"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ប្រវត្ដិនៃការបង្កើតសហភាពអឺរ៉ុប (European Union)

គំនូរច្នៃប្រឌិតដោយ៖ លោក ហាន គីមហាំង

សហភាពអឺរ៉ុបឬជាភាសាអង់គ្លេសហៅថា European Union គឺជា អង្គការអន្តរជាតិមួយដែលត្រូវបានបង្កើតឡើងនិង បានចូលជាធរមាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣។ សហភាពអឺរ៉ុបត្រូវបានរចនាឡើងដើម្បីបង្កើនសមាហរណកម្មនយោបាយនិងសេដ្ឋកិច្ចរវាងប្រទេសនៅក្នុងអ៊ឺរ៉ុបហើយបានបង្កើត រូបិយប័ណ្ណរួមមួយប្រាក់អឺរ៉ូ បង្កើតគោលនយោបាយការបរទេស សន្តិសុខ ច្បាប់ និងសញ្ជាតិរួមជាដើម។ នៅក្នុងអត្ថបទនេះយើងនឹងក្រលេកមកយល់ដឹងបន្ថែមអំពីប្រវត្តិនៃការកកើតឡើង និងការវិវត្តន៍នៃសហភាពអ៊ឺរ៉ុប។

ប្រវត្តិនៃការកកើតឡើងនៃសហភាពអ៊ឺរ៉ុប

កាលពីដើមឡើយ ប្រទេសនៅអ៊ឺរ៉ុបបានធ្លាប់ស្ថិតក្នុងសង្រ្គាមបង្ហូរឈាម អស់ជាច្រើនសតវត្សមកហើយ ដែលក្នុងនោះ ប្រទេសបារាំង និងអាល្លឺម៉ង់មានជម្លោះសង្រ្គាមដល់ទៅបីដងក្នុងរវាងឆ្នាំ ១៨៧០ ដល់ ១៩៤៥ ជាហេតុធ្វើឱ្យមនុស្សជាច្រើនត្រូវបាត់បង់ជីវិត និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាត។ ក្រោយមកមេដឹកនាំអ៊ឺរ៉ុបក៏បានគិតគូរដល់ការបង្កើនកិច្ចព្រមព្រៀងមួយដើម្បីរក្សាសន្តិភាព និងបង្រួបបង្រួមប្រទេសដោយបង្កើតអង្គការមួយដើម្បីយកឈ្នះជម្លោះនៅអ៊ឺរ៉ុបផង និងប្រឆាំងទប់ទល់នឹងសង្រ្គាមលោកដែលអាចកើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី២ផង។

ក្រោយសង្រ្គាមលោកលើកទី២បានបញ្ចប់ នៅឆ្នាំ ១៩៥០ លោក Robert Schuman រដ្ឋមន្រ្តីការបរទេស បារាំងបានលើកឡើងនូវគំនិតល្អមួយ គឺចង់ពាំនាំឱ្យប្រទេសប៉ែកអឺរ៉ុបនាំគ្នាផ្ដោតទៅលើផ្នែកសេដ្ឋកិច្ចអឺរ៉ុបវិញម្តងដោយលោកបានស្នើឱ្យដាក់ផលិតផល ធ្យូងថ្ម និង ដែកថែបចូលជាសមូហភាពអឺរ៉ុប។ ធ្យូងថ្ម និងដែកដែលជាវត្ថុធាតុដើមនៃសង្រ្គាមក៏ក្លាយជាឧបករណ៍រួមបញ្ចូលសន្តិភាពជាលើកដំបូងក្នុងប្រវត្ថិសាស្រ្ត។ ជាលទ្ធផល សមាជិកដំបូងទាំង៦ មានប្រទេស បែលហ្សិក សហព័ន្ធអាល្លឺម៉ង់ លុចសំបួរ បារាំង អ៊ីតាលី និងហូឡង់ បានបង្កើតសហគមន៍ធ្យូងថ្ម និងដែកអ៊ឺរ៉ុប(European Coal and Steel Community) នៅឆ្នាំ១៩៥១។ ការធ្វើបែបនេះ គឺដើម្បីទប់ស្កាត់កុំឱ្យប្រទេសនៅអឺរ៉ុបធ្វើសង្គ្រាមជាមួយគ្នានាពេលអនាគត តាមរយ:ការធ្វើសមាហរណកម្មកម្រិតខ្ពស់ក្នុងតំបន់ដោយមាន ECSC ជាជំហានដំបូងឆ្ពោះទៅរកសមាហរណកម្មនោះ។ តួនាទីមួយទៀតនៃ ECSC នេះគឺការបង្កើតទីផ្សាររួមមួយសម្រាប់ធ្យូងថ្ម និងដែកថែបក្នុងចំណោមរដ្ឋសមាជិករបស់ខ្លួន ដើម្បីបន្សាបការប្រកួតប្រជែងរវាងប្រទេសអឺរ៉ុបជុំវិញធនធានធម្មជាតិនិង ការពារមិនឱ្យវត្ថុធាតុទាំងពីរ ត្រូវគេយកទៅផលិតអាវុធអ្វីផ្តេសផ្តាស ដែលនាំឱ្យមាន សង្គ្រាមបានទៀតឡើយ។

រដ្ឋទាំង៦ក៏បានរួមគ្នាបង្កើត សហគមន៍សេដ្ឋកិច្ចអ៊ឺរ៉ុប(European Economic Community)ដើម្បីមានការឯកភាពទៅលើសេដ្ឋកិច្ចផ្សេងទៀតក្រៅពីធ្យូងថ្ម និងដែក ដើម្បីកំណត់គោលដៅទីផ្សាររួមមាន ទំនិញ កម្មករ និងសេវាកម្ម រហូតឈានទៅដល់ការព្យាយាមធ្វើសមាហរណកម្មនយោបាយថែមទៀតផង។  ដូច្នេះហើយ ទើបមានការបង្កើតឱ្យមានការផលិតសេដ្ឋកិច្ចរួមគ្នា និងបញ្ឈប់ភាពតានតឹងដែលកើតចេញពីប្រវត្តិសាស្រ្តសង្គ្រាមរវាងបារាំងនិងអាល្លឺម៉ង់ដែលបានកើតឡើងជាច្រើនសតវត្សផងដែរ។ បន្ទាប់មក នៅថ្ងៃទី២៥ មីនា ១៩៥៧ រដ្ឋទាំង៦បានចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងរ៉ូម (Treaty of Rome) ចំនួន ២ ដែលបង្កើតបាននូវសហគមន៍បរមាណូអ៊ឺរ៉ុប(European Atomic Energy Community) ក្នុងគោលបំណងសម្របសម្រួលកម្មវិធីស្រាវជ្រាវរបស់រដ្ឋជាសមាជិក ដើម្បីធានាថាការប្រើប្រាស់ថាមពលនុយក្លេអែរមានសុវត្ថិភាពស្របតាមលក្ខខណ្ឌកម្រិតរក្សាសន្តិភាព។ ហើយក្នុងការចុះហត្ថលេខានេះក៏បានបង្កើតសហគមន៍សេដ្ឋកិច្ចអឺរ៉ុប(EEC)។ EEC បានបង្កើត ទីផ្សាររួមមួយ គោលនយោបាយកសិកម្មរួម (common agricultural policy) គោលនយោបាយពាណិជ្ជកម្មខាងក្រៅរួម ការលុបបំបាត់នូវរបាំងពន្ធ ការលុបបំបាត់នូវឧបសគ្គចំពោះចលនាទំនិញ សេវាកម្ម ដើមទុន និងកម្លាំងពលកម្ម ព្រមទាំងមានការហាមឃាត់គោលនយោបាយសាធារណៈ ឬកិច្ចព្រមព្រៀងឯកជនភាគច្រើនដែលរារាំងការប្រកួតប្រជែងក្នុងទីផ្សារ ។ ក្រោយមកទៀតនៅឆ្នាំ ១៩៦៥ សមាជិកនៃ EEC បានចុះហត្ថលេខាលើសន្ធិសញ្ញា Brussels ដែលបានបញ្ចូលគណៈកម្មការនៃ EEC និង EURATOM និងអាជ្ញាធរជាន់ខ្ពស់នៃ ECSC ទៅជាគណៈកម្មការតែមួយ ព្រមទាំងបានរួមបញ្ចូលគ្នានូវក្រុមប្រឹក្សានៃអង្គការទាំងបីទៅជាទីស្តីការគណៈរដ្ឋមន្ត្រីរួម។ ជាលទ្ធផល នៅពេលដែល​​ ECSC, EEC និង EURATOM ត្រូវបានរួមបញ្ចូលគ្នាត្រូវបានហៅជារួមថា សហគមន៍អឺរ៉ុប(European Community)ហើយវាមានមុខងារចម្បងចំនួនបី៖ បង្កើតគោលនយោបាយសហគមន៍ ត្រួតពិនិត្យការអនុលោមតាមការសម្រេចចិត្តរបស់សហគមន៍ និងត្រួតពិនិត្យការអនុវត្តច្បាប់សហគមន៍។ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ១៩៩២ ការធ្វើសមាហរណកម្មអឺរ៉ុបបានបោះជំហានមួយបន្ថែមទៀត នៅពេលដែលសន្ធិសញ្ញាសហភាពអឺរ៉ុបត្រូវបានចុះហត្ថលេខាលើសន្ធិសញ្ញា Maastricht ។ សន្ធិសញ្ញានេះបានចូលជាធរមាននៅថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ហើយបានផ្លាស់ប្តូរ EC ទៅជាសហភាពអឺរ៉ុបថ្មីគឺ EU (European Union)។ ការផ្លាស់ប្តូរនេះមានគោលបំណងជាច្រើនគឺ ដូចជាការផ្តល់អំណាចបន្ថែមទៀតទៅកាន់សភាអឺរ៉ុបគោលនយោបាយសន្តិសុខ គោលនយោបាយការបរទេសជាទូទៅ និងការចូលរួមក្នុងកិច្ចការផ្ទៃក្នុងនៃបណ្តាប្រទេសជាសមាជិក។ បច្ចុប្បន្ន សហភាពអ៊ឺរ៉ុបមានសមាជិកចំនួន ២៧ ដូចជា ប្រទេសអូទ្រីស បែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាត ស៊ីប សាធារណរដ្ឋឆេក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អៀរឡង់ អ៊ីតាលី ឡាតវី លីទុយអានី លុចសំបួរ ម៉ាល់តា ហូឡង់ ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ស្លូវ៉ាគី ស្លូវេនី អេស្ប៉ាញ និងស៊ុយអែត។ ប៉ុន្តែ ចក្រភពអង់គ្លេស បានចាកចេញពីសហភាពអ៊ឺរ៉ុបបាត់ទៅហើយកាលពីឆ្នាំ២០២០ កន្លងទៅនេះ។

សរុបជារួមមក សហភាពអ៊ឺរ៉ុបគឺជាសមិទ្ធផលដែលចេញពីកិច្ចខិតខំប្រឹងប្រែងនៃការធ្វើសមាហរណកម្មរវាងប្រទេសអ៊ឺរ៉ុបចាប់តាំងពីចប់សង្រ្គាមលោកលើកទី២។ នៅពេលសង្រ្គាមលោកទី២បានបញ្ចប់ អ៊ឺរ៉ុបខាងលិចបានស្វែងរកទំនាក់ទំនងរវាងប្រទេសនៅអ៊ឺរ៉ុបដោយចាប់ផ្តើមពី ការផ្សះផ្សា ប្រទេសបារាំង និងអាល្លឺម៉ង់ដែលមានសង្រ្គាមសេដ្ឋកិច្ចជាច្រើនសតវត្សមកហើយ។ ការបង្កើតឡើងសហភាពអឺរ៉ុប(EU) ត្រូវបានឆ្លងកាត់អស់រយ:ពេលជាច្រើនដំណាក់កាល ហើយការបង្កើតនេះអាចធ្វើឡើងទៅបានតាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការធ្វើសមាហរណកម្ម ស៊ីជម្រៅលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ កញ្ញា ណុល ដារ៉ាវិស័យ និង​ កញ្ញា ឌី រុចារ្យសុជិនី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង