"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ដើមចមសង្គ្រាមរវាងអីរ៉ាក់និងសហរដ្ឋអាមេរិកនៅឆ្នាំ ២០០៣ (សង្គ្រាមឈូងសមុទ្រពែក្សទី ២)

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា​ សោម សុជាតា

សង្គ្រាមអ៊ីរ៉ាក់ ឬអាចហៅម្យ៉ាងទៀតបានថាសង្គ្រាមឈូងសមុទ្រពែក្សទី ២ (Second Persian Gulf War) បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០០៣ នៅពេលដែលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានចល័តទ័ពរបស់ខ្លួនចូលក្នុងទឹកដីអ៊ីរ៉ាក់ បន្ទាប់ពីឧក្រិដ្ឋកម្ម ៩/១១ ដែលមានការវាយប្រហារពីសំណាក់ក្រុម Al Qaeda មកលើទីក្រុងញ៉ូវយ៉ក និងវ៉ាស៊ីនតោន។ សង្គ្រាមអ៊ីរ៉ាក់បានប្រពឹ្រត្តិទៅអស់រយៈពេល ៨ ឆ្នាំ ៨ ខែ និង ២៦ ថ្ងៃ ដែលបានបញ្ចប់ទៅវិញនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១១ នៅពេលដែលរដ្ឋាភិបាលអាមេរិក សម្រេចដកទ័ពខ្លួនចេញពីទឹកដីអ៊ីរ៉ាក់។ នៅក្នុងអត្ថបទនេះយើងនឹងមកស្គាល់អំពីមូលហេតុដែលនាំឱ្យមានសង្គ្រាមអ៊ីរ៉ាក់ និងការលទ្ធផលដែលបន្សល់ទុកដោយសង្គ្រាម ក៏ដូចជាបទវិភាគលើការឈ្លានពានរបស់សហរដ្ឋអាមេរិកលើទឹកដីអ៊ីរ៉ាក់។

តើមានមូលហេតុចម្បងអ្វីខ្លះដែលនាំឱ្យមានសង្គ្រាមអីរ៉ាក់?

តាមពិតទៅ មូលហេតុដែលមានសង្គ្រាមអីរ៉ាក់នេះគឺអាចកើតចេញតាំងពីសង្គ្រាមឈូងសមុទ្រពែក្សលើកទី១ នៅឆ្នាំ១៩៩១មកម្ល៉េះ។ សង្គ្រាមឈូងសមុទ្រពែក្សលើកទី ១ កើតឡើងដោយសារតែអីរ៉ាក់លើកទ័ពចូលទៅលុកលុយប្រទេសកូវ៉ែតហើយអាមេរិកក៏ដូចជាទ័ពសម្ព័ន្ធមិត្ដបានលើកទ័ពមកជួយរំដោះកូវ៉ែតចេញពីក្រញាំដៃរបស់អីរ៉ាក់ ដែលដើមចមដំបូងនៃសសង្គ្រាមមួយនេះគឺអីរ៉ាក់បានចោទប្រទេសកូវ៉ែតថាបានបូមប្រេងនៅលើទឹកដីខ្លួន។ កាលនោះ សហរដ្ឋអាមេរិកក៏ដូចជាកងទ័ពសម្ព័ន្ធមិត្ដលើកទ័ពចូលទៅជួយកូវ៉ែតដោយសារតែក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្ដីសម្រេចឱ្យអីរ៉ាក់ដកទ័ពចេញពីកូវ៉ែត ហើយប្រសិនបើនៅតែអីរ៉ាក់នៅរឹងទទឹងមកដកទ័ព ប្រទេសជាសមាជិកអាចប្រើប្រាស់កងទ័ពដើម្បីចូលទៅជួយប្រទេសកូវ៉ែត។ ទ័ពសម្ព័ន្ធមិត្ដដែលមានជាង ៣៥ ប្រទេសនោះ មានប្រមាណ ៧៥ ម៉ឺននាក់ ហើយក្នុងនោះកងទ័ពសហរដ្ឋអាមេរិកមានលើសជាង ៨០% នៃកងទ័ពសរុប។ មូលហេតុដែលសហរដ្ឋអាមេរិកស្វះស្វែងដុតដៃដុតជើងនៅក្នុងសង្គ្រាមមួយនេះគឺដោយសារតែដើម្បីការពារប្រទេសសម្ព័ន្ធមិត្ដដែលមាននៅក្នុងតំបន់ បញ្ចេញពីអានុភាពជាមេសន្តិសុខពិភពលោក និងដើម្បីអាចទិញប្រេងឆៅពីតំបន់អារ៉ាប់នៅក្នុងតំលៃថោក។ កាលសង្គ្រាមពែក្សលើកទី១នោះ សហរដ្ឋអាមេរិកហាក់ស្ដាយក្រោយដែលបន្សល់ឱ្យរបបសាដាមហ៊ូសេននៅកាន់អំណាច ដែលលោកសាដាមហ៊ូសេនគឺជាការគម្រាមកំហែងសន្តិសុខនៅតំបន់មជ្ឈឹមបូព៌ា (ជាប្រទេសខ្លាំងខាងយោធាលេខរៀងទី៤) រួមទាំងមានភាពរកាំរកូសជាមួយលោកខាងលិច។

ក៏ប៉ុន្តែ គេច្រើនគិតថា សង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអឺរ៉ាក់កើតឡើងដោយសារព្រឹត្តិការណ៍ ៩/១១។ បន្ទាប់មានការវាយប្រហារពីសំណាក់ក្រុម Al Qaeda ទៅលើទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញ៉ូវយ៉កនៅក្នុងព្រឹត្តិការណ៍ ៩/១១ រួចមក រដ្ឋាភិបាលអាមេរិកបានសម្រេចបើកយុទ្ធនាការ “សង្គ្រាមប្រឆាំងភាវរកម្ម” (War on Terror) ដោយការប្រើប្រាស់កម្លាំងយោធាទៅលើប្រទេសអាហ្វហ្គានីស្ថានដើម្បីផ្ដួលរលំរបបតាលីបង់ រួចក្រោយមកបង្វែរចុងក្រនុងមកប្រទេសអីរ៉ាក់វិញ។ ដំបូង លោកប្រធានាធិបតីសហរដ្ឋអាមេរិក George W.Bush បានចោទប្រកាន់ថាអីរ៉ាក់មានជាប់ពាក់ព័ន្ធជាមួយភេរវកម្ម ៩/១១ ប៉ុន្តែក្រោយមកក្រុមចារកិច្ច CIA បង្ហាញភស្តុតាងថាអីរ៉ាក់គ្មានជាប់ពាក់ព័ន្ធជាមួយក្រុមភេរវកម្មឡើយ ដែលជាហេតុធ្វើឱ្យលោកប្រធានាធិបតី George W.Bush ចោទថាអីរ៉ាក់កំពុងសំងំធ្វើអាវុធប្រល័យលោក ដែលគម្រាមកំហែងមកលើសន្តិសុខពិភពលោកក៏ដូចជាសហរដ្ឋអាមេរិក។ គួរបញ្ជាក់បន្តិចថា កាលពីឆ្នាំ១៩៩៨ ប្រទេសអីរ៉ាក់ក្រោមរបបលោក សាដាមហ៊ូសេន បានបណ្ដេញក្រុមអធិការកិច្ចរបស់អង្គការសហប្រជាជាតិឱ្យលែងត្រួតពិនិត្យអាវុធប្រល័យលោកអីរ៉ាក់។ សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ទៅលើការផលិតអាវុធប្រល័យលោក (Mass Destruction Weapon) របស់រដ្ឋាភិបាលអ៊ីរ៉ាក់ ដែលជាហេតុបណ្តាលឱ្យ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (United Nations Security Council) បានចេញសេចក្តីសម្រេចទាមទារឱ្យ រដ្ឋាភិបាលអ៊ីរ៉ាក់អនុញ្ញាតឱ្យមានការស៊ើបអង្កេតអាវុធនៅក្នុងទឹកដីខ្លួន ដែលត្រូវបានយល់ព្រមដោយរដ្ឋាភិបាលនៃប្រទេសនេះ ប៉ុន្តែជាលទ្ធផលគឺគេមិនបានរកឃើញភស្តុតាងណាមួយដែលគាំទ្រការចោទប្រកាន់ថាប្រទេសអីរ៉ាក់កំពុងផលិតអាវុធប្រល័យលោកនោះទេ។ ក្រោយមក លោកប្រធានាធិបតីសហរដ្ឋអាមេរិក George W.Bush បានប្រកាសពីការផ្តាច់ទំនាក់ទំនងការទូត និងបានទុកពេល ៤៨ ម៉ោងសម្រាប់លោកសាដាំ ហួសេន (Saddam Hussein) ឱ្យចាកចេញពីប្រទេស ប៉ុន្តែលោក សាដាម ហួសេន (Saddam Hussein) ពុំបានអនុវត្តតាមគោលបំណងរបស់សហរដ្ឋអាមេរិក ដែលជាហេតុបណ្តាលឱ្យសង្គ្រាមកើតឡើង។

យ៉ាងណាមិញ សង្គ្រាមលើកនេះមិនត្រូវបានប្រទេសជាច្រើនមិនឯកភាពនោះទេ រហូតដល់មានការវេតូដោយប្រទេសជាសមាជិកដូចជារុស្ស៊ី បារាំង និងសមាជិកអូតង់មួយចំនួនទៀត ហើយក៏មានមនុស្សជាច្រើនលាននាក់ចេញមកធ្វើបាតុកម្មប្រឆាំងការលុកលុយពីសហរដ្ឋអាមេរិកផងដែរ។ សង្គ្រាមអ៊ីរ៉ាក់កើតឡើង ពុំមែនតែត្រឹមតែដោយសារមូលហេតុបញ្ហាភេរវកម្មនិងការផលិតអាវុធប្រល័យលោកប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថែមទាំងចង់នាំយកនូវគោលនយោបាយប្រជាធិបតយ្យ មកសាបព្រួសទៅតំបន់មជ្ឈឹមបូព៌ាទៀតផង។ បើយោងតាម Telegraph’s Toby Harnden ការបង្កើតរបបប្រជាធិបតេយ្យនៅក្នុងប្រទេសអ៊ីរ៉ាក់ អាចនាំឱ្យមានការផ្លាស់ប្តូរទម្រង់នយោបាយនៅតំបន់មជ្ឈឹមបូព៌ាទាំងមូល ដែលអាចបណ្តាលឱ្យ ជម្លោះរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្តីន ឈានទៅរកដំណោះស្រាយ។

តើឆាកអន្តរជាតិបានបញ្ចេញមតិអ្វីខ្លះ ចំពោះសង្គ្រាមអ៊ីរ៉ាក់នេះ?

យោងតាម Bill Rights Institute មានមតិមួយបានលើកឡើងថា ការចូលឈ្លានពានលើទឹកដីអ៊ីរ៉ាក់ ពីសំណាក់សហរដ្ឋអាមេរិកមាននេះ គឺជារឿងយុត្តិធម៌ ដោយសារតែរបបផ្តាប់របស់លោក សាដាម ហួសេន មានភាពឃោរឃៅ និងបំពានលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងបាន ប្រព្រឹត្តអំពើប្រល័យពូជសាសន៍យ៉ាងសាហាវយ៉ង់ខ្នង។ ជាឧទាហរណ៍ នៅក្នុងឆ្នាំ ១៩៨៨ លោក Saddam Hussein បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ Anfal ដោយលោកបានប្រើប្រាស់អាវុធសារធាតុគីមី ដើម្បីសម្លាប់ប្រជាជនអ៊ីរ៉ាក់នៅតំបន់ Kurdistan ប្រមាណពី ០៥ ម៉ឺននាក់ទៅ ០១ សែននាក់។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាម ដោយលោកបានធ្វើការឈ្លានពានខុសច្បាប់ទៅលើ ប្រទេសកូវ៉ែតហើយបានបង្កជាអសន្តិសុខនៅក្នុងនិងក្រៅតំបន់ថែមទៀតផង។

ផ្ទុយទៅវិញក៏មានការវិភាគម្យ៉ាងទៀតដែល បានលើកឡើងថា ន័យថា សង្គ្រាមជាទូទៅគឺពុំបានធ្វើឡើងដើម្បីស្វែងរកសុខសន្តិភាពសម្រាប់ពិភពលោកទេ ហើយនៅក្នុងបញ្ហាអីរ៉ាក់នេះបែរជាបង្កផលវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ ប្រទេសនិងប្រជាជនអ៊ីរ៉ា់ក់ទៅវិញ។ ហើយយោងទៅតាមមតិនេះ បើទោះបីជាឃាត់ខ្លួនលោក សាដាម ហួសេន ដែលសហរដ្ឋអាមេរិកបានចោទថា ជាអ្នកគាំទ្រក្រុមភេរវករបានក្តី អាមេរិកនៅតែអូសបន្លាយសង្គ្រាមនេះរហូតជិតដល់ ១០ ឆ្នាំដោយពួកគេបានធ្វើការវាយប្រហារទៅលើទ័ពព្រៃអ៊ីរ៉ាក់ ដើម្បីការពាររបបថ្មីដែលបង្កើតឡើងដោយរដ្ឋាភិបាលអាមេរិក ដោយគ្មានការគោរពច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សឡើយ។ ជាមួយគ្នានេះ ក៏មានមតិថាការលើកទ័ពរបស់សហរដ្ឋអាមេរិកចូលទៅក្នុងប្រទេសអីរ៉ាក់គឺជាទង្វើខុសពីច្បាប់អន្តរជាតិផងដែរ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ លោក សុខ សូធានិត
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង