នៅពេលជំងឺកូវីដ១៩បានរាតត្បាតដំបូងនៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចវៀតណាមបានប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំង។ យោងតាមធនាគារពិភពលោក ជំងឺរាតត្បាតនេះបណ្តាលឱ្យប្រទេសវៀតណាមមានការធ្លាក់ចុះនៃកំណើន GDP ពី ៧.០២% ក្នុងឆ្នាំ ២០១៩ មកត្រឹម ២.៩១% ក្នុងឆ្នាំ ២០២០ និង ២.៥៨% ក្នុងឆ្នាំ ២០២១។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងដ៏សំខាន់ដែលត្រូវកត់សម្គាល់ព្រោះថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចនៅក្នុងពិភពលោកដែលបង្ហាញពីកំណើនសេដ្ឋកិច្ចជាវិជ្ជមានក្នុងអំឡុងពេលនោះ។ កាលពីឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី (Asia Development Bank) បានព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ៦.៥% ក្នុងឆ្នាំ ២០២២ និង ៦.៧% នៅឆ្នាំ ២០២៣ ដែលធ្វើឱ្យប្រទេសវៀតណាមក្លាយជាប្រទេសមួយនៅក្នុងចំណោមប្រទេសនៅក្នុងអាស៊ានដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេ។ តើមានកត្តាអ្វីខ្លះដែលជួយជំរុញល្បឿនសេដ្ឋកិច្ចរបស់វៀតណាម?
គោលនយោបាយរឹតបន្តឹងកូវីដ១៩របស់ប្រទេសចិនជួយសេដ្ឋកិច្ចប្រទេសវៀតណាម
គោលនយោបាយ “សូន្យកូវីដ” របស់ប្រទេសចិនដែលត្រូវបានបង្កើតឡើងដើម្បីប្រឆាំងនឹងការរីកដុះដាលនៃជំងឺកូវីដ១៩ ប៉ុន្តែបានជះឥទ្ធិពលទៅលើសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។ ក្នុងនោះ កត្តាចម្បងមួយនៃឱនភាពសេដ្ឋកិច្ចចិនគឺអ្នកវិនិយោគអន្តរជាតិជាច្រើនបានចាកចេញពីប្រទេសចិនដោយសារតែការបិទខ្ទប់ និងវិធានការរឹតបន្តឹងយ៉ាងតឹងរឹង។ ជាក់ស្តែងយោងតាមសភាពាណិជ្ជកម្មអឺរ៉ុបក្នុងប្រទេសចិន ៧៨% នៃអ្នកឆ្លើយតបទាំងអស់បានយល់ឃើញថា នយោបាយសូន្យកូវីដរបស់ប្រទេសចិនបានធ្វើឱ្យប្រទេសចិនពេលនោះលែងសូវមានភាពទាក់ទាញសម្រាប់ការវិនិយោគ ខណៈដែលជាង ២៣% នៃក្រុមហ៊ុនអ៊ឺរ៉ុបស្មើនឹងចំនួន ៣៧២ គឺត្រៀមខ្លួនចាកចេញពីប្រទេសចិន។ តើប្រទេសណាជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់អ្នកវិនិយោគភាគច្រើនដែលចាកចេញពីប្រទេសចិននៅក្នុងកាលៈទេសៈបែបនេះ?
ប្រទេសដែលមានតម្លៃពលកម្មទាប មានភាពងាយស្រួលក្នុងការរួមបញ្ចូលខ្សែសង្វាក់ផ្គត់ផ្គង់ ពាណិជ្ជកម្មសេរីកាន់តែប្រសើរ និងស្ថិរភាពនយោបាយគឺជាប្រទេសវៀតណាម។ វៀតណាមដំបូងឡើយក៏ជួបការលំបាកក្នុងការគ្រប់គ្រងវិបត្តិកូវីដ១៩ដែរជាពិសេសនៅពេលដែលមានវីរុសបម្លែងខ្លួនថ្មី ប៉ុន្តែមិនយូរប៉ុន្មានឃើញថាវៀតណាមបានកែប្រែគោលនយោបាយទៅតាមការរៀនរស់ជាមួយកូវីដ១៩ដោយបន្ធូរបន្ថយការរឹតបន្តឹង និងបានជំរុញយុទ្ធនាការចាក់វ៉ាក់សាំង។ ក្នុងនោះ វៀតណាមបានសម្រេចនូវភាពជោគជ័យលើការចាក់វ៉ាក់សាំងនិងការរឹតបន្តឹងលើការទប់ទល់នឹងកូវីដ១៩ ដែលធ្វើឱ្យប្រទេសវៀតណាមសឹងហែលផុតស្ទើរតែទាំងអស់និងប្រែក្លាយប្រទេសទៅជាទិសដៅសម្រាប់ការវិនយោគដ៏ពេញនិយមខណៈដែលប្រទេសចិនមានការរឹតបន្ទឹងខ្លាំងឡើងៗ។ ក្រុមហ៊ុនជាច្រើនជាពិសេសនៅក្នុងឧស្សាហកម្មអេឡិចត្រូនិកបានវិនិយោគប្រាក់យ៉ាងនៅក្នុងប្រទេសវៀតណាម។ ជាក់ស្ដែង ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូង បានប្រកាសវិនិយោគបន្ថែមនូវចំនួន ៩២០ លានដុល្លារនៅក្នុងប្រទេសវៀតណាម។ បើយោងតាមទស្សនាវដ្តីពាណិជ្ជកម្មអេឡិចត្រូនិកអាល្លឺម៉ង់ Elektronik Praxis ក្រុមអេឡិចត្រូនិកចិនដូចជា Luxshare Precision Industry, Goertek និងក្រុមហ៊ុនដំឡើង iPhone តៃវ៉ាន់ Pegatron បានផ្លាស់ប្តូរទីតាំងទៅកាន់ប្រទេសវៀតណាម ។
បរិយាកាសល្អនៃការធ្វើពាណិជ្ជកម្ម
បរិយាកាសនៃការធ្វើពាណិជ្ជកម្មរបស់ប្រទេសវៀតណាមមានលក្ខណៈបើកទូលាយហើយរដ្ឋាភិបាលបានបង្កើតគោលនយោបាយដែលទាក់ទាញការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលសុទ្ធសឹងតែជាកត្តាដ៏ទាក់ទាញ។ សមាជិកភាពរបស់ខ្លួននៅក្នុងអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Free Trade Agreement) របស់វៀតណាមរួមជាមួយនឹងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (Regional Comprehensive Economic Partnership) ត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការជួយដល់កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ២០២២។ FTAs របស់វៀតណាម និងកិច្ចព្រមព្រៀងទ្វេភាគីផ្សេងទៀតបានជួយ និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងរយៈពេលវែង។ បន្ថែមពីលើ FTAs ជាច្រើនរបស់ខ្លួនដែលមានស្រាប់ជាមួយប្រទេសដទៃ វៀតណាមបានចុះហត្ថលេខាលើ FTA ជំនាន់ថ្មីដូចជា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP), EU-Vietnam FTA (EVFTA), UK-Vietnam FTA (UKVFTA) ។ ជាក់ស្ដែង ទំនាក់ទំនងពាណិជ្ជកម្មសេរីជាមួយចក្រភពអង់គ្លេសក៏បានរកចំណូលឱ្យវៀតណាមលើសពី ៦ ប៊ីលានដុល្លារ នៅក្នុងឆ្នាំ២០២១។ ខណៈដែលកិច្ចព្រមព្រៀងទាំងនេះមិនត្រឹមតែជួយប្រទេសនេះក្នុងការជំរុញសេដ្ឋកិច្ចនិងផលិតកម្មរបស់ខ្លួនប៉ុណ្ណោះទេ វាក៏ជួយឱ្យប្រទេសនេះអនុលោមទៅតាមស្តង់ដារការងារស្របពេលធ្វើទំនើបកម្មច្បាប់ការងារ និងប្រព័ន្ធទំនាក់ទំនងឧស្សាហកម្ម។
ការរីកចម្រើននៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល
ដើម្បីសម្របខ្លួនក្នុងរស់នៅក្នុងសម័យកូវីដ១៩ ប្រជាជនវៀតណាមបានផ្លាស់ប្តូរបន្តិចម្តងៗទៅកាន់សេដ្ឋកិច្ចឌីជីថលហើយកំពុងតែចាក់គ្រឹះយ៉ាងរឹងមាំដើម្បីឱ្យប្រទេសរបស់ខ្លួនក្លាយជាប្រទេសដែលរីកចម្រើនផ្នែកឌីជីថលនាពេលអនាគតតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដើម្បីជួយសម្របសម្រួលដល់ប្រតិបត្តិការនានាដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មអេឡិចត្រូនិកទូទាំងប្រទេស។ សេដ្ឋកិច្ចឌីជីថលនៅវៀតណាមបានបើកឱកាសសម្រាប់ប្រទេសជាតិក្នុងការងើបឡើងវិញពីវិបត្តិកូវីដ១៩ និងលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគទុន និងការនាំចេញផលិតផលទៅកាន់សកលលោក។ ជាតឹកតាង វិស័យឧស្សាហកម្ម ICT មានការលូតលាស់ច្រើនដោយសារតែក្រុមហ៊ុនតិចណូឡូជីលើសពី ៦៤០០០ ក្រុមហ៊ុនកំពុងតែបើកទ្វារនៅក្នុងប្រទេសហើយទីផ្សារក្នុងស្រុក និងអន្តរជាតិបានលក់ទំនិញ និងសេវាកម្មដែលទាក់ទងនឹង ICT ប្រមាណជាង១០០០មុខដែលសុទ្ធសឹងតែជាម៉ាកយីហោវៀតណាម។ នៅឆ្នាំ ២០២១ ឧស្សាហកម្មនេះបានរកប្រាក់ចំណូលដល់ទៅ ១៣៦,១៥៣ លានដុល្លារ។ ស្របជាមួយគ្នានេះដែរ វិស័យកសិកម្មវ័យឆ្លាតបានបង្កើនគុណភាពផលិតកសិកម្មកាន់តែខ្ពស់ កាត់បន្ថយការបំពុល និងបង្កើនប្រាក់ចំណូលសម្រាប់កសិករ ជាពិសេសរកចំណូលជូនជាតិបន្ថែមចំនួន ៧.៤ ប៊ីលានដុល្លារ។ វិស័យនេះរួមមានសកម្មភាពមួយចំនួនដូចជាផ្ទះកញ្ចក់ដែលបានដំណើរការជាមួយនឹងប្រព័ន្ធស្រោចទឹក ប្រព័ន្ធជួយរក្សាស្ថិរភាពសីតុណ្ហភាពនិងសំណើម បណ្តាញផ្តល់ចំណី ការបង្កាត់សិប្បនិម្មិត ក៏ដូចជាផលិតផលជីវសាស្រ្ត និងម៉ាស៊ីនបង្កើតអុកស៊ីសែន ដែលសុទ្ធសឹងតែប្រព្រឹត្តទៅដោយស្វ័យប្រវត្តិ។
ការគាំទ្ររបស់រដ្ឋាភិបាល
ដើម្បីជាកាតាលីករឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានប្រសិទ្ធិភាព និងធ្វើការគាំពារទៅលើពាណិជ្ជកម្មអេឡិចត្រូនិក ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់វៀតណាមបានគូសវាសនូវវិធានការជាច្រើនដូចជា៖
-សហការជាមួយភ្នាក់ងារពាក់ព័ន្ធលើហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងការតភ្ជាប់ និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន
-សហការជាមួយខេត្តជាប់ព្រំដែន ដើម្បីសម្រួលនីតិវិធីគយសម្រាប់ការនាំចូល និងនាំចេញទំនិញ
-សម្រួលបញ្ហាប្រឈមក្នុងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រ
-បង្កើនការយល់ដឹងអំពីការអភិវឌ្ឍទីផ្សារសំខាន់ៗ និងទីផ្សារពិសេស
-ជួយសម្រួលដល់ការបម្លាស់ប្តូរឌីជីថល និងការអនុវត្តព័ត៌មានវិទ្យា
-ស្នើដំណោះស្រាយពាណិជ្ជកម្មដើម្បីការពារផលប្រយោជន៍នៃឧស្សាហកម្មក្នុងស្រុក
ជារួម សេចក្ដីក្លាហានក្នុងការផ្លាស់ប្តូរគោលនយោបាយ បម្លាស់ប្តូរអាកប្បកិរិយាទទួលយកអ្វីថ្មីៗដើម្បីរៀនសម្របខ្លួនរស់នៅក្នុងបរិបទថ្មីរបស់ប្រជាជន ការខិតខំប្រឹងប្រែង និងសមិទ្ធផលពីមួយឆ្នាំទៅមួយឆ្នាំបានធ្វើឱ្យសេដ្ឋកិច្ចវៀតណាមសម្រេចបាននូវអ្វីដែលអ្វីៗដែលប្រទេសនេះមានសព្វថ្ងៃ។ ក្នុងនោះ សមិទ្ធផលនៅក្នុងឆ្នាំ២០២១ បានបន្តជំរុញនិងត្រួសត្រាយផ្លូវឱ្យសេដ្ឋកិច្ចវៀតណាមមានការរីកចម្រើនទៅមុខទៀត ដូច្នេះវាមានទំនាក់ជាមួយគ្នាយ៉ាងស្អិតរមួត។