"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ ៖ ផលប្រយោជន៍និងផលវិបាកនៃសង្គ្រាមបន្ទះឈីបចំពោះអាស៊ាននិងឥណ្ឌា

គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង ហ៊ត

ដូចដែលយើងដឹងរួចហើយថា សព្វថ្ងៃនេះ អំណាចយោធា សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃបន្ទះឈីបហើយស្ទើរតែគ្រប់អ្វីៗទាំងអស់រាប់ចាប់ពីឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដូចជាម៉ាស៊ីនកម្ដៅនិងដុត ស្មាតហ្វូន ឡាន រហូតដល់ទីផ្សារភាគហ៊ុនសុទ្ធតែដំណើរការដោយបច្ចេកវិទ្យាដែលមានឧបករណ៍អេឡិចត្រូនិកជាអ្នកគ្រប់គ្រង។ សារៈសំខាន់នៃបន្ទះឈីបត្រូវបានជំរុញឱ្យមានការចាប់អារម្មណ៍ក្នុងអំឡុងពេលកង្វះខាតជាបន្តបន្ទាប់នៃសមាសធាតុទាំងនេះ ដែលត្រូវបានបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ចំពេលមានការកើនឡើងនៃតម្រូវការសម្រាប់គ្រឿងអេឡិចត្រូនិក និងការរំខានដល់សង្វាក់ផ្គត់ផ្គង់។ ហេតុនេះហើយ ការប្រកួតប្រជែងគ្នារវាងមហាអំណាចប្រទេសចិននិងសហរដ្ឋអាមេរិចកាន់តែមានសភាពខ្លាំងឡើងទៅលើបច្ចេកវិទ្យាមីក្រូឈីបដែលបណ្តាលឱ្យពិភពលោកកំពុងប្រឈមមុខនឹងសង្គ្រាមត្រជាក់ថ្មីមួយទៀតនោះគឺសង្គ្រាមបន្ទះឈីប ព្រោះប្រសិនបើប្រទេសណាដែលអាចគ្រប់គ្រងបច្ចេកវិទ្យាបន្ទះឈីប ប្រទេសនោះអាចនឹងគ្រប់គ្រងពិភពលោកនាពេលអនាគត។ ក៏ប៉ុន្តែបើយើងក្រឡេកមកមើលពីបណ្តាប្រទេសដែលកំពុងងើបឡើង(emerging countries)ដូចជាអាស៊ាននិងឥណ្ឌា យើងឃើញថាបើទោះបីជាប្រទេសទាំងនេះមិនទាន់អាចឈរជើងនាំមុខជាតួឯកទៅលើការប្រកួតប្រជែងនេះក៏វាអាចត្រូវបានមើលឃើញថានឹងក្លាយជាតួរងទី៣បន្ទាប់ដែលអាចនឹងទទួលបានផលប្រយោជន៍ពីការប្រកួតប្រជែងនេះ។ ហេតុនេះហើយ នៅសប្តាហ៍នេះយើងនឹងធ្វើការវិភាគទៅលើផលវិបាកនិងផលប្រយោជន៍ដែលបណ្តាប្រទេសអាស៊ាននិងប្រទេសឥណ្ឌាអាចទទួលបានពីសង្រ្គាមនៃបន្ទះឈីបនេះ។

យ៉ាងណាមិញមុននឹងសិក្សាទៅលើផលប៉ះពាល់ទាំងនោះ យើងគួរតែមកស្វែងយល់ពីសង្គ្រាមបន្ទះឈីបនេះបន្តិចសិន។ កាលពីឆ្នាំ២០១៦ លោកស៊ី ជីងពីង បានប្រកាសថា ប្រទេសចិនមានបំណងក្លាយជាប្រទេសនាំមុខគេលើពិភពលោកក្នុងឧស្សាហកម្មជឿនលឿនដូចជាស៊ឺមីកុងឌុចទ័រ (semiconductor) និងនៅក្នុងជំនាន់បន្ទាប់នៃអ្នកផលិតសម្ភារៈបន្ទះឈីប មនុស្សយន្ត ឧបករណ៍អាកាសចរណ៍ និងផ្កាយរណបដែលរដ្ឋាភិបាលចិនបានចាប់ផ្តើមគម្រោងមួយឈ្មោះថា”Made in China 2025”។ ក្រោយមក សហរដ្ឋអាមេរិចបានយល់ឃើញថាផែនការនេះអាចនឹងបង្កជាការគំរាមកំហែងដល់ខ្លួននិងពិភពលោកដោយការព្រួយបារម្ភពីសក្តានុពលនៃការងើបឡើងយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ប្រទេសចិននិងការបារម្ភថា ប្រទេសចិនអាចនឹងលួចមើលទិន្នន័យរបស់ខ្លួន ហេតុនេះហើយនៅឆ្នាំ២០១៩ លោកដូណាល់ ត្រាំបានដាក់កំហិតទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំមួយរបស់ចិននោះគឺក្រុមហ៊ុន Hauwei ដោយហាមឃាត់មិនឱ្យក្រុមហ៊ុននេះទិញឈីបពីសហរដ្ឋអាមេរិចឡើយ។ នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ព្រោះថាសង្គ្រាមនេះមិនត្រឹមតែជាបញ្ហារបស់ប្រទេសចិននិងសហរដ្ឋអាមេរិចទេ តែវាបានប៉ះពាល់ដល់ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិចផងដែរជាពិសេសនោះគឺតៃវ៉ាន់។ ដូចដែលយើងដឹងហើយថា តៃវ៉ាន់គឺជាប្រទេសដែលផលិតបន្ទះឈីបធំបំផុតនៅលើពិភពលោក។ ស្ទើរតែគ្រប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនិងគ្រប់ប្រទេសទាំងអស់គឺពឹងផ្អែកទៅលើការនាំចូលបន្ទះឈីបពីតៃវ៉ាន់។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សា Boston Consulting Group កាលពីឆ្នាំ២០២១បានឱ្យដឹងថា ជាង ៩០% នៃសមត្ថភាពផលិតសម្រាប់ឧបករណ៍អេឡិចត្រូនិកទំនើបបំផុតរបស់ពិភពលោកគឺត្រូវបានផលិតនៅតៃវ៉ាន់។ បន្ថែមពីនោះ សម្រាប់ប្រទេសចិនតៃវ៉ាន់គឺជាផ្នែកមួយរបស់ខ្លួន ហេតុនេះហើយបញ្ហានៃបន្ទះឈីបគឺជាចំនុចខ្សោយជាយុទ្ធសាស្ត្រព្រោះថា ប្រទេសចិនសព្វថ្ងៃនេះពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលបន្ទះឈីបពីដៃគូប្រកួតប្រជែងភូមិសាស្ត្រនយោបាយដូចជាតៃវ៉ាន់ ជប៉ុន និងសហរដ្ឋអាមេរិកជាដើមដោយសមត្ថភាពនៃការផលិតបន្ទះឈីបរបស់ខ្លួនគឺស្ថិតនៅពីក្រោយបណ្តាប្រទេសទាំងនោះនៅឡើយ។ ទន្ទឹមនឹងនោះ សម្រាប់សហរដ្ឋអាមេរិចវិញភាពជឿនលឿនរបស់ចិនក្នុងការផលិតបន្ទះឈីបបានគំរាមកំហែងដល់គុណសម្បត្តិយោធាប្រកបដោយគុណភាពដែលបានបន្សល់ទុកអំណាចយោធារបស់សហរដ្ឋអាមេរិកអស់ជាច្រើនទសវត្សរ៍មកហើយ។ ដូច្នេះ យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក គឺរក្សាការនាំមុខចិនទាក់ទងនឹងសមត្ថភាពកុំព្យូទ័រ ហើយសង្ឃឹមថាថាមពលកុំព្យូទ័រនេះនឹងជួយពង្រឹងអំណាចប្រព័ន្ធយោធារបស់ខ្លួនឱ្យមានសមត្ថភាពបន្ថែមទៀត។ ហេតុនេះហើយប្រសិនបើចិនអាចវាយយកបានតៃវ៉ាន់នោះមានន័យថាចិនមិនត្រឹមតែអាចនឹងគ្រប់គ្រងនូវប្រព័ន្ធបច្ចេកវិទ្យាប៉ុណ្ណោះទេ តែចិនអាចនឹងកម្សោយប្រព័ន្ធយោធារបស់សហរដ្ឋអាមេរិចបានផងដែរ។

ក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើនកំពុងគិតពិចារណាទៅលើតំបន់ដែលមានហានិភ័យទាប

ស្ថិតនៅក្នុងបរិបទនៃការប្រែប្រួលភូមិសាស្ត្រនយោបាយ ការងើបឡើងនូវអំណាចរបស់ចិន និងការបង្អាក់សង្វាក់ផលិតកម្មដែលបណ្តាលមកពីវិបត្តិកូវីដ១៩ បាននាំឱ្យកើតមាននូវការខ្វះខាតការផ្គត់ផ្គង់បន្ទះឈីបជាសកល។ បើទោះបីជា សហរដ្ឋអាមេរិចបានព្យាយាមចងសម្ព័ន្ធភាពជាមួយប្រទេសឈានមុខគេក្នុងការផលិតបន្ទះឈីបដែលមានដូចជា តៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា និង អូស្ត្រាលីជាដើម ដើម្បីបំពេញនូវកង្វះខាតទាំងនេះ ក៏ក្រុមហ៊ុនមួយចំនួននៅតែមិនអាចទុកចិត្តទៅលើការឆ្លើយតបនេះជាពិសេសគឺកូរ៉េខាងត្បូង។ យ៉ាងណាមិញ បទប្បញ្ញតិថ្មីរបស់សហរដ្ឋអាមេរិចដែលទប់ស្កាត់លើការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិនគឺជាការរង្គោះរង្គើមួយដែលជំរុញឱ្យក្រុមហ៊ុននានាពិចារណាផ្លាស់ប្តូរសមត្ថភាពផលិតបន្ទះឈីបរបស់ពួកគេទៅកាន់តំបន់អាស៊ាននិងឥណ្ឌាដែលនៅជិតនោះ។​

ជាក់ស្តែង អាស៊ានបានក្លាយជាទីដ៏គួរឱ្យចាប់អារម្មណ៍និងទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងដោយសារតែភាពចម្រុះនៃសមត្ថភាពផលិតកម្មនៅក្នុងវិស័យនេះ។ ម្យ៉ាងវិញទៀត អាស៊ាន​មាន​ទីតាំង​ពិសេស​ជា​តំបន់​អព្យាក្រឹត ហើយ​រដ្ឋាភិបាល​របស់​ប្រទេសជាសមាជិកខ្លួនបាន​បន្ត​គាំទ្រ​ដល់​ការ​វិនិយោគ​ក្នុង​ឧស្សាហកម្ម​អេឡិចត្រូនិក។ បើយោងតាមការចេញផ្សាយរបស់ក្រុមហ៊ុន EY អាស៊ានបានក្លាយជាអ្នកនាំចេញស៊ឺមីកុងឌុចទ័រធំជាងគេទី២ដែលបានគ្រប់គ្រងចំណែក២២.៥%នៃការនាំចេញស៊ឺមីកុងឌុចទ័រទៅកាន់ពិភពលោក។ ជាមួយនឹងការទស្សទាយពីតម្រូវការកាន់តែខ្លាំងនៃគ្រឿងអេឡិចត្រូនិចនាពេលអនាគត លោក Jan Nicholas នាយកប្រតិបត្តិដែលផ្តោតលើវិស័យស៊ឺមីកុងឌុចទ័រនៅ Deloitte បាននិយាយថា ក្រុមហ៊ុនផលិតបន្ទះឈីបដែលមានរោងចក្រនៅប្រទេសចិនកំពុងស្វែងរកកម្លាំងជំរុញថ្មីក្នុងការចម្លងខ្សែផលិតកម្មទាំងនោះនៅកន្លែងផ្សេងដើម្បីឱ្យផលិតកម្ម និងទិន្នផលអាចមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបានដែលតំបន់អាស៊ីអាគ្នេយ៍បានក្លាយជាជម្រើសសមស្របមួយសម្រាប់រោងចក្រដែលកំពុងស្វែងរកការផ្លាស់ប្តូរទីតាំងនៅខាងក្រៅប្រទេសចិន។

ម្យ៉ាងវិញទៀត អាស៊ានក៏អាចត្រូវបានគេមើលឃើញថាមានភាពទាក់ទាញជាងរោងចក្រផលិតបន្ទះសៀគ្វីនៅកូរ៉េខាងត្បូង និងតៃវ៉ាន់ ដោយសារតែការសម្លឹងឃើញពីអព្យាក្រឹតភាពក្នុងតំបន់ចំពេលមានភាពតានតឹងពាណិជ្ជកម្មដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងចិន។ Sarah Kreps នាយកនៃ Tech Policy Lab របស់សាកលវិទ្យាល័យ Cornell បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថាកូរ៉េខាងត្បូង និងតៃវ៉ាន់មិនអាចមានអព្យាក្រឹតភាពទេ ប៉ុន្តែប្រទេសដូចជាវៀតណាម ឥណ្ឌា និងសិង្ហបុរីកំពុងក្លាយខ្លួនជាមធ្យោបាយទីបីដែលអាចអះអាងអព្យាក្រឹតភាពរបស់ខ្លួនរវាងមហាអំណាចទាំងពីរ។

តួយ៉ាង Samsung ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតមួយរបស់ពិភពលោកបានប្តេជ្ញាចិត្តក្នុងការវិនិយោគបន្ថែមចំនួន៣.៣ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។ ក្រុម​ហ៊ុន​កូរ៉េ​ខាង​ត្បូង​មាន​គោល​បំណង​ផលិត​បន្ទះ​ឈីប​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ដែលមានរោងចក្រនៅប្រទេសវៀតណាម។ វៀតណាមបានក្លាយជាមូលដ្ឋានផលិតកម្មជំនួសសម្រាប់ប្រទេសចិនសម្រាប់អ្នកផលិតឧបករណ៍អេឡិចត្រូនិកពិភពលោក។ ប្រទេសនេះបានបណ្តាក់ទុនរាប់ពាន់លានដុល្លារក្នុងការវិនិយោគដើម្បីបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំ ដោយទាក់ទាញក្រុមហ៊ុនផលិតបន្ទះឈីបធំៗឱ្យមកទិញទំនិញនៅទីនោះ។ ចំណែកឯឥណ្ឌាវិញក៏កំពុងលេចចេញជាមូលដ្ឋានផលិតកម្មសម្រាប់អ្នកផលិតបន្ទះឈីបទាំងនេះផងដែរ ដោយសារវាមានការកើនឡើងនៃទេពកោសល្យក្នុងការរចនាmicroprocessors ប្រព័ន្ធរងនៃmemory និងការរចនាបន្ទះឈីបanalogជាដើម នេះបើតាមការលើកឡើងរបស់លោកKuijpersដែលមកពីក្រុមហ៊ុនKPMG។ បន្ថែមពីនោះ កម្លាំងពលកម្មថោកនិងសម្បូរបែបរបស់ប្រទេសទាំងពីរនេះក៏បានក្លាយជាគុណសម្បត្តិនៃការទាក់ទាញការបណ្តាក់ទុនផងដែរ។ ដោយសារតែការផលិតបន្ទះឈីបគឺជាបញ្ហាស្មុគស្មាគនិងទាមទារឱ្យមានសមត្ថភាពនៃបច្ចេកវិទ្យាខ្ពស់បូករួមជាមួយតម្រូវការថវិការយ៉ាងច្រើន ខណៈដែលប្រទេសទាំងនេះមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ដើម្បីយកឈ្នះប្រទេសចិននៅឡើយ។ ហេតុនេះហើយវានៅតែមិនទាន់មានភាពប្រាកដប្រជាថា តំបន់អាស៊ាននិងប្រទេសឥណ្ឌាពិតជាអាចទទួលបានអត្ថប្រយោជន៍ពីការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិកលើប្រទេសចិនបានមែនឬយ៉ាងណា ព្រោះវាមិនទាន់មានសមត្ថភាពខ្លាំងក្នុងការផលិតរបស់អស់ទាំងនោះនៅឡើយ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ចិន ស្រីពេជ្រ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ