"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើអ្វីគឺជាលទ្ធិសេរី “Liberalism” ?

គំនូរច្នៃប្រឌិតដោយ៖ លោក ហាន គីមហាំង

មុននឹងគេរាល់គ្នានឹកឃើញដល់លទ្ធិប្រជាធិបតេយ្យឬជាប្រទេសសេរីនៅពេលគេឮពាក្យអឺរ៉ុប អឺរ៉ុបក៏ធ្លាប់ជាតំបន់មួយដែលពោរពេញដោយការរឹតត្បិតដឹកនាំដោយរបបផ្ដាច់ការនិងបែងចែកវណ្ណៈ។ ជាក់ស្ដែង នៅអំឡុងឆ្នាំ ១៦១៨ និងឆ្នាំ ១៦៤៨ នៅក្នុងទ្វីបអ៊ឺរ៉ុបមានការកើតឡើងនៃសង្គ្រាមមួយដែលបានត្រូវបានគេហៅថាជាសង្គ្រាម ៣០ ឆ្នាំដែលសង្រ្គាមនេះបានកើតឡើងដោយសារមូលហេតុជាច្រើនដូចជាជម្លោះទឹកដី សាសនានិងការប្រកួតប្រជែងសេដ្ឋកិច្ចផ្សេងៗ។ សង្គ្រាមនេះក៏ជារបត់ប្រវត្ដិសាស្ត្រនយោបាយនិងភូមិសាស្ត្រនយោបាយដោយផ្ដើមមានការដាក់ចេញនូវអធិបតេយ្យភាពនៃរដ្ឋ ហើយក្រោយមកក៏មានការដាក់ចេញនូវទ្រឹស្តីមួយចំនួនដូចជាទ្រឹស្តីសេរីនិយមដើម្បីឱ្យផ្ដើមមានការគោរពជីវិតមនុស្ស សេរីភាពរបស់បុគ្គលនីមួយៗ និងការគ្រប់គ្រងទ្រព្យសម្បត្តិផងដែរ។

តើអ្វីទៅជាទ្រឹស្ដីសេរីនិយម?

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក អូបាម៉ា បានធ្លាប់និយាយថា “មិនមានអាមេរិចសេរីនិងអាមេរិចអភិរក្សទេ មានតែសហរដ្ឋអាមេរិច មិនមានអាមេរិកស្បែកខ្មៅ និងអាមេរិកស្បែកស និងអាមេរិកឡាទីន និងអាមេរិកអាស៊ីទេ – មានតែសហរដ្ឋអាមេរិក” (There is not a liberal America and a conservative America – there is the United States of America. There is not a black America and a white America and Latino America and Asian America – there’s the United States of America)។ ទ្រឹស្តីសេរីនិយមគឺជាគោលលទ្ធិនយោបាយនិងសេដ្ឋកិច្ចមួយដែលសង្កត់ធ្ងន់ទៅលើការគោរពនូវស្វ័យភាពបុគ្គលនីមួយៗ ព្រមទាំងសមភាពនៃឱកាស និងការការពារសិទ្ធិបុគ្គល។ ហើយទ្រឹស្តីនេះក៏ក្លាយជាគោលគំនិតនៃការប្រឆាំងនូវការគ្រប់គ្រងបែបផ្ដាច់ការកន្លងមក ដោយសារតែរដ្ឋដែលបានក្ដាប់អំណាចបានប្រើប្រាស់អំណាចលើសលុបមកលើប្រជាជនពេក ហើយក្រោយមកក៏មានការប្រឆាំងនឹងតួអង្គសេដ្ឋកិច្ចមួយចំនួនដែរ ដូចជារវាងនយោជិកនិងនយោជក ការកាន់កាប់ទ្រព្យសម្បត្ដិ និងការប្រកួតប្រជែងពាណិជ្ជកម្មផងដែរ។ ជាក់ស្ដែង ដូចប្រទេសនៅក្នុងអឺរ៉ុបមួយចំនួនដែរ ក្នុងសតវត្សទី ១៦ រដ្ឋាភិបាលនៅក្នុងប្រទេសអាល្លឺម៉ង់ដែលកាលនោះរបបរាជានិយម (the Prussin) បានប្រើប្រាស់អំណាចលើសលុបទៅលើប្រជាជន ហើយក្រោយមកដួលរលំនៅពេលដែលប្រទេសនេះបានបង្កើតនូវរបបលទ្ធិប្រជាធិបតេយ្យ។ មួយវិញទៀតលទ្ធិនេះបានកំណត់ថាបុគ្គលម្នាក់ៗឬរដ្ឋណាមួយអាចមានសិទ្ធិក្នុងការសម្រេចចិត្តឬធ្វើអ្វីមួយទៅតាមការយល់ឃើញរបស់ខ្លួនដោយគ្មានការបំពានឬគៀបសង្កត់ពីអ្នកដទៃ។ លើសពីនេះទៀតលទ្ធិនេះក៏បាននិយាយអំពីភាពខុសគ្នារវាងបុគ្គលនឹងបុគ្គលនិងភាពខុសគ្នារវាងរដ្ឋនឹងរដ្ឋ ដោយហេតុនេះទើបលទ្ធិនេះបង្កើតឲ្យមានការទទួលស្គាល់ភាពខុសគ្នានេះដោយរៀនយល់ពីគ្នា។ ដោយត្រង់នេះដែរនិងពាក្យដែលលោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិកបានលើកឡើងខាងលើនេះគឺមានន័យថាបុគ្គលនីមួយៗមានភាពខុសគ្នាប៉ុន្តែពួកគេគួរតែរៀនរស់និងយល់អាស្រ័យគ្នាដោយសារតែពួកគេរស់នៅក្នុងពិភពលោកតែមួយ។ មួយទៀតសោត ទ្រឹស្ដីនេះក៏មានគោលការណ៍និយាយពីពហុនិយមដែលនិយាយពីភាពខុសគ្នាជាច្រើននៃបុគ្គលនិងរដ្ឋដែលនេះគឺចង់ឲ្យមានការទទួលស្គាល់នូវភាពខុសគ្នានេះដើម្បីឲ្យការរស់នៅរបស់បុគ្គលមានភាពចុះសម្រុង។

តើអ្នកណាបង្កើតទ្រឹស្តីនេះដែរ?

លោក ចន ឡក់ (John Locke) បានឲ្យដឹងថាជាបិតានៃលទ្ធិសេរីនិយមដែលទ្រឹស្ដីរបស់លោកបានឱ្យដឹងថាជាទ្រឹស្តីសេរីនិយមបែបបុរាណ។ ហើយទ្រឹស្តីសេរីនិយមរបស់លោកបានលេខចេញតាំងពីជាងសតវត្សទី ១៦ ក្នុងអំឡុងឆ្នាំ១៦២៣។ លោក ចន ឡក់ បានលើកឡើងថាទ្រឹស្តីនេះគឺជា ផ្ដើមផ្ដល់សិទ្ធិសេរីភាពទៅប្រជាពលរដ្ឋ ការពារដល់សិទ្ធិពីកំណើតដូចជាសិទ្ធិក្នុងការគិត ការបញ្ចេញមតិនិងការគោរពជាដើម។ ក្រៅពី លោក ចន ឡក់ ទ្រឹស្ដីនេះក៏មានកលលោក អាដាម ស្មីត (Adam Smith) ដែលផ្តោតទៅទ្រឹស្ដីសេរីដែល ប៉ុន្តែលោកហាក់ផ្ដោតខ្លាំងលើសេដ្ឋកិច្ច ភាពជាឯកជនភាពនៃការគ្រប់គ្រងទ្រព្យសម្បត្ដិ និងសេរីភាពសេដ្ឋកិច្ចពាណិជ្ជកម្មផងដែរ។ លោកអាដាម ស្មីត (Adam Smith) ក៏ត្រូវបានចាត់ទុកថាជាអ្នកទីផ្សារសេរី ហើយលោកយល់ថារដ្ឋាភិបាលមិនគួរលូកដៃចូលទៅក្នុងទីផ្សារនោះទេ ដែលត្រូវឱ្យមនុស្សប្រកួតគ្នាក្នុងទីផ្សារ និងអាចសម្រេចចិត្ដលើផ្លូវដែរលត្រូវដើរដោយខ្លួនឯង។

តើទ្រឹស្តីសេរីនិយមបានជះឥទ្ធិពលអ្វីខ្លះដល់ពិភពលោក?

ការជះឥទ្ធិពលនៃលទ្ធិសេរីនិយមអាចផ្ដើមពីកត្តានៃការដឹកនាំផ្ដាច់ការនិងការប្រើប្រាស់សិទ្ធិអំណាចរបស់រដ្ឋាភិបាលជ្រុលហួស ការខ្វះសិទ្ធិសេរីភាព និងការដែលត្រូវបានគេធ្វើទុក្ខបុកម្នេញ។ ដោយសារតែការដាក់ចេញនូវទ្រឹស្តីនេះហើយទើបនៅទ្វីបអ៊ឺរ៉ុបមានការផ្លាស់ប្តូរជាច្រើននៅក្រោយសង្គ្រាម ៣០ ឆ្នាំដែលសង្រា្គមនេះមានការផ្ទុះឡើងដោយបញ្ហាចម្រុះជាច្រើនដែលបានឲ្យដឹងថាមានការរំលោភសិទ្ធិបុគ្គលនិងរដ្ឋ។ ក្រោយមកនៅកាលសម័យនោះសង្គមអ៊ឺរ៉ុបមានការដាក់ចេញនូវយុទ្ធសាស្រ្តសេដ្ឋកិច្ចតាមបែបសេរីនិយមជាច្រើនព្រមទាំងមានការផ្លាស់ប្តូវនូវអំណាចរដ្ឋាភិបាលនិងការគ្រប់គ្រងរបស់ព្រះមហាក្សត្រផងដែរ។ គោលគំនិតនេះក៏ជាកត្តាចម្បងនៃការបង្កើតឱ្យមានបដិវត្តដ៍នៅប្រទេសបារាំង ផ្ដួលរលំរបបរាជានិយម ហើយក្រោយមកផ្ដួលរលំរបបរាជានិយមម្ដងទៀតម្ដងទៀតជាលើកទី ២។ ឥទ្ធិពលនៃលទ្ធិនេះបានចាក់ឬសយ៉ាងជ្រៅមកកាន់ពិភព រហូតមកដល់អំឡុងសង្គ្រាមលោកលើកទី ២ សង្គ្រាមត្រជាក់ និងក្រោយសង្រ្គាមត្រជាក់ ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា សួន រតនាសុមានី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង