"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ៖ ជោគជ័យនិងបរាជ័យដំណាលគ្នារបស់កិច្ចប្រជុំ COP27

គំនូរច្នៃប្រឌិតដោយ៖ លោក រិទ្ធ វីរៈ
គ្រោះមហន្តរាយធម្មជាតិបណ្ដាលមកពីកត្តាបម្រែបម្រួលអាកាសធាតុ

ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ផលប៉ះពាល់បណ្ដាលមកពីបម្រែបម្រួលអាកាសធាតុកាន់តែធំធេងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។​ ជាក់ស្ដែង យោងតាមរបាយការណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) បានបង្ហាញថា ក្នុងឆ្នាំ២០១៨ ប្រទេសឥណ្ឌាបានខាតបង់ប្រាក់ប្រមាណ ១៣,៨ ប៊ីលានដុល្លារអាមេរិកដោយសាររលកកំដៅ គ្រោះរាំងស្ងួត ទឹកជំនន់ និងខ្យល់ព្យុះ។ នៅឆ្នាំ២០១៩ ទឹកជំនន់ និងការបាក់ដីនៅប្រទេសចិនបានប៉ះពាល់ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចិនជាង ៦ លាននាក់ ក្នុងនោះ​ស្លាប់ ៩១ នាក់ និងខាតបង់អស់ប្រហែលជា ៣ ប៊ីលានដុល្លារអាមេរិក។ កាលពីឆ្នាំ២០១០ រុស្ស៊ីបានទទួលរងនូវរលកកំដៅកម្រិតធ្ងន់ធ្ងរ បណ្ដាលឱ្យភ្លើងឆេះព្រៃ និងមនុស្ស ៥៥.៧៣៦ នាក់បានស្លាប់​។ ថ្មីៗនេះ គ្រោះរញ្ជួយដីកម្រិត ៥,៦ រ៉ិចទ័រនៅប្រទេសឥណ្ឌូនេស៊ី បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៧២ នាក់បាត់បង់ជីវិត និងខូចខាតហេដ្ឋារចនាសម្ព័ន្ធដែលស្មើនឹងតម្លៃប្រមាណ ១២,២ ប៊ីលានដុល្លារអាមេរិក។

រីឯរបាយការណ៍របស់អង្គការអភិរក្សសត្វព្រៃពិភពលោក​ (WWF) ក៏បានបង្ហាញថា ដោយសារតែគ្រោះរាំងស្ងួត ខ្យល់ព្យុះ រលកកំដៅ ការកើនឡើងកម្រិតទឹកសមុទ្រ ការរលាយផ្ទាំងទឹកកក បានបង្កគ្រោះថ្នាក់ដល់អាយុជីវិតសត្វជាច្រើន ដោយបានបំផ្លាញកន្លែងដែលពួកវារស់នៅ និងមានផលជះអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់សហគមន៍មនុស្សជាច្រើនផងដែរ។ ដោយឡែក ផ្អែកតាមរបាយការណ៍របស់ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុពហុជាតិរបស់អង់គ្លេស-អាមេរិក (AON) បានឱ្យដឹងថា នៅឆ្នាំ២០២១ គ្រោះមហន្តរាយធម្មជាតិមានចំនួន ៤០១ ករណី ធ្វើឱ្យពិភពលោកខាតបង់ជាសាច់ប្រាក់ចំនួន ៣៤៣ ប៊ីលានដុល្លារអាមេរិក។ បើក្រឡេកទៅមើល របាយការណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) វិញ បានរកឃើញថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ការខូចខាតដោយសារគ្រោះមហន្តរាយធម្មជាតិបានកើនឡើងដល់ ១,៣ ទ្រីលានដុល្លារអាមេរិក ស្មើនឹង ០,២% នៃ ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកកើនឡើងជាមធ្យមក្នុងមួយឆ្នាំ។

ការសិក្សាចងក្រង ការស្រាវជ្រាវ និងការរកឃើញនូវរាល់ទិន្នន័យខាងលើនេះ វាល្មមគ្រប់គ្រាន់ក្នុងការបញ្ជាក់ប្រាប់ពិភពលោក ជាពិសេសមេដឹកនាំបណ្ដាប្រទេសនានាថា បញ្ហាបម្រែបម្រួលអាកាសធាតុគឺមិនមែនជារឿងលេងសើច មិនមែនជារឿងប្រឌិតបោកប្រាស់ ហើយក៏មិនមែនជារឿងដែលអ្នកវិទ្យាសាស្ត្រអង្គុយតែងនិពន្ធឡើងនោះដែរ។

ទិដ្ឋភាពទូទៅនៃសន្និបាតភាគីលើកទី២៧

ព្រឹត្តិការណ៍គ្រោះធម្មជាតិដ៏កាចសាហាវដូចបានរៀបរាប់ខាងលើ បានជំរុញឱ្យអង្គការសហប្រជាជាតិបង្កើតវេទិកាជជែករកដំណោះស្រាយរវាងភាគីពាក់ព័ន្ធទាំងអស់រៀងរាល់មួយឆ្នាំម្ដង ដែលគេស្គាល់ថាជាសន្និបាតភាគី (Conference of the Parties) ចាប់តាំងពីឆ្នាំ១៩៩៥ មក។ ហើយសន្និបាតភាគីលើកទី២៧ ឬ COP27 គឺជាសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុប្រចាំឆ្នាំ២០២២ ដែលត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសអេហ្ស៊ីប ដោយមានការចូលរួមពីភាគីប្រមាណជាជិត ២០០ ប្រទេស រួមទាំងអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត។ គោលបំណងសំខាន់នៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះ គឺដើម្បីបើកកិច្ចពិភាក្សារកដំណោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុដែលពិភពលោកកំពុងប្រឈម​ រួមមានការកើនឡើងកំដៅនៃភពផែនដី គ្រោះមហន្តរាយដែលបណ្ដាលមកពីកត្តាធម្មជាតិដូចជា ខ្យល់ព្យុះ ទឹកជំនន់ រញ្ជួយដី និងគ្រោះរាំងស្ងួតជាដើម។

កិច្ចពិភាក្សាក្នុងសន្និបាតភាគីលើកទី២៧ នេះ បានផ្ដោតសំខាន់ទៅលើបញ្ហាការផ្ដួចផ្ដើមបង្កើតមូលនិធិ ឬកញ្ចប់ថវិកា សម្រាប់យកទៅចំណាយទៅលើការអនុវត្តផែនការជួយសង្គ្រោះប្រទេសក្រីក្រដែលបានរងផលប៉ះពាល់ និងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះធម្មជាតិ ជាជាងការផ្ដោតទៅលើការបង្កើតយន្តការកាត់បន្ថយឧស្ម័នកាបូនិក ដែលជាឫសគល់ចម្បងនៃបញ្ហា។ ជាក់ស្ដែង កិច្ចប្រជុំកំពូលរយៈពេលពីរសប្ដាហ៍នេះ បានគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៩ ខែវិច្ឆិកា ប៉ុន្តែត្រូវបានពន្យាដល់ថ្ងៃទី២០ ខែវិច្ឆិកា បន្ទាប់ពីការចរចាត្រូវបានជាប់គាំងជុំវិញបញ្ហាការបង្កើតមូលនិធិជួយដល់បណ្ដាប្រទេសក្រីក្រពីគ្រោះធម្មជាតិ។

ដំណើរប្រព្រឹត្តទៅនៃកិច្ចប្រជុំ

មុនថ្ងៃចាប់ផ្ដើមកិច្ចប្រជុំ បណ្ដាថ្នាក់ដឹកនាំ គណប្រតិភូ អ្នកតំណាង និងអង្គការនានាបានធ្វើដំណើរតាមជើងហោះហើររៀងៗខ្លួនឆ្ពោះទៅកាន់ទីក្រុង ហ្សាមអិលហ្សេក (Sharm el-Sheikh) ប្រទេសអេហ្ស៊ីប ជាបន្តបន្ទាប់។ កិច្ចប្រជុំបានចាប់ផ្ដើមដំណើរការទៅតាមរបៀបវារៈដែលបានរៀបចំមុនហើយស្រាប់ ជាច្រើននិងស្មុកស្មាញ គឺចាប់តាំងពីថ្ងៃទី៦ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា តែម្ដង។ ប៉ុន្តែគេអាចរៀបរាប់ជារួមបានថា កិច្ចប្រជុំសំខាន់ៗទាំងអស់រួមមាន សន្និសីទរបស់ភាគី (COP) សន្និសីទស្ដីពីពិធីសារក្យូតូ (CMP) សន្និសិទស្ដីពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស (CMA) កិច្ចប្រជុំស្ថាប័នវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (SBSTA) កិច្ចប្រជុំស្ថាប័នអនុវត្ត (SBI) និងកិច្ចប្រជុំតូចៗជាច្រើនទៀត។

អំឡុងពេលនៃកិច្ចពិភាក្សា យើងសង្កេតឃើញថាមានការចូលរួមពីសំណាក់បីភាគីសំខាន់ៗ ទីមួយគឺក្រុមប្រទេសកំពុងអភិវឌ្ឍន៍ (G77) ចំនួន ១៣៤ ប្រទេស ដឹកនាំដោយប្រទេសប៉ាគីស្ថាន ដែលជាប្រធានប្ដូរវេនប្រចាំឆ្នាំ២០២២។ ទីពីរគឺក្រុមប្រទេសលោកខាងជើង ដែលសំដៅទៅលើប្រទេសអ្នកមាន រួមមានដូចជាសហរដ្ឋអាមេរិក កាណាដា អង់គ្លេស និងបណ្ដាសមាជិកសហភាពអ៊ឺរ៉ុបជាដើម។ ចំណែកឯទីបីគឺក្រុមអង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល ជាពិសេស ចលនាមហាជនដែលស្រឡាញ់បរិស្ថាន និងខ្វាយខ្វល់អំពីបញ្ហាបម្រែបម្រួលអាកាសធាតុ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មដោយអហិង្សានៅក្បែរ​តំបន់ដែលកិច្ចប្រជុំកំពូលបានប្រព្រឹត្តទៅផងដែរ។

ជោគជ័យនិងបរាជ័យ ដើរទន្ទឹមគ្នា

កន្លងផុតទៅមួយសប្ដាហ៍នៃថ្ងៃចាប់ផ្ដើមកិច្ចប្រជុំ ការសន្ទនាហាក់កាន់តែមានភាពតានតឹងខ្លាំងឡើងបន្តិចម្ដងៗ នៅពេលពួកគេនិយាយដល់ការបង្កើតកញ្ចប់មូលនិធិជួយសង្គ្រោះប្រទេសកំពុងអភិវឌ្ឍន៍ដែលរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ។ ទោះជាយ៉ាងណា ចុងបញ្ចប់នៃកិច្ចប្រជុំ សេចក្ដីថ្លែងការណ៍ចុងក្រោយមួយបានចេញផ្សាយ ដោយបានបញ្ជាក់យ៉ាងច្បាស់ៗថា មូលនិធិសម្រាប់ការខូចខាត និងបាត់បង់ដោយសារឥទ្ធិពលបម្រែបម្រួលអាកាសធាតុ ត្រូវបានបង្កើតឡើងជាស្ថាពរ។ ប៉ុន្តែ មូលនិធិនេះហាក់ដូចជាគ្រាន់តែជាក្រដាសព្រាងមួយច្បាប់ប៉ុណ្ណោះ ព្រោះខ្លឹមសារនៃសេចក្ដីថ្លែងការណ៍មិនបានកំណត់ជាក់លាក់ថាតើប្រទេស ឬតួអង្គមិនមែនរដ្ឋណាខ្លះដែលត្រូវបរិច្ចាគថវិកាចូលទៅក្នុងមូលនិធិមួយនេះ ហើយថាតើភាគីណាមួយដែលត្រូវទទួលបន្ទុកកិច្ចការចាត់ចែងថវិការបស់មូលនិធិនេះ ក៏មិនបានបញ្ជាក់ឱ្យបានដឹងដែរ ដោយទុកបញ្ហានេះយកទៅជជែកគ្នានៅសន្និបាតភាគីលើកទី២៨ ឆ្នាំក្រោយទៅវិញ។

មូលនិធិសម្រាប់ការខូចខាត​ និងបាត់បង់នេះទទួលបានការអបអរសាទរពីសំណាក់ប្រទេសក្រីក្រជាខ្លាំង ដោយពួកគេរំពឹងថានឹងទទួលបានថវិកាពីមូលនិធិនេះ យកទៅដោះស្រាយបញ្ហា​គ្រោះមហន្តរាយធម្មជាតិក្នុងប្រទេសរៀងៗខ្លួន។ ដោយឡែក សហគមន៍អ៊ឺរ៉ុប និងសហរដ្ឋអាមេរិកបានសម្ដែងការមិនពេញចិត្តចំពោះមូលនិធិនេះ ព្រោះប្រទេសចិន និងប្រទេសឥណ្ឌា ក៏មានឈ្មោះនៅក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានន័យថាចិន និងឥណ្ឌាក៏អាចទទួលបានប្រយោជន៍ពីមូលនិធិនេះផងដែរ។ ផ្ទុយទៅវិញ ក្រុមប្រទេសលោកខាងលិចចង់ឱ្យប្រទេសចិន និងឥណ្ឌា ដែលបំភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាសច្រើនដែរនោះ ទទួលខុសត្រូវតាមរយៈការចូលរួមបរិច្ចាគទៅក្នុងកញ្ចប់ថវិកានៃមូលនិធិមួយនេះដូចគ្នា។

មូលនិធិអាកាសធាតុបៃតង (Green Climate Fund)

គួររម្លឹកថា មូលនិធិ​សម្រាប់ចំណាយលើដំណោះស្រាយការប្រែប្រួលអាកាសធាតុ ធ្លាប់ត្រូវបានបង្កើតឡើងរួចម្ដងមកហើយកាលពីឆ្នាំ២០១០ ដែលត្រូវបានគេហៅថាជា មូលនិធិអាកាសធាតុបៃតង ប៉ុន្តែកាលនោះមិនទាន់បានចេញជាសកម្មភាពអ្វីជាដុំកំភួននៅឡើយទេ រហូតដល់ឆ្នាំ២០១៥ ទើបគម្រោងអាកាសធាតុផ្សេងៗត្រូវបានលេចរូបរាងឡើង។ ចាប់តាំងពីឆ្នាំ២០១៥ មូលនិធិអាកាសធាតុបៃតង ទទួលបានការបរិច្ចាគចំនួនត្រឹមតែ ៥ ប៊ីលានដុល្លារអាមេរិកប៉ុណ្ណោះ ទៅកាន់គម្រោងអាកាសធាតុផ្សេងៗគ្នាចំនួន ១០២ គម្រោងរួមមានគម្រោងថាមពលស្អាត គម្រោងការពារឆ្នេរសមុទ្រ ការគ្រប់គ្រងទឹកជំនន់ និងគាំទ្រជីវភាពរស់នៅដែលធន់នឹងអាកាសធាតុរបស់សហគមន៍ដែលងាយរងគ្រោះ។ ក្រោមក្របខណ្ឌកិច្ចព្រមព្រៀង​នៃមូលនិធិនេះ បណ្ដា​ប្រទេស​អភិវឌ្ឍន៍បានប្ដេជ្ញាថានឹងបរិច្ចាគទឹកប្រាក់ដើម្បីចំណាយលើដំណោះស្រាយបម្រែបម្រួលអាកាសធាតុប្រមាណជា ១០០ ប៊ី​លាន​ដុល្លារ​ក្នុង​មួយឆ្នាំរហូតដល់​​ឆ្នាំ២០២០ ប៉ុន្តែជាក់ស្ដែង ការប្ដេជ្ញាឆ្ពោះទៅរកគោលដៅនេះត្រូវបានបរាជ័យ ដោយបណ្ដាប្រទេសទាំងអស់នោះហាក់មិនមានឆន្ទៈក្នុងការចូលរួមដោះស្រាយបញ្ហាអាកាសធាតុឡើយ។

សរុបជារួម ជោគជ័យរបស់សន្និបាតភាគីលើកទី២៧ដែលមិនអាចប្រកែកបាននោះគឺការបង្កើតមូលនិធិសម្រាប់ការខូចខាត និងបាត់បង់ដោយសារ​គ្រោះមហន្តរាយធម្មជាតិ ដែលជា​លទ្ធផល​នៃ​ការប្រែប្រួលអាកាសធាតុ។ មូលនិធិនេះត្រូវបានទាមទារដោយក្រុមប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនឆ្នាំមកហើយ ដូច្នេះវាគឺជាជោគជ័យរបស់ពួកគេក្នុងការទារសំណងពីប្រទេសអ្នកមានដែលបានបញ្ចេញឧស្ម័នកាបូនិកយ៉ាងច្រើនទៅក្នុងបរិយាកាសក្នុងប្រវត្តិសាស្ត្រ ហើយដែលប្រទេសក្រីក្រជាអ្នករងគ្រោះនាពេលបច្ចុប្បន្ន។ យ៉ាងណាក៏ដោយ​ បណ្ដាប្រទេសលោកសេរី ជាពិសេសសហរដ្ឋអាមេរិក ហាក់មានភាពស្ងប់ស្ងាត់ មិនបានបង្ហាញជំហរច្បាស់លាស់ ឬតួលេខនៃទឹកប្រាក់ដែលខ្លួននឹងបរិច្ចាគទៅក្នុងមូលនិធិនេះនោះទេ ដូច្នេះ​ហើយ មូលនិធិនេះអាចនឹងមានវាសនាដូចទៅនឹងមូលនិធិអាកាសធាតុបៃតង គឺទទួលបានត្រឹមតែការសន្យាខ្យល់ពីបណ្ដាប្រទេសអ្នកមាន ប៉ុន្តែប្រសិទ្ធភាពជាក់ស្ដែងនៅមានកម្រិតខ្លាំង។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ធា​ សុណា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ