មុននឹងឈានទៅរកការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីសេដ្ឋកិច្ចពពុះដំបូង Tulip Mania យើងត្រូវយល់ច្បាស់ជាមុនសិនថា តើអ្វីទៅជា Economic Bubble ឬ សេដ្ឋកិច្ចពពុះ?
Economic Bubble ឬ សេដ្ឋកិច្ចពពុះ កើតឡើងនៅពេលដែលតម្លៃនៃទ្រព្យសកម្មកើនឡើងខ្ពស់លើសពីតម្លៃមូលដ្ឋានឬតម្លៃទីផ្សារ។ ក្នុងន័យមួយទៀត សេដ្ឋកិច្ចពពុះគឺជាព្រឹត្តិការណ៍មួយដែលតម្លៃនៃទ្រព្យសកម្មបានហក់ឡើងខ្ពស់រហូតដល់ដាច់ជាមួយសេដ្ឋកិច្ចជាក់ស្ដែង ឬលើសពីលំហូរសាច់ប្រាក់។ សេដ្ឋកិច្ចពពុះក៏អាចកើតឡើងនៅពេលដែលបំណុលបានស្ទុះឡើងខ្ពស់ រហូតដល់មិនអាចមានលទ្ធភាពសងត្រលប់ទៅវិញ ដោយសារអ្នកវិនិយោគបានប្រមូលទ្រព្យនិងបានធ្វើកម្ចីដើម្បីយកទៅវិនិយោគអ្វីមួយដែលហាក់មើលទៅកំពុងពេញនិយមខ្លាំង និងអាចទាញយកប្រាក់ចំណេញបានច្រើន។ ចំណុចដែលជាជ្រោះនៃសេដ្ឋកិច្ចពពុះគឺនៅពេលអ្នកវិនិយោគនាំគ្នាជះលុយច្រើនលើសលុបរហូតលើសតម្រូវការ ដែលជាហេតុធ្វើឱ្យតម្លៃធ្លាក់ចុះ ហើយពិបាកក្នុងការសងត្រលប់ទៅវិញ ឬប្រកាសក្ស័យធន។ មួយវិញទៀត នៅពេលមួយដែលតម្លៃនៃទ្រព្យសកម្មទាំងនោះឡើងដល់ចំណុចកំពូលពពុះនៃសេដ្ឋកិច្ចហើយសេដ្ឋកិច្ចនោះផ្ទុះ គេហៅថា Economic Burst។ ម្យ៉ាងវិញទៀត សេដ្ឋកិច្ចពពុះគឺប្រៀបបានជារដូវការភ្លៀងធ្លាក់ ដែលវាអាចកើតមាន និងរាំងទៅវិញដោយបន្សល់នូវផលវិបាកមួយចំនួន ដែលស៊ីសងលើទំហំនៃសេដ្ឋកិច្ចពពុះ។ ជាក់ស្ដែង សេដ្ឋកិច្ចពពុះមានច្រើនដូចជា Tulip Mania, South Sea Bubble, Asian Financial Crisis, Housing Bubble in 2008, Mississippi Bubble, ជាដើម។
ករណីសេដ្ឋកិច្ចពពុះដំបូងគេក្នុងប្រវត្តិសាស្ត្រគឺ Tulip Mania ដែលបានកើតឡើងនៅក្នុងសតវត្សរ៍ទី ១៧ គឺចាប់ពីឆ្នាំ ១៦៣៤ ដល់ឆ្នាំ ១៦៣៧។ ប្រទេសហូឡង់គឺជាប្រទេសមួយដែលពេញនិយមផ្កា Tulip ជាងគេ និងទទួលបានការពេញនិយមយ៉ាងខ្លាំងរហូតត្រូវបានគេចាត់ទុកថាមានតម្លៃជាងផ្ទះទៅទៀត “A flower worth more than a home”។ នៅក្នុងករណីនេះមាន ៥ ដំណាក់កាលមុននឹងឈានទៅដល់ការផ្ទុះនៃសេដ្ឋកិច្ច ឬ Economic Burst។
ដំណាក់កាលទី១នោះគឺ ការរីកចម្រើននៃខាងវិស័យពាណិជ្ជកម្មអន្តរជាតិដែលត្រូវបានគេសម្គាល់ថាជា Displacement ផ្កាTulipនេះផងដែរ។ ផ្កា Tulip នេះត្រូវបានគេចាត់ទុកថាជាផ្កាដ៏កម្រល្អប្រណីតនិងគ្មានអ្វីអាចប្រៀបផ្ទឹមបានដោយសារតែស្រទាប់ផ្កានេះមានពណ៌ប្លែកស្រស់ស្អាតនិងការចំណាយពេលយូរដើម្បីប្រមូល។ កាលនោះ តម្រូវរបស់វណ្ណៈអភិជនភាគច្រើនគឺត្រឹមលម្អង ប៉ុន្តែតម្រូវការរបស់អ្នកវណ្ណៈធម្មតា និងគ្រួសារក្រីក្រគឺការវិនិយោគលើផ្កា Tulip ដើម្បីកើបលុយពីផ្កានេះ។ ជាមួយនឹងការវិវត្តិនៃបច្ចេកទេសដាំដែលទទួលបានផលលឿនផងនោះ អ្នកវិនិយោគក៏បានស្ទុះកើនឡើងខ្លាំង រហូតដល់ការស្នើសុំឥណទាន និងបញ្ចាំទ្រព្យរបស់ខ្លួនដើម្បីយកជាទុនក្នុងការចូលទីផ្សារផ្កា Tulip។ នាឆ្នាំ ១៦៣០ ផ្កា Tulip ត្រូវបានទទួលការពេញនិយមពីសំណាក់ជនជាតិហូឡង់រហូតដល់មានការដេញថ្លៃនិងដាក់លក់ក្នុងតម្លៃមួយដ៏សែនខ្ពស់សូម្បីតែគ្រាប់មើមនៃផ្កា Tulip នេះត្រូវបានគេដាក់លក់ក្នុងតម្លៃរហូតទៅដល់ ៥០០០០ ដុល្លាអាមេរិក។ ឈានដល់ដំណាក់កាលទី២ Price Boom ឬការផ្ទុះនៃតម្លៃ ដោយសារតែការកើនឡើងនូវតម្រូវការច្រើនឯផលិតភាពមានកម្រិតទាបទើបធ្វើឱ្យតម្លៃនៃផ្កានេះមានការកើនឡើងជាអតិបរិមា។ ដោយសារតែផ្កា Tulip អាចប្រមូលផលបានក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះក្នុងមួយឆ្នាំ អ្នកវិនិយោគក៏បានធ្វើកិច្ចសន្យាដេញថ្លៃតម្លៃដើម្បីទិញមើមផ្កា Tulip ទាំងអស់ទាំងដែលមិនទាន់បានប្រមូលផលនូវឡើយ ដោយសារពួកគេមានទំនុកចិត្តនិងជឿជាក់ថាផលដែលពួកគេប្រមូលទិញបាននោះនឹងបានដាក់លក់ក្នុងតម្លៃថ្លៃហើយទាំងអស់នេះដែរជាហេតុនាំឱ្យឈានទៅរកដំណាក់កាលទី៣នៃសេដ្ឋកិច្ចពពុះ Euphoria។ ដំណាក់កាលនេះដែរគឺបង្កជាភាពវឹកវរពីព្រោះជនជាតិហូឡង់និងវិនិយោគិនជាច្រើនចាប់ផ្តើមនាំគ្នាព្យាយាមចូលទៅក្នុងទីផ្សារផ្កាTulip និងបានដាក់ប្រាក់វិនិយោគជាច្រើនលើសលុប។ កាលណាទីផ្សារកាន់តែធំទូលាយនិងរីកសុះសាយខ្លាំងទំនិញក៏កាន់តែមានការដាក់លក់ច្រើនដូចគ្នាផងដែរ ដែលនៅក្នុងដំណាក់កាលទី៤ ឬ profit-taking វេលាមួយដែលអតិថិជនចាប់ផ្តើមអស់ទំនុកចិត្តដោយសារតែផ្កាទាំងនោះមានតម្លៃខ្ពស់ពេក ហេតុនេះហើយវិនិយោគិនមួយចំនួនបានចាប់ផ្តើមបោះបង់ចោលនូវការធ្វើអាជីវកម្មផ្កា Tulip និងបានដាក់លក់តាមដងផ្លូវជាសាធារណៈវិញ។ នារដូវផ្ការីកក្នុងឆ្នាំ ១៦៣៧ តម្លៃនៃផ្កាTulipត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង ដែលឈានទៅរកដំណាក់កាលចុងក្រោយនៃសេដ្ឋកិច្ចពពុះនោះគឺ Total Panic ដែលជាពេលអ្នកវិនិយោគចាប់ផ្ដើមព្រួយបារម្ភពីការដាក់ទុនវិនិយោគ។ ម្ខាងគឺភ័យខ្លាចថាក្រោយពីការប្រមូលផល តម្លៃនៃផ្កា Tulip នឹងធ្លាក់ចុះដោយហេតុតែទីផ្សាចង្អៀត ហើយម្ខាងទៀតគឺដោះស្រាយកម្ចីដែលយកមកវិនិយោគលើផ្កា Tulip។ នៅពេលនោះ អ្នកវិនិយោគមួយចំនួនបានលះបង់មហិច្ចតាដោយលក់ចេញផ្កា Tulip ចេញដើម្បីដោះស្រាយបំណុល។ ទាំងនេះហើយគឺជារបត់នៃការរង្គោះរង្គឺទីផ្សារបស់ផ្កា Tulip ហើយគេនាំគ្នាដាក់លក់កាន់តែច្រើនឡើង ដែលជាហេតុធ្វើឱ្យការផ្គត់ផ្គង់កើនឡើងខ្ពស់ជាងតម្រូវការយ៉ាងឆាប់រហ័ស។ ការណ៏នេះបានបង្កទៅជាការផ្ទុះនៃសេដ្ឋកិច្ច ឬ burst ដែលធ្វើឱ្យផ្កាដែលធ្លាប់មានតម្លៃរាប់ម៉ឺនដុល្លាត្រូវបានដាក់លក់តាមទីសាធារណៈក្នុងតម្លៃដ៏ទាប។
ព្រឹត្តិការណ៍ Tulip Mania នេះគឺជាមេរៀនដ៏ល្អសម្រាប់មនុស្សលោកដែលចូលចិត្ដវិនិយោគទៅតាមល្មោភលន់ជ្រុលហួសហេតុ និងការវិនិយោគដោយមិនបានគណនាវិភាគឱ្យបានច្បាស់លាស់។ មួយវិញទៀត Tulip Mania ក៏ជាមេរៀនសម្រាប់អ្នកសរសេរគោលនយោបាយមួយចំនួនដែរ ជាពិសេសគឺគោលនយោបាយទាក់ទងនឹងសេដ្ឋកិច្ចនិងគោលនយោបាយរូបិយវត្ថុ ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងតុល្យភាពនៃតម្រូវការនិងការផ្គត់ផ្គង់ ដើម្បីបញ្ជៀសសេដ្ឋកិច្ចកុំឱ្យដើរធ្លាក់ជ្រោះ។