"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

អាស៊ាននៅកណ្ដាលតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ឈឿន ចរិយា

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN) ត្រូវបានបង្កើតឡើងដោយសហស្ថាបនិកចំនួនប្រាំប្រទេសរួមមានថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងហ្វ៊ីលីពីន កាលពីថ្ងៃទី០៨ សីហា ១៩៦៧។ ចាប់តាំងពីឆ្នាំ១៩៩៩ អង្គការថ្នាក់តំបន់មួយនេះមានសមាជិកទាំងអស់ចំនួន១០ប្រទេសដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់ស្ថិតនៅចន្លោះរវាងមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។ អាស៊ានជារួម មានកំណើនសេដ្ឋកិច្ចលឿនរហ័សជាងគេ ដោយអាចរក្សាអត្រាកំណើនសេដ្ឋកិច្ចប្រមាណជា ៤.៦% ហើយបើគិតត្រឹមឆ្នាំ២០១៩ អាស៊ានមានទំហំសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥ក្នុងពិភពលោក នេះបើយោងតាមរបាយការណ៍ ADO។

ក្រៅពីទំហំសេដ្ឋកិច្ច អាស៊ានជាសមាគមនៃបណ្ដុំប្រទេសមានវប្បធម៌សង្គមចម្រុះចុះសម្រុងដែលកម្រនឹងឃើញអព្ភូតហេតុបែបនេះកើតមានឡើងនៅតំបន់ផ្សេងក្នុងពិភពលោក។ ជាងនេះទៅទៀត អាស៊ានមានភូមិសាស្ត្រអំណោយផលដល់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិ ក្នុងនោះមានទាំងអាស៊ានដីកោះ និងអាស៊ានដីគោក។ បើនិយាយពីភូមិសាស្ត្រនយោបាយ អាស៊ានមិនត្រឹមតែស្ថិតនៅចន្លោះមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ស្ថិតនៅចំកណ្ដាលរវាងយុទ្ធសាស្ត្រគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ចិន និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ (FOIP) របស់សហរដ្ឋអាមេរិក។

គួររំឮកផងដែរថា យុទ្ធសាស្ត្រគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ មានចក្ខុវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធជាខ្សែសំខាន់ តភ្ជាប់គោលនយោបាយនិងយុទ្ធសាស្ត្រការអភិវឌ្ឍរបស់បណ្តាប្រទេសនានា ដែលក្នុងនោះសមាជិកអាស៊ានមួយចំនួនក៏បានទទួលស្វាគមន៍ផងដែរ។ រីឯយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហវិញ ត្រូវបានអាមេរិកនិងសម្ព័ន្ធមិត្តក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដូចជាឥណ្ឌា អូស្រ្តាលី និងជប៉ុន ដាក់ចេញដើម្បីពង្រឹងសង្វាក់ផលិតកម្ម សេដ្ឋកិច្ចឌីជីថល ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ក៏ដូចជាអំពើពុករលួយជាដើម នេះដោយផ្អែកទៅលើគេហទំព័រ THE WHITE HOUSE។

បើទោះបីជាលោក ចូ បៃដិន ប្រកាសថាយុទ្ធសាស្រ្តមួយនេះគ្មានគោលដៅប្រឆាំងជាមួយនឹងចិនក៏ដោយ វាត្រូវបានអ្នកវិភាគភូមិសាស្ត្រនយោបាយអន្តរជាតិមើលឃើញថាជាយុទ្ធសាស្ត្ររាំងខ្ទប់ឥទ្ធិពលចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ចំណែកឯភាគីចិនក៏មិនបាននៅស្ងៀមនោះដែរ គឺតែងតែធ្វើការរិះគន់ចំៗជាច្រើនលើកច្រើនសារទៅលើយុទ្ធសាស្ត្រមួយនេះ ជាពិសេសគឺមុនពេល និងក្រោយពេលជំនួបផ្លូវការរបស់លោកចូ បៃដិន ជាមួយសម្ព័ន្ធមិត្តនៅឯប្រទេសជប៉ុនកាលពីចុងខែឧសភាកន្លងមក។

ចាប់តាំងពីរដ្ឋការរបស់អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា (២០០៩-២០១៧) រហូតមកដល់ លោក ចូ បៃដិន (២០២១-បច្ចុប្បន្ន) តំបន់អាស៊ីអាគ្នេយ៍បានក្លាយជាគ្រាប់ពេជ្យដ៏មានតម្លៃដែលមហាអំណាចយោធា និងសេដ្ឋកិច្ចពិភពលោកគឺសហរដ្ឋអាមេរិក តែងតែចង់បានចងសម្ព័ន្ធមិត្តក្នុងការប្រកួតប្រជែងជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកថ្មីថ្មោងគឺប្រទេសចិន។ ការតម្លើងសម្លេងដាក់គ្នារវាងមហាអំណាចទាំងពីរ បានបង្ខំឱ្យបណ្ដាប្រទេសសមាជិកអាស៊ានត្រូវជ្រើសរើសយកម្ខាង ប៉ុន្តែភាពស្ទាក់ស្ទើនៅតែកើតមានចំពោះសមាជិកអាស៊ានមួយចំនួន ព្រោះប្រយោជន៍ដែលទទួលបានពីមហាអំណាចទាំងពីរ ជាកត្តាជួយបំពេញចន្លោះខ្វះខាតគ្នាទៅវិញទៅមក មិនថាប្រយោជន៍សេដ្ឋកិច្ច ឬសន្តិសុខតំបន់ ជាក់ស្ដែងដូចជាប្រទេសហ្វ៊ីលីពីន និងវៀតណាមជាដើម។

ទំនាក់ទំនងអាស៊ាន-អាមេរិក

បើយើងធ្វើការឆ្លុះបញ្ចាំង និងពិនិត្យមើលពីលទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកកាលពីថ្ងៃទី១២ និង ទី១៣ ខែឧសភា ប៉ុន្មានសប្ដាហ៍មុន រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនដូចជា ទំនាក់ទំនងល្អក្នុងវិស័យសេដ្ឋកិច្ច ការរក្សាសន្តិភាពនិងសហប្រតិបត្តិការដែនសមុទ្រ អភិវឌ្ឍវិស័យបច្ចេកវិទ្យា និងជាពិសេសបញ្ហាបម្រែបម្រួលអាកាសធាតុ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមរវាងអាស៊ាន និងអាមេរិក។ គ្មានអ្វីចម្លែកនោះទេដែលសហរដ្ឋអាមេរិកបង្កើនទំនាក់ទំនងល្អជាមួយអាស៊ានឱ្យកាន់តែខ្លាំង ព្រោះថាអាមេរិកនៅតែបន្តព្រួយបារម្ភពីឥទ្ធិពលរបស់ចិនរីកធំធាត់លឿនជាងខ្លួននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ដូច្នេះហើយបានជាអាមេរិកខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួន តាមរយៈសកម្មភាពផ្សេងៗ ដូចជាកិច្ចសន្ទនាសន្តិសុខចតុភាគី (QUAD) ដែលត្រូវបានចិនហៅថាជា អង្គការណាតូនៅអាស៊ី ឬជាភាសាអង់គ្លេសថា ASIAN NATO និងសូម្បីតែកិច្ចព្រមព្រៀងសន្តិសុខ AUKUS ក៏ភ្ជាប់មកជាមួយនឹងពាក្យថា សន្តិសុខ (Security) ដែលអាចមានន័យថា ការរក្សាសន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកុំឱ្យមានការយាយី ឬបង្កភាពអសន្តិសុខពីភាគីណាមួយ និយាយឱ្យចំគឺចិនតែម្ដង។ លើសពីនេះ កាលពីថ្ងៃទី២០ ដល់ ទី២៤ ខែឧសភា ឆ្នាំ២០២២ លោកប្រធានាធិបតីចូ បៃដិន ក៏បានធ្វើដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងមកកាន់តំបន់អាស៊ី នៅឯប្រទេសជប៉ុន ដើម្បីបើកដំណើរការឱ្យមានវិបុលភាពនៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ជាមួយនឹងប្រទេសជាដៃគូចំនួន១២ប្រទេស ដែលសុទ្ធសឹងតែជាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។

ប្រទេសដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ទាំងនោះ ក៏សុទ្ធសឹងតែជាសមាជិកអាស៊ានផងដែររួមមាន ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វ៊ីលីពីន សិង្ហបុរី វៀតណាម និងព្រុយណេ។ បើទោះបីជាប្រទេសទាំង៧នេះ មានទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាមេរិកក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថាពួកគេស៊ីសាច់ហុតឈាមគ្នាជាមួយនឹងចិននោះទេ។ ផ្ទុយទៅវិញ ប្រទេសមួយចំនួនក៏មានទំនាក់ទំនងល្អជាមួយចិនដូចគ្នា ហើយមួយចំនួនទៀតវិញក៏មិនសូវត្រូវគ្នាប៉ុន្មាននោះទេ ជាមួយសហរដ្ឋអាមេរិក។

ក្រៅពីទំនាក់ទំនងនយោបាយកាទូត សន្តិសុខសណ្ដាប់ធ្នាប់តំបន់ដែនសមុទ្រ យើងក៏គួរក្រឡេកទៅមើលផងដែរគឺទំហំពាណិជ្ជកម្មរវាងអាស៊ាន និងសហរដ្ឋអាមេរិកដែលមានរហូតដល់ទៅប្រមាណ ៣៦២,២ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ នេះបើយោងតាមតួលេខរបស់ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា បើយើងធ្វើការប្រៀបធៀបទៅនឹងប្រទេសចិន ចំនួននេះនៅតិចតួចប៉ុណ្ណោះ គឺតិចជាងរហូតដល់ទៅជិតពីរដង ដោយទំហំពាណិជ្ជកម្មរវាងអាស៊ាន និងចិនមានរហូតដល់ទៅប្រមាណ ៦៨៦,៦ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ដូចគ្នា។

ទំនាក់ទំនងអាស៊ាន-ចិន

មិនខុសពីសហរដ្ឋអាមេរិកប៉ុន្មាននោះទេ កាលពីចុងឆ្នាំ២០២១ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិនក៏ត្រូវបានធ្វើឡើងដូចគ្នា។ ដែលលទ្ធផលនៃកិច្ចប្រជុំកាលនោះ គឺការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងអាស៊ាន និងចិន ជាពិសេសផ្ដោតទៅលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)។ លើសពីនេះទៀត ប្រទេសសមាជិកអាស៊ានមួយចំនួនក៏បានគាំទ្រឱ្យមានការបន្ស៊ីគ្នារវាងផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (MPAC 2025) និងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ។

បើនិយាយពីទំហំពាណិជ្ជកម្មរវាងអាស៊ាននិងចិនក៏ធំណាស់ដែរ ដោយអាស៊ានជាចំណែក១៥%នៃពាណិជ្ជកម្មនៅលើពិភពលោករបស់ចិន។ ជាក់ស្ដែង ការនាំចូលរបស់ចិនពីវៀតណាម និងឥណ្ឌូនេស៊ីបានកើនឡើងយ៉ាងខ្លាំងដែលបង្ហាញពីការកើនឡើងនៃសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ហើយចិននេះហើយដែលជាទីផ្សារដ៏ធំរបស់អាស៊ាន។ បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុងបានបង្ហាញថាការធ្វើពាណិជ្ជកម្មរវាងចិនដីគោក និងអាស៊ានក្នុងឆ្នាំ២០២០ ជាមួយប្រទេសវៀតណាមច្រើនជាងគេគឺ ២៨,១% ម៉ាឡេស៊ី ១៩,២% ថៃ ១៤,៤% សង្ហបុរី ១៣% និងសមាជិកដ៏ទៃទៀតជាបន្តបន្ទាប់។

ដោយឡែក អ្វីដែលជាបញ្ហាចម្រូងម្រាសខ្លាំងរវាងមហាអំណាចចិន និងអាស៊ានគឺជម្លោះនៅសមុទ្រចិនខាងត្បូង។ ជម្លោះនៅសមុទ្រចិនខាងត្បូងកើតចេញពីការទាមទាតំបន់សមុទ្រដែលពោពេញទៅដោយប្រជុំកោះតូចៗ ធនធានធម្មជាតិ និងជាផ្លូវសមុទ្រអន្តរជាតិដ៏សំខាន់ ដើម្បីដាក់ជាដែនអធិបតេយ្យភាពរបស់បណ្ដាប្រទេសរួមមានចិន តៃវ៉ាន់ វៀតណាម ហ្វ៊ីលីពីន ព្រុយណេ និងម៉ាឡេស៊ី។ ជម្លោះនេះផងដែរ សឹងតែធ្វើឱ្យទំនាក់ទំនងរវាងសមាជិកអាស៊ានប្រេះស្រាំម្ដងម្កាល ដោយសារតែសមាជិកអាស៊ានផ្សេងទៀតដែលមិនពាក់ព័ន្ធជាមួយជម្លោះនេះ ហាក់មិនចង់ចូលរួមឈឺឆ្អាល ដោយហេតុអាចមកពីខ្លាចបាត់បង់ប្រយោជន៍នយោបាយ និងសេដ្ឋកិច្ច។

ជំហរបស់អាស៊ានចំពោះចិន និងអាមេរិក

រហូតមកទល់បច្ចុប្បន្ន គេនៅមិនទាន់ឃើញមានប្រទេសសមាជិកអាស៊ានណាមួយហ៊ានប្រកាសជាផ្លូវការថាខ្លួននឹងសម្រេចជ្រើសរើសយកភាគីមហាអំណាចសេរី ចោលកុម្មុយនីស្ដ ឬយកកុម្មុយនីស្ដ ចោលសេរីនៅឡើយទេ។ ហើយសេណារីយ៉ូនេះ ក៏ប្រហែលពិបាកនឹងកើតមានឡើង ក៏ព្រោះតែមហាអំណាចទាំងពីរបានផ្ដល់ប្រយោជន៍ដល់ប្រទេសជាតិរបស់ខ្លួនដូចៗគ្នា ខុសត្រង់ថាមហាអំណាចមួយផ្ដល់ប្រយោជន៍សេដ្ឋកិច្ចជាជាងសន្តិសុខ និងមហាអំណាចមួយទៀតផ្ដល់ប្រយោជន៍សន្តិសុខ ជាជាងសេដ្ឋកិច្ច ឧទាហរណ៍ជាក់ស្ដែងគឺប្រទេសវៀតណាម។ ហើយម្យ៉ាងវិញទៀត អាស៊ានក៏បានប្ដេជ្ញាចិត្តប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេស ឯករាជ្យ និងអព្យាក្រឹត្យ ត្បិតសកម្មភាពមួយចំនួនមានភាពលម្អៀងខ្លះក៏ពិតមែន ប៉ុន្តែវាអាស្រ័យទៅលើកាលទេស និងភាពបត់បែននៃការសម្រេចចិត្តរបស់ប្រទេសនីមួយៗ។

សរុបសេចក្ដីមក ថ្វីត្បិតមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានអាស៊ានឈរជើងនៅកណ្ដាលនៃទីតាំងភូមិសាស្ត្រ ក៏សមាជិកអាស៊ានភាគច្រើនមិនចង់ចងសម្ព័ន្ធមិត្តមួយហើយផ្ដាច់ទំនាក់ទំនងមួយទាំងស្រុងនោះទេ បើទោះបីជាត្រូវរងសម្ពាធពីភាគីជម្លោះនៃមហាអំណាចទាំងពីរ។ បើយើងមើលឱ្យបានស៊ីជម្រៅជាងនេះ អាស៊ានមិនគួរស្ថិតក្រោមគំនាបឥទ្ធិពលមហាអំណាចណាមួយឡើយ ផ្ទុយទៅវិញ អាស៊ានគួរតែពង្រឹងចំណងមិត្តភាពផ្ទៃក្នុងទោះក្នុងកាលទេសណាក៏ដោយ ដើម្បីកសាង និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់តំបន់ដោយខ្លួនឯង ហើយលែងប្រើពាក្យដដែលៗគឺមហាអំណាច “ទាំងពីរ” (ចិន និង អាមេរិក) ត្រឡប់មកប្រើពាក្យ “មហាអំណាចអាស៊ាន” វិញម្ដង។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ធា​ សុណា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង