល់ទៅជាង១០ដង នេះបើយោងតាមរបាយការណ៍របស់ OECD។

ជំហររបស់ចិនក្នុងវិបត្តិអ៊ុយក្រែននិងរុស្ស៊ី

ជំហរកណ្ដាលរបស់ចិននៅពេលនេះគឺ មិនគាំទ្ររុស្ស៊ីក្នុងការឈ្លានពានអ៊ុយក្រែននោះទេ ប៉ុន្តែខ្លួនហាក់បីដូចជាមើលឃើញឱកាសដ៏ល្អពីវិបត្តិមួយនេះ ព្រោះវាជាការពិសោធមួយឱ្យដឹងមុនថា តើបច្ចិមលោកអាចធ្វើអ្វីរុស្ស៊ីបានជុំវិញវិបត្តិអ៊ុយក្រែន ដែលអាចជាមេរៀនសម្រាប់ចិន ថាតើបច្ចិមលោកអាចធ្វើអ្វីចិនបានប្រសិនបើចិនឈ្លានពានកោះតៃវ៉ាន់។ ទោះជាយ៉ាងណា ចិនបានបដិសេធមិនឱ្យប្រដូចតៃវ៉ាន់ទៅនឹងស្ថានការណ៍អ៊ុយក្រែននោះទេ។ ម៉្យាងវិញទៀត ចិនក៏បានធ្វើការចោទប្រកាន់សហរដ្ឋអាមេរិក ថាជាអ្នកអុចអាលឱ្យវិបត្តិនៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ។ លើសពីនេះទៀត ចិនក៏ហាក់មិនបានគាំទ្រការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ី ដែលការណ៍នេះអាចបង្ហាញអំពីភាពភ័យខ្លាចរបស់ចិន ព្រោះមានក្រុមហ៊ុនចិនជាច្រើនកំពុងមានវត្តមាននៅប្រទេសរុស្ស៊ី ឬធ្វើសកម្មភាពជំនួញជាមួយរុស្ស៊ី។ ឧទាហរណ៍ កាលពីឆ្នាំ២០២០ សហរដ្ឋអាមេរិកបានចុះបញ្ជីក្រុមហ៊ុនចិននិងរុស្ស៊ីចំនួន ១០៣ក្រុមហ៊ុន ដែលមានទំនាក់ទំនងជាមួយយោធា។ ទោះជាយ៉ាងណា មិនខុសអ្វីពីសង្គ្រាមពាណិជ្ជកម្មអាមេរិកនិងចិនកាលពីឆ្នាំ២០១៨ នោះទេ ចិនហាក់មានឱកាសទទួលបានផលប្រយោជន៍ច្រើនជាងសហរដ្ឋអាមេរិកពីជម្លោះសង្គ្រាមមួយនេះដោយគ្រាន់តែឱបដៃឈរមើល មិនសស្រាក់សស្រាំដូចសហរដ្ឋអាមេរិកនោះទេ។

ទណ្ឌកម្មសេដ្ឋកិច្ចនៅឆ្នាំ២០១៤

កាលពីឆ្នាំ២០១៤ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបបានដាក់ទណ្ឌកម្មលើរុស្ស៊ីដើម្បីឆ្លើយតបទៅនឹងរុស្ស៊ីដែលបានរឹបអូសតំបន់គ្រីមេដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន។ ទណ្ឌកម្មសេដ្ឋកិច្ចនោះរួមមាន ទីមួយ ហាមក្រុមហ៊ុនមិនឱ្យធ្វើអាជីវកម្មនៅតំបន់គ្រីមេ ទី២ ការដាក់កំហិតលើក្រុមហ៊ុនរុស្ស៊ីធំៗដូចជា Rosneft និង Sberbank ពីការចូលទៅកាន់ទីផ្សារលោកខាងលិច ទី៣ ការកំណត់ចំនួនដឹកជញ្ជូននៃបច្ចេកវិទ្យាខួងយកប្រេង និងឧស្ម័នទៅកាន់ប្រទេសរុស្ស៊ី និងទី៤ ការរឹតបន្តឹងការត្រួតពិនិត្យលើការនាំចេញទៅកាន់ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធជាមួយយោធា។ បើយើងមើលជំហររបស់ចិនកាលពីឆ្នាំ២០១៤ ចិនអាចនៅកណ្ដាលមិនគាំទ្រភាគីម្ខាងណាបានព្រោះតែកាលនោះការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិចទៅលើរុស្ស៊ីគឺមិនបានប៉ះពាល់ផលប្រយោជន៍ចិនច្រើននោះទេ ព្រោះទំហំសេដ្ឋកិច្ចចិនមិនទាន់ធំសម្បើមនៅឡើយ។ ប៉ុន្តែ បើទោះបីជាចិនអាចទទួលបានផលប្រយោជន៍ពីវិបត្តិអ៊ុយក្រែនមួយចំនួន ក៏ទណ្ឌកម្មពីសំណាក់បណ្ដាប្រទេសលោកខាងលិចលើកនេះ អាចប៉ះពាល់ដល់ផលប្រយោជន៍ចិនខ្លាំង ព្រោះទំហំពាណិជ្ជកម្មរវាងចិននិងរុស្ស៊ីបានកើនឡើងពីប្រមាណជិត ១០០ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៤ ដល់ប្រមាណ ១៤៦,៨៨ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០២១ នេះបើយោងតាម TASS Russian News Agency។

តើសហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប អង់គ្លេស និងបណ្ដាប្រទេសសេដ្ឋកិច្ចធំៗដទៃទៀតបានដាក់ទណ្ឌកម្មអ្វីខ្លះលើរុស្ស៊ី?

ទីមួយ ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុដោយហាមមិនឱ្យរុស្ស៊ីអាចប្ដូររូបិយប័ណ្ណរុស្ស៊ីជាមួយធនាគារអន្តរជាតិផ្សេងៗ គឺផ្ដាច់ចេញពីប្រព័ន្ធ SWIFT ដែលជាឆ្អឹងខ្នងនៃបណ្តាញផ្ទេរប្រាក់អន្តរជាតិ ហើយអាមេរិកក៏ធ្លាប់បានប្រើប្រាស់ប្រព័ន្ធ SWIFT ដើម្បីដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់រួចមកហើយដែរ។ ទីពីរ ការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនយក្សធំៗរបស់រុស្ស៊ីដោយផ្ទាល់តែម្ដង ហើយយុទ្ធសាស្ត្រនេះអាចមានប្រសិទ្ធភាពខ្ពស់ ដោយសារតែសហរដ្ឋអាមេរិកធ្លាប់បានដាក់ទណ្ឌកម្មជោគជ័យទៅលើក្រុមហ៊ុនផលិតអាលុយមីញ៉ូមរបស់រុស្ស៊ីដ៏ធំមួយឈ្មោះថា United Company RUSAL រួចមកហើយកាលពីឆ្នាំ២០១៨។ ទីបី ទណ្ឌកម្មទៅលើការត្រួតពិនិត្យទំនិញនាំចេញ ដែលមានន័យថារុស្ស៊ីនឹងមិនអាចនាំចេញនូវទំនិញសំខាន់ផ្សេងៗដូចជាទូរស័ព្ទចល័ត និងគ្រឿងបរិក្ខារដទៃទៀតរួមមានបំណែកនៃយន្តហោះជាដើម។ ទីបួន ទណ្ឌកម្មទៅលើធនាគាររបស់រុស្ស៊ីធំៗ ដោយហាមឃាត់មិនឱ្យប្រតិបត្តិការនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និងបុគ្គលកំពូលៗនៃមេដឹកនាំរុស្ស៊ីផងដែរ។

សំណួរដ៏សំខាន់មួយដែលត្រូវបានលើកឡើងថា តើហេតុអ្វីបច្ចិមលោក ជាពិសេសសហរដ្ឋអាមេរិកមិនដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិលោកពូទីន? បើយោងតាម The Washington Post គេអាចសន្និដ្ឋានបានថា ទីមួយ ប្រសិនបើទ្រព្យសម្បត្តិរបស់លោកពូទីនត្រូវបានបង្កក នោះសង្គ្រាមនុយក្លេអ៊ែទ្រង់ទ្រាយអំអាចនឹងផ្ទុះឡើង ព្រោះតែចរិតលក្ខណៈរបស់លោកពូទីន គឺផ្ដាច់ការ មុះមុត ហ៊ានធ្វើនូវរឿងដែលគេនឹកស្មានមិនដល់។ ទីពីរ វាពិតជាពិបាកស្រាវជ្រាវរកឃើញទីកន្លែងនៃទ្រព្យសម្បត្តិទាំងអស់របស់លោកពូទីនខ្លាំងណាស់ ព្រោះមេដឹកនាំម្នាក់នេះហាក់ដូចជាបានត្រៀមខ្លួនរួចជាស្រេចហើយ មុននឹងខ្លួនសម្រេចឈ្លានពានអ៊ុយក្រែន ពោលគឺត្រៀមខ្លួនទាំងទ្រព្យសម្បត្តិរបស់ខ្លួន ទាំងផ្លូវក្រោយសម្រាប់ដើរ (ទំនាក់ទំនងជាមួយចិន) ទាំងធនធានផ្សេងៗក្នុងប្រទេសដើម្បីទ្រទ្រង់សេដ្ឋកិច្ចពេលត្រូវបានបច្ចិមប្រទេសដាក់ទណ្ឌកម្ម។

ហេតុអ្វីការដាក់ទណ្ឌកម្មជាសន្លឹកបៀសំខាន់របស់លោកខាងលិច?

បើយើងក្រឡេកមើលប្រវិត្តិសាស្ត្រ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ក៏ធ្លាប់ប្រើប្រាស់សន្លឹកបៀទណ្ឌកម្មសេដ្ឋកិច្ចរួចមកហើយទៅលើប្រទេសដែលមានទំហំសេដ្ឋកិច្ចតូចដូចជា អ៊ីរ៉ង់ និង កូរ៉េខាងជើង ក៏ប៉ុន្តែ ការប្រើប្រាស់សន្លឹកបៀនេះជាមួយរុស្ស៊ីវិញ ប្រាកដណាស់ លទ្ធផលនឹងគួរឱ្យតក់ស្លុតខ្លាំង ព្រោះតែទំហំសេដ្ឋកិច្ចរបស់រុស្ស៊ីបានចាក់ស្រេះចូលក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោកយ៉ាងជ្រៅ។ គ្រាន់តែមើលទៅលើទំហំផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ី យើងឃើញថាមានរហូតដល់ទៅប្រមាណ ១,៧ទ្រីលានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ៥ក្នុងចំណោមបណ្ដាប្រទេសនៅទ្វីអ៊ឺរ៉ុប និងលេខ១១នៅលើពិភពលោក។ ជាក់ស្ដែង ពិភពលោកក៏ធ្លាប់ជួបរឿងស្រដៀងគ្នានេះរួចមកហើយ គឺកាលពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសជប៉ុនកាលពីអំឡុងឆ្នាំ១៩៤១ នៅពេលដែលជប៉ុនបានបន្តឈ្លានពានប្រទេសជិតខាងក្រោមមហិច្ឆតាអនុត្តរភាពរបស់ខ្លួន។

តើការជោគជ័យ ឬបរាជ័យនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ី មានអត្ថន័យដូចម្ដេចចំពោះចិន?

ពិតមែនហើយ ចិនជាដៃគូប្រកួតប្រជែងសេដ្ឋកិច្ចដ៏ធំជាងគេបំផុតរបស់សហរដ្ឋអាមេរិក ហើយប្រសិនបើទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីអាចទទួលបានលទ្ធផលវិជ្ជមាននោះ សហរដ្ឋអាមេរិកក៏អាចនឹងមានសង្ឃឹមក្នុងការបបួលបណ្ដាប្រទេសនៅអ៊ឺរ៉ុបមួយចំនួនដើម្បីយកសន្លឹកបៀទណ្ឌកម្មសេដ្ឋកិច្ចមួយនេះ មកលេងជាមួយចិននៅក្នុងតំបន់ឧបទ្វីបអាស៊ីផងដែរ ជាក់ស្ដែង គឺជុំវិញបញ្ហាអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ដែលតំបន់ទាំងអស់នេះសុទ្ធសឹងតែជាតំបន់កំពុងមានជម្លោះជាមួយសម្ព័ន្ធមិត្តរបស់អាមេរិករួមមានជប៉ុន កូរ៉េខាងត្បូង កោះតៃវ៉ាន់ ហ្វ៊ីលីពីន និងឥណ្ឌូនេស៊ីជាដើម។
សរុបសេចក្ដីមក ថ្វីត្បិតអ៊ុយក្រែនមិនសូវមានប្រយោជន៍សេដ្ឋកិច្ចធំចំពោះចិនដូចរុស្ស៊ីក្ដី ចិនក៏នៅប្រកាន់ជំហរកណ្ដាល មិនប្រកាសគាំទ្រភាគីម្ខាងណាមួយជាផ្លូវការនោះទេ ព្រោះចិនអាចគិតថាខ្លួនមិនចង់បង្កើតសត្រូវច្រើន ណាមួយ អ៊ុយក្រែនជាទឹកដីជាប់នឹងទ្វីបអ៊ឺរ៉ុប ហើយអ៊ឺរ៉ុបទៀតសោតក៏តែងតែហួងហែងចំពោះអ៊ុយក្រែនខ្លាំងណាស់។ ប្រសិនបើចិនកាន់ជើងរុស្ស៊ីយ៉ាងដាច់អហង្កាក្នុងវិបតិ្តអ៊ុយក្រែន នោះចិនប្រៀបដូចជាកំពុងបង្កើតសត្រូវសឹងតែមួយទ្វីបអ៊ឺរ៉ុប។ ដោយឡែក ខណៈដែលពិភពលោកកំពុងផ្ដោតលើបញ្ហានៅអ៊ុយក្រែន ចិនឯណេះវិញបានឆ្លៀតឱកាសបញ្ជូនយន្តហោះចម្បាំងចំនួន៩គ្រឿងហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។ ទោះជាយ៉ាងណា ស្ថានការណ៍ដ៏ក្ដៅគគុកនេះអាចនឹងមានការប្រែប្រួល និងផ្លាស់ប្ដូរទៅរកភាពធូស្រាល ឬកាន់តែធ្ងន់ធ្ងរយ៉ាងណានោះ យើងនឹងបន្តតាមដានទាំងអស់គ្នា។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ធា​ សុណា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង