"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើអ្វីគឺជាឱនភាពសេដ្ឋកិច្ច “Recession” ?

គំនូរច្នៃប្រឌិតដោយ៖ លោក ហាន គីមហាំង

ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកត្រូវបានអ្នកជំនាញជាច្រើនកំពុងព្រួយបារម្ភដោយសារតែយល់ឃើញថាកំពុងផ្ដល់សញ្ញាណទៅស្ថានភាព recession ឬ ឱនភាពសេដ្ឋកិច្ច។ យ៉ាងណាមិញ កាលពីដើមខែមិថុនា ធនាគារពិភពលោកបានឱ្យសញ្ញាណពីបញ្ហាពិភពលោក ដែលបានបញ្ជាក់ថាប្រទេសជាច្រើនឹងមិនអាចគេចផុតពី ឱនភាពសេដ្ឋកិច្ចឡើយ។

ដូច្នេះ តើអ្វីគឺជាឱនភាពសេដ្ឋកិច្ច?

តាមពិតទៅ ពាក្យថា recession ឬ ឱនភាពសេដ្ឋកិច្ច គឺគ្មាននិយមន័យឬការចាត់ចំណាត់ ផ្លូវការណាមួយឡើយ។ បើយោងតាមនិយមន័យកំណត់ដោយ National Bureau of Economic Research បានឱ្យនិយមន័យថា ឱនភាពសេដ្ឋកិច្ច គឺជាស្ថានភាពសេដ្ឋកិច្ចមួយដែលកំពុងធ្លាក់ចុះនូវសកម្មភាពសេដ្ឋកិច្ច និងបានរីកសាយភាយទៅកាន់ប្រព័ន្ធសេដ្ឋកិច្ចទាំងអស់ និងមានមានរយៈកាលច្រើនខែ។ សកម្មភាពសេដ្ឋកិច្ចនេះអាចរាប់បញ្ចូលទាំងការធ្លាក់ចុះនូវប្រាក់ចំណូល ការកើនឡើងនូវអត្រាអ្នកអត់ការងារធ្វើ អត្រានៃការផលិតធ្លាក់ចុះ និងការបិទហាងឬអាជីវកម្មជាដើម។ Recession នេះហាក់ធ្ងន់ជាង Stagnation ប៉ុន្តែធូរស្រាលជាង Depression។ Stagnation គឺជាស្ថានភាពដែលសេដ្ឋកិច្ចគ្មានការលូតលាស់ឬសន្ទុះសេដ្ឋកិច្ចស្មើសូន្យ ខណៈ depression គឺជាស្ថានភាពសេដ្ឋកិច្ចដែលធ្លាក់ចុះដុនដាបខ្លាំងនិងអាចមានរយៈពេលរាប់ឆ្នាំ។ ខុសពី Depression ដែលធ្ងន់ធ្ងរនិងជាស្ថានភាពកម្រកើតមានជាង recession កើតមានញឹកញាប់ ដែលវាអាចកើតឡើងតាមរយៈកំណើនសកម្មភាពសេដ្ឋកិច្ចដែលធ្វើឱ្យមានកំណើនអតិផរណា (overheated economy) ព្រឹត្ដិការណ៍ក្ងានខ្មៅ (Black Swan) និងការកើនឡើងនូវពពុះទ្រព្យសកម្ម (Asset Bubbles)។ overheated economy គឺសំដៅដល់សន្ទុះសេដ្ឋកិច្ចកើនឡើងលឿនរហ័សពេករហូតដល់មានស្ថានភាពអតុល្យភាពនូវតម្រូវការនិងការផ្គត់ផ្គង់ដែលធ្វើឱ្យអតិផរណាបានកើនឡើង។ Black Swan គឺជាព្រឹត្តិការណ៍ដែលកើតឡើងដោយស្មានមិនដល់ ដូចជាវត្ដមាននូវមេរោគកូវីដ១៩។ Asset Bubbles គឺជាស្ថានភាពដែលអ្នកវិនិយោគបានធ្វើឱ្យតម្លៃទ្រព្យសកម្មឡើងថ្លៃជាងតម្លៃទីផ្សារពិតប្រាកដ ឧទាហរណ៍តម្លៃផ្ទះបានឡើងថ្លៃស្មើនឹងតម្លៃទីផ្សារជាក់ស្ដែង ៣ ឆ្នាំមុន។

ហេតុអ្វីបានជាយើងត្រូវបារម្ភពីឱនភាពសេដ្ឋកិច្ច?

សេដ្ឋកិច្ចស្ថិតក្នុងសភាពឱនភាពគឺជាអ្វីដែលគេមិនចង់ប្រាថ្នាឱ្យកើតមាននោះទេ ប៉ុន្តែវាក៏ជាជំងឺសេដ្ឋកិច្ចមួយដែលសេដ្ឋវិទូ និងអ្នកគោលនយោបាយមិនអាចបញ្ជៀសបានគ្រប់ពេលនោះដែរ។ ទោះបីជាឱនភាពសេដ្ឋកិច្ចអាចមានសភាពមិនសូវធ្ងន់ធ្ងរ ប៉ុន្តែអ្នកជំនាញនិងអ្នកគោលនយោបាយតែងព្យាយាមធ្វើយ៉ាងណាដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញក្នុងទម្រង់ V Shape ដោយបញ្ជៀសនិងទប់ស្កាត់កុំឱ្យសេដ្ឋកិច្ចធ្លាក់ក្នុងវិបត្ដិសេដ្ឋកិច្ច (Economic Depression) ដែលជាស្ថានភាពមួយអាចឈានទៅដល់វិបត្ដិសង្គម និងពិបាកក្នុងការស្រោចស្រង់ឡើងវិញ។

ជាក់ស្ដែង ទោះបីជាសហរដ្ឋអាមេរិកគឺជាមហាអំណាចសេដ្ឋកិច្ចរាប់សិបឆ្នាំមកហើយ ប៉ុន្តែប្រទេសនេះក៏បានហែលឆ្លងឱនភាពសេដ្ឋកិច្ចច្រើនដង និងក៏ធ្លាប់បានបណ្ដាលឱ្យសេដ្ឋកិច្ចធ្លាក់ក្នុងវិបត្ដិសេដ្ឋកិច្ច (Economic Depression) ផងដែរ។ ជាក់ស្ដែង មុន និងអំឡុងពេលសង្គ្រាមលោកលើកទី ២ សហរដ្ឋអាមេរិកបានធ្លាក់ក្នុងឱនភាពសេដ្ឋកិច្ច រហូតឈានដល់វិបត្ដិសេដ្ឋកិច្ច ដែលកើតចេញមកពីការកើនឡើងនូវផលិតកម្មប៉ុន្តែតម្រូវការធ្លាក់ចុះ ភ័យខ្លាចហិរញ្ញវត្ថុ ហើយបន្ទាប់មកគឺផលិតកម្មធ្លាក់ចុះ អត្រាអ្នកអត់ការងារធ្វើកើនឡើង និងវិបត្ដិសង្គមបានកើតឡើង។ សហរដ្ឋអាមេរិកបានដើរផុត Economic Depression តាមរយៈកម្មវិធី New Deal មិនទាន់បានប៉ុន្មានឆ្នាំផង សហរដ្ឋអាមេរិកបានជួបប្រទះនូវឱនភាពម្ដងទៀតក្រោយសង្គ្រាមលោកលើកទី ២ ដោយសារតែកងទ័ពដែលធ្លាប់ច្បាំងបានត្រលប់មកសហរដ្ឋអាមេរិកវិញហើយប្រកួតប្រជែងទីផ្សារការងារជាមួយប្រជាជនក្នុងស្រុក។

ឱនភាពសេដ្ឋកិច្ចនេះក៏អាចជាជំងឺឆ្លងបានដែរ ដែលជាក់ស្ដែង វិបត្ដិហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិកបន្ទាប់ពីការដួលរលំនៃ Lehman Brothers ប៉ុន្តែប្រទេសជប៉ុនបានពើបប្រទះនូវឱនភាពសេដ្ឋកិច្ចដែរ។ កាលនោះ មុននឹងឈានទៅដល់ឱនភាពសេដ្ឋកិច្ច ជប៉ុនជាប់ក្នុង Stagnation ជាច្រើនឆ្នាំ ប៉ុន្តែធ្លាក់ការដួលរលំនៃ Lehman Brothers បានរុញច្រានឱ្យជប៉ុនធ្លាក់ក្នុងស្ថានភាពឱនភាពសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលកត្តាចម្បងនោះត្រូវបានចង្អុលទៅការធ្លាក់ចុះនូវការនាំចេញ ជាពិសេសគឺការនាំចេញទៅសហរដ្ឋអាមេរិក ដែលការនាំចេញនេះបានបណ្ដាលឱ្យប៉ះពាលដល់សកម្មភាពសេដ្ឋកិច្ចដទៃទៀត។ គួរបញ្ជាក់ផងដែរថា ចំណូលសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនគឺបានមកពីឧស្សាហកម្មផលិតយានយន្ដ ប៉ុន្តែដោយសារវិបត្ដិហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិក ពលរដ្ឋអាមេរិកមិនចង់ចំណាយលើមិនសូវសំខាន់ដូចជាការប្ដូរឬទិញរថយន្ដ ឬម៉ូតូ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ កញ្ញា សួន រតនាសុមានី និង លោក ហ៊ុយ បញ្ញាវ័ន្ដ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង