"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ផែនការរបស់សហរដ្ឋអាមេរិកដើម្បីជួយប្រទេសអឺរ៉ុបក្រោយសង្គ្រាមលោក

គំនូរច្នៃប្រឌិតដោយ៖ Torez

បើទោះបីជាសង្គ្រាមលោកលើកទី២បានបញ្ចប់ ក៏គេសង្កេតឃើញប្រទេសជាច្រើននៅលើពិភពលោកជាពិសេសពួកបណ្តាប្រទេសនៅអ៊ឺរ៉ុបនៅតែប្រឈមមុខនឹងសង្គ្រាមស៊ីវិល ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមហាអំណាចជាមួយនឹងបរិបទថ្មីនៃសង្គ្រាមត្រជាក់ដែលជាការប្រកួតប្រជែងគ្នារវាងសហរដ្ឋអាមេរិចនិងសហភាពសូវៀតដែលបណ្តាលឱ្យកើតមានឡើងនៅអតិផរិណា គ្រោះទុរ្ភិក្សនិងបញ្ហាអសន្តិសុខគ្រប់ទីកន្លែង។ ពាក់ព័ន្ធនឹងផលប៉ះពាល់នៃសង្គ្រាមលោកលើកទី២ទៀតសោត ទីក្រុងជាច្រើននៅក្នុងប្រទេសឧស្សាហកម្មរួមមានចក្រភពអង់គ្លេស បារាំង អាឡឺម៉ង់ អ៊ីតាលីនិងប៊ែលហ្សិកត្រូវបានបំផ្លិចបំផ្លាញយ៉ាងខ្លាំងដែលជាកង្វះខាតដ៏ធ្ងន់ធ្ងរក្នុងការស្រោចស្រង់ប្រទេសឡើងវិញបាន។ នៅចំពោះមុខសភាពដ៏វឹកវរទាំងនយោបាយនិងសេដ្ឋកិច្ចបែបនេះហើយ ទើបសហរដ្ឋអាមេរិចយល់ថាខ្លួនត្រូវតែចូលអន្តរាគមន៍ក្នុងការផ្តល់ជាជំនួយសេដ្ឋកិច្ចដើម្បីស្រោចស្រង់ប្រទេសនៅអ៊ឺរ៉ុបឡើងវិញ។ ក្រោយមកនៅឆ្នាំ១៩៤៧ ក្រោមគំនិតផ្តួចផ្តើមរបស់លោក George Marshal និងការចុះហត្ថលេខាឱ្យអនុវត្តដោយលោកប្រធានាធិបតី Harry Truman នៅឆ្នាំ១៩៤៨ បានបង្កើតឱ្យមាននូវផែនការមួយដែលមានឈ្មោះថា “ផែនការ Marshal”។

តើផែនការMarshalជាអ្វី?

ផែនការMarshalឬកម្មវិធីស្តារអ៊ឺរ៉ុបឡើងវិញ(European Recovery Program) គឺជាគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ជាជំនួយសេដ្ឋកិច្ចដល់បណ្តាប្រទេសអ៊ឺរ៉ុបខាងលិចនិងខាងត្បូងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញជាមួយនឹងលក្ខខណ្ឌដើម្បីពង្រឹងស្ថិរភាពរបស់រដ្ឋប្រជាធិបតេយ្យដែលកំពុងគំរាមកំហែងដោយរដ្ឋកុម្មុយនិស្ត។ តាមពិតទៅ ពីដំបូងឡើយ ផែនការ Marshal គ្មានគោលបំណងផ្តល់ជាជំនួយសេដ្ឋកិច្ចដល់តែបណ្តាប្រទេសអ៊ឺរ៉ុបខាងលិចប៉ុណ្ណោះទេ ដែលគោលបំណងនៃការផ្តល់ជំនួយនេះគឺបង្កើតឡើងក្នុងគោលបំណងមនុស្សធម៌ដើម្បីទប់ស្កាត់គ្រោះទុរភិក្ស ភាពក្រីក្រ និងភាពវឹកវរអាណាធិបតេយ្យនៅក្នុងតំបន់អ៊ឺរ៉ុប។ ក៏ប៉ុន្តែ ដោយសារតែសហភាពសូវៀតយល់ឃើញថា សហរដ្ឋអាមេរិក បង្កើតផែនការនេះឡើងក្នុងដោយបង្កប់គោលជាមួយការប៉ុនប៉ងបង្កើតក្រុមប្រទេសក្រោមចំណុះរបស់ខ្លួន ទើបបានជាពួកបណ្តាប្រទេសអ៊ឺរ៉ុបខាងកើតនិងសហសូវៀតទាំងអស់បដិសេធមិនព្រមទទួលយកនូវផែនការនេះ។ ដូច្នេះហើយបានជាផែនការMarshall ត្រូវបានអនុវត្តតែចំពោះបណ្តាប្រទេសអឺរ៉ុបខាងលិច ដោយមិនរាប់បញ្ចូលវិធានការណាមួយនៃកិច្ចសហប្រតិបត្តិការជាមួយសហសូវៀតនិងប្រទេសអ៊ឺរ៉ុបខាងកើតឡើយ។

តើផែនការMarshallបានជះឥទ្ធិពលដល់ការស្រោចស្រង់សេដ្ឋកិច្ចរបស់បណ្តាប្រទេសអ៊ឺរ៉ុបយ៉ាងណាខ្លះ?

កម្មវិធីជំនួយដែលរួមបញ្ចូលនៅក្នុងផែនការ Marshall ត្រូវបានចាត់ទុកថាមិនធ្លាប់មានពីមុនមក ហើយក៏បានទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅឆ្នាំ១៩៤៨ ផែនការនេះមានទឹកប្រាក់គម្រោងទាំងអស់ត្រឹមតែ៤ ប៊ីដុល្លារអាមេរិចប៉ុណ្ណោះ ប៉ុន្តែបានកើនឡើងរហូតដល់ឆ្នាំ ១៩៥១ នូវចំនួនទឹកប្រាក់ដែលយកមកអនុវត្តគម្រោងនេះមានរហូតដល់១៣ប៊ីលានដុល្លារអាមេរិចដើម្បីជាជំនួយដល់ប្រទេសអឺរ៉ុបខាងលិចចំនួន ១៦ តាមរយៈ ECA (Economic Cooperation Administration) ដោយបានជួយស្តារវិស័យឧស្សាហកម្ម កសិកម្ម គ្រប់គ្រងអតិផរណា ពង្រឹងនិងពង្រីកការធ្វើពាណិជ្ជកម្ម ស្ថិរភាពនយោបាយនិងស្ដារផលិតកម្មឡើងវិញ។ បន្ថែមពីនោះវាក៏បានជួយកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញតាមរយៈមូលនិធិសមភាគីរូបិយប័ណ្ណក្នុងស្រុក។ ត្រឹមរយៈពេល៣ឆ្នាំប៉ុណ្ណោះនៃការអនុវត្តផែនការMarshal ផលិតផលជាតិសរុប(GNP)របស់បណ្តាប្រទេសនៅអឺរ៉ុបខាងលិចដែលបានទទួលជំនួយកើនឡើងពី១៥% ទៅ ២៥% ដែលផលិតផលជាតិសរុប (GNP) នៅក្នុងប្រទេសអូទ្រីស អាល្លឺម៉ង់ខាងលិច និងអ៊ីតាលីបានកើនឡើង៣៣.៥% ។ នៅលើចំនុចនៃការខិតជិតទៅរកការដួលរលំសេដ្ឋកិច្ច ផែនការ Marshall បានស្រោចស្រង់នៅកំណើនសេដ្ឋកិច្ចចំពោះបណ្តាប្រទេសដែលទទួលបានជំនួយ និងបានធ្វើឱ្យពួកបណ្តាប្រទេសទាំងនោះចាប់ផ្តើមយុគសម័យមាសនៃកំណើនសេដ្ឋកិច្ចនៅក្នុងទសវត្សរ៍ក្រោយៗទៀត។

តើផែនការMarshallបានជះឥទ្ធិពលយ៉ាងណាខ្លះដល់សហរដ្ឋអាមេរិច?

បើទោះបីជាផែនការនេះទទួលបានភាពជោគជ័យក្រោមពាក្យថាជាជំនួយមនុស្សធម៌និងការស្រោចស្រង់សេដ្ឋកិច្ចរបស់ប្រទេសអ៊ឺរ៉ុបខាងលិចក៏ពិតមែន តែផែនការនេះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់សហរដ្ឋអាមេរិច។ គ្រាន់តែជាលេស លុយមួយភាគធំរបស់អាមេរិចគឺសំដៅយកមកជួយតែប្រទេសអង់គ្លេស បារាំង អ៊ីតាលី និងអាល្លឺម៉ង់តែប៉ុណ្ណោះ នេះគឺដោយសារតែអាមេរិចសម្លឹងមើលឃើញថា ប្រទេសទាំងនេះធ្លាប់ជាមហាអំណាចដូច្នេះការជួយសង្គ្រោះរបស់សហរដ្ឋអាមេរិចនឹងបង្កើតចំណងមិត្តភាពឱ្យកាន់តែប្រសើរឡើងនាពេលអនាគត។ ដូចនេះផែនការ Marshall ជាជំហានដំបូងមួយឆ្ពោះទៅរកសមាហរណកម្មនៃប្រទេសអឺរ៉ុប ហើយក្នុងរយៈពេល១ឆ្នាំបន្ទាប់ ប្រទេសអឺរ៉ុបចំនួន ១៦ បានចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងព្រុចសែលឆ្នាំ ២៩៤៨ ស្តីពីការការពារទៅវិញទៅមក ដែលជាបុព្វហេតុនៃការបង្កើតអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលជាសម្ព័ន្ធមិត្តយោធារវាងបណ្តាប្រទេសនៅអាមេរិកខាងជើង និងអឺរ៉ុបដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ ។ គួរឱ្យដឹងផងដែរថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA បានទទួលថវិកាចំនួន ៥% ដែលត្រូវបានបែងចែកនៅក្រោមផែនការ Marshall ។ CIA បានប្រើមូលនិធិទាំងនេះធ្វើរឿងសំខាន់ៗនៅក្នុងប្រទេសអ៊ឺរ៉ុបមួយចំនួនដែលត្រូវបានរចនាឡើងដើម្បីបន្ថែមផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។

សរុបមកចាប់តាំងពីការកកើតឡើងនូវផែនការMarshall ខឿនសេដ្ឋកិច្ចរបស់ប្រទេសអ៊ឺរ៉ុបខាងលិចចាប់មានការវិវត្តរីកចម្រើនមានស្ថេរភាពទាំងនយោបាយនិងសង្គម កំណើនភាពមានការងារធ្វើ អតិផរណាមានការធ្លាក់ចុះ ហើយសុខមាលភាពរបស់ប្រជាពលរដ្ឋក៏មានភាពល្អប្រសើរឡើង។ បន្ថែមពីនោះ សហរដ្ឋអាមេរិកក៏ទទួលបានផលប្រយោជន៍ច្រើនពីផែនការនេះផងដែររួមមានសមាហរណកម្មនៃប្រទេសអឺរ៉ុប ការពង្រឹងស្ថិរភាពប្រជាធិបតេយ្យ និងចាក់ឥទ្ធិពលយ៉ាងជ្រៅទៅលើសហភាពអឺរ៉ុប។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ កញ្ញា ចិន ស្រីពេជ្រ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង