ប្រាក់អឺរ៉ូគឺជារូបិយប័ណ្ណរបស់ប្រទេសសហភាពអឺរ៉ុបចំនួន១៩និងជារូបិយប័ណ្ណសំខាន់បំផុតទីពីរនៅក្នុងពិភពលោកបន្ទាប់ពីប្រាក់ដុល្លារសហអាមេរិក។ រយៈពេលជាង២ទស្សវត្សមកហើយដែលរូបិយប័ណ្ណនេះត្រូវបានបង្កើតឡើងហើយអ្វីដែលមិនធ្លាប់កើតឡើងនោះគឺ ប្រាក់អឺរ៉ូបានធ្លាក់ចុះស្មើនឹងប្រាក់ដុល្លារសហរដ្ឋអាមេរិកជាលើកដំបូងខណៈដែលបណ្តាប្រទេសអឺរ៉ុបទាំងនោះកំពុងជួបផលវិបាកនៃវិបត្តិថាមពលដែលបណ្តាលមកពីសង្រ្គាមរុស្សី-អ៊ុយក្រែន។ ការធ្លាក់ចុះនៃតម្លៃលុយនេះកាន់តែបង្កឱ្យមានភាពយ៉ាប់យឺនដល់សេដ្ឋកិច្ចក្នុងតំបន់ជាពិសេសពន្យឺតការដោះស្រាយនូវវិបត្តិថាមពលនិងអតិផរណាដែលកំពុងតែកើតមានស្រាប់និងការព្រួយបារម្ភថា ឱនភាពសេដ្ឋកិច្ចអាចនឹងកើតមានឡើង។
អឺរ៉ុបកំពុងជួបប្រទះនឹងកំណើនអតិផរណាដែលមិនធ្លាប់មានពីមុនមកជាង២០ឆ្នាំមកនេះ
ការធ្លាក់ចុះនៃតម្លៃលុយអឺរ៉ូបានបន្ថែមសម្ពាធទៅដល់កំណើនអតិផរណាទៅលើតំបន់អឺរ៉ូដែលបង្កឡើងពីការកើនឡើងនូវតម្លៃថាមពលយ៉ាងឆាប់រហ័ស ព្រោះថាអ្នកដែលកាន់លុយអឺរ៉ូកាន់តែបាត់បង់អំណាចនៃការទិញ។ ជាទូទៅ លុយដុល្លារអាមេរិកត្រូវបានទូទាត់ប្រហែលជា៥០%នៃពាណិជ្ជកម្មអន្តរជាតិ និងត្រូវបានប្រតិបត្តិការជាង៩០%នៅក្នុងទីផ្សារប្តូរប្រាក់បរទេស ហើយការណ៍ដែលលុយអឺរ៉ូបានធ្លាក់ចុះ វាកាន់តែប៉ះពាល់ទៅដល់តម្លៃទំនិញរនាំចូលទំនិញទៅកាន់ទីផ្សារអឺរ៉ុប។ ជាក់ស្តែងប្រហែលពាក់កណ្តាលនៃទំនិញនាំចូលនៅក្នុងតំបន់អឺរ៉ូត្រូវបានទូទាត់ជាប្រាក់ដុល្លារអាមេរិក នេះបើតាមការចេញផ្សាយរបស់ Eurostat។ ហេតុនេះហើយការធ្លាក់ចុះតម្លៃនៃប្រាក់អឺរ៉ូទាមទារឱ្យបណ្តាប្រទេសតំបន់អឺរ៉ូត្រូវការលុយអឺរ៉ូកាន់តែច្រើនដើម្បីប្តូរយកលុយដុល្លារអាមេរិកក្នុងការទិញទំនិញ ជាពិសេសគឺប្រេងឆៅនិងឧស្ម័ន។ ផ្ទុយមកវិញ ការថយចុះនៃលុយអឺរ៉ូអាចមានផលវិជ្ជមានក្នុងការនាំចេញ ព្រោះថាទំនិញនាំចេញនឹងកាន់តែមានតម្លៃថ្លៃជាងមុន ក៏ប៉ុន្តែវានឹងធ្វើឱ្យស្ថានភាពកាន់តែដុនដាបទៅលើការនាំចូល។ បើយើងក្រឡេកមកមើលពីប្រភេទទំនិញនៃការនាំចេញនាំចូលរបស់ប្រទេសតំបន់អឺរ៉ុប យើងឃើញថា ៦៥%នៃការនាំចេញសរុបគឺគ្រឿងម៉ាស៊ីន យានយន្ត និងទំនិញផលិតផ្សេងៗ ចំណែកឯថាមពលបានក្លាយជាទំនិញនៃការនាំចូលខ្ពស់និងសំខាន់ជាងគេ។ ហេតុនេះហើយ ការធ្លាក់ចុះតម្លៃលុយអឺរ៉ូបានបន្ថែមទម្ងន់និងការឈឺចាប់ដល់ការនាំចូលក្នុងការទិញប្រេងនិងឧស្ម័ន។ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារស្ថិតិសហភាពអឺរ៉ុប Eurostat បានព្យាករណ៍ថា អតិផរណាប្រចាំឆ្នាំនៅក្នុងប្រទេសចំនួន១៩នៃតំបន់ដែលប្រើប្រាស់លុយអឺរ៉ូបានកើនឡើងដល់៨.៦%នៅក្នុងខែមិថុនា ដោយបានកើនឡើងពីការព្យាករណ៍ពី៨.១%ក្នុងខែឧសភា។ ស្របពេលដែលតម្លៃថាមពលបានកើនឡើង ៤១.៩% ហើយតម្លៃចំណីអាហាររួមទាំង គ្រឿងស្រវឹង និងថ្នាំជក់បានកើនឡើង៨.៩% ដែលទិន្ន័យនេះបានកើនឡើងលឿនជាងកំណត់ត្រាកាលពីខែមុន។ នេះជាកំណើនអតិផរណានៅក្នុងកម្រិតខ្ពស់បំផុតមួយចាប់តាំងពីមានការកត់ត្រាទៅលើប្រាក់អឺរ៉ូក្នុងឆ្នាំ១៩៩៧មកម្ល៉េះ។
តើតំបន់ចាយលុយអឺរ៉ូអាចប្រឈមមុខនឹងឱនភាពសេដ្ឋកិច្ចដែរឬទេ?
អត្រាប្តូរប្រាក់របស់រូបិយប័ណ្ណអាចជាសាលក្រមមួយក្នុងការព្យាករណ៍ទៅលើទស្សនវិស័យសេដ្ឋកិច្ច ស្របពេលដែលតម្លៃលុយអឺរ៉ូបានធ្លាក់ចុះមានន័យថា កំណើនសេដ្ឋកិច្ចនៅតំបន់អឺរ៉ូក៏កំពុងតែធ្លាក់ចុះផងដែរ។ ជាក់ស្តែងកាលពីខែឧសភា European Commission បានព្យាករណ៍ថាសេដ្ឋកិច្ចនៅតំបន់អឺរ៉ូមានកំណើនប្រមាណ២.៧%នៅឆ្នាំនេះនិង១.៥%នៅឆ្នាំ២០២៣ ក៏ប៉ុន្តែតាមរយៈការចេញផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនានេះ European Commission បានបញ្ចុះការព្យាករណ៍ កំណើនសេដ្ឋកិច្ចនៅតំបន់អឺរ៉ុបមកនៅត្រឹម២.៦%នៅឆ្នាំ២០២២ និង១.៤%នៅឆ្នាំ២០២៣វិញ។
ឱនភាពសេដ្ឋកិច្ចអាចនឹងកើតមានព្រោះថា កំណើនអតិផរណាអាចនឹងបន្តកើនឡើងបើតម្លៃថាមពលមិនមានការថយចុះ។ ភាពរអាក់រអួលនៃសង្វាក់ផលិតកម្មដែលកើតចេញពីវិបត្តិកូវីដ១៩ បូករួមនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានធ្វើឱ្យអតិផរណាកាន់តែមានសម្ពាធព្រោះថាប្រទេសមួយចំនួនបានកាត់បន្ថយការផលិតប្រេង។ អឺរ៉ុបពឹងផ្អែកខ្លាំងលើប្រេង និងឧស្ម័នធម្មជាតិរបស់រុស្ស៊ីដើម្បីដំណើរការឧស្សាហកម្ម និងផលិតអគ្គិសនី។ ផ្ទុយមកវិញ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបក្នុងការហាមឃាត់ឱ្យមានការនាំចូលប្រេងពីរុស្ស៊ី ជំរុញឱ្យតម្លៃប្រេងកាន់តែមានការកើនឡើង ព្រោះតម្រូវការកាន់តែច្រើនខណៈដែលការផ្គត់ផ្គង់មានការខ្វះខាត។ ហេតុនេះហើយ កំណើនអតិផរណាអាចនឹងកើនឡើងខ្ពស់ជាងនេះ បើរុស្ស៊ីមិនព្រមលក់ប្រេងនិងឧស្ម័នឱ្យ ឬមួយក៏រុស្ស៊ីអាចនឹងបិទការផ្គត់ផ្គង់ថាមពលទាំងស្រុងទៅឱ្យប្រទេសទាំងនោះ។
បើទោះបីជា សេដ្ឋកិច្ចវិទូជាច្រើនបានទស្សទាយពីហានិភ័យនៃឱនភាពសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ក៏នៅខណៈនេះ មន្ត្រីសហភាពអឺរ៉ុបបានបដិសេធនិយាយពីភាពដែលអាចទៅរួចនៃការកើតឡើងនូវឱនភាពសេដ្ឋកិច្ច។ ដូចគ្នានឹងសហរដ្ឋអាមេរិចដែរ ដើម្បីទប់ទល់នឹងកំណើនអតិផរណា ធនាគារកណ្តាលអឺរ៉ុបECB បានប្រកាសថាខ្លួននឹងបង្កើនអត្រាការប្រាក់០.២៥%ក្នុងខែកក្កដានេះ ហើយនឹងបន្តបង្កើនការប្រាក់ថែមទៀតនៅខែកញ្ញាខាងមុខ បើសិនជាអតិផរណានៅតែមិនទាន់មានភាពធូរស្បើយ។ បន្ថែមពីនេះ លោកPaolo Gentiloni ដែលជាគណៈកម្មាការសេដ្ឋកិច្ចអឺរ៉ុបបានមានប្រសាសន៍ថា “សហភាពអឺរ៉ុបនឹងព្យាយាមសហការជាមួយដៃគូអន្តរជាតិដើម្បីស្នើសុំការបន្ថយតម្លៃថាមពល ក៏ប៉ុន្តែនៅពេលនេះយើងមិនទាន់ត្រៀមខ្លួនរួចនៅឡើយ”។ ជាការពិតណាស់ ការតម្លើងអត្រាការប្រាក់អាចជាមធ្យោបាយមួយក្នុងការកាត់បន្ថយកំណើនអតិផរណា ក៏ប៉ុន្តែឥឡូវនេះ អតិថិជននិងក្រុមហ៊ុនកំពុងប្រឈមមុខនឹងតម្លៃដែលមិនអាចទាយទុកជាមុនបាន ហេតុនេះហើយវាកំពុងដាក់សម្ពាធដល់អ្នកបង្កើតគោលនយោបាយទៅលើភាពមិនប្រាកដប្រជាក្នុងការឱ្យផ្តល់ដំណោះស្រាយជាក់ស្តែង សូម្បីតែដំណោះស្រាយតិចតួចដែលពួកគេអាចធ្វើបានក្នុងរយៈពេលខ្លីក៏ដោយ។ ម្យ៉ាងវិញទៀត វិធីសាស្ត្រនៃការតម្លើងអត្រាការប្រាក់អាចធ្វើឱ្យអ្នកវិនិយោគសម្រុកទិញនិងប្តូរលុយយ៉ាងតក់ក្រហល់ដែលជាហេតុនាំឱ្យមានអស្ថិរភាពនៃអត្រាការប្រាក់កើតមានកាន់តែខ្លាំងនិងការផ្លាស់ប្តូរគោលនយោបាយដែលរឹតតែពិបាកក្នុងការគេចចេញពីវិបត្តិអតិផរណា។
សរុបមក កំណើនអតិផរណានៅអឺរ៉ុបកើតចេញពីវិបត្តិថាមពលនិងភាពរអាក់រអួលនៃសង្វាក់ផលិតកម្មដែលបណ្តាលឱ្យមានការខ្វះខាតការផ្គង់ផ្គង់ទំនិញ ស្របពេលដែលលុយអឺរ៉ូកំពុងធ្លាក់ចុះ ដែលកាន់តែរុញច្រានឱ្យមានកំណើនអតិផរណា ព្រោះថាតម្រូវការលុយនៃការទិញទំនិញនិងប្រេងកាន់តែឡើងថ្លៃ។ បើតម្លៃថាមពលមានការធ្លាក់ចុះ បញ្ហាអតិផរណាអាចនឹងមានភាពប្រសើរឡើង ក៏ប៉ុន្តែបើតម្លៃថាមពលកាន់តែកើនឡើង នោះកំណើនអតិផរណាអាចនឹងកាន់តែអាប់អួរទៅដែលអាចឈានទៅដល់ការកើតឡើងនូវឱនភាពសេដ្ឋកិច្ច។ បើទោះបីជាឱនភាពសេដ្ឋកិច្ចអាចកើតឡើងមែន ក៏វាមិនអាក្រក់ពេកដែរនៅតំបន់អឺរ៉ុបព្រោះថា ការចំណាយរបស់អតិថិជននិងទីផ្សារការងារនៅតែមានកម្រិតខ្ពស់ និងការជួយជ្រោមជ្រែងពីរដ្ឋាភិបាលរួមមានការកាត់បន្ថយពន្ធទៅលើផ្នែកថាមពល ការបន្ធូរបន្ថយការចំណាយលើធ្វើដំណើរសាធារណៈរួមទាំងការផ្តល់ការឥណទានកម្ចីជាដើម។