"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ការធ្លាក់ចុះនិងការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសក្រិក

គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង ហ៊ត

ប្រទេសក្រិកគឺជាប្រទេសមួយនៅក្នុងសហភាពអឺរ៉ុប ដែលបានចូលជាសមាជិកតំបន់ប្រាក់អឺរ៉ូ (Eurozone) នៅក្នុងឆ្នាំ២០០១ គឺជាប្រទេសមួយដែលទទួលរងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងតំបន់ប្រាក់អឺរ៉ូនៅពេលដែលពិភពលោកត្រូវបានគ្របដណ្តប់ដោយវិបត្តិសេដ្ឋកិច្ចសកលកាលពីឆ្នាំ២០០៨។ ប្រទេសក្រិកមានទំហំបំណុលជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់​​​ ដែលមកដល់សព្វថ្ងៃនេះ ប្រទេសក្រិកក៏នៅតែជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានបំណុលជាតិច្រើនជាងគេបំផុតផងដែរនៅក្នុងពិភពលោក។ នៅក្នុងអត្ថបទនេះ យើងនឹងក្រលេកមកមើលអំពីមូលហេតុដែលបណ្តាលឱ្យប្រទេសក្រិកធ្លាក់ចូលទៅក្នុងបំណុលបរទេសដ៏មហាសាលបែបនេះ។

រូបភាពសេដ្ឋកិច្ចនៃប្រទេសក្រិក និងមូលហេតុនៃការធ្លាក់ចូលទៅក្នុងបញ្ហាបំណុលដ៏ធ្ងន់ធ្ងរ

នៅមុនពេលដែលពិភពលោកជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចសកលនៅឆ្នាំ២០០៨ ប្រទេសក្រិកបានជួបប្រទះនូវអស្ថិរភាពសេដ្ឋកិច្ចជាស្រេចរួចទៅហើយ ដោយសេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវរងគ្រោះដោយសារតែការកើនឡើងនៃកម្រិតអតិផរណា​ ឱនភាពសារពើពន្ធនិងពាណិជ្ជកម្ម ព្រមទាំងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចផងដែរ។​ បើយោងទៅតាមទិន្នន័យដែលបានចេញផ្សាយដោយគេហទំព័ររបស់​ OECD នៅត្រឹមឆ្នាំ ២០២១ ទំហំបំណុលជាតិរបស់ប្រទេសក្រិកបានកើនឡើងទៅដល់ទៅ ២២២.៤% ប្រសិនបើធៀបទៅនឹងទំហំផលិតផលក្នុងស្រុកសរុប  ដែលបំណុលទាំងនោះគឺជាកម្ចីពីប្រទេសនៅក្នុងសហភាពអឺរ៉ុប​​ និង​ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ផងដែរ។​

មានការសិក្សារជាច្រើនបានធ្វើការសង្កេតទៅលើមូលហេតុដែលបណ្តាលឱ្យសេដ្ឋកិច្ចប្រទេសក្រិកមានសភាពដុនដាបហើយធ្លាក់ចូលទៅក្នុងបញ្ហាបំណុលដ៏ច្រើនលើសលប់នេះ។​ មូលហេតុចម្បងដែលធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច​ និងជាប់ជំពាក់បំណុលយ៉ាងច្រើននេះគឺដោយសារតែភាពទន់ខ្សោយនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច​ និង ហិរញ្ញវត្ថុរបស់គេ។​ ជាក់ស្តែងប្រទេសក្រិកបានបាត់បង់នូវសមតុល្យនៃជញ្ជីងពាណិជ្ជកម្មទៅហើយ ដែលនេះគឺបណ្តាលមកពីការពឹងផ្អែកទៅលើការនាំចូលច្រើនជាងការនាំចេញ ហើយប្រសិនបើធៀបទៅនឹងប្រទេសផ្សេងៗទៀតនៅក្នុងសហភាពអឺរ៉ុប ប្រទេសក្រិកគឺជាប្រទេសដែលមានការនាំចេញផលិតផលតិចជាងគេដែលនេះជាហេតុធ្វើឱ្យប្រទេសនេះបាត់នូវសក្តានុពលនៅក្នុងការប្រកួតប្រជែងក្នុងការនាំចេញផលិតផលនៅក្នុងពាណិជ្ជកម្មអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា ការនាំចេញផលិតផលក្នុងស្រុកទៅក្នុងទីផ្សារអន្តរជាតិគឺជាប្រភពចំណូលជាតិមួយដ៏សំខាន់ ហេតុដូច្នេះហើយ នៅក្នុងករណីនេះគឺបានន័យថា​ ប្រទេសក្រិកគឺជាបានបាត់បង់ប្រភពចំណូលមួយផ្នែកចូលទៅក្នុងប្រទេសទៅហើយ។​ ម្យ៉ាងវិញទៀត ការវិនិយោគនៅក្នុងប្រទេសនេះក៏ត្រូវធ្វើឡើងទៅក្នុងវិស័យដែលមិនបានជួយលើកស្ទួយលើការនាំចេញឡើយ​ ដោយហិរញ្ញវត្ថុដែលបានពីកម្ចីបរទេសត្រូវបានវិនិយោគទៅក្នុងវិស័យអចលនទ្រព្យជាដើម។​ បន្ថែមពីលើនេះទៅទៀត រដ្ឋាភិបាលប្រទេសក្រិកក៏បានប្រើប្រាស់ប្រាក់កម្ចីទាំងនោះ យ៉ាងសន្ធឹកសន្ធាប់ទៅលើសេវាសាធារណៈ និងទៅលើគោលនយោបាយផ្សេងៗដែលបំរើទៅដល់ផលប្រយោជន៍បក្សរបស់ខ្លួន។

នៅក្នុងឆ្នាំ​ ២០០១ ប្រទេសក្រិកបានលាក់បាំងអំពីទំហំបំណុលរបស់ខ្លួនហើយបានទទួលជោគជ័យនៅក្នុងការចូលជាសមាជិករបស់ប្រទេសតំបន់ប្រាក់អឺរ៉ូ។ ការចូលជាសមាជិកនៃតំបន់ប្រាក់អឺរ៉ូនេះក៏អាចជាមូលហេតុដែលបង្កឱ្យមានការកើនឡើងនូវបំណុលរបស់ប្រទេសក្រិកផងដែរ ដោយតំបន់នេះបានផ្តល់លក្ខខណ្ឌងាយស្រួលទៅដល់ប្រទេសជាសមាជិកនៅក្នុងទំនាក់ទំនងផ្នែកហិរញ្ញវត្ថុផ្សេងៗ ដែលក្នុងនោះដែរក៏បានផ្តល់ឱកាសឱ្យប្រទេសក្រិកកាន់តែមានភាពងាយស្រួលនៅក្នុងការធ្វើកម្ចីប្រាក់ពីប្រទេសជាសមាជិកផ្សេងៗទៀតដែលក្នុងទំហំការប្រាក់ទាបផងដែរ។ នេះជាហេតុដែលបណ្តាលឱ្យរដ្ឋាភិបាលប្រទេសក្រិកកាន់តែបង្កើនខ្ទង់ចំណាយជាតិបន្ថែមទៀត ដែលជាលទ្ធផលគឺបណ្តាលឱ្យប្រទេសក្រិកកាន់តែមានឱនភាពនៅលើបញ្ជីចំណូលចំណាយ។ មូលហេតុទាំងអស់នេះក៏បានរួមបញ្ចូលជាមួយនឹងការអសមត្ថភាពរបស់រដ្ឋាភិបាលនៅក្នុងការរៀបចំប្រព័ន្ធពន្ធដារដ៏មានតម្លាភាព និងភាពច្បាស់លាស់មួយដែលបណ្តាលឱ្យមានការគេចវេសអំពីការបង់ពន្ធជូនទៅរដ្ឋ ហើយធ្វើឱ្យចំណូលជាតិធ្លាក់ចុះមួយកម្រិតទៀត។

ការឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ច និង បញ្ហាបំណុលរបស់ប្រទេសក្រិក

ចាប់តាំងពីឆ្នាំ ២០១០​​ មក បំណុលជាតិរបស់ប្រទេសក្រិកបានកើនឡើងជាលំដាប់រហូតដល់ប្រទេសនេះគ្មានលទ្ធភាពនៅក្នុងការសងបំណុលរបស់ខ្លួនហើយប្រឈមមុខនឹងក្លាយជាប្រទេសដែលខកខានក្នុងការសងប្រាក់ត្រលប់ទៅវិញ ប៉ុន្តែប្រទេសក្រិកមិនបានដោះស្រាយនូវបំណុលនេះតែឯកឯងនោះទេ ដោយសារតែមានជំនួយដែលបានផ្តល់មកពីប្រទេសនៅក្នុងសហភាពអឺរ៉ុបជាពិសេសប្រទេសដែលនៅក្នុងតំបន់ប្រាក់អឺរ៉ូ។​ ជាដំបូង ប្រទេសទាំងនោះមិនមានបំណងនៅក្នុងការជួយជ្រោមជ្រែងនៅក្នុងបញ្ហាបំណុលរបស់ប្រទេសក្រិកនោះទេដោយសារតែពួកគេយល់ថា ប្រសិនបើមានការផ្តល់ជាជំនួយហិរញ្ញវត្ថុទៅកាន់ប្រទេសក្រិក នោះប្រទេសក្រិកនឹងនៅតែបន្តការប្រើប្រាស់គោលនយោបាយសារពើពន្ធដោយខុសគោលដៅ​ និង ដោយគ្មានប្រសិទ្ធិភាព។​ ហើយម្យ៉ាងវិញទៀត ការផ្តល់ជាជំនួយទៅកាន់ប្រទេសក្រិកត្រូវបានគេយល់ឃើញថាអាចជាការបើកផ្លូវឱ្យប្រទេសនេះបន្តដឹកនាំសេដ្ឋកិច្ចរបស់ខ្លួនដោយធ្វេសប្រហែស។​​ យ៉ាងណាមិញ ចុងក្រោយ សហភាពអឺរ៉ុបនៅតែសំរេចបន្តផ្តល់ជាជំនួយក្នុងការដោះស្រាយវិបត្តិបំណុលរបស់ប្រទេសក្រិកដោយហេតុផលមួយចំនួន។ ហេតុផលទីមួយគឺ ប្រសិនបើប្រទេសក្រិកមិនអាចសងបំណុលទាំងអស់នោះទេ នោះធនាគារនិងស្ថាប័នដែលបានផ្តល់កម្ចីទៅដល់ប្រទេសក្រិកជាច្រើននៅក្នុងសហភាពអឺរ៉ុបគឺជាអ្នករងគ្រោះ ហើយអាចបណ្តាលឱ្យមានវិបត្តិហិរញ្ញវត្ថុរីករាលដាលនៅក្នុងប្រទេសជាសមាជិកផងដែរ។ មួយវិញទៀត ប្រសិនបើប្រទេសក្រិកមិនទទួលបានជំនួយពីប្រទេសសម្ព័ន្ធមិត្តទេនោះ វាអាចបង្ហាញអំពីភាពទន់ខ្សោយរបស់សហភាពអឺរ៉ុបនៅក្នុងការជួយសង្គ្រោះសមាជិកថែមទៀតផង។ ​

ជាលទ្ធផល ប្រទេសក្រិកបានទទួលថវិការជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិ និងពីសហភាពអឺរ៉ុបដើម្បីធ្វើការសងបំណុល។​ ប៉ុន្តែការផ្តល់ជាជំនួយនេះក៏បានភ្ជាប់មកជាមួយនឹងលក្ខខណ្ឌជាច្រើនដែលតម្រូវឱ្យប្រទេសក្រិកកែប្រែនូវទម្រង់ការប្រើប្រាស់ថវិការ កាត់បន្ថយការចំណាយ និង តំឡើងតម្លៃពន្ធដើម្បីបង្កើនចំណូលថវិការជាតិ ដែលលក្ខខណ្ឌទាំងនេះក៏បានធ្វើឱ្យប្រជាជនក្រិកមានការមិនពេញចិត្តយ៉ាងខ្លាំង។​

បច្ចុប្បន្នភាពនៃបញ្ហាបំណុលរបស់ប្រទេសក្រិក

បច្ចុប្បន្ននេះ បើយោងទៅតាមមូលនិធិរូបិយវត្ថុអន្តរជាតិ សេដ្ឋកិច្ចរបស់ប្រទេសក្រិកបានមានការរីកលូតលាស់ឡើងវិញបន្ទាប់ពីវិបត្តិកូវីដ​១៩។ កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅនេះប្រទេសក្រិកបានបញ្ចប់ការបង់ប្រាក់សម្រាប់ឥណទានដែលផ្តល់ឱ្យដោយមូលនិធិរូបិយវត្ថុអន្តរជាតិ​ (early payment of all outstanding IMF credit) ផងដែរ​។ យ៉ាងណាមិញប្រទេសក្រិកក៏នៅតែមានជាប់ជំពាក់បំណុលដ៏ច្រើនលើសលប់ដូចដែលបានលើកឡើងនៅខាងដើម ​ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ប្រទេសក្រិកក៏បានព្យាយាមទាញសេដ្ឋកិច្ចរបស់ខ្លួនដើម្បីចាកចេញពីគំនរបំណុលដ៏ធំនេះដោយមានការប្រើប្រាស់គោលនយោបាយសារពើពន្ធ និង គោលនយោបាយរូបិយវត្ថុដែលល្អប្រសើរជាងមុនក្រោមការគាំទ្រពីសហភាពអឺរ៉ុបផងដែរ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ