"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា៖​​​ បញ្ហានៅតំបន់កាស្មៀរ (Kashmir)

គំនូរច្នៃប្រឌិតដោយ៖ លោក ហាន គីមហាំង

កាស្មៀរគឺជាតំបន់ភូមិសាស្ត្រនយោបាយដ៏សំខាន់មួយ។ តំបន់នេះមានព្រំប្រទល់ភាគ​ខាង​លិចជាប់ប៉ាគីស្ថាន​​ ហើយ​ចិន​នៅភាគ​ខាង​កើត និងភាគខាងត្បូងជាប់នឹងប្រទេសឥណ្ឌា។​ តំបន់នេះមានភាពល្បីល្បាញដោយសារសម្រស់ធម្មជាតិ និងធនធានធម្មជាតិដ៏សម្បូរបែប។ បច្ចុប្បន្ននេះ ផ្នែកខាងជើង និងខាងលិចនៃតំបន់កាស្មៀរត្រូវបានកាន់កាប់ដោយប៉ាគីស្ថាន ខណៈដែលផ្នែកខាងត្បូងនិងខាងកើតត្រូវបានគ្រប់គ្រងដោយសាធារណៈរដ្ឋឥណ្ឌា។ អស់រយៈពេលជាងប្រាំមួយទសវត្សរ៍មកហើយដែលតំបន់នេះត្រូវបានបំផ្លិចបំផ្លាញដោយការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរ។ អំឡុងពេលអាណានិគម ​ចក្រភព​អង់គ្លេស​បាន​បង្កើត​ឡើងនូវ​រដ្ឋ​សំខាន់ជាច្រើន​ដែល​រីក​រាលដាល​ពាសពេញ​ឧបទ្វីប​ឥណ្ឌា។​ បន្ទាប់ពីសង្គ្រាមលោកលើកទី២បានបញ្ចប់ ចក្រភពអង់គ្លេសសម្រេចចិត្តបញ្ចប់ការគ្រប់គ្រងជោគវាសនានៃរដ្ឋសំខាន់ៗទាំងនោះរួមទាំងឥណ្ឌាផងដែរ។

នៅក្នុងឆ្នាំ ១៩៤៧ ដដែលនោះ ប៉ាគីស្ថានបានស្នើសុំឱ្យចក្រភពអង់គ្លេសផ្តល់សេចក្តីសម្រេចចិត្តទៅដល់រដ្ឋតូចៗទាំងនោះ ថាតើគួរតែចូលរួមជាមួយប៉ាគីស្ថាន ឬ ឥណ្ឌា។ ទីបំផុតនៅខែមិថុនា ឆ្នាំ១៩៤៧ អង់គ្លេសបានទទួលយកផែនការប៉ាគីស្ថាន។ ប៉ុន្តែ សម្ដេច ហារី ស៊ីង (Hari Singh) ដែលត្រូវជាស្តេចកំពុងកាន់អំណាចនៃរដ្ឋកាស្មៀរ បានស្ទាក់ស្ទើរក្នុងការចូលរួមជាមួយប៉ាគីស្ថាន ឬជាមួយឥណ្ឌា។ ទោះជាយ៉ាងណាក៏ដោយ ជំរឿនឆ្នាំ ១៩៤២ បានបង្ហាញថាស្ទើរតែ ៧៧% នៃចំនួនប្រជាជននៅតំបន់កាស្មៀរ គឺជាជនជាតិមូស្លីម។  ការស្ទាក់ស្ទើរបស់ស្ដេច ហារី ស៊ីង គឺដោយសារតែខ្លួនចង់រក្សាឯករាជ្យភាពរបស់ខ្លួនផ្ទាល់។

នៅខែតុលា ឆ្នាំ ១៩៤៧ ប៉ាគីស្ថានបានលុកលុយតំបន់កាស្មៀរ ហើយដណ្តើមយកផ្នែកខាងជើង និងខាងលិចដោយយោងថាតំបន់នេះក៏មានប្រជាជនភាគច្រើនកាន់សាសនាដូចខ្លួនដែរ ដូច្នេះស្ដេច ហារី ស៊ីង មិនចាំបាច់ជ្រើសរើសនោះទេ។ ក្រោយមក ទ្រង់ក៏បានដាក់សំណើសុំអន្តរាគមន៍ពីប្រទេសឥណ្ឌា ហើយអាជ្ញាធរនៅទីក្រុងញូវដេលី (New Delhi) បានប្រតិកម្មយ៉ាងខ្លាំង និងបានបញ្ជូនកងទ័ពទៅកាន់តំបន់កាស្មៀរភ្លាមៗ។ សង្រ្គាមបានបន្តរហូតដល់ឆ្នាំ១៩៤៨ ហើយបានបញ្ចប់តាមរយៈការធ្វើអន្តរាគមន៍របស់អង្គការសហប្រជាជាតិ ក្នុងបទឈប់បាញ់ដែលបានចូលជាធរមានក្នុងខែមករា ឆ្នាំ ១៩៤៩។ នៅខែកក្កដា ឆ្នាំដដែល ឥណ្ឌានិងប៉ាគីស្ថានបានកំណត់ខ្សែបន្ទាត់់ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់មួយដែលជាបន្ទាត់បែងចែកការគ្រប់គ្រងទឹកដីជាបណ្តោះអាសន្ន។ ​បើទោះបីជាប្រទេសប៉ាគីស្ថានត្រូវទទួលបាននូវទឹកដីដែលជាជនជាតិមូស្លីមរស់នៅជាមូលដ្ឋានក៏ដោយ ប៉ុន្តែចំនួនប្រជាជនមានតិចតូចប៉ុណ្ណោះ និងមិនសូវមានសក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍនោះទេ។

សំណើជាច្រើនត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ដើម្បីបញ្ចប់ជម្លោះលើតំបន់កាស្មៀរ ប៉ុន្តែភាពតានតឹងបានកើតឡើងរវាងប្រទេសទាំងពីរបន្ទាប់ពីការលុកលុយរបស់ចិនចូលទៅក្នុងតំបន់ ឡាដាក (Ladakh) ក្នុងឆ្នាំ ១៩៦២ ហើយសង្គ្រាមបានផ្ទុះឡើងរវាងឥណ្ឌា និងប៉ាគីស្ថានម្តងទៀតក្នុងឆ្នាំ១៩៦៥។ បន្ទាប់មក បទឈប់បាញ់ត្រូវបានបង្កើតឡើងនៅក្នុងខែកញ្ញា ដោយកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយភាគីទាំងពីរនៅទីក្រុង ថាសហ្កេន (Tashkent) ប្រទេសអ៊ូសបេគីស្ថាន(Uzbekistan) នៅដើមខែមករា ឆ្នាំ ១៩៦៦ ដែលក្នុងនោះពួកគេបានព្យាយាមដោះស្រាយដើម្បីបញ្ចប់ជម្លោះដោយសន្តិវិធី។ ការប្រយុទ្ធគ្នាម្តងទៀតបានផ្ទុះឡើងរវាងភាគីទាំពីរក្នុងឆ្នាំ ១៩៧១ ដែលជាផ្នែកមួយនៃសង្រ្គាមឥណ្ឌា-ប៉ាគីស្ថាន ដែលបណ្តាលឱ្យមានការបង្កើតប្រទេសបង់ក្លាដែសឡើង។ កិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខានៅទីក្រុង ហ្ស៊ីមឡា (Shimla) ប្រទេសឥណ្ឌាក្នុងឆ្នាំ ១៩៧២ ដោយបានបង្ហាញពីក្តីសង្ឃឹមថាចាប់ពីពេលនេះតទៅ ប្រទេសក្នុងតំបន់នឹងអាចរស់នៅដោយសន្តិភាពជាមួយគ្នា។ ​

ក្រុមចលនា​មួយ​ចំនួន​បាន​ស្វែងរក​ការ​រួម​បញ្ចូល​គ្នា​នៃ​តំបន់ កាស្មៀរ ជាមួយ​ប៉ាគីស្ថាន ឬ ឥណ្ឌា ឬ ​ធ្វើឲ្យតំបន់នេះទទួលបានឯករាជ្យភាព។ យ៉ាងណាមិញ ដើម្បីទប់ទល់នឹងក្រុមចលនាទាំងនេះ កងកម្លាំងប៉ាគីស្ថានត្រូវបានដាក់ពង្រាយតាមខ្សែកំណត់ក្នុងតំបន់បទឈប់បាញ់។ ម្យ៉ាងវិញទៀតរដ្ឋាភិបាលឥណ្ឌាបានរក្សាវត្តមានយោធាដ៏រឹងមាំនៅទីនោះជាពិសេសចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៨០ រហូតមកដល់ឆ្នាំ ២០១៩។

កាស្មៀរបានជួបប្រទះវិបត្តិធំបំផុតរបស់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ ២០១៩។ នៅថ្ងៃទី១៤ ខែកុម្ភៈ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតដែលពាក់ព័ន្ធនឹងក្រុមបំបែកខ្លួនសកម្មប្រយុទ្ធបានសម្លាប់សមាជិក ៤០ នាក់នៃកងកម្លាំងប៉ូលិសបម្រុងកណ្តាលរបស់ប្រទេសឥណ្ឌា ដែលជាការវាយប្រហារដ៏សាហាវបំផុតលើកងកម្លាំងសន្តិសុខឥណ្ឌាក្នុងរយៈពេលបីទសវត្សរ៍មកនេះ។ ប្រទេសឥណ្ឌាបានប្រឈមមុខនឹងសម្ពាធពីប្រជាជនរបស់ខ្លួនឱ្យចាត់វិធានការដោយបង្ខំ។ ប៉ុន្មានថ្ងៃក្រោយមក ប្រទេសឥណ្ឌាបានបញ្ជូនយន្តហោះចម្បាំងឆ្លងកាត់ខ្សែបន្ទាប់ព្រំំដែនតំបន់ កាស្មៀរ ជាលើកដំបូងក្នុងរយៈពេលប្រាំទសវត្សរ៍មកហើយ។ ក្រោយមក ឥណ្ឌាបានអះអាងថាខ្លួនបានធ្វើការវាយប្រហារតាមអាកាសទៅលើជំរំហ្វឹកហាត់ដ៏ធំបំផុតរបស់ក្រុមសកម្មប្រយុទ្ធ។ ប៉ុន្តែ ប៉ាគីស្ថាន​បាន​បដិសេធ​ការ​អះអាង​នេះ ដោយ​លើកឡើង​ថា យន្តហោះ​បាន​វាយប្រហារ​ទៅលើដែនដីរបស់ខ្លួន។ នៅថ្ងៃបន្ទាប់ ប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះឥណ្ឌាពីរគ្រឿងក្នុងដែនអាកាសរបស់ខ្លួន ហើយបានចាប់អ្នកបើកយន្តហោះម្នាក់។

ទោះ​បី​ជា​មាន​ការ​កើន​ឡើងនូវភាពតានតឹង​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​ជា​ច្រើន​ជឿ​ថា ទាំង​ឥណ្ឌា និង​ប៉ាគីស្ថាន មាន​បំណង​ជៀស​វាង​ការ​ផ្ទុះអាវុធ។ ក្រោយមក ប៉ាគីស្ថានបានបញ្ជាឱ្យមានការបង្រ្កាបក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសរបស់ខ្លួន តាមរយៈការចាប់ខ្លួន បិទសាលាសាសនាមួយចំនួនធំ និងសន្យាថានឹងធ្វើបច្ចុប្បន្នភាពច្បាប់ដែលមានស្រាប់របស់ខ្លួន។

បច្ចុប្បន្ននេះ ឥណ្ឌានិងប៉ាគីស្ថានទាមទារតំបន់កាស្មៀរទាំងស្រុង ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេនៅបន្តគ្រប់គ្រងតំបន់នេះដោយផ្នែកៗនៅឡើយ។ រដ្ឋាភិបាលក្រុងញូវដេលីបានចោទប្រកាន់ប៉ាគីស្ថានថាបានគាំទ្រក្រុមបំបែកខ្លួនកាស្មៀរ ប៉ុនែ្តត្រូវបានបដិសេធដោយរដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ។ នៅខែកុម្ភៈឆ្នាំ២០២២ ទីក្រុងញូវដេលីបានជំរុញការការពារសន្តិសុខក្នុងតំបន់កាស្មៀរបន្ថែមទៀត បន្ទាប់ពីទីក្រុងអ៊ីស្លាម៉ាបាដបានអនុវត្តឡើងវិញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ឆ្នាំ ២០០៣ ដែលបានចែងអំពីខ្សែបន្ទាត់សម្គាល់តំបន់គ្រប់គ្រង (Line of Control) ដែលជាព្រំដែនបែងចែកតំបន់កាស្មៀររវាងប្រទេសទាំងពីរ។

ចាប់តាំងពីពេលនោះមកមន្ត្រី និងកងទ័ពឥណ្ឌាបានរាយការណ៍ថា មិនមានការរំលោភលើបទឈប់បាញ់នៅតាមបណ្តោយនៃខ្សែរបន្ទាត់សម្គាល់តំបន់គ្រប់គ្រងនេះទេ ប៉ុនែ្តនៅមានក្រុមសកម្មប្រយុទ្ធមួយចំនួនតូចបានជ្រៀតចូលឆ្លងកាត់ព្រំដែន។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ កងកម្លាំងសន្តិសុខឥណ្ឌាបានដេញតាមក្រុមសកម្មប្រយុទ្ធ ដោយបានសម្លាប់ពួកគេអស់ជិត ៥០០ នាក់ហើយ។

ចាប់តាំងពីដើមឆ្នាំ ២០២២ រហូត​មក​ដល់​ពេល​នេះ ក្រុម​សកម្មប្រយុទ្ធ​យ៉ាង​ហោច​ណាស់ ១២៥​ នាក់​ត្រូវ​បាន​សម្លាប់​នៅ​តំបន់​កាស្មៀរ។ លោក សាទីស ឌូអា (Satish Dua) ឧត្តមសេនីយកងទ័ពឥណ្ឌាដែលបានចូលនិវត្តន៍ និងដែលធ្លាប់បានបម្រើការនៅកាស្មៀរបានលើកឡើងថា “ស្ថានភាពសន្តិសុខនៅក្នុងតំបន់កាស្មៀរ និងនៅតាមខ្សែរបន្ទាត់សម្គាល់តំបន់គ្រប់គ្រង មានភាពប្រសើរឡើងគួរឪ្យកត់សម្គាល់ដោយសារតែភាពតានតឹងបានរលត់បន្តិចម្តងៗ”។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ម៉ន ពិសិដ្ឋ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ