"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ប្រទេសស្រីលង្ការ៖ វិបត្ដិសេដ្ឋកិច្ច-សង្គម កំពុងរុញច្រាន​​ឱ្យប្រទេសស្ថិតក្នុងគ្រាអាសន្ន

គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង ហ៊ត

ពលរដ្ឋប្រទេសស្រីលង្កានៅក្នុងទីក្រុងកូឡុំបូនាំគ្នាបាតុកម្ម ស្រែកទាមទារឱ្យលោកប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ចុះចេញពីដំណែង ​ដោយមូលហេតុប្រទេសកំពុងជួបនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ កង្វះស្បៀងអាហារ ក្រដាសសៀវភៅ អគ្គិសនី ប្រេងឥន្ធនៈ និងតម្រូវការចាំបាច់មូលដ្ឋានផ្សេងទៀត ជាពិសេសអត្រាអតិផរណាកើនឡើងខ្ពស់ហួសហេតុ បណ្ដាលឱ្យពលរដ្ឋទាំងក្មេងទាំងចាស់មិនអាចទ្រាំរស់នៅក្នុងស្ថានភាពបែបនេះបន្តទៀតបាន។ សេដ្ឋកិច្ចដាំក្បាលចុះ បំណុលជុំទិស ពលរដ្ឋក៏ស្រេកឃ្លាន រាលរង្គើដល់ប្រព័ន្ធនយោបាយគ្រប់គ្រងប្រទេស ដែលអាចវិវត្តឈានដល់វិបត្តិនយោបាយធ្ងន់ធ្ងរមួយកម្រិតទៀត។ តើដើមចមនៃបញ្ហាវិបត្តិទាំងអស់នេះបណ្ដាលមកពីកត្តាអ្វីខ្លះ? អត្ថបទខាងក្រោមនេះនឹងលើកយកចំណុចខ្លះៗមកធ្វើអត្ថាធិប្យាយ។

បរាជ័យនៃប្រព័ន្ធដឹកនាំប្រទេសស្រីលង្កា

ជាទូទៅ ប្រព័ន្ធដឹកនាំនយោបាយដើរតួយ៉ាងសំខាន់ ប្រៀបដូចជាក្បាលម៉ាស៊ីននាំមុខសេដ្ឋកិច្ចប្រទេសមួយឱ្យឆ្ពោះទៅរកវឌ្ឍនភាពបាន ប៉ុន្តែការដឹកនាំតាមបែបប្រកាន់បក្សពួក (Nepotism) ដោយផ្ដល់ដំណែងមុខងារសាធារណៈជាន់ខ្ពស់ដល់សមាជិកគ្រួសារ បងប្អូនសាច់ញាតិរបស់ខ្លួន អាចបង្អាក់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រសិនបើមេដឹកនាំទាំងនោះគ្មានឆន្ទៈ និងគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើតនិងអនុវត្តគោលនយោបាយបានត្រឹមត្រូវ។ ម៉្យាងទៀត ជម្លោះផលប្រយោជន៍នឹងកើតមានឡើង ជាពិសេសគឺអំពើពុករលួយដែលទាំងអស់នេះសុទ្ធតែជារនាំងនៃការអភិវឌ្ឍសេដ្ឋកិច្ច។ ជាក់ស្ដែងអស់រយៈពេល ២ទសវត្សរ៍មកហើយដែលគ្រួសារ រ៉ាចាប៉ាក់សា បានដឹកនាំប្រទេសស្រីលង្កា ព្រោះដំណែងមេដឹកនាំជាន់ខ្ពស់ភាគច្រើនត្រូវបានកាន់កាប់ដោយសមាជិកគ្រួសារ រ៉ាចាប៉ាក់សា ដែលជាគ្រួសារដ៏មានឥទ្ធិពលបំផុតក្នុងប្រទេស។ បច្ចុប្បន្ន លោក ហ្គោតាបាយ៉ា ជាប្រធានាធិបតី លោកម៉ាហ៊ិនដា ជានាយករដ្ឋមន្ត្រីត្រូវជាបងប្រុស លោកបាស៊ិល ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុត្រូវជាប្អូនប្រុស លោកឆាម៉ាល ជារដ្ឋមន្ត្រីធារាសាស្ត្រត្រូវជាបងប្រុស លោកណាម៉ាល់ ជារដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាត្រូវជាកូនប្រុសនាយករដ្ឋមន្ត្រី និងមានខ្សែស្រឡាយជាច្រើនទៀតដែលកាន់កាប់ដំណែងជាន់ខ្ពស់ក្នុងជួរមន្ត្រីរាជការ និងជាម្ចាស់ក្រុមហ៊ុនសហគ្រាសធំៗផងដែរ។

របបផ្ដាច់ការ បក្សពួកនិយម ជៀសមិនផុតពីអំពើពុករលួយ

អំពើពុករលួយអាចចាត់ទុកជាឬសគល់ដំបូងនៃបញ្ហាទាំងអស់។ បើយោងតាមសន្ទស្សន៍ការយល់ឃើញអំពីអំពើពុករលួយ (Corruption Perception Index) របស់អង្គការតម្លាភាពអន្តរជាតិ ប្រទេសស្រីលង្កាជាប់ចំណាត់ថ្នាក់ទី១០២ ក្នុងចំណោម១៨០ប្រទេស ហើយធ្លាក់ចុះពី៤០ពិន្ទុនៅឆ្នាំ២០១២ មកត្រឹម ៣៧ពិន្ទុនៅឆ្នាំ២០២១។ លើសពីនេះ ការបែកធ្លាយឯកសារសម្ងាត់ Pandora Papers នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ក៏បានបង្ហាញពីសមាជិកក្នុងវង្សត្រកូល រ៉ាចាប៉ាក់សា មានជាប់ពាក់ព័ន្ធនឹងបទល្មើសហិរញ្ញវត្ថុ ដូចជាបានប្រើប្រាស់ក្រុមហ៊ុនសម្ងាត់ដើម្បីលួចលាក់ទ្រព្យសម្បត្តិនៅជុំវិញពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំជាន់ខ្ពស់ និងអ្នកជំនួញធំៗមួយចំនួនក៏បានជាប់ឈ្មោះក្នុងបញ្ជីបកអាក្រាតកន្លងមករួមមាន Panama Papers, Paradise Papers និងថ្មីៗនេះ Pandora Papers។ គួរដឹងដែរថា បើយោងតាម Pandora Papers ប្រទេសស្រីលង្កាជាប្រទេស១ក្នុងចំណោមប្រទេស៩ផ្សេងទៀតដែលត្រូវចាត់វិធានការទប់ស្កាត់បទល្មើសហិរញ្ញវត្ថុជាបន្ទាន់។ អំពើពុករលួយបូករួមជាមួយនឹងអសមត្ថភាពនៃមេដឹកនាំផងនោះ បានធ្វើឱ្យប្រទេសកូនកោះដែលមានប្រជាជនប្រមាណ២២លាននាក់មួយនេះ ខ្វះកាវិនិច្ឆ័យត្រឹមត្រូវក្នុងការប្រើប្រាស់ថវិកាជាតិ និងចាយវាយបំណុលបរទេសមិនចំគោលដៅនៃគោលការណ៍អភិបាលកិច្ចល្អ។

គោលនយោបាយខុសកាលៈទេសៈរុញច្រានប្រទេសឱ្យធ្លាក់ក្នុងជ្រោះវិបត្តិកាន់តែដុនដាប

ជាការពិតណាស់ កូវីដ១៩បានជះឥទ្ធិពលទៅលើសេដ្ឋកិច្ចគ្រប់បណ្ដាប្រទេសទូទាំងពិភពលោក រួមទាំងស្រីលង្កាផងដែរ។ ប៉ុន្តែ មុនពេលដែលជំងឺកូវីដ១៩រីករាលដាល គឺកាលពីចុងឆ្នាំ២០១៩ រដ្ឋាភិបាលស្រីលង្កាបានសម្រេចកាត់បន្ថយពន្ធលើតម្លៃបន្ថែមពី១៥% មកត្រឹម ៨% និងបានលុបចោលពន្ធចំនួន៧ផ្សេងទៀត រួមទាំងពន្ធលើការកសាងប្រទេសចំនួន២% ដែលត្រូវបង់ដោយក្រុមហ៊ុនសហគ្រាសផងដែរ នេះបើផ្អែកទៅលើការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន AP។ ការធ្វើបែបនេះបានធ្វើឱ្យការប្រមូលបាននូវថវិកាជាតិធ្លាក់ចុះខ្លាំង ខណៈដែលលោកប្រធានាធិបតី ហ្គោតាបាយ៉ា បានធ្វើការឆ្លើយតបថា វាជាការវិនិយោគនៅក្នុងប្រទេសបើទោះបីជាត្រូវបាត់បង់ចំណូលថវិកាជាតិ។

ការដើរខុសរបស់រដ្ឋាភិបាលក្នុងវិស័យអភិបាលកិច្ចមួយទៀតនោះគឺការហាមប្រាមមិនឱ្យកសិករប្រើប្រាស់ជីគីមី ថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់ផ្សិតជាដើម។ គោលនយោបាយនេះត្រូវបានដាក់ចេញឱ្យអនុវត្តកាលពីខែមេសា ឆ្នាំ២០២១ ហើយបានបណ្ដាលឱ្យកសិកររាប់ពាន់នាក់តវ៉ា និងទាមទារឱ្យរដ្ឋាភិបាលដកចេញនូវគោលនយោបាយនេះវិញផងដែរ។ ផលប៉ះពាល់ពីការហាមប្រាមមួយនេះក៏ធំធេងណាស់ដែរ ស្របពេលជាមួយគ្នានឹងអាកាសធាតុមិនអំណោយផលផងនោះ បានធ្វើឱ្យទិន្នផលកសិកម្មធ្លាក់ចុះ ដែលរួមចំណែកដល់អតិផរណានៃម្ហូបអាហាររហូតដល់ទៅ១១,៧% នេះបើយោតាមការចុះផ្សាយរបស់ Reuters។ ទោះជាយ៉ាងណា គោលនយោបាយនេះត្រូវបានលុបចោលកាលពីចុងឆ្នាំ២០២១វិញ។ គួរបញ្ជាក់ដែរថា គិតត្រឹមខែមីនា ឆ្នាំ២០២២ អត្រាអតិផរណានៃអាហារបានកើនឡើងរហូតដល់ទៅ ៣០.២%។

កង្វះរូបិយប័ណ្ណបរទេស និងអត្រាអតិផរណាកើនឡើងខ្ពស់

ប្រទេសស្រីលង្កាពឹងផ្អែកទាំងស្រុងលើការនាំចូលដូចជាប្រេងឥន្ធនៈ អាហារ ក្រដាស ស្ករស សណ្តែកបណ្តុះ ថ្នាំពេទ្យ និងឧបករណ៍ដឹកជញ្ជូនជាដើម។ ហើយការនាំចូលនេះទៀតសោត គឺត្រូវការរូបិយប័ណ្ណបរទេសដើម្បីទិញទំនិញទាំងអស់នោះ ប៉ុន្តែរដ្ឋាភិបាលគ្មានរូបិយប័ណ្ណបរទេសគ្រប់គ្រាន់ដើម្បីទិញចូលនោះទេ ដែលជាហេតុធ្វើឱ្យការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ខណៈដែលតម្រូវការរបស់ប្រជាពលរដ្ឋកើនឡើង ហេតុនេះបានធ្វើឱ្យអតិផរណាកើនឡើងមួយកម្រិតទៀត។ កង្វះរូបិយប័ណ្ណបរទេសនេះផងដែរ ក៏បានទទួលឥទ្ធិពលពីវិបត្តិកូវីដ១៩ ដោយសារតែការហូរចូលរូបិយប័ណ្ណបរទេសប្រមាណជា២០% គឺបានពីវិស័យទេសចរណ៍ ហើយលើសពីនេះក៏ទទួលបានពីការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ផងដែរ។ ទន្ទឹមនឹងនេះ យោងតាមធនាគារកណ្តាលស្រីលង្កា រដ្ឋាភិបាលស្រីលង្កាបានបន្តធ្វើការបោះពុម្ពក្រដាសប្រាក់ជាច្រើនប៊ីលានរូពីស្រីលង្កាដើម្បីយកមកប្រើប្រាស់ក្នុងគ្រាវិបត្តិសេដ្ឋកិច្ចនេះ ដែលជាហេតុធ្វើឱ្យតម្លៃប្រាក់រូពីស្រីលង្កាធ្លាក់ចុះខ្លាំងរហូតដល់ទៅប្រមាណ៣២% នេះរាប់បញ្ចូលទាំងការទម្លាក់តម្លៃប្រាក់រូពីចំនួន១៥%ដោយធនាគារកណ្ដាលស្រីលង្កា ដើម្បីសម្រួលដល់កិច្ចចរចារជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ក្នុងការស្នើសុំថវិកាសង្គ្រោះ នេះបើយោតាមការចេញផ្សាយរបស់ Financial Times។ រហូតមកទល់ពេលនេះ អតិផរណាសរុបជារួមមានប្រមាណ ១៧,៥% នេះបើយោងតាម India Today។

បីផ្លូវដែលរដ្ឋាភិបាលស្រីលង្កាអាចនឹងឈានជើងដើរបន្ត

ទី១ រដ្ឋាភិបាលស្រីលង្កាត្រូវព្រមទទួលយកថវិកាសង្គ្រោះពីមូលនិធិរូបិយវត្ថុអន្តរជាតិ ដោយយល់ព្រមធ្វើតាមគ្រប់លក្ខខណ្ឌទាំងអស់ដែលកំណត់ដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ។ ប៉ុន្តែមូលហេតុដែលធ្វើឱ្យស្រីលង្កាស្ទាក់ស្ទើចិត្តមិនចង់ទទួលយក ក៏ព្រោះតែជំនួយនេះបង្កប់ទៅដោយលក្ខខណ្ឌតឹងរឹងជាច្រើន ជាពិសេសគឺការដែលអនុញ្ញាតឱ្យស្ថាប័នមួយនេះអាចចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសស្រីលង្កា ដូចជាការកែប្រែគោលនយោបាយជាតិពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកាផ្សេងៗដើម្បីអាចស្រោចស្រង់សេដ្ឋកិច្ចប្រទេសនេះឡើងវិញ។

ទី២ ស្រីលង្កាត្រូវរៀបចំរចនាសម្ព័ន្ធបំណុលសារឡើងវិញ ដែលមានន័យថាការចរចារសម្រាលលក្ខខណ្ឌនៃបំណុលចាស់ ហើយខ្ចីបំណុលបន្ថែមថ្មីក្នុងអត្រាការប្រាក់ទាបជាងបំណុលចាស់ដើម្បីខ្លួនអាចមានសមត្ថភាពសងបានខ្លះ ជាជាងទុកឱ្យការប្រាក់បំណុលចាស់កើនឡើងឥតឈប់ឈរ។ យុទ្ធសាស្ត្រនេះ វាពិតជាពិបាកទៅរួចខ្លាំងណាស់ ដោយសារតែប្រទេសជាម្ចាស់បំណុលភាគច្រើនមុននឹងផ្ដល់កម្ចីទៅកាន់ប្រទេសណាមួយ គឺត្រូវសិក្សាពីស្ថានភាពសេដ្ឋកិច្ចប្រទេសនោះថាតើប្រទេសនោះមានសមត្ថភាពអាចសងវិញក្នុងរយៈពេលណាមួយដែររឺទេ។

ទី៣ ស្រីលង្កាត្រូវតែធ្វើកំណែទម្រង់ប្រព័ន្ធនយោបាយរបស់ខ្លួនជាចាំបាច់។ ប្រជាធិបតេយ្យ នីតិរដ្ឋ តម្លាភាព គណនេយ្យភាព សិទ្ធិសេរីភាព ការចូលរួម ទាំងអស់នេះសុទ្ធសឹងតែជាគោលការណ៍សំខាន់ៗដើម្បីអាចបើកផ្លូវដល់មេដឹកនាំជំនាន់ក្រោយមានឱកាសកសាងប្រទេសឡើងវិញ។

សរុបសេចក្ដីមក ប្រទេសស្រីលង្កាកំពុងស្ថិតនៅក្នុងពេលវេលាអន្តរកាលនៃវិបត្តិសេដ្ឋកិច្ច និងនយោបាយ ដែលពិបាកធ្វើការសន្និដ្ឋានដឹងភ្លាមៗថាតើការវិវត្តទៅនាពេលខាងមុខនឹងទៅជាយ៉ាងណា ក៏ប៉ុន្តែប្រកដណាស់ តាមរយៈកម្លាំងសម្រែកទាមទាររបស់ប្រជាពលរដ្ឋស្រីលង្កាផ្ទាល់ ភាពវិជ្ជមានណាមួយនឹងអាចកើតមានឡើង។ ថ្វីត្បិតលទ្ធិប្រជាធិបតេយ្យមិនល្អឥតខ្ចោះ ប៉ុន្តែវាជាលទ្ធិមួយដែលផ្ដល់តម្លៃដល់មនុស្សជាតិ និងគោរពសិទ្ធិសេរីភាពបុគ្គល ហើយវាក៏ជាជម្រើសដ៏ល្អបំផុតសម្រាប់មេដឹកនាំស្រីលង្កាគួរប្រកាន់យក។ ព្រឹត្តិការណ៍នៅប្រទេសកូនកោះតូចមួយនេះផងដែរ ក៏ជាមេរៀនសម្រាប់បណ្ដាប្រទេសពិភពលោក ទុកជាបទពិសោធដ៏ល្អមួយដែលគួរជៀសវាង។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក​​ ធា​ សុណា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង