"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើរុស្ស៊ីយកប្រេងឆៅនិងឧស្ម័នប្រើក្នុងនយោបាយការបរទេសយ៉ាងដូចម្ដេច?

ខណៈនេះ រុស្ស៊ីដែលកំពុងខិតខំយ៉ាងសស្រាក់សស្រាំវាយយកឱ្យបាននូវប្រទេសអ៊ុយក្រែនឱ្យកាន់តែឆាប់ រុស្ស៊ីក៏កំពុងប្រឈមមុខនឹងសង្គ្រាមសេដ្ឋកិច្ចដែលក្រុមលោកប្រទេសខាងលិចនាំគ្នាព្រួតដៃដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ បាតសន្លឹកបៀររបស់រុស្ស៊ីនៅលើសេដ្ឋកិច្ចពិភពលោកគឺប្រភពថាមពល ដែលបានជួយឱ្យរុស្ស៊ីហាក់មានទឹកមាត់ប្រៃនៅលើឆាកអន្តរជាតិ។ យោងតាម IEA រុស្ស៊ីគឺជាអ្នកផលិតប្រេងឆៅលំដាប់លេខ ៣ ធំជាងគេនៅលើពិភពលោក និងជាប្រទេសដែលនាំចេញប្រេងឆៅមកលើទីផ្សារពិភពលោកលំដាប់លេខ ២ បន្ទាប់ពីអារ៉ាប់ឌីសាអូឌីត។

តួអង្គដែលពិភពលោកមិនអាចខ្វះបាន

រុស្ស៊ីក៏ដើរតួយ៉ាងសំខាន់ក្នុងនាមជាអ្នកផ្គត់ផ្គង់ប្រភពថាមពលដូចជាប្រេងឆៅ និងឧស្ម័នធម្មជាតិនៅលើទឹកដីសហភាពអឺរ៉ុបផងដែរ។ យោងតាម​របាយការណ៍របស់ WEFORUM ២/៥ នៃឧស្ម័នធម្មជាតិដែលសហភាពអឺរ៉ុបបានប្រើប្រាស់គឺបានមកពីរុស្ស៊ី និងបាននាំចូលប្រេងឆៅចូលសហភាពអឺរ៉ុបលើសពី ១/៣។ រុស្ស៊ីក៏ជាតួអង្គដ៏សំខាន់និងចាំបាច់យ៉ាងខ្លាំងមកលើសហភាពអឺរ៉ុប ដោយសារតែវិបត្ដិកង្វះថាមពលដែលបណ្ដាលអាចអតិផរណាកើនឡើងខ្លាំងនៅសហភាពអឺរ៉ុប។ ប្រសិនបើយើងវិភាគឱ្យកាន់តែស៊ីជម្រៅបន្តិចទៀត​ ប្រសិនបើឆ្នាំ២០២២នេះគឺមានស្ថានភាពប្រេងឆៅដូចឆ្នាំ២០២០វិញ ដែលនៅពេលដែលប្រេងឆៅមានច្រើនលើសលុបរហូតខ្វះកន្លែងស្ដុក និងធ្លាក់ចុះក្រោមសូន្យ នោះប្រហែលជារុស្ស៊ីមិនសម្រេចចិត្ដទៅវាយអ៊ុយក្រែននោះទេ។ រុស្ស៊ីទៅវាយអ៊ុយក្រែនដោយហេតុតែយល់ថាក៏ទោះបីជាប្រទេសលោកខាងលិច ជាពិសេសសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកនឹងចាត់វិធានការលើការឈ្លានពាននេះ ប៉ុន្តែក្រុមលោកខាងលិចនឹងចាត់វិធានការថ្នមដៃបន្តិចដោយសារតែរុស្ស៊ីនៅតែជាតួអង្គដែលពិភពលោកនិងក្រុមប្រទេសទាំងនោះត្រូវការដើម្បីសម្រាលនូវបន្ទុកវិបត្ដិថាមពល និងការជួយដោះស្រាយការកើនឡើងនូវអតិផរណាពិភពលោក។ ហេតុដូច្នេះហើយបានជាទោះបីអ៊ុយក្រែនអំពាវនាវឱ្យពិភពលោកធ្វើពហិការមិននាំចូលថាមពលពីរុស្ស៊ី ប៉ុន្តែមានតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះដែលប្រកាសបិទការនាំប្រេងឆៅចូលអាមេរិក។

ពង្រឹងសម្ព័ន្ធមិត្ដ និងឆ្លើយតបជាមួយអមិត្ដ

បច្ចុប្បន្នរុស្ស៊ីបានប្រើប្រាស់បាតបៀរជាបណ្ដើរៗក្នុងការពង្រឹងសម្ព័ន្ធមិត្ដ និងដាក់លក្ខខណ្ឌក្នុងការលក់ប្រេងទៅឱ្យប្រទេសដែលកំពុងកៀបច្របាច់សេដ្ឋកិច្ចរុស្ស៊ី។ បុរសខ្លាំងរុស្ស៊ី លោកវ្លាដឺមៀរ ពូទីន បានចុះហត្ថលេខាអនុម័តអនុក្រឹត ដែលមានអានុភាពចាប់ពីថ្ងៃទី១ ខែមេសានេះ ដើម្បីកម្រិតឱ្យប្រទេសនានាទិញឧស្ម័នធម្មជាតិពីរុស្ស៊ីដោយប្រើប្រាស់រូបិយវត្ថុ Rubles (រូបិយវត្ថុរុស្ស៊ី) ហើយក្នុងនោះ អ្នកទិញឧស្ម័នធម្មជាតិក៏ត្រូវបង្កើងគណនីជារូបិយវត្ថុ Rubles ជាមួយនឹងធនាគាររុស្ស៊ីដើម្បីទូទាត់ការទិញឧស្ម័នធម្មជាតិ។ លោក ​វ្លាដឺមៀរ ពូទីន ក៏មានប្រសាន៍ថា ប្រសិនបើការទូទាត់មិនអាចធ្វើបាន នោះរុស្ស៊ីនឹងចាត់ទុកថាការមិនបំពេញកាត្វកិច្ចរបស់ភាគីអ្នកទិញ ដែលក៏មានន័យថាកិច្ចសន្យានឹងត្រូវបញ្ចប់ហើយការទិញលក់ក៏ត្រូវឈប់ត្រឹមហ្នឹងដែរ។ ការដាក់លក្ខខណ្ឌបែបនេះបានផ្ដល់ប្រយោជន៍យ៉ាងច្រើនមកលើរុស្ស៊ីដូចជាបង្កើនតួនាទីនិងចរាចរណ៍រូបិយបណ្ណ Ruble នៅលើទីផ្សារអន្តរជាតិ ការធ្វើឱ្យតម្លៃរូបិយបណ្ណ Ruble ឡើងថ្លៃឡើងវិញ និងដាក់សម្ពាធទៅលើសហភាពអឺរ៉ុបនិងប្រទេសដែលកំពុងច្របាច់ករសេដ្ឋកិច្ចរុស្ស៊ីវិញ។ រុស្ស៊ីក៏នឹងគ្រោងដាក់បន្តដាក់លក្ខខណ្ឌប្រើប្រាស់រូបិយបន្ន Ruble​បន្តទៀតទៅលើវិស័យប្រេងឆៅ។

អាស៊ីខ្លះត្រៀមយកប្រយោជន៍

មិនត្រឹមតែលោកខាងលិចទេដែលបានដាក់ទណ្ឌកម្មលើរុស្ស៊ី ប៉ុន្តែអាស៊ីវិញក៏ចេញវិធានការទណ្ឌកម្មផងដែរដូចជាកូរ៉េខាងត្បូង ជប៉ុន និងសិង្ហបុរីជាដើម។ ទន្ទឹមនឹងការចូលរួមដាក់ទណ្ឌកម្ម ក៏មានប្រទេសក្នុងអាស៊ីមួយចំនួនមានបំណងចងស្ពានចងមេត្រីជាមួយរុស្ស៊ីដែរ ដែលក្នុងនោះមានដូចជាប្រទេសចិន ប្រទេសឥណ្ឌូនេស៊ី និងប្រទេសឥណ្ឌា។ ក្នុងគោលដៅពង្រឹងសម្ព័ន្ធមិត្ដវិញ អ្នកជំនាញបានមើលឃើញថា រុស្ស៊ីនឹងបញ្ចុះតម្លៃប្រេងឆៅពិសេសសម្រាប់ប្រទេសឥណ្ឌា និងប្រទេសចិន។ ឥណ្ឌាមានទំនាក់ទំនងការបរទេសបែប “ខ្នងដៃក៏សាច់បាតដៃក៏សាច់” ដែលម្ខាងត្រូវមានទំនាក់ល្អជាមួយលោកខាងលិច និងម្ខាងគឺជាដៃគូចាស់វស្សាជាមួយប្រទេសរុស្ស៊ី។ ក្នុងនាមឥណ្ឌាគឺជាប្រទេសធំមួយដែរ ដែលនាំចូលប្រេងឆៅច្រើនជាងគេ អ្នកផ្គត់ផ្គង់ប្រេងឆៅរបស់ឥណ្ឌាសំខាន់មួយគឺរុស្ស៊ី។ រាប់ចាប់ពីសង្រ្គាមនៅប្រទេសអ៊ុយក្រែនបានឆេះមក គេសង្កេតឃើញថាការនាំចេញប្រេងរបស់រុស្ស៊ីបានធ្លាក់ចុះ​ ដែលមានន័យថា មានប្រេងឆៅជាច្រើនកំពុងតែកកស្ទះនៅរុស្ស៊ី។ យ៉ាងណាមិញ​ ដើម្បីសម្រួលស្ថានភាពក៏ដូចជាពង្រឹងសម្ព័ន្ធភាព រុស្ស៊ីហាក់កំពុងបញ្ចុះតម្លៃពិសេសឱ្យប្រទេសដែលមិនលូកដៃចូលក្នុងវិវាទរុស្ស៊ីនិងអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ Bloomberg រុស្ស៊ីកំពុងផ្ដល់ឱ្យនូវការបញ្ចុះតម្លៃឱ្យទៅឥណ្ឌា ដែលបញ្ចុះតម្លៃជាង ៣៥$ ក្នុងមួយបារ៉ែលនៃតម្លៃមុនសង្គ្រាម។ ប៉ុន្តែ​ យោងតាមអ្នកជំនាញប្រេងឆៅលោក Matt Smith  យល់ឃើញថា ឥណ្ឌានឹងមិនអាចទិញប្រេងឆៅ ឬជួយយកប្រេងឆៅពីរុស្ស៊ីច្រើនក្រាស់ក្រែលនោះទេ ពីព្រោះការនាំចូលប្រេងឆៅពីរុស្ស៊ីអាចមានតម្លៃថ្លៃជាងបន្តិចពីតំបន់មជ្ឈិមបូព៌ា។ ខុសពីឥណ្ឌា ប្រទេសចិន ត្រូវការប្រេងឆៅច្រើន និងមានសមត្ថភាពទិញប្រេងឆៅច្រើនពីប្រទេសរុស្ស៊ីបាន ដែលអាចទាញយកប្រយោជន៍ពីការទិញប្រេងឆៅថោក ខណៈប្រទេសដទៃកំពុងវឹកវរនឹងការឡើងថ្លៃ។ ចិនក៏មិនឈឺក្បាលដូចសហរដ្ឋអាមេរិកដែលខិតខំស្វែងរកដំណោះស្រាយដើម្បីទប់ស្ថានភាពបន្ទាប់ពីបិទការនាំចូលប្រេង និងសហភាពអឺរ៉ុបដែលត្រៀមចិត្ដត្រៀមកាយនៅពេលដែលខ្វះអ្នកផ្គត់ផ្គង់ប្រេងឆៅមួយដ៏ធំ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ដ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង