"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

រុស្ស៊ីលើកទ័ពអ៊ុយក្រែន បានធ្វើឱ្យប្រទេស ២ នៅអឺរ៉ុបភ័យភិតខ្លាចជាគោលដៅបន្ទាប់

គំនូរច្នៃប្រឌិតដោយ៖ Toby

ការសម្រេចចិត្តរបស់ប្រទេសរុស្ស៊ីក្នុងការពង្រាយកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឲ្យប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុបមានប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះចំណាត់ការរបស់ប្រទេសរូស្ស៊ី។ មេដឹកនាំបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើន បានចោទប្រកាន់ថាប្រទេសរូស្ស៊ីបាននាំមកនូវអស្ថិរភាពដល់ទ្វីបអ៊ឺរ៉ុបសារជាថ្មី។ ប៉ុន្តែភាពភ័យខ្លាចរបស់ប្រទេសនានានៅក្នុងទ្វីបអ៊ឺរ៉ុបមិនដូចគ្នានោះទេ។ ជាក់ស្តែងមានប្រទេសចំនួនពីរដែលភ័យខ្លាចថាខ្លួននឹងក្លាយជាគោលដៅបន្ទាប់របស់លោកពូទីន ដែលនោះគឺប្រទេសម៉ុលដូវ៉ា​(Moldova)និងប្រទេសហ្សកហ្ស៊ី (Georgia)។ តើហេតុអ្វីបានជាជម្លោះរវាងប្រទេសរូស្ស៊ីនិងប្រទេសអ៊ុយក្រែនគឺសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរ?

៣ ប្រទេសមែន ប៉ុន្តែមានចំណុចនយោបាយដូចគ្នាច្រើន

នៅពេលដែលលោកពូទីនបានបញ្ជាកងទ័ពឲ្យចូលទៅក្នុងទឹកដីប្រទេសអ៊ុយក្រែន មេដឹកនាំទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក៏ដូចជារដ្ឋមន្រ្តីនានានៃប្រទេសម៉ុលដូវ៉ា និងប្រទេសហ្សកហ្ស៊ីបានថ្កោលទោសយ៉ាងខ្លាំងក្លាទៅលើរូស្ស៊ីនៅក្នុងបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់ពួកគេ ។ ប្រតិកម្មរបស់ថា្នក់ដឹកនាំនៃប្រទេសម៉ុលដូវ៉ា និងប្រទេសហ្សកហ្ស៊ីគឺមិនមានអ្វីគួរភ្ញាក់ផ្អើលនោះទេ ដោយសារតែប្រទេសទាំង៣មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ស្តែងចេញពីភាពដូចគ្នានៃរបបនយោបាយ ក៏ដូចជាផ្នត់គំនិតនយោបាយរបស់ប្រជាជននៅក្នុងប្រទេសទាំងនេះ។ រដ្ឋាភិបាលនៃប្រទេសទាំងបីគឺមានទំនោរទៅកាន់ប្រទេសលោកខាងលិចដូចគ្នា។ ជាក់ស្តែងនៅពេលដែលលោកសេឡេនស្គី ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន បានចុះហត្ថលេខាដើម្បីក្លាយជាសមាជិករបស់សហភាពអ៊ឺរ៉ុបនៅដើមខែមិនានេះ រដ្ឋាភិបាលរបស់ប្រទេសម៉ុលដូវ៉ា និងហ្សកហ្ស៊ី ក៏បានចុះហត្ថលេខាជាផ្លូវការដើម្បីក្លាយជាសមាជិកសហភាពអឺរ៉ុបនៅក្នុងថ្ងៃតែមួយផងដែរ។ មិនមែនតែរដ្ឋាភិបាលរបស់ប្រទេសទាំងបីនោះទេ ដែលទំនោរទៅរកប្រទេសលោកខាងលិច សូម្បីតែប្រជាជននៅទីនោះក៏មានទស្សនៈវិជ្ជមានចំពោះលោកខាងលិចផងដែរ។ ជាក់ស្តែង ដោយយោងទៅតាមការស្ទង់មតិរបស់ស្ថាប័នNDI ក្នុងឆ្នាំ២០១៩ នៅក្នុងប្រទេសហ្សកហ្ស៊ី មានអ្នកឆ្លើយតបចំនួន៨២%គាំទ្រឲ្យប្រទេសហ្សកហ្ស៊ីក្លាយជាសមាជិករបស់អង្គការណាតូ ហើយមានចំនួន៧៤% គាំទ្រឲ្យប្រទេសហ្សកហ្ស៊ីក្លាយជាសមាជិករបស់សហភាពអឺរ៉ុប។ ដូចគ្នានេះដែរ នៅឯប្រទេសអ៊ុយក្រែនវិញ យោងទៅតាមការស្ទង់មតិរបស់IRI ក្នុងឆ្នាំ២០២១ បានបង្ហាញថាប្រជាជនអ៊ុយក្រែន៥៤% គាំទ្រឲ្យប្រទេសអ៊ុយក្រែនក្លាយជាសមាជិករបស់អង្គការណាតូ ហើយចំនួន៥៨% គាំទ្រឲ្យប្រទេសអ៊ុយក្រែនក្លាយជាសមាជិករបស់សហភាពអឺរ៉ុប។ ចំណែកឯប្រទេសម៉ុលដូវ៉ាវិញ ប្រជាជនភាគច្រើនមិនគាំទ្រឲ្យក្លាយជាសមាជិករបស់អង្គការណាតូទេ ដោយមានអ្នកឆ្លើយតប៤៦%ប្រឆាំងនឹងប្រទេសម៉ុលដូវ៉ាក្លាយជាសមាជិកណាតូ តែប្រជាជនម៉ុលដូវ៉ាចំនួន ៣៨% គាំទ្រឲ្យចូលជាសមាជិកសហភាពអឺរ៉ុប នេះបើយោងតាមទិន្នន័យរបស់ International Republican Institute។ ចំណុចទីពីរដែលប្រទេសទាំងបីមានលក្ខណៈដូចគ្នានោះគឺ មានចលនាទាមទារឯករាជ្យដែលដឹកនាំដោយជនជាតិភាគតិចនៅក្នុងប្រទេសទាំងបីរៀងៗខ្លួន។ ជាក់ស្តែងប្រទេសអ៊ុយក្រែនគឺមានតំបន់ដុនបាស និងគ្រីមៀដែលប្រជាជនភាគច្រើននៅទីនោះគឺជាជនជាតិរូស្ស៊ី។ ចំណែកឯប្រទេសម៉ុលដូវ៉ាវិញមានតំបន់Transnistria ដែលមានជនជាតិរូស្ស៊ីមួយភាគធំរស់នៅក្នុងតំបន់នោះ។ ឯប្រទេសហ្សកហ្ស៊ីវិញក៏មានរដ្ឋAbkhazia និងរដ្ឋOssetiaខាងត្បូង ដែលមានជនជាតិភាគតិច Abkhazian និង Ossetian រស់នៅក្នុងតំបន់នោះផងដែរ។ រដ្ឋដែលទាមទារបំបែកចេញពីរដ្ឋាភិបាលមជ្ឍិមទាំងនោះ គឺមិនមានការទទួលស្គាល់ពីប្រទេសនានានៅទូទាំងពិភពលោកនោះឡើយ គឺមានតែរដ្ឋាភិបាលក្រឺមឡាំងប៉ុណ្ណោះដែលទទួលស្គាល់ឯករាជ្យរបស់រដ្ឋទាំងនេះ(លើកលែងតែរដ្ឋ Transnistria ដែលរូស្ស៊ីមិនបានទទួលស្គាល់ជាផ្លូវការ តែមានវត្តមានកងកម្លាំងរបស់ប្រទេសរូស្ស៊ីនៅទីនោះតាំងពីឆ្នាំ១៩៩០)។ រដ្ឋាភិបាលក្រឺមឡាំងក៏បានយកអំណះអំណាង ក្នុងការការពារប្រជាជននៅក្នុងរដ្ឋទាមទារឯករាជ្យទាំងនោះដើម្បីពង្រាយកងទ័ពចូលទៅក្នុងប្រទេសទាំងបី ដូចជាសង្គ្រាមរូស្ស៊ីនិងម៉ុលដូវ៉ា ក្នុងឆ្នាំ១៩៩០ សង្គ្រាមរូស្ស៊ី និងហ្សកហ្ស៊ី ក្នុងឆ្នាំ២០០៨ ក៏ដូចជាការចូលកាន់កាប់តំបន់ដុនបាស និងគ្រីមៀរក្នុងឆ្នាំ២០១៤ ផងដែរ។

សុទ្ធតែជាប្រទេសសំខាន់ក្នុងចិត្ដរុស្ស៊ី

ប្រទេសអ៊ុយក្រែន ប្រទេសហ្សកហ្ស៊ី និងប្រទេសម៉ុលដូវ៉ា គឺសុទ្ធតែជាប្រទេសដែលមានសារៈសំខាន់នៅក្នុងគោលការនយោបាយការប្រទេសរបស់រដ្ឋធានីម៉ូស្គូ។ មូលហេតុទីមួយនោះគឺដោយសារតែប្រទេសទាំងបីគឺជាអតីតរដ្ឋសមាជិកនៃសហភាពសូវៀត ក៉ដូចជាអតីតទឹកដីនៃចក្រភពរូស្ស៊ី។ ដូចនេះហើយប្រទេសរូស្ស៊ីចាត់ទុកប្រទេសទាំងបីក៏ដូចជាប្រទេសដែលជាអតីតសហភាពសូវៀតឯទៀតជាដែនឥទ្ធិពលរបស់ខ្លួន។ រូស្ស៊ីមិនចង់ឲ្យប្រទេសទាំងនេះងាកទៅរកប្រទេសលោកខាងលិចនោះទេ ព្រោះប្រសិនបើប្រទេសរូស្ស៊ីបណ្តោយឲ្យប្រទេសទាំងបីក្លាយជាសមាជិកអង្គការណាតូ និងសហភាពអឺរ៉ុបគឺដូចជានាំសេចក្តីគ្រោះថ្នាក់ចូលមកជិតរបងផ្ទះទៅហើយ។ មូលហេតុទីពីរដែលប្រទេសទាំងបីសំខាន់សម្រាប់ប្រទេសរូស្ស៊ីគឺដោយសារតែកត្តាប្រវត្តិសាស្ត្រផងដែរ។ ជាក់ស្តែង ទីក្រុងគៀវ(Kyiv) នៅក្នុងប្រទេសអ៊ុយក្រែនគឺជាទីកន្លែងនៃការកកើតអរិយធម៏រូស្ស៊ី ហើយជនជាតិរូស្ស៊ី និងជនជាតិអ៊ុយក្រែនបានអះអាងថាទីក្រុងនេះគឺជាទីក្រុងកំណើតនៃជាតិសាសន៏របស់គេរៀងៗខ្លួន។ ចំណែកឯប្រទេសហ្សកហ្ស៊ីវិញក៏ជាទីកន្លែងសំខាន់ផងដែរ ជាពិសេសនៅក្នុងសម័យសហភាពសូវៀត ដោយប្រទេសហ្សកហ្ស៊ីជាទីកន្លែងកំណើតរបស់ លោក ស្តាលីនដែលជាមេដឹកនាំដ៏មានឥទ្ធិពលមួយរូបរបស់សហភាពសូវៀត។ មូលហេតុទីបីដែលប្រទេសទាំងបីសំខាន់សម្រាប់ប្រទេសរូស្ស៊ីគឺដោយសារតែកត្តាភូមិសាស្ត្រ។ ប្រទេសអ៊ុយក្រែន និងប្រទេសហ្សកហ្ស៊ីមានឆ្នេរជាប់នឹងសមុទ្រខ្មៅ។ ចំពោះប្រទេសរូស្ស៊ី សមុទ្រខ្មៅគឺសំខាន់ណាស់ដោយសារតែសកម្មភាពនៃការដឹកជញ្ចូនតាមផ្លួវទឹកគឺឆ្លងកាត់សមុទ្រខ្មៅមួយនេះ។ នេះដោយសារតែមានតែកំពង់ផែតាមសមុទ្រមួយនេះទេ ដែលរូស្ស៊ីអាចប្រើប្រាស់ពេញមួយឆ្នាំបាន ដោយសារតែឆ្នេរសមុទ្រឯទៀតរបស់ប្រទេសរូស្ស៊ីគឺមិនអាចធ្វើដំណើរក្នុងរដូវរងារបាននោះទេ។ ដូច្នេះរូស្ស៊ីត្រូវធានាបានថាដែនសមុទ្រខ្មៅនឹងមិនមានវត្តមានកងទ័ពគូប្រជែង ជាពិសេសគឺប្រទេសលោកខាងលិច។ ចំណែកឯប្រទេសហ្សកហ្ស៊ីវិញគឺស្ថិតនៅក្នុងតំបន់ភ្នំCaucasus ដែលមានផ្ទុកទៅដោយប្រព័ន្ធបង្ហូរប្រេង និងឧស្ម័នធម្មជាតិដែលដឹកនាំធនធានធម្មជាតិទាំងនេះរវាងប្រទេសរូស្ស៊ី និងប្រទេសក្នុងតំបន់ដែលជាដៃគូពាណិជ្ជកម្មរបស់រូស្ស៊ីមានដូចជាប្រទេសតួគីនិងប្រទេសអ៊ីរ៉ង់ជាដើម។ ប្រទេសម៉ុលដូលវ៉ាវិញជាពិសេសគឺក្រុងCosbana រដ្ឋTransnistria គឺមានវត្តមានកងទ័ពនិងសព្វាវុធរបស់រូស្ស៊ី ជាពិសេសគឺឃ្លាំងរំសេវដែលគេចាត់ទុកថាជាឃ្លាំងរំសេវដែលធំជាងគេនៅក្នុងអ៊ឺរ៉ុបភាគខាងកើត ដែលមានសារៈប្រយោជន៏សម្រាប់ប្រទេសរូស្ស៊ីនៅពេលដែលប្រទេសរូស្ស៊ីប្រលូកនៅក្នុងសង្គ្រាម។

សរុបមក ប្រទេសទាំងបីគឺមានជោគវាសនាដូចគ្នា ដោយសារតែប្រទេសទាំងបីធ្លាប់មានការប៉ះទង្គិចជាមួយនឹងប្រទេសរូស្ស៊ីរួចមកហើយ។ អ្វីដែលបានកើតឡើងក្នុងប្រទេសម៉ុលដូវ៉ាក្នុងឆ្នាំ១៩៩០ និងប្រទេសហ្សកហ្ស៊ីក្នុងឆ្នាំ២០០៨ បានកើតឡើងទៅលើប្រទេសអ៊ុយក្រែនដូចគ្នាក្នុងឆ្នាំ២០១៤ ហើយអ្វីដែលមានកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០២២នេះ ក៏អាចឆ្លុះបញ្ចាំងពីជោគវាសនានិងអនាគតរបស់ប្រទេសម៉ុលដូវ៉ា និងប្រទេសហ្សកហ្ស៊ីផងដែរ។បេសសកម្មយោធាពិសេសរបស់ប្រទេសរូស្ស៊ីទៅលើប្រទេសអ៊ុយក្រែននេះគឺជាព្រឹត្តិការណ៍ដែលកំណត់ជោគវាសនារបស់អឺរ៉ុបខាងកើតទាំងមូល។ បើប្រៀបធៀបជាមួយនឹងប្រទេសដែលជាអតីតសហភាពណាសូវៀតដទៃទៀត ប្រទេសអ៊ុយក្រែនគឺមានកម្លាំងយោធាខ្លងជាងគេ បើមិនរាប់បញ្ចូលប្រទេសរូស្ស៊ី។ ដូចនេះហើយ ប្រសិនបើប្រទេសរូស្ស៊ីទទួលជ័យជំនះនោះគឺអាចចងជើងប្រទេសអ៊ុយក្រែន ក៏ដូចជាព្រមានប្រទេសដទៃទៀតមិនឲ្យឃ្លាតចេញដែនឥទ្ធិពលរបស់ខ្លួនឡើយ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ឆាយ តេជគុណ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង