"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមានដំណើរការប្រព្រឹត្តិទៅយ៉ាងដូចម្តេច?

គំនូរច្នៃប្រឌិតដោយ៖ Toby

ទណ្ឌកម្មសេដ្ឋកិច្ច គឺជាឧបករណ៍នយោបាយការបរទេសមួយដែលយើងទាំងអស់គ្នាសុទ្ធតែធ្លាប់បានឮនិងដឹងអំពីវាជាប្រចាំ។ ប្រទេសជាច្រើន ជាពិសេសប្រទេសដែលមានធនធានសេដ្ឋកិច្ចឈានមុខតែងតែប្រើប្រាស់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសណាមួយដើម្បីសម្រេចបាននូវគោលនយោបាយការបរទេសរបស់ខ្លួនក្នុងការទាមទារឱ្យប្រទេសដែលទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចបំពេញតាមលក្ខខណ្ឌជាក់លាក់ណាមួយ។ នៅក្នុងអត្ថបទនេះយើងនឹងក្រឡេកមើលឱ្យបានស៊ីជម្រៅថាតើអ្វីទៅជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច? តើគំនិតទណ្ឌកម្មសេដ្ឋកិច្ចចាប់ផ្តើមលេចឡើងជារូបរាងតាំងពីពេលណាមក? ហើយតើវាមានដំណើរប្រព្រឹត្តិទៅយ៉ាងដូចម្តេច? បន្ទាប់អំពីការឆ្លើយទៅនឹងសំណួរដែលបានលើកឡើងខាងលើរួច អត្ថបទនេះនឹងបន្តធ្វើការសិក្សារទៅលើករណីនៃប្រទេសរុស្ស៊ីថាតើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសផ្សេងៗក្រោយការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សេដ្ឋកិច្ចរបស់រុស្ស៊ីផងដែរ។

កំណរកំណើតនៃគំនិតទណ្ឌកម្មសេដ្ឋកិច្ច

ការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចគឺត្រូវបានការសិក្សារជាច្រើនទទួលស្គាល់ថាជាឧបករណ៍នយោបាយមួយដែលមិនមានការបង្កជាសង្គ្រាមវាយប្រហារដោយអាវុធ ឬការបង្ហូរឈាមគ្នាឡើយ ដូច្នេះវាត្រូវបានគេយល់ថាជាឧបករណ៍សង្គ្រាមសន្តិវិធីមួយ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺទណ្ឌកម្មសេដ្ឋកិច្ចគឺជាគោលគំនិតមួយដែលបានចាប់បដិសន្ធិឡើងតាំងតែពីឆ្នាំ ៤៣២ មុនគ.ស មកម្ល៉េះដែលសកម្មភាពនៃការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចគឺត្រូវបានគេកត់សម្គាល់ថាបានកើតឡើងដំបូងបំផុតនៅក្នុងចក្រភពអាថែន (Athenian Empire) នៅពេលដែលចក្រភពនេះបានហាមមិនឱ្យអ្នកជំនួញពីក្រុង មេហ្គារ៉ា (Megara) ដែលជាសត្រូវរបស់ខ្លួនធ្វើពាណិជ្ជកម្មនៅក្នុងចក្រភពរបស់ខ្លួននោះទេ។ យ៉ាងណាមិញ បើទោះបីជាការកកើតឡើងនៃទណ្ឌកម្មសេដ្ឋកិច្ចត្រូវបានគេប្រទះថាបានកើតឡើងតាំងពីច្រើនឆ្នាំមុនគ.សមក ការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចទើបតែមានភាពលេចធ្លោឡើងខ្លាំងនៅសតវត្សទី២០នៅអំឡុងពេលសង្គ្រាមលោកលើកទី១តែប៉ុណ្ណោះ។

នៅក្នុងអំឡុងសង្គ្រាមលោកលើកទី១ចក្រភពអង់គ្លេសនិងបារាំងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើ អាល្លឺម៉ង់ អូទ្រីស-ហុងគ្រី និង ចក្រភពអូតូម៉ង់ដោយសារតែការឈ្លានពានរបស់ពួកគេ។ ការដាក់ទណ្ឌកម្មនេះដែរគឺត្រូវបានធ្វើឡើងដោយការបង្ខាំងលំហូរនៃចំណីអាហារ ថាមពល និង ទំនិញសំខាន់ផ្សេងៗទៀតទៅក្នុងប្រទេសទាំងនោះ។ នៅពេលនោះទណ្ឌកម្មសេដ្ឋកិច្ចត្រូវបានគេហៅថាជា «អាវុធសេដ្ឋកិច្ច» ដែលនៅក្នុងឆ្នាំ ១៩១៩ ប្រធានាធិបតីអាមេរិក លោក វ៉ូដរូ វីលសុន (Woodrow Wilson) បានលើកឡើងអំពីលក្ខណៈនិងប្រសិទ្ធភាពនៃអាវុធសេដ្ឋកិច្ចថា «ជាការដាក់ឱ្យប្រទេសដែលទទួលរងនូវទណ្ឌកម្មនេះមានភាពឯកោ និងការផ្តាច់ដង្ហើមដែលធ្វើឱ្យបុគ្គលទាំងនោះគ្មានការចង់ប្រយុទ្ធបន្តទៀត។ ការដាក់ចេញនូវមធ្យោបាយសេដ្ឋកិច្ចដែលសន្តិភាព ស្ងៀមស្ងាត់ និង មិនត្រូវការកម្លាំងបែបនេះគឺជាមធ្យោបាយដែលសាហាវបំផុត ដែលតាមការវិនិច្ឆ័យរបស់ខ្ញុំមិនមានប្រទេសណាមួយ នៅក្នុងសតវត្សថ្មីនេះអាចទប់ទល់បានឡើយ»។ ចាប់តាំងពីពេលនោះមកការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចបានកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ដើម្បីឆ្លើយតបទៅនិងសកម្មភាពនយោបាយផ្សេងៗ។

ដំណើរការនៃការប្រព្រឹត្តិទៅនៃទណ្ឌកម្មសេដ្ឋកិច្ច

ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសមួយ (ក៏អាចជាការដាក់ទណ្ឌកម្មទៅលើបុគ្គល ឬ អង្គភាពណាមួយបានដែរ) គឺជាការកាត់បន្ថយ ឬ កាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនោះ ហើយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចគឺមានជាច្រើនទំរង់នឹងបែបបទ។ ជាក់ស្តែងប្រភេទនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមានដូចជា ការកាត់ផ្តាច់ ឬ រារាំងចរាចរណ៍ទំនិញ (embargo) ការដាក់ពន្ធលើទំនិញនាំចូល (tariff) ការបង្កកទ្រព្យសម្បត្តិ (asset freeze) ឬ ការឃាត់ឃាំងហិរញ្ញវត្ថុ (financial prohibition) ជាដើម។

ជាទូទៅទណ្ឌកម្មសេដ្ឋកិច្ចត្រូវបានគេប្រើប្រាស់នៅពេលដែលរដ្ឋាភិបាលនៃប្រទេសមួយ សហគមមួយ ឬ អង្គការអន្តរជាតិ ដូចជាសហគមអឺរ៉ុប ឬ អង្គការសហប្រជាជាតិជាដើមប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ចខាងលើដើម្បីបង្ខិតបង្ខំឱ្យភាគីម្ខាងទៀតសម្របទៅតាមគោលការណ៍អ្វីមួយរបស់ខ្លួន។ គួរបញ្ជាក់ផងដែរថាគោលបំណងនៃការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចគឺដើម្បីសម្រេចបាននូវនយោបាយការបរទេសជាច្រើនរួមមាន ការប្រឆាំងភេរវកម្ម ការប្រឆាំងគ្រឿងញៀន ការរំលោភបំពានលទ្ធិប្រជាធិបតេយ្យ ការលើកកម្ពស់សិទ្ធិមនុស្ស ការដោះស្រាយជម្លោះ និងការការពារសន្តិសុខផ្សេងៗ។ល។

ដំណើរប្រព្រឹត្តទៅនឹងការជះឥទ្ធិពលនៃទណ្ឌកម្មសេដ្ឋកិច្ចមានលក្ខណៈផ្សេងៗគ្នាទៅតាមប្រភេទរបស់វា។ ចំពោះប្រភេទទណ្ឌកម្មលើការរារាំងចរាចរណ៍ទំនិញ រដ្ឋាភិបាលរបស់ប្រទេសមួយអាចដាក់ជាបម្រាមមិនឱ្យមានការនាំចូល ឬនាំចេញទំនិញ សេវាកម្ម និង ចរាចរណ៍សាច់ប្រាក់ទៅកាន់និងអំពីប្រទេសដែលទទួលរងនូវទណ្ឌកម្មនេះ។ គោលបំណងនៃការដាក់ទណ្ឌកម្មប្រភេទនេះគឺចង់កាត់ផ្តាច់ បិទខ្ទប់ ឬ បង្អាក់ការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសដែលទទួលរងទណ្ឌកម្ម ហើយឥទ្ធិពលរបស់វាក៏មានភាពខុសៗគ្នាទៅតាមលក្ខខណ្ឌសេដ្ឋកិច្ចរបស់ប្រទេសគោលដៅផងដែរ។ ប្រសិនបើប្រទេសដែលទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចនោះមានសេដ្ឋកិច្ចដែលពឹងផ្អែកទៅលើការនាំចេញ នោះការបង្អាក់សកម្មភាពពាណិជ្ជកម្មដោយសារការមិនទទួលនាំចូលផលិតផលដែលផលិតដោយប្រទេសនោះនឹងធ្វើឱ្យមានផលប៉ះពាល់និងបង្អាក់ដល់លូតលាស់សេដ្ឋកិច្ចរបស់ប្រទេសនោះថែមទៀតផងប្រសិនបើប្រទេសនេះទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសជាច្រើន។ មិនតែប៉ុណ្ណោះការប្រើប្រាស់ការរារាំងចរាចរណ៍ទំនិញ និង សេវាកម្មជាទណ្ឌកម្មបែបនេះក៏អាចបណ្តាឱ្យមានផលប៉ះពាល់ទៅលើការវិនិយោគ មិនថាជាការវិនិយោគពីបរទេសឬ ការវិនិយោគក្នុងស្រុកឡើយ ដោយវាអាចធ្វើឱ្យមានការដកចេញ ឬបញ្ឃប់នូវការវិនិយោគពីបរទេស ដោយសារតែការវិនិយោគទាំងនោះក៏នឹងត្រូវទទួលរងនូវទណ្ឌកម្មផងដែរ។ បន្ថែមលើសពីនេះទៅទៀត ការវិនិយោគនៅក្នុងស្រុកដែលជាសសៃឈាមនៃការរីកលូតលាស់របស់ប្រទេសនោះក៏ប្រាកដណាស់នឹងទទួលរងនូវផលប៉ះពាល់ ហើយប្រសិនបើការដាក់ទណ្ឌកម្មនោះមានភាពធ្ងន់ធ្ងរខ្លាំង នោះសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសនោះនឹងត្រូវទទួលរងផលប៉ះពាល់មិនថាតិចឬខ្លាំងនោះឡើយ។ ម្យ៉ាងវិញទៀត ទណ្ឌកម្មប្រភេទនេះក៏មានការបង្អាក់ការនាំចូលផលិតផល ឬ សេវាកម្មផ្សេងៗទៅក្នុងប្រទេសដែលទទួលរងទណ្ឌកម្មផងដែរ ដែលនេះនឹងបណ្តាលឱ្យមានការរាំងស្ទះនូវសង្វាក់ផលិតកម្មផ្សេងៗ ប្រសិនបើផលិតផលដែលនាំចូលនោះគឺជាផលិតផលមិនទាន់សម្រេច។

រីឯការដាក់ពន្ធទៅលើទំនិញនាំចូលវិញ ប្រសិនបើប្រទេសមួយទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចប្រភេទនេះ នោះមានន័យថាទំនិញដែលបានផលិតនៅក្នុងប្រទេសនេះនឹងក្លាយទៅជាទំនិញដែលត្រូវបានគិតពន្ធយ៉ាងខ្ពស់បំផុតនៅពេលនាំចេញទៅកាន់ប្រទេសដែលដាក់ទណ្ឌកម្មមកលើខ្លួន។ ចំពោះលទ្ធផលនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រភេទនេះដែរគឺមានភាពស្រដៀងគ្នាទៅនឹងប្រភេទទណ្ឌកម្មមុនដែរ។ កាលណាដែលទំនិញដែលនាំចេញទៅកាន់ប្រទេសផ្សេងៗដែលបានដាក់ទណ្ឌកម្មដោយមានការគិតពន្ធនាំចូលខ្ពស់ នោះតម្លៃនៃទំនិញទាំងនោះនៅក្នុងទីផ្សារក៏កាន់តែឡើងថ្លៃដែលធ្វើឱ្យតម្រូវការនៃទំនិញទាំងនោះធ្លាក់ចុះ ដែលជាហេតុផលដែលអាចធ្វើឱ្យការវិនិយោគនៅក្នុងប្រទេសដែលទទួលទណ្ឌកម្មនេះធ្លាក់ចុះផងដែរ។ ទណ្ឌកម្មប្រភេទនេះគឺជាទណ្ឌកម្មដែលនឹងជះឥទ្ធិពលខ្លាំងទៅលើសេដ្ឋកិច្ចរបស់ប្រទេសគោលដៅទណ្ឌកម្មប្រសិនបើប្រទេសនោះពឹងផ្អែកខ្លាំងទៅលើការនាំចេញ។

ចំពោះការបង្កកទ្រព្យសម្បត្តិវិញគឺជាការបង្កកមូលនិធិ ទ្រព្យសម្បត្តិហិរញ្ញវត្ថុផ្សេងៗ និងធនធានសេដ្ឋកិច្ចរបស់បុគ្គល ឬ អង្គភាពណាមួយរួមមានការរារាំងការប្រើប្រាស់ ការផ្លាស់ប្តូរ ការផ្ទេរ ឬការចូលប្រើរបស់ពួកគេ លុះត្រាតែត្រូវបានអនុញ្ញាតនៅក្រោមនីតិវិធីលើកលែងជាក់លាក់ណាមួយ។ ការបង្កកទ្រព្យសម្បត្តិនេះគឺអាចដាក់ទៅលើទ្រព្យសម្បត្តិទាំងអស់របស់បុគ្គលដែលត្រូវជាប់ទណ្ឌកម្មទាំងទ្រព្យសម្បត្តិដែលបុគ្គលនោះកាន់កាប់ដោយផ្ទាល់ និង ទាំងទ្រព្យសម្បត្តិដែលចុះកម្មសិទ្ធិនៅក្រោមឈ្មោះអ្នកដទៃផងដែរ។ ការបង្កកទ្រព្យសម្បត្តិនេះធ្វើឡើងទៅតាមនិតិវិធីផ្សេងៗរបស់ប្រទេសដែលដាក់ទណ្ឌកម្ម ហើយប្រទេសទាំងនោះអាចបង្កករាល់ទ្រព្យសម្បត្តិរបស់បុគ្គលរងទណ្ឌកម្មដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់គេ។ គោលបំណងនៃទណ្ឌកម្មប្រភេទនេះគឺដើម្បីបញ្ឈប់ការប្រើប្រាស់ទ្រព្យសម្បត្តិទាំងនោះដែលអាចត្រូវបានយកទៅប្រើប្រាស់លើអំពើខុសច្បាប់ ការឈ្លានពាន ឬ អំពើភេរវកម្មជាដើម។ ចំណែកឯការហាមឃាត់ហិរញ្ញវត្ថុវិញក៏មានលក្ខណៈដូចគ្នាផងដែរ ដែលវាអាចមានទម្រង់ជាការមិនឱ្យមានការលក់ ការផ្ទេរ ឬ ប្រើប្រាស់រូបិយប័ណ្ណរបស់ប្រទេសដាក់ទណ្ឌកម្មនៅក្នុងសកម្មភាពសេដ្ឋកិច្ចផ្សេងៗ។

ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី

បន្ទាប់ពីមានការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនកាលពីពេលថ្មីៗកន្លងមក ប្រទេសជាច្រើនដែលរួមមានសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី ដែលក្នុងនោះដែរមានការរារាំងមិនឱ្យមានការនាំចូលផលិតផលរបស់រុស្ស៊ីចូលទៅក្នុងប្រទេសរបស់ពួកគេ មិនឱ្យមានការនាំចូលទំនិញឬផលិតផលទៅក្នុងប្រទេសរុស្ស៊ី និងការផ្អាកនិងការដកចេញនូវវិនិយោគទុននៅក្នុងប្រទេសរុស្ស៊ីផងដែរ។ បន្ថែមពីលើនេះទៅទៀតក៏មានការដាក់ទណ្ឌកម្មទៅលើបុគ្គលសំខាន់ៗមួយចំនួននៅក្នុងជួររដ្ឋាភិបាល និង វិនិយោគិនធំៗរបស់រុស្ស៊ីផងដែរ។
បើយោងទៅតាមរបាយការរបស់ BBC ដែលបានរៀបរាប់អំពីទំហំនៃទណ្ឌកម្មសេដ្ឋកិច្ចរបស់រុស្ស៊ីបានឱ្យដឹងថាប្រទេសរុស្ស៊ីត្រូវបានប្រទេសសម្ព័ន្ធមិត្តអាមេរិកដាក់ទណ្ឌកម្មដោយមានការបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្ដាលរុស្ស៊ីចំនួន ៦៣០ ប៊ីលានដុល្លារអាមេរិករួចទៅហើយៗ ចំណែកឯសហរដ្ឋអាមេរិកវិញបានបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលមាននៅក្នុងធនាគារអាមេរិកដែលនឹងប្រើប្រាស់សម្រាប់សងបំណុលអន្តរជាតិចំនួន ៦០០ លានដុល្លារអាមេរិកផងដែរ។ លើសពីនេះទៅទៀតធនាគាររបស់រុស្ស៊ីក៏ត្រូវបានគេដកចេញអំពីប្រព័ន្ធ Swift ដែរជាប្រព័ន្ធផ្ទេរប្រាក់សកលថែមទៀតផង។

នៅជុំវិញបញ្ហានេះដែរ មានការវិភាគនិងការសិក្សារជាច្រើនដែលបានព្យាយាមធ្វើការស្រាវជ្រាវអំពីឥទ្ធិពលនិងផលប៉ះពាល់នៃការដាក់ទណ្ឌកម្មទាំងនោះទៅលើសេដ្ឋកិច្ចរុស្ស៊ី។ ប្រសិនបើផ្អែកទៅលើការស្រាវជ្រាវរបស់ VOXEU វិញ ការសិក្សារអំពីផលប៉ះពាល់ទៅលើសេដ្ឋកិច្ចរុស្ស៊ីពីសំណាក់ទណ្ឌកម្មទាំងនោះបានបង្ហាញឱ្យឃើញថា គេអាចនឹងឃើញមានការធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុបចំនួន ១៤.៨០% ការធ្លាក់ចុះនៃសុខមាលភាពសេដ្ឋកិច្ចដល់ទៅជិត ៣០% និង ការដកចេញនូវការវិនិយោគពីបរទេសទៅក្នុងប្រទេសរុស្ស៊ីប្រហែល ១២%។ ទាំងនេះសុទ្ធតែជាផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់រុស្ស៊ី ដែលដោយសារតែការដាក់ទណ្ឌកម្មពីប្រទេសផ្សេងៗ ដោយក្នុងគោលបំណងឱ្យរុស្ស៊ីបញ្ឈប់នូវអំពើឈ្លានពានរបស់ខ្លួន។

សរុបសេចក្តីមក ការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចជាឧបករណ៍នយោបាយការបរទេសគឺមានច្រើនបែប និង ច្រើនទម្រង់ ហើយការប្រព្រឹត្តិទៅ និងឥទ្ធិពលរបស់វាក៏មានភាពផ្សេងៗគ្នាផងដែរ ហើយឧទាហរណ៍ជាក់ស្តែងក៏អាចបានឃើញនៅក្នុងអត្ថបទនេះផងដែរចំពោះករណីរបស់ប្រទេសរុស្ស៊ី។ ម្យ៉ាងវិញទៀតគួរបញ្ជាក់ផងដែរថាឥទ្ធិពលនិងប្រសិទ្ធិភាពនៃទណ្ឌកម្មសេដ្ឋកិច្ចក៏អាស្រ័យទៅនឹងកម្រិតនៃទណ្ឌកម្មនោះ រួមទាំង ទំហំ ភាពរឹងមាំ និង ការប្រព្រឹត្តទៅនៃសេដ្ឋកិច្ចរបស់ប្រទេសដែលទទួលរងទណ្ឌកម្មនោះផងដែរ (ថាតើប្រទេសនោះមានសេដ្ឋកិច្ចដែលពឹងផ្អែកទៅលើការនាំចេញឬនាំចូលកម្រិតណា) ប៉ុន្តែអ្វីដែលយើងគួរតែមានការចោទជាសំណួរនោះគឺថាតើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសណាមួយអាចមានប្រសិទ្ធិភាព និងអាចធ្វើឱ្យប្រទេសនោះផ្លាស់ផ្តូរគោលនយោបាយរបស់គេទេ?

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង