"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា ៖ យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិក

គំនូរច្នៃប្រឌិតដោយ៖ លោក ផេង ធាន

កាលពីខែតុលាឆ្នាំ២០២២ កន្លងទៅនេះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃឌិនបានអនុម័តនូវយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់សហរដ្ឋអាមេរិកដែលបង្កប់ទៅដោយគោលនយោបាយសំខាន់ៗដែលអាមេរិកគ្រោងនឹងយកមកអនុវត្តនៅពេលអនាគត។ យុទ្ធសាស្ត្រសន្តិសុខជាតិ (NSS) គឺជាឯកសារដែលត្រូវបានរៀបចំជាទៀងទាត់ដោយស្ថាប័ននីតិប្រតិបត្តិរបស់សហរដ្ឋអាមេរិក ដែលបានលើកឡើងពីកង្វល់សន្តិសុខជាតិ និងរបៀបដែលរដ្ឋបាលរបស់ប្រធានាធិបតីកាន់អំណាចគ្រោងនឹងដោះស្រាយជាមួយកង្វល់ទាំងអស់នោះ។ ក្នុងអត្ថបទនេះ យើងនឹងសិក្សាថាតើ យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិកបានឡើងពីចំណុចយុទ្ធសាស្រដែលគួរឱ្យកត់សម្គាល់អ្វីខ្លះ?

យុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ ២០២២ របស់រដ្ឋបាល លោក ចូ បៃឌិន បានដាក់ចេញនូវប្រធានបទស្នូលចំនួនបី៖ (១)ការប្រកួតប្រជែងជាយុទ្ធសាស្រ្តជាមួយប្រទេសចិន និងរុស្ស៊ី (២)សារៈសំខាន់នៃគោលនយោបាយឧស្សាហកម្មក្នុងស្រុក និងការវិនិយោគ​ (៣)និងការផ្តោតលើការប្រែប្រួលអាកាសធាតុដែលជាបញ្ហាប្រឈម។ យុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ ២០២២ ក៏បានក្តោបទៅលើប្រធានបទសំខាន់មួយចំនួនផងដែរ រួមទាំងសន្តិសុខស្បៀង ការខិតខំប្រឹងប្រែងឆ្លើយតបនឹងជំងឺរាតត្បាត ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ការប្រឆាំងអំពើពុករលួយ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក។ ម៉្យាងវិញទៀត នៅក្នុងយុទ្ធសាស្ត្រនេះក៏បានបង្ហាញថា ដើម្បីឱ្យសហរដ្ឋអាមេរិកខ្លាំងនៅក្នុងតំបន់និងពិភពលោក ខ្លួនត្រូវការពង្រឹងសមត្ថភាពនៅក្នុងផ្ទះជាមុនសិន។​ ចំណុចដែលគួរឱ្យកត់សម្គាល់នោះគឺ យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិកក្រោមរដ្ឋបាលរបស់លោក ចូ បៃឌិន មិនបានចាត់ទុកប្រទេសរុស្ស៊ីជាដៃគូប្រកួតប្រជែងដូចកាលមុននោះឡើយដោយអាមេរិកបានចាត់ទុករុស្ស៊ីគឺជាប្រទេសដែលបង្កការគំរាមកំហែងទៅដល់ពិភពលោកតែប៉ុណ្ណោះ(To compete with China and constrain Russia)។ ផ្ទុយទៅវិញ នៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិដដែលនោះ សហរដ្ឋអាមេរិកបានចាត់ទុកសាធារណរដ្ឋចិនជាដៃគូប្រកួតប្រជែងពិតប្រាកដ និងតែមួយគត់ដោយសារតែអាមេរិកយល់ថា សាធារណៈរដ្ឋប្រជាមានិតចិន (PRC) ជាបញ្ហាប្រឈមនៅក្នុងភូមិសាស្ត្រនយោបាយដែលផ្តល់ផលវិបាកបំផុតទៅដល់អាមេរិក។ ម៉្យាងវិញទៀតប្រទេសចិនគឺជាដៃគូប្រកួតប្រជែងតែមួយគត់ដែលមានទាំងចេតនាក្នុងការកែប្រែសណ្តាប់ធ្នាប់អន្តរជាតិ នៅក្នុងអំណាចសេដ្ឋកិច្ច ការទូត យោធា និងបច្ចេកវិទ្យាដើម្បីទម្លាក់ឥទ្ធិពលរបស់សហរដ្ឋអាមេរិក។ រដ្ឋាភិបាលក្រុងប៉េកាំង​មាន​មហិច្ឆតា​ក្នុង​ការ​បង្កើត​​ឥទ្ធិពល​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​ដើម្បី​ក្លាយ​ជា​មហាអំណាច​ឈាន​មុខ​គេ​របស់​ពិភពលោក។ ដើម្បីទប់ទល់ទៅនឹងមហិច្ឆិតារបស់ចិន អាមេរិកបានសង្កត់យ៉ាងធ្ងន់ថាខ្លួនត្រូវប្រុងប្រយ័ត្នជាមួយប្រទេសមហាអំណាចដែលទើបនឹងកកើតមួយនេះ នឹងបានចែងយ៉ាងច្បាស់នៅក្នុងយុទ្ធសាស្ត្រសន្តិសុខរបស់ខ្លួនថាបានចាត់ទុកចិនជាដៃគូប្រកួតប្រជែង។ គួរបញ្ជាក់ផងដែរថា យុទ្ធសាស្ត្រនេះមិនកំណត់ប្រទេសរុស្ស៊ីជាគូប្រជែងរយៈពេលវែងនោះទេ ប៉ុន្តែជាសហរដ្ឋអាមេរិកបានចាត់ទុករុស្ស៊ីត្រឹមជាប្រទេសដែលបង្ករការគំរាមកំហែងភ្លាមៗចំពោះសន្តិភាពនិងស្ថិរភាពអន្តរជាតិ។ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនបានមើលឃើញថា ទីក្រុងមូស្គូនៅខ្វះសមត្ថភាពនៅក្នុងការប្រកួតប្រជែងទាំងខាងសេដ្ឋកិច្ចនិងអំណាចបើប្រៀបទៅនឹងចិន។

យ៉ាងណាមិញ ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រប្រកួតប្រជែងទៅនឹងចិន និងទប់ស្កាត់រុស្ស៊ី យុទ្ធសាស្ត្រសន្តិសុខជាតិស្នើឱ្យសហរដ្ឋអាមេរិកពឹងផ្អែកខ្លាំងលើសម្ព័ន្ធមិត្ត និងភាពជាដៃគូយូរអង្វែងរបស់ខ្លួន ដូចជាអង្គការណាតូ ក៏ដូចជាការរៀបចំផែនការថ្មី និងមានភាពបត់បែនជាងមុន ដូចជាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិង Quad ជាដើម។ នៅក្នុងយុទ្ធសាស្ត្រនោះបានលើកឡើងថា អាមេរិកគួរតែបង្កើតនូវទំនាក់ទំនងដ៏រឹងមាំនិងធន់ជាមួយគ្នាទៅវិញទៅមក ដែលបង្ហាញថាលទ្ធិប្រជាធិបតេយ្យអាចផ្តល់សម្រាប់ប្រជាជនរបស់ពួកគេ និងពិភពលោក។ សហរដ្ឋអាមេរិកត្រូវ ស្វែងរកមធ្យោបាយថ្មីក្នុងការធ្វើសមាហរណកម្មសម្ព័ន្ធភាពរបស់ខ្លួននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក និងអឺរ៉ុប ហើយបង្កើតមធ្យោបាយថ្មី និងស៊ីជម្រៅដើម្បីឱ្យកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តមានទំនាក់ទំនងល្អនិងជៀសវាងជម្លោះផ្ទៃក្នុង។

នៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ ២០២២ដដែលនោះក៏បានលើកឡើងអំពី បម្រែបម្រួលអាកាសធាតុ ដោយយុទ្ធសាស្រ្តសន្តិសុខជាតិបាន អះអាងថាវាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់សម្រាប់សហរដ្ឋអាមេរិក និងសម្រាប់ប្រជាជាតិទាំងអស់។ សហរដ្ឋអាមេរិកនិងបង្កើតគោលនយោបាយអាកាសធាតុ ហើយយុទ្ធសាស្រ្តសន្តិសុខជាតិដដែលនេះនឹងបើកលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនស្តីពីការប្រែប្រួលអាកាសធាតុ ពីព្រោះការធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ព្រួយបារម្ភមួយនេះ គឺជាអ្វីដែលពិភពលោករំពឹងពីមហាអំណាច ហើយព្រោះវាជាផលប្រយោជន៍របស់សហរដ្ឋអាមរិកផ្ទាល់មកដែរ ។ ដូចគ្នានេះដែរ គំនិតផ្តួចផ្តើមដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុនឹងលេចចេញជារូបរាងនៅ ក្នុងតំបន់របស់យុទ្ធសាស្ត្រមួយចំនួន ជាពិសេសគឺសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក និងអាមេរិកផ្ទាល់។

យុទ្ធសាស្ត្រនេះមានចក្ខុវិស័យខុសៗគ្នានៅលើតំបន់ផ្សេងៗគ្នាផងដែរ។ នៅអាស៊ី យុទ្ធសាស្ត្រនេះផ្តោតជាចម្បងលើការដណ្តើមយកប្រទេសសម្ព័ន្ធមិត្ត ដូចជាឥណ្ឌាក្នុងការប្រកួតប្រជែងជាមួយប្រទេសចិន ក៏ដូចជាលើការលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ និងការប្រែប្រួលអាកាសធាតុផងដែរ។ នៅអឺរ៉ុប សហរដ្ឋអាមេរិកនូវតែបន្តប្រឆាំងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែននិងបង្កើនទំនាក់ទំនងឱ្យកាន់តែស្អិតរមួតជាមួយសម្ព័ន្ធភាពណាតូដែលជាដៃគូសំខាន់មួយ។ នៅមជ្ឈិមបូព៌ា យុទ្ធសាស្ត្រនេះសង្កត់ធ្ងន់លើការប្រើប្រាស់កម្លាំងយោធា (ដូចជាអន្តរាគមន៍សម័យប៊ូសនៅអ៊ីរ៉ាក់) សម្រាប់គោលនយោបាយដែលលើកកម្ពស់ការទូត និងការកសាងសម្ព័ន្ធភាព ខណៈដែលរក្សាការការពារប្រឆាំងនឹងការគំរាមកំហែងបឋមដូចជាអ៊ីរ៉ង់។ នៅទ្វីបអាហ្រ្វិក យុទ្ធសាស្ត្រនេះផ្តោតសំខាន់គឺលើ “ភាពជាដៃគូ” លើសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យ ការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតជាដើម។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ម៉ន ពិសិដ្ឋ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ