សហភាពសូវៀតដែលមានឈ្មោះពេញហៅថា សហភាពនៃសាធារណរដ្ឋសង្គមនិយមសូវៀត គឺជាក្រុមប្រទេស ដែល មាន១៥ប្រទេសជាសមាជិក គឺ ប្រទេសអាមេនី អាហ្សែបៃហ្សង់ បេឡារុស អេស្តូនី ហ្សកហ្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ឡាតវី លីទុយអានី ម៉ុលដាវី រុស្ស៊ី តាជីគីស្ថាន តូមិននីស្ថាន អ៊ុយក្រែន និងអ៊ូសបេគីស្ថាន ហើយក្នុងនោះមានរុស្ស៊ីជាអ្នកដឹកនាំ។ សហភាពសូវៀតជារដ្ឋកុម្មុយនីស្តម៉ាក្សនិយមដំបូងបង្អស់របស់ពិភពលោក និងជាប្រទេសមួយក្នុងចំណោមប្រទេសដ៏ធំបំផុតនៅលើពិភពលោក ដែលកាន់កាប់ផ្ទៃដីជិតមួយភាគប្រាំនៃផែនដី។ ប៉ុន្តែឆ្លងកាត់រយៈពេលក៦៨ឆ្នាំតាំងពីការកកើតកន្លងមក សហភាពសូវៀតក៏បានចាប់ផ្តើមធ្លាក់ដុនដាបបន្តិចម្តងៗ រហូតឈានទៅដល់ការដួលរលំនៅឆ្នាំ១៩៩១។ តើមូលហេតុអ្វីដែលធ្វើឱ្យសហភាពសូវៀតត្រូវបានរំលាយ? ក្នុងអត្ថបទនេះ យើងនឹងនិយាយអំពីការដួលរលំនៃសហភាពសូវៀត និងមូលហេតុដែលនាំឱ្យមានការដួលរលំនេះកើតឡើង។
លោក មីខាអ៊ីល ហ្គ័របាឆូវ (Mikhail Gorbachev)
នៅពេលដែលយើងសិក្សារអំពីការដួលរលំនៃសហភាពសូវៀត ជាដំបូងយើងត្រូវងាកមកស្គាល់អំពីលោក មីខាអ៊ីល ហ្គ័របាឆូវ ដែលជាប្រធានាធិបតីរបស់សហភាពសូវៀតនៅចន្លោះឆ្នាំ១៩៩០ដល់១៩៩១។ លោក មីខាអ៊ីល ហ្គ័របាឆូវ(Mikhail Gorbachev)គឺជាអ្នកនយោបាយបក្សកុម្មុយនីស្តម្នាក់នៃសហភាពសូវៀត ដែលបានចូលមកកាន់តំណែងជាអ្នកដឹកនាំសហភាពសូវៀតនៅពេលដែល ប្រព័ន្ធសេដ្ឋកិច្ចសូវៀតស្ថិតនៅគាំងទ្រឹងនៅមួយកន្លែង។ លោក ហ្គ័របាឆូវ បានដាក់គោលនយោបាយថ្មីចំនួន២គឺ Glasnost និងPerestroika ដែលលោកសង្ឃឹមថាការធ្វើកំណែទម្រង់នេះនិងជួយកែប្រែសេដ្ឋកិច្ចនិងនយោបាយនៅសហភាពសូវៀត ប្រកបដោយផលិតភាពនិងមានវិបុលភាពជាងមុន។ Glasnost គឺជាផែនការដែលអំពាវនាវឱ្យមានការបើកចំហផ្នែកនយោបាយ និងបន្ធូរបន្ថយការរឹតបន្តឹងផ្នែកនយោបាយនៅក្នុងសហភាពសូវៀត។ តាមរយៈផែនការនេះលោកបានព្យាយាមលុបបំបាត់ការគាបសង្កត់ដែលបន្សល់មកពីការគ្រប់គ្រងរបស់លោកស្តាលីន ដោយមានការផ្តល់នូវសិទ្ធិសេរីភាពដល់ប្រជាជនទាំងអស់រួមទាំងផ្តល់សេរីភាពដល់អ្នកកាសែតបានយ៉ាងទូលំទូលាយ ព្រមទាំង បានអនុញ្ញាតឱ្យមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនិងការចូលរួមពីគណបក្សផ្សេងៗក្រៅពីបក្សកុម្មុយនីស្តផងដែរ។ រីឯ Perestroika គឺជាផែនការសម្រាប់រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ សហភាពសូវៀតបានឆ្ពោះទៅរកប្រព័ន្ធសេដ្ឋកិច្ចកុម្មុយនីស្តមូលធននិយមកូនកាត់ ដែលមានការិយាល័យនៅគ្រប់ទីកន្លែងក្នុងប្រទេសនៃសហភាពសូវៀត។ កំណែទម្រង់ទាំងពីររបស់ លោក ហ្គ័របាឆូវត្រូវបានគាំទ្រយ៉ាងពេញទំហឹងពីមេដឹកនាំនៃសហរដ្ឋអាមេរិក គឺលោក ចច អេច ដាប់ប៊ែលយូ ប៊ូស(George H.W Bush)។ ប៉ុន្តែផ្ទុយទៅវិញ ការបន្ធូរបន្ថយការគ្រប់គ្រងលើប្រជាជន និងធ្វើកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច នយោបាយយ៉ាងឆាប់រហ័សបែបនេះបែរជាធ្វើឱ្យសហភាពសូវៀតដែលធ្លាប់មានការគ្រប់គ្រងតាមបែប កុម្មុយនីស្តប្រែក្លាយទៅជាអស្ថិរភាពនយោបាយ និងងាយរងគ្រោះទៅវិញ។
មូលហេតុនៃការដួលរលំសហភាពសូវៀត
កត្តាចម្បងទីមួយដែលបណ្តាលឱ្យសហភាពសូវៀតដួលរលំ គឺមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ច។សហភាពសូវៀតបានជ្រើសយកការប្រកួតប្រជែងសេដ្ឋកិច្ចពិភពលោកដោយប្រមូលធនធានទាំងអស់ដែលខ្លួនមានដាក់ទៅក្នុងឧស្សាហូបនីយកម្ម ដើម្បីឱ្យក្លាយជាទំនិញយុទ្ធសាស្ត្រសម្រាប់ការប្រកួតប្រជែង។ ហេតុនេះហើយទើបធ្វើឱ្យខ្វះខាតធនធានសម្រាប់ជាតិ និងបណ្តាលឱ្យប្រជាជនសូវៀតរាប់លាននាក់ អត់ឃ្លាន និងមានភាពខ្វះខាត សូម្បីតែតម្រូវការជាមូលដ្ឋានដូចជាសម្លៀកបំពាក់ និងស្បែកជើងក៏ដោយ។ នៅឆ្នាំ១៩៨០ ក្រោមរដ្ឋាភិបាលសហរដ្ឋអាមេរិកលោក រ៉ូណាល់ រីហ្គេន( Ronald Reagan) បានផ្តាច់សេដ្ឋកិច្ចសហភាពសូវៀតទាំងមូល ហើយវាបានធ្វើឱ្យប្រេងមានតម្លៃធ្លាក់ចុះកម្រិតទាបបំផុតអស់ជាច្រើនទស្សវត្ស។ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៨៥ រដ្ឋមន្ត្រីក្រសួងប្រេងរបស់អារ៉ាប៊ីសាអូឌីតបានលុបកិច្ចព្រមព្រៀងស្តីពីការរឹតបន្តឹងការផលិតប្រេង ជាមួយសហភាពសូវៀតហើយបានចាប់ផ្តើមបង្កើនចំណែកខ្លួនឯងក្នុងទីផ្សារប្រេង។ ខណៈដែលប្រាក់ចំណូលនៃការលក់ប្រេងនិងឧស្ម័នធម្មជាតិធ្លាក់ចុះយ៉ាងខ្លាំងបែបនេះ សូវៀតបានចាប់ផ្តើមបាត់បង់ការគ្រប់គ្រងរបស់ខ្លួននៅលើអ៊ឺរ៉ុបខាងកើត និងស្ថិតនៅក្នុងជំងឺសេដ្ឋកិច្ចរ៉ាំរ៉ៃរយៈពេលយូរ។
កត្តាមួយវិញទៀត អស្ថិរភាពនយោបាយក៏បានកើតមាននៅក្នុងសហភាពសូវៀតផងដែរ។ សហភាពសូវៀតគឺជាប្រទេសមួយដែលទទួលនូវឥទ្ធិពលលទ្ធិម៉ាក្សនិយមតាំងពីថ្ងៃដែលបានចាប់កំណើតមកប៉ុន្តែការកែប្រែគោលនយោបាយក្រោយៗមករបស់ លោក ហ្គ័របាឆូវ មិនបានប្រកាន់មនោគមវិជ្ជាបរិសុទ្ធរបស់កុម្មុយនីស្តទេ ដែលធ្វើឱ្យសហភាពសូវៀតបាត់បង់ជំហររបស់ខ្លួនឯងក្នុងផ្នែកនយោបាយ។ យ៉ាងណាមិញ ជម្លោះនៅតំបន់ ការ៉ាបាក់ (Karabakh) រវាង ប្រទេសអាហ្សែបៃហ្សង់ និង ប្រទេសអាមេនីគឺ ជាកត្តានយោបាយដ៏សំខាន់មួយដែលបានចាប់ផ្តើមការឈានទៅរកការបាក់បែកនៃសហភាពសូវៀត។ នៅចុងឆ្នាំ១៩៨៩ នៅរដ្ឋធានី អាម៉ាទី (Almaty) ប្រជាជនកាហ្សាក់ស្ថានមានការខកចិត្តជាមួយនឹងការតែងតាំង ជនជាតិភាគតិចរុស្ស៊ីជាប្រមុខនៃសាធារណរដ្ឋ។ កុបកម្មបានចាប់ផ្តើមកើតឡើងរហូតដល់មានការបង្ហូរឈាម ហើយទាហានត្រូវបានបញ្ជូនចូលទៅបង្ក្រាបភាពចលាចល។ល។ ជម្លោះជនជាតិភាគតិចនេះបានឈានទៅរកការស្លាប់មនុស្សជាច្រើនរយនាក់ក្នុងការប្រយុទ្ធគ្នា។ នៅក្នុងឆ្នាំ១៩៨៩ដដែលនោះ បដិវត្តន៍នយោបាយនៃប្រទេសប៉ូឡូញបានបំផុស ឱ្យមានបដិវត្តន៍សន្តិភាពនៃបណ្តាកន្លែងផ្សេងទៀតនៃអ៊ឺរ៉ុបខាងកើត ដែលនាំឱ្យមានការដួលរលំនៃជញ្ជាំងប៊ែរឡាំងនៅឆ្នាំ១៩៨៩។ សម្ព័ន្ធភាពរវាងប្រទេសជាសមាជិកបានចាប់ផ្តើមដាច់ចេញពីគ្នាបន្តិចម្តងៗ ក្រោយពីចលាចលដែលកើតមាន ក្នុងនោះប្រទេសបាល់ទិក និងហ្សកហ្ស៊ី បានចេញពីសូវៀតហើយប្រកាសខ្លួនជាប្រទេសឯករាជ្យ។ បន្ទាប់ពីជញ្ជាំងប៊ែរឡាំងត្រូវបានដួលរលំ អាល្លឺម៉ង់ខាងកើត និងអាល្លឺម៉ង់ខាងលិចបានរួបរួមគ្នាវិញ ដោយប្រកាសខ្លួនជារដ្ឋឯករាជ្យនិងចូលរួមជាមួយអង្គការណាតូ។ ម្យ៉ាងទៀតគោលនយោបាយថ្មីរបស់លោក ហ្គ័របាឆូវ ធ្វើឱ្យអ្នកប្រកាន់បក្សកុម្មុយនីស្តនៅសូវៀតមិនពេញចិត្ត។ នៅខែសីហា ឆ្នាំ១៩៩១ ក្រុមអ្នកកុម្មុយនីស្ដបានធ្វើរដ្ឋប្រហារប្រឆាំងនិងលោក ហ្គ័របាឆូវ ប៉ុន្តែមិនទទួលបានជោគជ័យនោះឡើយ ជាហេតុជំរុញឱ្យប្រជាធិបតេយ្យកាន់តែមានល្បឿនខ្លាំងឡើង។
ទោះបីជាលោក មីខាអ៊ីល ហ្គ័របាឆូវ(Mikhail Gorbachev) ប្រើកំណែទម្រង់គោលនយោបាយ និងសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែវានៅមានភាពយឺតយ៉ាវខ្លាំង និងមិនសូវទទួលបានផ្លែផ្កាជាទីពេញចិត្តនោះទេ ផ្ទុយទៅវិញវាធ្វើឱ្យមានការចំណាយកម្លាំងច្រើន និងពន្លឿនដល់ការដួលរលំនៃសហភាពសូវៀតទៅវិញ។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩១ លោក ហ្គ័របាឆូវ បានលាលែងពីតំណែង ហើយទីបំផុតសហភាពសូវៀតដែលមានរយៈពេលជិត៦៩ឆ្នាំ ត្រូវបានទំលាក់ទង់ចុះ និងរំលាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩១ ដោយបន្សល់ទុកនូវរដ្ឋឯករាជ្យនៃប្រទេសអតីតសមាជិកផ្សេងទៀត។