"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កេរមរតកសេដ្ឋកិច្ចដែលលោក ស្ហីនហ្សូ អាបេ (Shinzo Abe) បានបន្សល់ឱ្យជប៉ុន

គំនូរច្នៃប្រឌិតដោយ៖ លោក រិទ្ធ វីរៈ

អស់រយៈពេលជាង ២ ទសវត្សន៍ចាប់តាំងពី “សេដ្ឋកិច្ចពពុះ” ផ្ទុះឡើងនៅចុងទសវត្សន៍ឆ្នាំ ១៩៨០ ប្រទេសជប៉ុនបានប្រឈមមុខនឹងកំណើនសេដ្ឋកិច្ចយឺត និងបញ្ហាសេដ្ឋកិច្ចដ៏មានឥទ្ធិពលចំនួនបី៖ បរិត្តផរណា បំណុល និងប្រជាសាស្រ្ត (ចំនួនប្រជាជនមានវ័យចំណាស់ជាច្រើន គួបផ្សំនឺងការថយចុះនៃកំណើនប្រជាជនទាំងស្រុង)។ ហេតុដូចនេះហើយ បន្ទាប់ពីលោកស្ហីនហ្សូ អាបេ បានឡើងកាន់តំណែងសារជាថ្មី ដែលបានក្លាយជាបេក្ខភាពមានឥទ្ធិពលជាងគេក្នុងការឈរឈ្មោះជានាយករដ្ឋមន្ត្រីជប៉ុន លោកក៏បានចាប់ផ្តើមអនុម័តគោលនយោបាយសេដ្ឋកិច្ច “Abenomics” ដែលជំរុញឱ្យមានការងើបឡើងវិញនៃសន្ទុះសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនក្នុងសតវត្សន៍ថ្មីនេះ ។ យុទ្ធសាស្ត្រសេដ្ឋកិច្ចនេះ មានគោលដៅសង្គ្រោះសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនពីការជាប់គាំងរយៈពេល ២០ ឆ្នាំជាមួយនឹងមុខព្រួញចំនួន ៣ មានដូចជាការបន្ធូបន្ថយគោលនយោបាយរូបិយវត្ថុ គោលនយោបាយសារពើពន្ធដែលធ្វើយ៉ាងណាបង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម និងកំណែទម្រង់សេដ្ឋកិច្ចដូចជាការផ្ដល់ឱកាសទៅស្ត្រីទទួលបានការងារនិងតួនាទីក្នុងសង្គមជាដើម។

កេរ្តិ៍ដំណេលរបស់ Abenomics

ជាការពិតណាស់ បើក្រឡេកមើលទៅការអនុវត្តជាក់ស្តែង Abenomics ពិតជាទទួលបានជោគជ័យ ទោះបីជាវាមិនបានទទួលបានលទ្ធផលជាទីគាប់ចិត្តដូចទៅនឹងគោលដៅសេដ្ឋកិច្ចចម្បងរបស់លោកស្ហីនហ្សូ អាបេក៏ដោយ។ នៅពេលដែលលោកស្ហីនហ្សូ អាបេឡើងកាន់អំណាច ជប៉ុនកំពុងប្រឈមមុខនឹងកិច្ចការដ៏លំបាកក្នុងការដកជើងចេញពីសេដ្ឋកិច្ចជាប់គាំង (Stagnation) ហើយបានធ្វើឱ្យប្រទេសចិនដណ្ដើមដំណែងជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំទី ២។ យ៉ាងណាមិញ Abenomics បានដើរតួនាទីយ៉ាងសំខាន់ ជាពិសេសជួយជំរុញទៅលើកំណើនសេដ្ឋកិច្ច ទោះបីជាមិនអាចជួយសេដ្ឋកិច្ចជប៉ុនឱ្យឈានទៅការរីកចម្រើនរុងរឿងបន្ទាប់ពីសង្គ្រាមលោកលើកទី២បានបញ្ចប់ក៏ដោយ។ ជាក់ស្ដែង ទោះបីជាអត្រាកំណើនសេដ្ឋកិច្ចនៅទាបជាងគោលដៅដែលកំណត់សម្រាប់ឆ្នាំ២០២០ក្តី ក៏ប៉ុន្តែបើធៀបនឹងឆ្នាំ២០១២ និង២០២០ ផលិតផលក្នុងស្រុកសរុប បានកើនដល់ ៦០០ទ្រីលានយ៉េន ដែលស្មើនឹង ៤.៤ទ្រីលានដុល្លារអាមេរិក ការកើនឡើងនូវចំនួនស្ត្រីក្នុងកន្លែងធ្វើការ ការធ្លាក់ចុះនូវអត្រាអ្នកអត់ការងារធ្វើ ការកើនឡើងនូវអ្នកវិនិយោគ និងចំណូលពន្ធដារ ។ ទន្ទឹមនេះ យោងតាម The Economist ដោយសារភាពអំណោយផលនៃការវិនិយោគ អត្រានៃការវិនិយោគដោយផ្ទាល់ពីបរទេសបានឡើងដល់ ១.២% នៃផលិតផលក្នុងស្រុកសរុប ដែលជាអត្រាមួយខ្ពស់បំផុត។

ទោះលោក ស្ហីនហ្សូ អាបេ បានលា ប៉ុន្តែអ្នកមកក្រោយនៅតែកសាងបន្ថែម

ទោះបីលោក ស្ហីនហ្សូ អាបេ បានលាតំណែងជានាយករដ្ឋមន្ត្រី និងបានលាចាកលោកក្ដី Abenomics នៅតែជាគោលនយោបាយមួយដែលនាយករដ្ឋមន្ត្រីក្រោយៗបន្តអនុវត្ដ។ ជាក់ស្ដែង នាយករដ្ឋមន្ត្រីថ្មី Kishida Fumio ដែលទើបនឹងជាប់ឆ្នោតក៏មិនបានបង្ហាញថានឹងដើរចេញពីគោលនយោបាយ Abenomics ឡើយ។ លោកនាយករដ្ឋមន្ត្រី Kishida Fumio បានលើកឡើងពីគោលនយោបាយថ្មីមួយដែលមានឈ្មោះថា “New Capitalism” ដែលអ្នកជំនាញគេជឿជាក់ថាគោលនយោបាយនេះនឹងនៅតែដើរផ្លូវ Abenomics ហើយកសាងលើសមិទ្ធផលរបស់ Abenomics ប៉ុន្តែវាអាចប្រែប្រួលតាមស្ថានភាពដែល លោក ស្ហីនហ្សូ អាបេបានជួប នឹងស្ថានភាពជប៉ុនកំពុងជួបនៅពេលនេះ ជាពិសេសនៅពេលដែលអតិផរណាសកលកើនឡើងជាដើម។ គួរបញ្ជាក់ផងដែរថា New Capitalism នេះមានគោលបំណងបង្រួញវិសមភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ច។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា អាំង ស៊ាងហ៊ី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ