"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ឥទ្ធិពលនៃក្រុមប្រទេស​ BRICS

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា សោម សុជាតា

ចាប់តាំងពីប្រទេសទាំង៥បានចាប់ដៃគ្នាបង្កើត BRICS នេះមក យើងសង្កេតឃើញថា បណ្តាប្រទេសនៃកិច្ចសហប្រតិបត្តិការនេះ គឺ ជាប្រទេសដែលមានសេដ្ឋកិច្ចធំៗដែលតែងតែចូលរួមចំណែកនៅក្នុងកំណើនសេដ្ឋកិច្ចសកល ហើយក៏បានដើរតួជាកម្លាំងជំរុញថ្មីមួយ ដល់កិច្ចសហប្រតិបត្តិការ នៃសេដ្ឋកិច្ចពិភពលោកថែមទៀតផង។ ដូច្នេះ ក្នុងអត្ថបទនេះ យើងនឹងសិក្សាបន្ថែមអំពី BRICS ដែលជាក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនខ្លាំង និងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការបង្កើនទំនាក់ទំនងខាងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសក្នុងពិភពលោក។

តើអ្វីទៅជា BRICS?

BRICS គឺជាពាក្យអក្សរកាត់ដែលសំដៅទៅលើប្លុកនៃបណ្ដាប្រទេសដែលមានកម្រិតសេដ្ឋកិច្ចរីកចម្រើនខ្ពស់និងប្រកបដោយសក្តានុពល ដែលក្នុងនោះរួមមានប្រទេសចំនួន៥ មានដូចជា ប្រទេសប្រេស៊ីល ប្រទេសរុស្ស៊ី ប្រទេសឥណ្ឌា ប្រទេសចិន និងប្រទេសអាហ្វ្រិកខាងត្បូង។ BRICS មានគោលបំណងលើកកម្ពស់សន្តិភាព សន្តិសុខ ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំងប្រាំ ហើយរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតពិភពលោកមួយប្រកបដោយសមធម៌ និងយុត្តិធម៌។ BRICS មានគោលដៅសំខាន់ៗដូចជា៖
• ជំរុញឱ្យមាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសម្រេចបាននូវការអភិវឌ្ឍន៍ក្នុងតំបន់
• ការសម្រិតសម្រាំងប្រើប្រាស់ធនធានល្អបំផុត
• ការលុបរបាំងពាណិជ្ជកម្ម
• ការកសាងភាពសុខដុមរមនា និងទំនាក់ទំនងរវាងប្រជាជាតិនានា
• ក្លាយទៅជាអ្នកផ្គត់ផ្គង់ដ៏លេចធ្លោនៃទំនិញផលិត សេវាកម្ម និងវត្ថុធាតុដើមក្នុងពិភលលោកត្រឹមឆ្នាំ ២០៥០

ដំបូងឡើយ BRICS បានចាប់មានវត្តមាននៅឆ្នាំ ២០០១ ហើយនៅពេលនោះដែរ ប្រទេសសមាជិកគឺមានត្រឹមតែប្រទេសចំនួនបួនតែប៉ុណ្ណោះ ពោលគឺ ប្រទេសប្រេស៊ីល ប្រទេសរុស្ស៊ី ប្រទេសឥណ្ឌា និង ប្រទេសចិន ព្រមទាំងមានពាក្យអក្សរកាត់ថា BRIC។ គំនិតផ្ដួចផ្ដើមនៃការបង្កើតBRICនេះដែរ គឺចាប់ផ្ដើមដំបូងដោយលោកសេដ្ឋវិទូ Jim O’Neill នៃក្រុមហ៊ុន Goldman Sachs ដែលបានប្រកាសនៅក្នុងរបាយការណ៍ស្តីពីការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ដែលបានគ្រោងទុកថា ចំនួនផលិតកម្ម និងចំនួនប្រជាជននៃប្រទេសBRIC រួមបញ្ចូលគ្នាអាចជាចំណែកភាគមួយដ៏សំខាន់ចំពោះចំនួនផលិតកម្ម និងចំនួនប្រជាជនពិភពលោកសរុប។ BRIC នេះត្រូវបានដាក់ចេញជាផ្លូវការ នៅខែកញ្ញា ឆ្នាំ២០០៦ នៅពេលដែលប្រទេសសមាជិកទាំងបួនបានចូលរួមសំណេះសំណាលការទូតក្រៅផ្លូវការ និងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្រ្តីការបរទេសរបស់ពួកគេ ដើម្បីពិភាក្សានិងជជែកដេញដោលគ្នានៅ New York City។ តាមរយ:កិច្ចប្រជុំកំពូលលើកដំបូងដែលបានធ្វើឡើងនៅ Yekaterinburg ក្នុងឆ្នាំ ២០០៩ កម្រិតវិសាលភាពនៃការទំនាក់ទំនងគ្នាក្នុងចំណោមសមាជិកនៃបណ្តាប្រទេស BRIC ទាំងបួន ត្រូវបានពង្រឹងកាន់តែខ្លាំងឡើង និងបានវិវត្តទៅជាអង្គភាពនយោបាយ-ការទូតថ្មី និងមានភាពជោគជ័យលើសពីគោលគំនិតដើមដែលបានគ្រោងទុកសម្រាប់ទីផ្សារហិរញ្ញវត្ថុថែមទៀតផង។ ក្រោយមកទៀត នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១០ រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន លោក Yang Jiechi បានប្រកាសថា អាហ្វ្រិកខាងត្បូងត្រូវបានអញ្ជើញជាផ្លូវការឱ្យចូលរួមក្នុងប្លុក BRIC ក្នុងនាមជាសមាជិកទី ៥ របស់ខ្លួន។ ដូច្នេះហើយទើបBRIC បានផ្លាស់ប្ដូរទៅជា BRICS វិញ នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១១ ក្នុងឱកាសនៃកិច្ចប្រជុំសន្និសីទរបស់ BRIC លើកទី 3 នៅទីក្រុង Sanya របស់ប្រទេសចិន និងបានប្រកាសស្វាគមន៍ប្រទេសអាហ្វ្រិកខាងត្បូងជាផ្លូវការក្នុងនាមជាសមាជិកនៃប្លុកនេះ។ តួយ៉ាង ប្រទេស BRICS គឺជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយបណ្តាប្រទេស BRICS បានរួមគ្នាពិភាក្សាលើបញ្ហាសំខាន់ៗក្រោមសសរស្តម្ភទាំងបីគឺ នយោបាយសន្តិសុខ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងវប្បធម៌និងប្រជាជន។ យោងតាមទិន្នន័យធនាគារពិភពលោក(World Bank) ចាប់តាំងពីដើមសតវត្សទី ២១ មក បណ្តាប្រទេស BRICS ត្រូវបានចាត់ទុកថាជាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ខ្លាំងបំផុតទាំងប្រាំក្នុងពិភពលោកដែលរួមបញ្ចូលគ្នាមាន ៤១% នៃចំនួនប្រជាជនពិភពលោកសរុប ២៤% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងជាង ១៦% ជាចំណែកនៅក្នុងវិស័យពាណិជ្ជកម្មពិភពលោក។

បញ្ហាជម្លោះក្នុងប្រទេសBRICS

ក្រោយពីមានសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ប្រទេសនៅក្នុងតំបន់អ៊ឺរ៉ុប និងអាមេរិកបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី។ ការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន វាបានធ្វើឱ្យកាន់តែពិបាកសម្រាប់សមាជិក BRICS ក្នុងការប្រមូលផ្តុំគ្នាជុំវិញគោលការណ៍ដែលបានដាក់ជាមូលដ្ឋាន។ វិបត្តិអ៊ុយក្រែននាំមកនូវលទ្ធផលនៃការកើនឡើង ការចំណាយលើថាមពល អាហារ និងទំនិញ ដែលវារងមកនូវការប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍ។ ម្យ៉ាងទៀត បញ្ហានយោបាយដែលមានកើតឡើងនោះគឺជាជម្លោះរវាងប្រទេសចិនជាមួយនឹងប្រទេសឥណ្ឌាពីស្ថានភាពទឹកដីនិងជុំវិញបញ្ហាព្រំដែន។ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ឥណ្ឌាបានប្រគល់តួនាទីជាប្រធាន BRICS ដល់ប្រទេសចិន។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S Jaishankar បាននិយាយថា « BRICS បានអះអាងម្តងហើយម្តងទៀត ចំពោះការគោរពសមភាពអធិបតេយ្យ បូរណភាពទឹកដី និងច្បាប់អន្តរជាតិ ហើយក៏ត្រូវតែធ្វើតាមការប្តេជ្ញាចិត្តទាំងនេះដែរ »។ ហេតុនេះ ការមិនចុះសម្រុងគ្នារវាងចិននិងឥណ្ឌាទៅលើព្រំដែន អាចជាការធ្វើឱ្យចំណងសាមគ្គីភាពនៃសមាជិកភាព BRICSមានភាពរង្គោះរង្គើ ។ ចិនបានពង្រីកការត្រួតត្រារបស់ខ្លួនក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកបានធ្វើឱ្យសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកកាន់តែធ្លាក់ចុះ។ ចំណែកឯ ប្រទេសឥណ្ឌានិងប្រទេសផ្សេងទៀតចង់រៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់នេះឡើងវិញ ដើម្បីកាត់បន្ថយការពឹងផ្អែកទៅប្រជាជាតិណាមួយ។ តួយ៉ាង ជំងឺកូវីដ១៩គឺជាសារដាស់តឿនដល់ប្រទេសឥណ្ឌាពីគ្រោះថ្នាក់នៃការពឹងផ្អែកលើចិនទាំងស្រុងសម្រាប់ការនាំចូលដ៏សំខាន់ ចំណែកឯវិបត្តិអ៊ុយក្រែនបានបង្ហាញពីភាពរងគ្រោះរបស់ប្រទេសនេះពីការពឹងផ្អែកខាំ្លងរបស់ខ្លួនទាក់ទងនឹងការការពារពីរុស្ស៊ី។

តើBRICS អាចជាដង្ហើមសេដ្ឋកិច្ចសម្រាប់ប្រទេសរុស្ស៊ីដែរឬទេ?

ក្រោយពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលបង្កឡើងដោយរុស្ស៊ី ប្រទេសរុស្ស៊ីត្រូវទទួលទណ្ឌកម្មសេដ្ឋកិច្ចពីមហាអំណាចសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ក្រុមបស្ចិមប្រទេសបានដាក់ទណ្ឌកម្មយ៉ាងខ្លាំង រួមទាំង ការរឹតត្បិតលើការនាំចូលប្រេងរបស់រុស្ស៊ី ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏សមាជិកក្នុងប្រទេសBRICS នៅតែប្រកាន់ជំហរអព្យាក្រឹតគាំទ្រទៅលើសម្ព័ន្ធមិត្តរុស្ស៊ី។ ចិននិងឥណ្ឌាមានទំនាក់ទំនងយោធានិងសេដ្ឋកិច្ចខ្លាំងជាមួយរុស្ស៊ី ព្រមទាំងការទិញប្រេងនិងឧស្ម័នយ៉ាងច្រើនផងដែរ។ ប្រទេសចិន និងឥណ្ឌាក៏បានបង្កើនការនាំចូលប្រេងឆៅពីរុស្ស៊ី ដោយបានជួយទីក្រុងមូស្គ ទូទាត់ការខាតបង់ពីបណ្តាប្រទេសលោកខាងលិច ដោយជួយបង្កើនការទិញថាមពលពីប្រទេសរុស្ស៊ី។ យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ Rystad Energy បង្ហាញថាប្រទេសឥណ្ឌាបានទិញប្រេងពីរុស្ស៊ីច្រើនជាង៦ដងក្នុងចន្លោះខែមីនា និងឧសភា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលដោយប្រទេសចិនក្នុងអំឡុងពេលដូចគ្នាបានកើនឡើងបីដង។ កាលពីថ្ងៃទី២ ខែមីនា សមាជិកចំនួនបីរបស់ BRICS គឺចិន ឥណ្ឌា និងអាហ្រ្វិកខាងត្បូងបានបដិសេធមិនបោះឆ្នោតលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិដែលថ្កោលទោសលើ ប្រទេសរុស្ស៊ីសម្រាប់ការឈ្លានពានអ៊ុយក្រែន ដែលជាប្រទេសសមាជិកមួយរូបរបស់ BRICS ប៉ុន្តែក្រុមសមាជិក BRICS បានគាំទ្រកិច្ចចរចារវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ព្រមទាំងសម្តែងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌កាន់តែអាក្រក់នៅអ៊ុយក្រែនផងដែរ។ ក្នុងចំណោមប្រទេសទាំងប្រាំ មានតែប្រេស៊ីលប៉ុណ្ណោះដែលគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិដែលថ្កោលទោសលើរុស្ស៊ី។

ជារួមមក BRICS អាចជាបានផ្តល់ជាដង្ហើមសេដ្ឋកិច្ចមួយកម្រិតដល់ប្រទេសរុស្ស៊ីដែលកំពុងទទួលទណ្ឌកម្មពិតប្រាកដមែន។ ដូច្នេះហើយទើបប្រទេសរុស្ស៊ីបានបង្វែរទិសដៅសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ខ្លួន ចូលទៅក្នុងបណ្តាប្រទេស BRICS ដែលមានការគាំទ្រពីសមាជិកនៃ BRICS ហើយក៏កំពុងនឹងព្យាយាមភ្ជាប់ទំនាក់ទំនងជាទ្វីបអាស៊ីដើម្បីជំនួសឱ្យទីផ្សារដែលបានបាត់បង់នៅក្នុងសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ កញ្ញា ណុល ដារ៉ាវិស័យ និង​ កញ្ញា ឌី រុចារ្យសុជិនី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង