"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ចូ បៃឌិន ផ្ដើមតម្រង់មុខព្រួញ “សន្តិសុខនិងពាណិជ្ជកម្ម” មកលើអាស៊ី ជាពិសេសគឺចិន

ប្រធានាធិបតីសហរដ្ឋអាមេរិក រាប់ចាប់តាំងពីប្រធានាធិបតី George W. Bush រហូតមកដល់ ប្រធានាធិបតី ចូ បៃឌិន បានយកចិត្ដទុកដាក់ទៅលើការពង្រីកអំណាចរបស់ប្រទេសចិន។ យ៉ាងណាមិញ ទោះបីជា ប្រធានាធិបតី George W. Bush ជាអ្នកផ្ដើមមុនគេថាចិនគឺជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រក្ដី ប៉ុន្តែក្រោយពីការវាយប្រហារនៅអគារភ្លោះមក លោកបានងាកមកផ្ដោតលើសង្គ្រាមប្រឆាំងភេរវកម្មវិញ។ មកដល់សម័យលោកប្រធានាធិបតី បា រ៉ាក់អូបាម៉ា វិញ គឺមានយុទ្ធសាស្ត្រ Pivot to Asia ដើម្បីពង្រឹងសម្ព័ន្ធភាពក្នុងអាស៊ីនិងខ្ទប់ឥទ្ធិពលចិន ប៉ុន្តែលោកហាក់ផ្ដោតអារម្មណ៍ខ្លាំងទៅលើបញ្ហាតំបន់មជ្ឈិមបូព៌ាទៅវិញ ដែលម្យ៉ាងទៀតសហរដ្ឋអាមេរិកកាលនោះហាក់មាននយោបាយការបរទេសល្អក់កករជាមួយប្រទេសក្នុងអាស៊ានជាច្រើនដូចជាប្រទេសហ្វីលីពីនជាដើម ដោយសាររិះគន់បញ្ហាសិទ្ធិមនុស្ស។ ឈានមកដល់សម័យប្រធានាធិបតីដូណាល់ត្រាំវិញ សហរដ្ឋអាមេរិកហាក់ប្រឈមមុខជាមួយចិនចំៗ រហូតឈានទៅដល់សង្គ្រាមពាណិជ្ជកម្ម ប៉ុន្តែសហរដ្ឋអាមេរិកហាក់គិតប្រយោជន៍ខ្លួនឯងជ្រុលពេក និងមានគោលនយោបាយហាក់បែរខ្នងដាក់ប្រទេសជាសម្ព័ន្ធមិត្ដនិងពិភពលោក ដែលប្រទេសចិនហាក់បង្កើនតួនាទីនៅពិភពលោកទៅវិញ។

“ បងធំត្រលប់មកវិញហើយ”

ដូចដែលអំឡុងពេលឈ្នះឆ្នោតដំបូង លោក ចូ បៃឌិនបានលើកឡើងថា “America is back” ដែល ជាហេតុនៅពេលនេះ លោកហាក់ដើរតាមគន្លងគៀរគរពង្រឹងប្រទេសសម្ព័ន្ធមិត្ដឡើងវិញចំពេលដែលពិភពលោកកំពុងភ័យព្រួយពីសន្តិសុខពិភពលោកដោយសារតែរុស្ស៊ីកំពុងធ្វើសង្គ្រាមបង្ហូរឈាមនៅអ៊ុយក្រែនផងនិងនៅសង្វៀនសេដ្ឋកិច្ចផង និងខ្លាចប្រទេសចិនដើរគន្លងរបស់រុស្ស៊ី។ មួយវិញទៀត ការដែលលោក ចូ បៃឌិន មានវត្ដមាននៅទ្វីបអាស៊ីសប្ដាហ៍នេះក៏ជាសារមួយជូនរដ្ឋសម្ព័ន្ធមិត្ដមួយដែរថា ទោះបីជាសហរដ្ឋអាមេរិករវល់ជាមួយវិបត្ដិរុស្ស៊ីនិងអ៊ុយក្រែន ប៉ុន្តែសហរដ្ឋអាមេរិកក៏នៅតែយកចិត្ដទុកដាក់ទៅលើសុខសន្តិភាពរបស់ប្រទេសសម្ព័ន្ធមិត្ដនៅអាស៊ីដែរ។ ជាពិសេស កម្លាំងយោធាកូរ៉េខាងជើងកំពុងអភិវឌ្ឍមីស៊ីល និងនុយក្លេអ៊ែរ ដែលហាក់គម្រាមកំហែងមកលើប្រទេសជប៉ុននិងប្រទេសកូរ៉េខាងត្បូង និងការមានទំនាស់ព្រំដែនរបស់ចិនជាមួយចិននិងកូរ៉េខាងត្បូង។

តើ លោក ចូ បៃឌិន យកអ្វីខ្លះដើម្បីពង្រឹងឥទ្ធិពលនៅអាស៊ីវិញ?

និយាយជារួម ទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃឌិន នៅលើទឹកដីអាស៊ីគឺផ្ដោតសំខាន់ទៅលើសន្តិសុខ និងពាណិជ្ជកម្ម។ គួរឱ្យកត់សម្គាល់ផងដែរថា លោក ចូ បៃឌិន បានព្រមានថានឹងប្រើប្រាស់កម្លាំងយោធាជួយតៃវ៉ាន់ ប្រសិនបើចិនហ៊ានលេបយកដោយប្រើកម្លាំងបាយ។ ការព្រមាននេះវាហាក់ធ្វើឱ្យសហរដ្ឋអាមេរិកបង្ហាញពីឆន្ទៈនៃការនៃពីក្រោយតៃវ៉ាន់ ទោះបីជាខ្លួនបានបោះបង់តៃវ៉ាន់ដើម្បីចាប់យកចិនអំឡុងប្រកួតប្រជែងជាមួយសហភាពសូវៀតដោយគាំទ្រគោលការណ៍ចិនតែមួយ។ ការដែលលោក ចូ បៃឌិន ប្រកាសបែបនេះគឺដើម្បីបញ្ជៀសនូវការឡើងកម្ដៅរវាងចិន និងតៃវ៉ាន់ ហើយម្យ៉ាងវិញទៀតគឺបង្ហាញពីឆន្ទៈនៃការជួយប្រទេសម្ព័ន្ធមិត្ដ ដូចជាជប៉ុន កូរ៉េខាងជើង ឥណ្ឌាជាដើមដើម្បីពង្រឹងទំនុកចិត្ដរវាងប្រទេសសម្ព័ន្ធមិត្ដនិងសហរដ្ឋអាមេរិក។ ក្នុងករណីនេះផងដែរ សហរដ្ឋអាមេរិកក៏ចង់អូសទាញប្រទេសដែលផ្ដើមងាករេបែកចិត្ដដូចជាប្រទេសឥណ្ឌាឱ្យជឿជាក់ថាខ្លួននឹងមិនប្រឈមមុខជាមួយចិនតែម្នាក់ឯងទេ ដែលជាហេតុគួរបង្ហាញគោលជំហរឱ្យច្បាស់ពីការប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។ ហើយជាការពិតណាស់ ការប្រកាសរបស់សហរដ្ឋអាមេរិកបែបនេះគឺមិនបានធ្វើឱ្យចិននៅស្ងៀមទេ និងបានចេញឆ្លើយតបទាំងអារម្មណ៍ខឹងនូវអ្វីដែលសហរដ្ឋអាមេរិកបាននិយាយ។

ចំណែកឯសេដ្ឋកិច្ចវិញ លោក ចូ បៃឌិន ចង់ចាប់ផ្ដើមបែងចែកប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយ ដែលលែងចង់ពឹងផ្អែកសង្វាក់ផលិតកម្មលើប្រទេសមិនមានគុណតម្លៃដូចគ្នា។ នៅក្នុងទស្សនកិច្ចនៅរោងចក្រ Samsung ក្នុងប្រទេសកូរ៉េខាងត្បូង លោក ចូ បៃឌិន បានលើកឡើងពីការឈ្លានពានរបស់រុស្ស៊ីដែលខុសពីច្បាប់អន្តរជាតិ ហើយក៏ផ្សារភ្ជាប់ជាមួយការកកស្ទះសង្វាក់ផលិតកម្ម និងការឡើងថ្លៃនៃ semiconductor chip ដែលកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកគួរពង្រឹងពាណិជ្ជកម្មបន្ថែមទៀត។ គួរបញ្ជាក់បន្តិចថា ទោះបីជាប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសដៃគូធំរបស់សហរដ្ឋអាមេរិក ប៉ុន្តែប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសជប៉ុននិងកូរ៉េខាងត្បូងបានមានការកើនឡើងនៃការនាំចេញ chip ទៅកាន់ប្រទេសចិន។

ទីបំផុត! Indo-Pacific ចេញរូបរាងបន្តិចហើយ

ជាច្រើនឆ្នាំមកហើយដែល Indo-Pacific បានចេញឈ្មោះ ប៉ុន្តែវាហាក់ព្រឹលៗមិនសូវច្បាស់ ប៉ុន្តែកាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅនេះ លោក ចូ បៃឌិន បានប្រកាសឱ្យប្រើប្រាស់នូវ “ក្របខណ្ឌសេដ្ឋកិច្ច Indo-Pacific ដើម្បីវិបុលភាព” ។ សមាជិកដែលមានវត្ដមាននៅក្នុងវេទិការនៃការដាក់ឱ្យប្រើប្រាស់នេះមានតែប្រទេសដែលជិតស្និតជាមួយសហរដ្ឋអាមេរិកហើយមាននយោបាយកល្អក់ករជាមួយចិនដែលចាប់ផ្ដើមដោយសមាជិកចំនួន ១៣ ដូចជាប្រទេសអូស្រ្តាលី ប្រទេសឥណ្ឌា ប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន ជាដើម និងប្រទេសចំនួន ៧ របស់អាស៊ានប៉ុណ្ណោះ។ យ៉ាងណាមិញ លោក ចូ បៃឌិន ក៏បានរំលេចថា ប្រទេសដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំជាសមាជិកនៃក្របខណ្ឌសេដ្ឋកិច្ចនេះ អាចដាក់ពាក្យស្នើសុំបាន ប្រសិនបើមានគុណវុឌ្ឍក្នុងការសម្រេចគោលដៅ និងខិតខំធ្វើដើម្បីសម្រេចគោលដៅ។

បើតាមសន្ទរកថារបស់លោក ចូ បៃឌិន “ក្របខណ្ឌសេដ្ឋកិច្ច Indo-Pacific ដើម្បីវិបុលភាព” នឹងបង្កើតច្បាប់វិន័យថ្មីក្នុងការធ្វើពាណិជ្ជកម្មនិងសេដ្ឋកិច្ចក្នុងសត្សវត្សន៍ ២១ ដែលជួយនឹងការកើនឡើងនូវសេដ្ឋកិច្ចរហ័ស និងស្មើភាព។ យ៉ាងណាមិញ ទោះបីជាលោក ចូ បៃឌិន មិនបានរំលេចឱ្យចំៗថាក្របខណ្ឌនេះសម្រាប់ខ្ទប់ឥទ្ធិពលរបស់ចិន ប៉ុន្តែក្របខណ្ឌនេះហាក់ស្ដែងយ៉ាងច្បាស់ក្នុងការពន្យឺតឥទ្ធិពលចិនមកលើអាស៊ី។ ជាក់ស្ដែង កន្លងមក ប្រទេសចិនពង្រាយឥទ្ធិពលសេដ្ឋកិច្ចទៅតាមប្រយោជន៍របស់ខ្លួន និងចេះប្រើប្រាស់សណ្ដាប់ធ្នាប់ពិភពលោកដែលមានស្រាប់ក្នុងការចាប់យកឱកាស ដែលជាហេតុជាមួយឆ្នាំទៅមួយឆ្នាំ ប្រទេសចិនបានបង្កើនអំណាចទៅតាមការកើនឡើងតួនាទីរបស់ខ្លួននៅលើពិភពលោក។ សណ្ដាប់ធ្នាប់ពិភពដែលមានស្រាប់នេះគឺសហរដ្ឋអាមេរិកបានបង្កើត ប៉ុន្តែវាហាក់ហួសសម័យកាល ហើយបានប្រៀបដូចជារបូតដុំថ្មចំជើងខ្លួនឯង ដែលចិនចេះតែរីកធំពីមួយថ្ងៃទៅមួយថ្ងៃ ហើយសហរដ្ឋអាមេរិកហាក់បាត់បង់តួនាទីម្ដងបន្តិចៗ។

យុទ្ធសាស្ត្រនេះនឹងអាចគៀតគរសមាជិកដទៃបន្ថែមទៀតប្រសិនបើជាការសមាជិកនេះគឺជាផ្លូវមាសផ្លូវប្រាក់ ដែលមានន័យថា ក៏អាចមានប្រទេសដែលធ្លាប់ល្អូកល្អិនជាមួយចិនមកងាកចូលជាសមាជិកក្របខណ្ឌ Indo-Pacific ដែរ។ ក្នុងន័យនេះ ដើម្បីរក្សាឥទ្ធិពល ប្រទេសចិនក៏អាចព្យាយាមចាក់ប្រយោជន៍បន្ថែមទៅឱ្យប្រទេសជាសម្ព័ន្ធមិត្ដ ជាពិសេសនៅក្នុងគម្រោង “ក្រវាត់មួយ-ផ្លូវមួយ” ដែលក៏ជាឱកាសនៃការប្រឈមមុខនៃការផ្ដល់ប្រយោជន៍រវាងសហរដ្ឋអាមេរិក និងប្រទេសចិនទៅឱ្យប្រទេសសម្ព័ន្ធមិត្ដដើម្បីពង្រីកសក្ដានុពលនៃភូមិសាស្រ្ដនយោបាយ។ ដូចនេះ ប្រទេសដែលមានគោលនយោបាយការបរទេសដែលឆ្លាតវៃ និងមានភាពបត់បែន នឹងអាចទាញយកប្រយោជន៍ទៅតាមការប្រទាញប្រទង់គ្នាដូចទាញព្រ័តរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង ២។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ដ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ