"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ទិសដៅ “ឥណ្ឌូប៉ាស៊ីហ្វិក” និង ទិសដៅ “ផ្លូវខ្សែក្រវាត់និងផ្លូវ”

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា សោម សុជាតា

រដ្ឋាភិបាលចិនបានចាប់ផ្តើមបង្កើននូវឥទ្ធិពលរបស់ខ្លួនទៅលើប្រទេសផ្សេងៗ ដោយការផ្តល់ប្រាក់កម្ចីសាងសង់ហេដ្ឋារចនាសម្ព័ន្ធឬជំនួយ តាមរយៈយុទ្ធសាស្រ្តនៃគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់និងផ្លូវ» (BRI)។ ដោយបានឃើញពីការរីកសុះសាយនៃយុទ្ធសាស្រ្តនេះ ដែលធ្វើឱ្យឥទ្ធិពលរបស់ចិនកាន់តែកើនឡើង សហរដ្ឋអាមេរិកក៏បានបង្កើតយុទ្ធសាស្ត្រមួយគឺ «Indo Pacific Strategy» ដែលត្រូវបានគេហៅថាជា«យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក» ហើយក៏ត្រូវយល់ថាដើម្បីជាការទប់ទល់ទៅនឹងយុទ្ធសាស្ត្រ «Belt and Road Initiative» របស់មហាអំណាចកុំម្មុយនីស្តចិនផងដែរ។ ក្នុងអត្ថបទនេះយើងនឹងមកស្គាល់អំពីយុទ្ធសាស្ត្រទាំងពីរដែលកំពុងតែមានការប្រកួតប្រជែងគ្នា ព្រមទាំងភាពខុសគ្នា និងទំនាក់ទំនងរវាងយុទ្ធសាស្ត្រនេះផងដែរ។

តើអ្វីទៅជាBRI?

BRI គឺជាគម្រោងយុទ្ធសាស្ត្រដ៏ធំ មួយរបស់ប្រទេសចិន ដែលផ្ដោតយ៉ាងខ្លាំងទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនានា ដោយមានគោលបំណងបង្កើនភាពតភ្ជាប់គ្នារវាងប្រទេសចិន ជាមួយបណ្ដាប្រទេសដទៃទៀតនៅទ្វីបអាស៊ី អាហ្រ្វិក និងអឺរ៉ុបតាមរយ: បណ្ដាញផ្លូវគោកនិងផ្លូវសមុទ្រ។ ដំបូងឡើយ BRI ដែលសព្វថ្ងៃមានពាក្យពេញថា «Belt and Road Initiative» ឬជាភាសាខ្មែរថា គំនិតផ្ដួចផ្ដើម “ខ្សែក្រវ៉ាត់និងផ្លូវ” ត្រូវបានគេហៅពីមុនថា «One Belt One Road» ដែលពេលនោះវាត្រូវបានបង្កើតឡើងដោយប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន លោក ស៊ី ជីងពីង នៅអំឡុងពេលលោកទៅទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្ថាន កាលពីឆ្នាំ២០១៣។ គម្រោងនេះត្រូវបានលោក ស៊ី ជីងពីង បង្កើតឡើងដោយទទួលបានពីគំនិតនៃផ្លូវសូត្រ ដែលបានបង្កើតឡើងក្នុងរជ្ជកាលរាជវង្សហាន កាលពីជាង២០០០ឆ្នាំមុន។ គម្រោងBRIនេះមិនទាន់ចេញនូវរូបរាងពេញលេញភ្លាមៗនោះទេក្រោយពីការប្រកាសនៅឆ្នាំ២០១៣ លុះដល់ពីរឆ្នាំក្រោយមកទើបគម្រោងនៃគំនិតផ្ដួចផ្ដើមនេះបានលេចរូបរាងពេញលេញជាផ្លូវការ នៅថ្ងៃទី២៨ មីនា ឆ្នាំ២០១៥ ដែលបានដាក់ចេញដោយ គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ (NDRC) ក្រសួងការបរទេស (MOFA) និងក្រសួងពាណិជ្ជកម្ម (MOFCOM) ដោយមានការអនុញ្ញាតពីក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន (PRC)។ យោងទៅតាម Belt and Road Portal គិតមកត្រឹមថ្ងៃទី២៣ មីនា ឆ្នាំ២០២២ មានប្រទេសចំនួន ១៤៧ និង អង្គការអន្តរជាតិចំនួន៣២បានចុះហត្ថលេខាលើកិច្ចព្រមព្រាងចូលរួមជាមួយគំនិតផ្ដួចផ្ដើមBRI ដែលបូកបញ្ចូលគ្នាស្មើនឹងមួយភាគបីនៃផលិតផលក្នុងស្រុកសរុបក្នុងពិភពលោក និងស្មើនឹងប្រមាណពីរភាគបីនៃចំនួនប្រជាជនក្នុងពិភពលោកសរុប។ តួយ៉ាង គំនិតផ្ដួចផ្ដើមBRIនេះផងដែរ បានបូកបញ្ចូលនូវគំនិតសំខាន់ពីរចូលគ្នាគឺ៖ ខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវគោកតាមបណ្ដោយផ្លូវសូត្រ (The Silk Road Economic Belt) និងផ្លូវសូត្រសមុទ្រសតវត្សទី២១ (The 21st Century Maritime Silk Road)។ គោលដៅដ៏សំខាន់មួយនៃគំនិតផ្ដួចផ្ដើម «ខ្សែក្រវ៉ាត់និងផ្លូវ» គឺ ការចង់ឱ្យមានការសម្របសម្រួលផ្នែកយុទ្ធសាស្រ្ត ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរវាងប្រទេសចិននិងបណ្ដាប្រទេសជាដៃគូ ព្រមទាំងការគាំទ្រផ្នែកគោលនយោបាយចំពោះកិច្ចសហប្រតិបត្តិការ និងគម្រោងធំៗតាមរយ: ការតភ្ជាប់គ្នាផ្នែកសំណង់ដែលរួមមានទាំងការសាងសង់ច្រករបៀងដឹកជញ្ជូនអន្តរជាតិ និងការអភិវឌ្ឍបណ្ដាញហេដ្ឋារចនាសម្ព័ន្ធឆ្លងដែននានា។ មិនត្រឹមតែប៉ុណ្ណោះ គោលដៅដែលសំខាន់មួយទៀតនៃយុទ្ធសាស្ត្រ BRI នេះគឺ ចង់បង្កើនការធ្វើពាណិជ្ជកម្មនិងលុបបំបាត់ឧបសគ្គនៃការវិនិយោគនិងពាណិជ្ជកម្ម ព្រមទាំងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចថែមទៀតផង។

តើអ្វីទៅជាUS Indo Pacific Strategy?

US Indo Pacific strategy គឺជាយុទ្ធសាស្ត្រមួយដែលគ្របដណ្តប់នៅក្នុងតំបន់ដែលលាតសន្ធឹងពីមហាសមុទ្រប៉ាស៊ីហ្វិក រហូតដល់មហាសមុទ្រឥណ្ឌា រួមបញ្ចូលទាំងតំបន់ឆ្នេរមួយចំនួននៃទ្វីបអាស៊ីផងដែរ។ ដើមឡើយយុទ្ធសាស្ត្រនេះត្រឹមតែជាគំនិតដែលចង់តភ្ជាប់តំបន់នៃមហាសមុទ្រទាំងពីរគឺ មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌាប៉ុណ្ណោះ ប៉ុន្តែក្រោយមកកំណែប្រែនៃយុទ្ធសាស្រ្តនេះបានបង្ហាញឱ្យឃើញពីចក្ខុវិស័យនៃការទាញយកផលប្រយោជន៍។ នៅឆ្នាំ២០១៨ពាក្យ «Indo Pacific strategy»ត្រូវបានលើកឡើងជាដំបូងដោយនាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌាគឺ លោក Narendra Modi នៅក្នុងកំឡុងកិច្ចសន្ទនា Shangrila អំពីគោលលទ្ធិ SAGAR ( Security and Growth for All in the Region) នៅប្រទេសសិង្ហបុរី ហើយវាក៏ត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិកផងដែរ។ នៅក្នុងអាណត្តិរបស់លោក អូបាម៉ា យុទ្ធសាស្ត្រនេះមានត្រូវបានដាក់ឈ្មោះថា «Asia Pacific» ដែលមានសសរស្តម្ភចំនួនបី គឺ យោធា សន្តិសុខ និងសេដ្ឋកិច្ចពាណិជ្ជកម្ម ហើយត្រូវបានគេស្គាល់ថាជាដៃគូអន្តរប៉ាស៊ីហ្វិក(TPP)។ ក្រោយមកនៅក្នុងអាណត្តិរបស់លោក ដូណាល់ត្រាំ បានដូរទៅជា «យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក» វិញ ព្រមទាំងពង្រឹងផ្នែកយោធា និងសន្តិសុខច្រើនជាងមុន។ Indo-Pacific strategy ត្រូវបានគេដាក់ប្រកាសជាផ្លូវការនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រធានាធិបតី លោក ចូ បៃឌិន នៅការិយាល័យប្រតិបត្តិប្រធានាធិបតីឆ្នាំ២០២២។ សព្វថ្ងៃ Indo-pacific Framework ដឹកនាំដោយមហាអំណាចសហរដ្ឋអាមេរិក ដោយមានការចូលរួមពីប្រទេស ឥណ្ឌា អូស្ត្រាលី ជប៉ុន អង់គ្លេស នូវែលសេឡង់ និងបណ្តាប្រទេសអាស៊ានមួយចំនួន។

គោលដៅសំខាន់ៗទាំង៥របស់យុទ្ធសាស្ត្រនេះមានដូចជា៖
• ជំរុញឱ្យតំបន់ Indo-Pacific ក្លាយជាតំបន់ដែលសេរី និងបើកចំហ
• បង្កើតទំនាក់ទំនង ក្នុងនិងក្រៅប្រព័ន្ធ
• ជំរុញភាពរុងរឿងក្នុងតំបន់
• ពង្រឹងសន្តិសុខក្នុងតំបន់ Indo-Pacific
• បង្កើតភាពធន់ក្នុងតំបន់ពីការគំរាមកំហែងឆ្លងដែន។

ប្រៀបធៀប BRI និង US Indo Pacific Framework

បើយើងមើលមួយភ្លែត យុទ្ធសាស្រ្តទាំង ២ នេះមានគោលដៅស្របគ្នាមួយនោះគឺដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងភ្ជាប់កិច្ចសហប្រតិបត្ដិការរវាងប្រទេសនានាជាមួយចិន ឬជាមួយសហរដ្ឋអាមេរិក។ ប្រសិនបើយើងវិភាគបន្តិចទៀត យុទ្ធសាស្ត្រទាំង ២ នេះមានគោលដៅក្នុងការបញ្ជ្រៀបនិងទាញយកប្រយោជន៍ភូមិសាស្ត្រនយោបាយ ២ តំបន់។ ប្រសិនបើយើងទៅមើលភាពខុសគ្នាវិញ ប្រទេសចិនហាក់ចាក់ឬសឥទ្ធិពលរបស់ខ្លួនដោយប្រើប្រាស់របបសណ្ដាប់ធ្នាប់ពិភពលោកមានស្រាប់ ហើយភាគច្រើនគឺបំពេញតម្រូវការរបស់ប្រទេសជាសមាជិក ខណៈសហរដ្ឋអាមេរិកហាក់ប្រើប្រាស់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដើម្បីបង្កើតសណ្ដាប់ធ្នាប់ថ្មីមួយទៀត ដែលសហរដ្ឋអាមេរិកចង់តែសហការតែជាមួយសមាជិកណាមានឆន្ទៈស្រដៀងគ្នា មានគុណតម្លៃដូចគ្នា និងអាចទុកចិត្ដក្នុងបរិបទសន្តិសុខនិងខ្សែសង្វាក់ផលិតកម្ម។ បើតាមសន្ទរកថារបស់លោក ចូ បៃឌិន “ក្របខណ្ឌសេដ្ឋកិច្ច Indo-Pacific ដើម្បីវិបុលភាព” នឹងបង្កើតច្បាប់វិន័យថ្មីក្នុងការធ្វើពាណិជ្ជកម្មនិងសេដ្ឋកិច្ចក្នុងសត្សវត្សន៍ ២១ ដែលជួយនឹងការកើនឡើងនូវសេដ្ឋកិច្ចរហ័ស និងស្មើភាព។ យ៉ាងណាមិញ ទោះបីជាលោក ចូ បៃឌិន មិនបានរំលេចឱ្យចំៗថាក្របខណ្ឌនេះសម្រាប់ខ្ទប់ឥទ្ធិពលរបស់ចិន ប៉ុន្តែក្របខណ្ឌនេះហាក់ស្ដែងយ៉ាងច្បាស់ក្នុងការពន្យឺតឥទ្ធិពលចិនមកលើអាស៊ី។ មួយវិញទៀត ក្នុងដំណើរទស្សនៈកិច្ចនៅអាស៊ីនេះ លោក ចូ បៃឌិនក៏បានរំលេចពីសង្គ្រាមវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន ហើយលោកបានសង្កត់ធ្ងន់ពីហានិភ័យនៃការពឹងផ្អែកខ្សែសង្វាក់ផលិតកម្មជាមួយប្រទេសដែលមិនមានគុណតម្លៃដូចនឹងសហរដ្ឋអាមេរិកជាដើម។ ទន្ទឹមនេះ សមាជិកដែលមានវត្ដមាននៅក្នុងវេទិការនៃការដាក់ឱ្យប្រើប្រាស់នេះមានតែប្រទេសដែលជិតស្និតជាមួយសហរដ្ឋអាមេរិកហើយមាននយោបាយកល្អក់ករជាមួយចិនដែលចាប់ផ្ដើមដោយសមាជិកចំនួន ១៣ ដូចជាប្រទេសអូស្រ្តាលី ប្រទេសឥណ្ឌា ប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន ជាដើម និងប្រទេសចំនួន ៧ របស់អាស៊ានប៉ុណ្ណោះ។ យ៉ាងណាមិញ លោក ចូ បៃឌិន ក៏បានរំលេចថា ប្រទេសដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំជាសមាជិកនៃក្របខណ្ឌសេដ្ឋកិច្ចនេះ អាចដាក់ពាក្យស្នើសុំបាន ប្រសិនបើមានគុណវុឌ្ឍក្នុងការសម្រេចគោលដៅ និងខិតខំធ្វើដើម្បីសម្រេចគោលដៅ។

ជារួម ការបង្កើតឱ្យមានយុទ្ធសាស្រ្តទាំងពីរនេះឡើង បានបង្ហាញឱ្យឃើញពីការប្រកួត ប្រជែងគ្នាយ៉ាងខ្លាំងក្លាដែលអាចឆ្ពោះទៅកាន់សង្រ្គាមត្រជាក់នៃមហាអំណាចទាំងពីរ។ ទោះជាមានការគាំទ្រច្រើនចំពោះBRIក៏ដោយ ក៏BRIនៅតែប្រឈមមុខនឹងការលំបាកដ៏ច្រើនដែលគេមើលឃើញពីភាគរយនៃការបរាជ័យដ៏ខ្ពស់។ ចាប់តាំងពីការចាប់ផ្តើមបង្កើត BRI សហរដ្ឋអាមេរិក និងប្រទេសជាដៃគូធំនៃយុទ្ធសាស្រ្ត Indo Pacific ដែលមានដូចជា ជប៉ុន ឥណ្ឌា និងអូស្ត្រាលីមានការព្រួយបារម្ភយ៉ាងខ្លាំងថា ប្រទេសចិននឹងគ្របដណ្តប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសទៅលើប្រទេសពឹងផ្អែកលើសេដ្ឋកិច្ចទេ្វភាគី។ ហេតុដូចនេះហើយទើប ប្រទេសអាមេរិកព្យាយាមទប់ស្កាត់ BRI ដោយមានការកសាងចំណុចស្នូលយុទ្ធសាស្ត្រ (Indo Pacific Strategy) និងពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងយោធារបស់ពួកគេជុំវិញប្រទេសចិននិងតាមបណ្តោយ BRI ដែលអាចនឹងរំខានដល់ការតភ្ជាប់អន្តរតំបន់និងការអភិវឌ្ឍសេដ្ឋកិច្ចដោយជៀសមិនរួច។ ទោះបីជាមនុស្សជាច្រើនហាក់ចាប់អារម្មណ៍ជាមួយក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិកថា ប៉ុន្តែក៏មានមនុស្សជាច្រើនទៀតយល់ឃើញថាក្របខណ្ឌនេះនឹងមិនជោគជ័យនោះទេ ដែលប្រៀបបានជាហាំបឺហ្គឺមានតែបន្លែប៉ុន្តែគ្មានសាច់។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ណុល ដារ៉ាវិស័យ និង​ កញ្ញា ឌី រុចារ្យសុជិនី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ