"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

បញ្ហាព្រំដែនសមុទ្ររវាងប្រទេសចិននិងជប៉ុន

គំនូរច្នៃប្រឌិតដោយ៖ Torez

ជម្លោះព្រំដែនគឺជាបញ្ហាដែលតែងតែកើតឡើងទៅលើបណ្តាលប្រទេសជាច្រើននៅក្នុងពិភពលោក ទាំងប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍។ ឬសគល់ជាច្រើនដែលធ្វើឲ្យឱ្យជម្លោះព្រំដែនកើតមានឡើងដូចជា ការប្រែប្រួលសណ្ឋានដីដោយធម្មជាតិ ការយកប្រយោជន៍ផ្ទាល់ខ្លួនជាធំ វិវាទនយោបាយ និងការមិនស្របគំនិតគ្នាក្នុងការកំណត់ទីតាំងព្រំដែនជាដើម។ នៅក្នុងអត្ថបទនេះដែរ យើងនឹងលើកយកជម្លោះព្រំដែនរវាងប្រទេសមហាអំណាចនៅអាស៊ីចំនួន ២ មកសិក្សាពោលគឺ បញ្ហាទឹកដីរវាងចិននិងជប៉ុន។ នៅក្នុងអត្ថបទនេះយើងនឹងក្រឡេកទៅមើលថាតើជម្លោះព្រំដែនរវាងចិននិងជប៉ុនមានលក្ខណ:បែបណាខ្លះ?

ជម្លោះនៅលើដែនកោះ Senkaku

តំបន់ជម្លោះដែលប្រទេសទាំងពីរកំពុងទាមទាររៀងខ្លួនគឺស្ថិតនៅសមុទ្រចិនខាងកើតនៅលើកោះSenkaku ដែលប្រទេសចិនគេហៅថា Diaoy។ គួរបញ្ជាក់ផងដែរថា កោះ Senkaku/Diaoy ស្ថិតនៅភាគឦសាននៃកោះតៃវ៉ាន់និង ជាតំបន់មួយដែលសម្បូរទៅដោយធនធានធម្មជាតិមិនចេះរីងស្ងួតដែលមាន សក្តានុពលប្រេង និងឧស្ម័នធម្មជាតិបម្រុង មានផ្លូវសាគរពាណិជ្ជកម្មដ៏មមាញឹកហើយត្រូវបានហ៊ុំព័ទ្ធដោយតំបន់នេសាទដ៏សម្បូរបែប។ ម្យ៉ាងវិញទៀត ទិសដៅរបស់ប្រទេសទាំងពីរគឺការចូលទៅកាន់កាប់តំបន់សេដ្ឋកិច្ចផ្តាច់មុខ Exclusive Economic Zone(EEZ)។ គួរបញ្ជាក់ផងដែរថា Exclusive Economic Zone(EEZ)គឺជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដូចដែលបានកំណត់ដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ គឺជាតំបន់នៃសមុទ្រដែលរដ្ឋអធិបតេយ្យមួយមានសិទ្ធិពិសេសទាក់ទងនឹងការរុករក និងប្រើប្រាស់ធនធានសមុទ្រ រួមទាំងការផលិតថាមពលពីទឹក និងខ្យល់។ ជាក់ស្តែង បើយើងនិយាយអំពីប្រវត្តិសាស្ត្ររបស់កោះនេះបន្តិច នោះយើងនឹងឃើញថាប្រទេសជប៉ុនបានចូលគ្រប់គ្រងដែនកោះមួយនេះតាំងពីឆ្នាំ១៨៩៥ ថែមទាំងមានប្រជាជនជប៉ុនរស់នៅទីនោះថែមទៀតផង។ ប៉ុន្តែចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០មក ប្រទេសចិនបានចាប់ផ្តើមអះអាងឡើងវិញនូវការទាមទារលើកោះ Senkaku/Diaoyu ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ដោយលើកឡើងថាកោះនោះជាទឹកដីប្រវត្តិសាស្ត្រចំពោះរបស់ខ្លួនតាំងពីសម័យរាជវង្ស Ming និង Qingមកម៉្លេះ។ ក្រោយមកទៀតក្នុងឆ្នាំ១៨៩៥ ប្រទេសជប៉ុនបានធ្វើសង្រ្គាមជាមួយរាជវង្ស Qingរបស់ចិនជាលើកដំបូង ( The First Sino-Japanese War)។

ជាលទ្ធផលនៃសង្រ្គាម ប្រទេសចិនបានចាញ់ ហើយជប៉ុនបានបញ្ចូលកោះនេះទោកាន់ដែនដីរបស់ខ្លួន។ ភាពតានតឹង ជុំវិញប្រជុំកោះ Senkaku/Diaoyu ដែលកំពុងមានជម្លោះនៅតែបន្តកើនឡើង ខណៈដែលប្រទេសទាំងពីរកំពុងពង្រឹងសមត្ថភាពយោធារបស់ពួកគេ ជាពិសេសគឺការដាក់ប្រព័ន្ធរ៉ាដា និងមីស៊ីល នៅក្នុងតំបន់ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ប្រទេសជប៉ុនបានសាងសង់មូលដ្ឋានយោធាថ្មីនៅលើកោះក្បែរនោះ ដោយបានអះអាងថា ដើម្បីត្រួតពិនិត្យច្រកសមុទ្រ Miyako និង Tokara ជាពិសេសនោះគឺរារាំងប្រទេសចិនពីការអភិវឌ្ឍនិងពង្រីកសមត្ថភាពយោធារបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់។ យោងតាមអ្នកសង្កេតការណ៍ជប៉ុន ប្រទេសចិនបានកំពុងតែធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើង ដោយបង្កើនវត្តមានរបស់នាវាឆ្មាំសមុទ្រចិន (China Coast Guard) នៅក្នុងតំបន់ជាប់គ្នានៃប្រជុំកោះ Senkaku/Diaoyu ។ ឆ្មាំឆ្នេរសមុទ្រជប៉ុន (Japan Coast Guard) បានបង្ហាញថាចំនួននាវាផ្លូវការរបស់ចិននៅក្នុងតំបន់ បានកើនឡើងយ៉ាងខ្លាំងចាប់ពីខែមេសាឆ្នាំ ២០១៩។

ការទូតនិងយោធា

វត្តមានជាប្រចាំរបស់ឆ្មាំសមុទ្ររបស់ចិន(CCG) នៅជិតប្រជុំកោះ Senkaku/Diaoyu បានបង្អាក់ទូកនេសាទជប៉ុនពីប្រតិបត្តិការនៅក្នុងតំបន់ ជាពិសេសការធ្វើការនេសាទនៅក្នុងដែនសមុទ្រ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន និងតាមការបញ្ជាក់របស់ឆ្មាំសមុទ្ររបស់ជប៉ុនក៏បានលើកឡើងថា នាវាចិនថែមទាំងបានព្រមានកប៉ាល់ជប៉ុនកុំឱ្យបង្ករឿងដល់នាវារដ្ឋចិនដោយការនេសាទនៅជិតកោះ Senkaku/Diaoyu ថែមទៀតផង។ នាវាចិនបានធ្វើការល្បាតរបស់ពួកគេនៅក្នុងដែនទឹកជុំវិញកោះ Senkaku/Diaoyuដើម្បីពីឥទ្ធិពលក្នុងតំបន់របស់គេផងដែរ។

ទោះបីជាជម្លោះរវាងប្រទេសទាំងពីរឡើងកម្តៅខ្លាំងម្ដងម្កាលយ៉ាងណាក៏ដោយ ប្រទេសទាំងពីរមិន មានឈានទៅដល់ការផ្ទុះអាវុធនោះទេ ផ្ទុយទៅវិញ ទាំងរដ្ឋាភិបាលចិននិងជប៉ុនបានតវ៉ាប្រឆាំងគ្នាទៅវិញទៅមកតាមរយៈការទូតជំនួសវិញ។ តាមសេចក្តីរាយការណ៍មួយចំនួន ប្រទេសចិនបានស្នើឱ្យរដ្ឋាភិបាលជប៉ុនរារាំងទូកជប៉ុនពីការនេសាទនៅក្នុងដែនទឹកនៃកោះ Diaoyu និងរារាំងការផ្លាស់ប្តូរឈ្មោះកោះដែលស្ថិតនៅក្នុងតំបន់ជម្លោះ ។ យ៉ាងណាមិញ ជប៉ុនបានបដិសេធយ៉ាងខ្លាំងចំពោះការទាមទារខាងលើរបស់ចិន។ ជប៉ុនបានបារម្ភថាទីក្រុងប៉េកាំងកំពុងប្រើប្រាស់ការអភិវឌ្ឍន៍ដូចជា ការពង្រីកកម្លាំងមូលដ្ឋានទ័ព ការបន្ថែមនាវាសម្រាប់ធ្វើការធ្វើល្បាតជុំវិញតំបន់ជម្លោះ ដើម្បីធ្វើឱ្យការគ្រប់គ្រងលើកោះរបស់ជប៉ុនចុះខ្សោយ និងពង្រឹងការទាមទារអធិបតេយ្យភាពរបស់ខ្លួននៅពេលក្រោយ។ ប៉ុន្តែរដ្ឋាភិបាលប្រទេសចិនបានអះអាងថា ដោយសារតែមានការជំរុញឱ្យមានការនេសាទនៅជុំវិញតំបន់ជម្លោះពីសំណាក់ជប៉ុន ទើបធ្វើឱ្យចិនឆ្លើយតបដើម្បីការពារការទាមទារអធិបតេយ្យភាពរបស់ខ្លួន។

ទោះបីជាត្រូវការពារទឹកដីរបស់ខ្លួនក៏ដោយ ទីក្រុងតូក្យូគួរតែការពារអធិបតេត្យភាពដែនដីរបស់ខ្លួនដោយការចរចាជាមួយនឹងចិន ហើយគួរតែបន្តធ្វើការជាមួយទីក្រុងប៉េកាំងដើម្បីការពារវិបត្តិ និងធ្វើការដោះស្រាយតាមវិស័យការទូតដើម្បីដោះស្រាយបញ្ហាដែលនៅជុំវិញ កោះ Senkaku/Diaoyu ។ ស្របពេលការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិនកាន់តែខ្លាំង ការលើកកម្ពស់ទំនាក់ទំនងរវាងជប៉ុននិងចិនគួរតែរក្សារសន្តិភាពជាមួយគ្នាឱ្យបានដើម្បី រួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ លោក​ ម៉ន ពិសិដ្ឋ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង